គីសមាត់ស្បូន​កើតលើស្ដ្រី​ដែលធ្លាប់​រួមភេទ

គីសមាត់ស្បូនជាជម្ងឺមួយប្រភេទ ដែលកើតនៅលើមាត់ស្បូនរបស់ស្ដ្រី ជាពិសេសស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ។ ជម្ងឺ នេះ មិន​ បណ្ដាល ឱ្យស្ដ្រី គ្រោះថ្នាក់​ ធ្ងន់ធ្ងរដល់ជីវិតទេ ប្រសិនបើមានការព្យាបាលបានត្រឹមត្រូវ។ ប៉ុន្ដែជាបញ្ហាសុខភាពដែលចាំបាច់ត្រូវ តែព្យាបាល។ ហេតុអ្វីមានគីសនៅមាត់ស្បូន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

គីសមាត់ស្បូន​ជាប្រធានបទ​ដែលទស្សនាវដ្ដី សុខភាពយើង លើកយក​មកបក​ស្រាយ​នៅលេខនេះ​តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​គ្លីនិក នៃសមាគម​ថែទាំសុខភាព​គ្រួសារ​កម្ពុជារ៉ាក់។

គីសមាត់ស្បូន ជាអ្វី?

គីសមាត់ស្បូន​ជាពង​ទឹកតូចៗ ប្រៀប​ដូចជា​គ្រាប់មុន​ដែលកើត​លើផ្ទៃមុខ​អញ្ចឹងដែរ។ ប៉ុន្ដែនេះ​វាកើត​នៅលើ​មាត់ស្បូន ហើយមាន​ទំហំធំប៉ុនចុង​ជើងធូប ឬ​ប៉ុនគ្រាប់​សណ្ដែកបាយ​ដែលមាន​ចំនួនតិច ឬ​ច្រើនទៅ​តាមកម្រិត​នៃជម្ងឺ។ គីសមាន​លក្ខណៈ​ទន់ៗ ប្រសិនបើ​ជួសវាទឹក​នោះចេញ​មកក្រៅ​មានសណ្ឋាន​ដូចជា​ទឹក​រំអិលត្រី។ ប៉ុន្ដែ​បើគីស​ទុករយៈ​ពេលយូរ​នឹងករោគ​ក្លាយជាខ្ទុះ បន្ទាប់មក នាំឱ្យមាន​ដំបៅនៅ​មាត់ស្បូន។

មូលហេតុ​កើតគីស​មាត់ស្បូន

គីសកើត​ឡើងបណ្ដាល​មកពីការ​រាំងស្ទះ​នៃក្រពេញ​សម្រាប់​បញ្ចេញ​ទឹករំអិល​របស់ស្ដ្រី។ ការកកស្ទះ​នេះនាំឱ្យ​កទៅជាពង ទឹក​នៅមាត់ស្បូន។ គីសខ្លះទៀត​កើតដោយសារ​ការធ្វើ​អនាម័យ​ប្រដាប់ភេទ​មិនបាន​ស្អាតល្អ​ជាហេតុ​ធ្វើឱ្យ​ក្រពេញ​បញ្ចេញ​ទឹករំអិល កកស្ទះរន្ធ ដោយសារ​មានការក​រោគតិចតួច​នៅមាត់ស្បូន។

ការព្យាបាល​គីសមាត់ស្បូន

គីសមាត់ស្បូន​មិនចាំបាច់​ព្យាបាល​ដោយការ​ដុតមាត់ស្បូនទេ គឺព្យាបាល​ទៅតាមមូល​ហេតុរបស់វា។ ប្រសិនបើ​គីសនោះ កើតឡើង​ដោយការ​ករោគ ការព្យាបាល​គឺត្រូវប្រើ​ថ្នាំសម្លាប់​មេរោគ​ដែលធ្វើឱ្យ​ទឹកក្រពេញ​ដែលស្ទះ​ហូរចេញមក​គីសនោះ​នឹងរលាយ ដោយ​ឯកឯង។ ប្រសិនបើ​ក្រពេញ​ស្ទះរន្ធ​ដោយសារ​ការខ្វះ​អនាម័យ​មាត់ស្បូន​នាំឱ្យមាន​ការករោគ​តិចតួច តែមិនមែន​ជាជម្ងឺ​កាមរោគ ទេ​ការព្យាបាល​ដោយ​គ្រាន់តែ​លាងសម្អាត​ដោយទឹក​ថ្នាំសម្លាប់​មេរោគ​គីសមាត់ស្បូន​នឹងបាត់​ទៅវិញ។

ដំបូន្មាន​អ្នកប្រឹក្សា

គូស្វាមីភរិយា គឺ​ជាដៃគូ​ដែលមិន​អាចខ្វះបាន។ ដូចនេះ​ទាំងពីរនាក់​គួរយកចិត្ដ​ទុកដាក់​ថែទាំសុខភាព​ទើប​គ្រួសារមាន សុភមង្គល។ ស្ដ្រីដែល​ធ្លាប់ឆ្លងកាត់​ការរួមភេទ មានចាប់​ពីអាយុ​៣០ឆ្នាំ​ឡើងទៅ​គួរទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​យ៉ាងហោច​ណាស់ ម្ដងក្នុង​មួយឆ្នាំ។ ស្វាមីគួរ​តែទៅ​មន្ទីរពេទ្យ​ជាមួយភរិយា​នៅពេល​ពិនិត្យ​សុខភាព​ព្រោះ​សកម្មភាពនេះ​បង្ហាញនូវ​ភាពស្រឡាញ់​យ៉ាង កក់ក្ដៅ ការទទួល​ខុសត្រូវខ្ពស់​ចំពោះ​សុភមង្គល និង​សុខភាព​របស់​គ្រួសារ​ទាំងមូល។ ស្វាមី​ត្រូវមាន​ភាពស្មោះត្រង់ មិនគួរ​ឱ្យភរិយា ក្លាយជា​ជនរងគ្រោះ​ដោយសារ​ទង្វើរបស់​លោកនោះទេ។ បុរស​ទាំងឡាយ​ត្រូវគិតថា​“លោក​អាចយកលុយ​ទៅទិញភាព​សប្បាយ ប៉ុន្ដែមិនអាច​ទិញសុភមង្គល​បានឡើយ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative