សុដន់នាងខ្ញុំតឹងណែន

ការតឹងណែន​សុដន់​ជាអាការ​មួយរបស់ស្ដ្រី ដែលបង្កឱ្យ​មានការ​ឈឺចាប់​សុដន់​ទាំងសងខាង។ ជួនកាល​ធ្វើឱ្យ​ស្ដ្រីនោះមាន អារម្មណ៍​ស្រៀវស្រាញ​រហូតស្ទើរតែរ​កកល់នឹង​គ្រុនក៏មាន។ តើអាការ​តឹងណែន​សុដន់នេះ​កើតឡើង​ដោយ​សារអ្វី?មានវិធី​ទប់ស្កាត់ ឬ​ព្យាបាលឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត សុខា សុធានី​ជំនាញ​ខាងផ្នែក​ជម្ងឺ​ទូទៅដើម្បី ធ្វើការ​បកស្រាយ​លើបញ្ហា​តឹងណែន​សុដន់នេះ ជូនសុភាពស្ដ្រី​ទាំងឡាយ​ធ្វើការ​ស្វែងយល់។

មូលហេតុ​តឹងណែន​សុដន់

ជាទូទៅ ស្ដ្រីមាន​ការតឹង​ណែនសុដន់​បណ្ដាល​មកពី​ករណីពីរ​យ៉ាង គឺនៅ​ពេលជិត​មករដូវ និង​ពេលមាន​ផ្ទៃពោះ។

1. តឹងណែន​សុដន់ នៅពេល​ជិតមករដូវ

ក្នុងកំឡុង​ពេលជិត​មករដូវ ជាពិសេស​នៅសប្ដាហ៍​ជិតមក​រដូវនេះ សុដន់​របស់ស្ដ្រី​ចាប់ផ្ដើម​តឹងណែន ឡើងតឹង​ឈឺ ឬ​សង្កៀរ។ ស្ដ្រីអាច​ចាប់ផ្ដើម​មានអារម្មណ៍​ស្រៀវស្រាញ ក្ដៅរងា អារម្មណ៍​ឆេវឆាវ និង​កាចជាង​សព្វមួយដង។ ករណីនេះ​បណ្ដាលមកពី​មាន ការប្រែប្រួល​នៃអរ័ម៉ូន។ សុដន់​នឹងមានសភាព​ធម្មតាវិញ នៅពេល​ដល់ថ្ងៃ​មករដូវ។

2. តឹងណែន​សុដន់ពេល​មានផ្ទៃពោះ

សម្រាប់​ស្ដ្រីដែល​មានស្វាមី នៅពេល​ជិតដល់​ថ្ងៃមករដូវ​ទៀត​ឬ​ខែទី១នៃគភ៌ ច្រើនតែ​ចាប់ផ្ដើម​ឈឺសុដន់​ដែល​លក្ខណៈ​នេះ អាចធ្វើឱ្យ​ស្ដ្រីយល់​ច្រឡំថាជិត​មករដូវ ការពិត​ជាសញ្ញា​ដំបូងនៃ​ការមានផ្ទៃពោះ​ទៅវិញទេ។ នៅពេល​ចាប់ផ្ដើម​មានផ្ទៃពោះ សុ ដន់ចាប់​តឹងណែន​ឡើងៗ​ជាលំដាប់​លំដោយ​វិវឌ្ឍន៍​តាមអាយុកាល​នៃគភ៌។ រហូតដល់​ខែទី៦​សុដន់​មានចេញ​ទឹកដោះ​តិចៗ​ដើម្បីបម្រុង ដល់ការ​ចិញ្ចឹមទារក។ ការតឹងណែន​សុដន់នេះ​ជារឿង​ធម្មតាទេ។

ម្យ៉ាងទៀត​ក្រោយពេល​សម្រាលបុត្រ ស្ដ្រីតែងតែ​តឹងសុដន់ និង​ឈឺខ្លាំង​ព្រោះ​ក្រពេញ​ទឹកដោះ​បម្រុងនឹង​ចេញទឹកដោះ។ នៅក្រោយ​ពេលសម្រាល​បុត្របាន​ចំនួន២៤ម៉ោង ស្ដ្រីគួរ​ឱ្យកូនបៅ​ទោះបីជា​មិនទាន់​ចេញទឹកដោះ​ក៏ដោយ​ដើម្បី​ជួយបឺត​ជព្ជាក់ឱ្យរន្ធ ទឹកដោះ​ឆាប់បើក និង​ជួយបន្ធូរ​នូវការ​ឈឺចាប់ខ្លះ។ នៅដំណាក់កាល​ដំបូងនេះ​សុដន់​ឈឺចាប់​រហូតដល់​អ្នកម្ដាយខ្លះ​ស៊ូទ្រាំ​ស្ទើរពុំបាន។ ប៉ុន្ដែ​ស្ដ្រីត្រូវចេះ​អត់ធ្មត់​ព្រោះទឹកដោះ​ដំបូង​មានសារៈ​សំខាន់ណាស់​ចំពោះ​សុខភាពកូន។ គ្រូពេទ្យ​អាចជួយ​ឱ្យថ្នាំ​បំបាត់ការ​ឈឺចាប់បាន ខ្លះក្នុង​ករណីនេះ។

វិធីថែរក្សាសុដន់

ក្រោយ​សម្រាល​បុត្ររួច ស្ដ្រីគួរ​សម្អាត​សុដន់ រយៈពេល​ពីរទៅ​បីថ្ងៃម្ដង។ លោកស្រី​អ្នកនាង​គួរជ្រលក់​សំឡីជា​មួយទឹក ក្ដៅឧណ្ណៗ​ជូតនៅ​បរិវេណ​ចុងសុដន់​ដើម្បីកុំឱ្យ​មានដីស្ទះរន្ធ​ទឹកដោះ។ ប្រសិនបើ​មិនបាន​ធ្វើអនាម័យទេ​នោះទារក​ដែលបៅ​ដោះនោះ អាចមាន​បញ្ហាកើត​ច្រាំងមាត់ និង​ពិបាកក្នុង​ការជញ្ជក់​យកទឹកដោះ។ បញ្ហា​តឹងណែន​សុដន់​ដូចដែល​បានរៀបរាប់​ខាងលើ សូមសុភាព នារី​ទាំងឡាយ​កុំព្រួយបារម្ភ ព្រោះកើត​មាននៅ​គ្រប់ស្ដ្រី​ទាំងអស់។ សំខាន់​បំផុត​សុភាពនារី​គួរគិតគូរ​ពីការសម្អាត​ខ្លួនប្រាណ​ទៅវិញទេ ដូចជា​នៅរាល់​ពេលងូតទឹក គួរលាង​សម្អាត​នៅបរិវេណ​សុដន់​ជាពិសេស​នៅចុង​សុដន់។ ស្ដ្រីមាន​សុដន់មិន​ដូចគ្នាទេ ស្ដ្រីខ្លះ​មានសុ ដន់តូច ខ្លះទៀត​មានសុដន់ធំ។ ដូចនេះ​នៅពេល​ងូតទឹក​គួរធ្វើ​ចលនា​ស្រាលៗ​ទៅលើ​សុដន់ និង​រៀងរាល់ព្រឹក​លោកស្រី​អ្នកនាង​គួរ ហាត់ប្រាណ ដោយ​ប្រើចលនា​ទៅលើ​ដើមដៃ ស្មា​ដើម្បី​ជំនួយ​ឱ្យសុដន់​មូលក្បំល្អ និង​មិនធ្លាក់យារ។

ការពាក់អាវ​ទ្រនាប់​ក៏ដូចគ្នាដែរ គួរជ្រើសរើស​អាវទ្រនាប់​ណាដែល​មានទំហំល្មម​នឹងសុដន់​កុំធំពេក និង​កុំរឹបតឹង​ពេក​ព្រោះ ថានារីខ្លះ​មានអារម្មណ៍​ខ្មាសអៀន នៅពេលខ្លួន​មានសុដន់ធំ។

ដំបូន្មានអ្នកប្រឹក្សា

នៅពេល​ងូតទឹក ស្ដ្រីទាំង​ឡាយគួរ​ឧស្សាហ៍​ស្ទាបសុដន់។ ប្រសិនបើ​ស្ទាបទៅ​ឃើញ​មានដុំអ្វី​មួយរឹង​ណែន​ខុសប្រក្រតី ហើយឈឺចាប់ លោកស្រី​អ្នកនាង​គួរប្រញាប់​ទៅជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងសុដន់​សាស្ដ្រ​ដើម្បី​ពិនិត្យ​មើល​ឬ​ធ្វើការថតឆ្លុះ។ ចំណុច​មួយទៀត​សូមលោកស្រី​អ្នកនាង​កុំយល់​ច្រឡំថា កូនបៅ​ដោះ​ធ្វើឱ្យ​ខូចសុដន់។ ព្រោះថា​ទោះបី​លោកស្រី​អ្នកនាង​មិនឱ្យ​កូនបៅ ក៏សុដន់​ខូចដែរ ព្រោះ​ថាឆ្លងកាត់​ការមាន​ផ្ទៃពោះ​និង​ការសម្រាលកូន​សុដន់​មានការ​ប្រែប្រួល​ឡើងនៅ​ពេលសម្រាល ហើយសុដន់ ទន់ជ្រាយ​ជាងមុន។ ផ្ទុយ​ទៅវិញ​ប្រសិនបើ​លោកស្រី​អ្នកនាង​បំបៅកូន​ដោយទឹកដោះ​លោកស្រី​អ្នកនាង​នឹងបានផល​ចំណេញ​ច្រើនចំ ពោះសុខភាព​ខ្លួនឯង និង​បុត្រធីតា​ទៅវិញទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative