វិធីបំបាត់ខ្នៅ

ស្នាមខ្នៅ​មានច្រើន​ប្រភេទ ហើយអាចកើត​នៅគ្រប់កន្លែង នៃ​សព៌ាង្គកាយ​របស់មនុស្ស។ អ្នកខ្លះ​មានកើត​ខ្នៅនៅ​លើផ្ទៃ មុខ។ ជាទូទៅ​ខ្នៅមិន​ធ្វើឱ្យប៉ះពាល់​ដល់សុខភាព​ធ្ងន់ធ្ងរទេប៉ុន្ដែ​ប្រសិនបើ​កើតនៅ​លើផ្ទៃមុខ​នោះធ្វើ​ឱ្យផ្ទៃមុខ​របស់​លោកអ្នក​បាត់ បង់​សោភ័ណភាព។ ព្រោះថា​ខ្នៅអាច​រីករាលដាល​កាន់តែធំ​ទៅតាម​វ័យរបស់​មនុស្ស។ ហេតុអ្វី​ទើបកើត​មាន​ស្នាមខ្នៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្វែង​យល់អំពី​វិធីព្យាបាល​ស្នាមខ្នៅ ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជ បណ្ឌិត ប្លុង បញ្ចរិទ្ធីថា គ្រូពេទ្យ​ប្រចាំ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ឡាស៊ែរស្គីនឃែរ។

មូលហេតុ​នាំឱ្យកើតខ្នៅ

តាមការ​សិក្សាខ្នៅ​អាចកើត​មានពីកំណើត និង​អាចដោយសារ​ការប្រើប្រាស់​ថ្នាំខុសផង។ ការកើត​ឡើងពី​កំណើត​បណ្ដាល មកពីជាតិ​មេឡានូស៊ីត ដែល​ជាកោសិកា​ស្បែក​បង្កើត​ជាតិមេឡានីន ដែលធ្វើ​ឱ្យមាន​ស្នាមខ្នៅ​លើស្បែក​ពីកំណើត។ ជួនកាល​ខ្នៅអាច បណ្ដាលមក​ពីសកម្មភាព​ខុសឆ្គង​របស់ស្ដ្រី​ជាម្ដាយ​នៅពេល​មានផ្ទៃពោះ​ដូចជា​ការប្រើប្រាស់​ថ្នាំមិន​ត្រឹមត្រូវ​ជាដើម។ ស្នាមខ្នៅអាច ជាលក្ខណៈ​សួពូជ។ ប្រសិនបើ​មានសមាជិក​ណាម្នាក់​នៅក្នុងគ្រួសារ​កើតមាន​ស្នាមខ្នៅ​អ្នកជំនាន់​ក្រោយៗ​អាចនឹង​កើតមាន​ស្នាមខ្នៅ។

ប្រភេទនៃខ្នៅ

ខ្នៅមាន​ច្រើន​ប្រភេទ។

1. ប្រភេទ ណេវីសអូតា ៖ ជាប្រភេទ​ស្នាមខ្នៅ ដែលមាន​ពណ៌ខ្មៅ​ហើយមាន​ដុះរោម

2. ប្រភេទ ណេវីសគីតូ ៖ ជាស្នាមខ្នៅ ដែលមាន​ពណ៌ខ្មៅ​ហើយមាន​លាយពណ៌​ខៀវ

3. ប្រភេទ ណេវីសស្គីលីស ៖ ជាស្នាមខ្នៅ​មានពណ៌​ខ្មៅ​តែមាន​លក្ខណៈ​ស្រាល

4. ប្រភេទ កាហ្វេអូឡេ ៖ ជាស្នាមខ្នៅ​មានពណ៌​ដូចជាកាហ្វេ​ទឹកដោះគោ។

វិធីព្យា​បាលស្នាមខ្នៅ

ដោយសារ​ខ្នៅធ្វើ​ឱ្យបាត់បង់​សោភ័ណភាព ដូចនេះ​ហើយទើប​បានជាអ្នក​ដែលកើត​ខ្នៅ​តែងតែ​ចង់បំបាត់​ស្នាមខ្នៅ​ចេញពី​លើ ស្បែក។ ស្នាមខ្នៅ​មិនអាច​ព្យាបាល​ឱ្យជា​សះស្បើយ​ដោយការ​ប្រើថ្នាំលាប ឬ​ថ្នាំលេប​បានឡើយ។ កាលពីមុន​គេច្រើន​ធ្វើការ​ព្យាបាល ខ្នៅ​ដោយធ្វើ​ការវះកាត់។ គ្រូពេទ្យ​ធ្វើការវះកាត់​យកស្បែក​មានស្នាមខ្នៅ​ចេញ​ហើយ​យកស្បែក​ក្បាលពោះ ឬ​ស្បែកភ្លៅ​មកបិទ ជំនួស​កន្លែងដែល​វះកាត់នោះ។ ប៉ុន្ដែ​ការព្យាបាល​ដោយការ​វះកាត់​បែបនេះ​ធ្វើឱ្យ​ផ្ទៃមុខ​មិនស្អាត​ល្អឡើយ ប្រៀប​ដូចជាយក​ក្រណាត់ មួយផ្ទាំង​ទៅប៉ះលើ​ផ្ទៃមុខ​ដូច្នោះដែរ ព្រោះថា​ស្បែកផ្ទៃមុខ ស្បែកភ្លៅ​និង​ស្បែក​ក្បាលពោះ​មិនដូចគ្នា​ឡើយ។ បច្ចុប្បន្ន​នេះ វិទ្យា សាស្ដ្រ​កាន់តែ​រីកចម្រើន​ជឿនលឿន​នៅកម្ពុជា​អាចព្យាបាល​ស្នាមខ្នៅ​ឱ្យជា​សះស្បើយ​ដោយការ​បាញ់កាំរ​ស្មីឡាស៊ែរ។

បន្ទាប់ពី​ព្យាបាល​ដោយបាញ់​កាំរស្មីឡាស៊ែរ​រួចមក អ្នកជម្ងឺ​ត្រូវតមការ​ពិសាគ្រឿង​ស្រវឹង ដូចជាសុរា​ស្រាបៀរ​ជាដើម និង អាហារ​ដែលមាន​រសជាតិហឹរ ព្រោះ​ថាបន្ទាប់​ពីការបាញ់​ឡាស៊ែររួច ផ្ទៃមុខ​របស់​លោកអ្នក​នឹងឡើង​ក្រហមមួយ​រយៈខ្លី។ ក្នុងកំឡុង ពេលនោះ ប្រសិនបើ​ទទួលទាន​ជាតិស្រាបៀរ ឬ​ជាតិហឹរ​ចូលទៅ ធ្វើឱ្យផ្ទៃ​មុខកាន់តែ​ក្រហមខ្លាំង​ឬ​កាន់តែ​ខ្មៅថែមទៀត ជាហេតុនាំ ឱ្យការ​ព្យាបាលកាន់​តែអូស​បន្លាយ​ពេលយូរ​ក្រជាសះ​ស្បើយ។

ដំបូន្មាន​អ្នកប្រឹក្សា

ស្ដ្រីទាំង​ឡាយ​ក្នុងកំឡុង​ពេលមាន​ផ្ទៃពោះ សូមកុំ​ប្រើថ្នាំ​ផ្ដេសផ្ដាស​តាមចិត្ដ​ខ្លួនឯង។ មុននឹង​សម្រេចចិត្ដ​ប្រើថ្នាំ​អ្វីមួយ លោកស្រី​អ្នកនាង​គួរធ្វើការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យបាន​ច្បាស់លាស់​ឬ​ប្រើប្រាស់ថ្នាំ​ណាដែល​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។ ការព្យាបាល ដោយ​កាំរស្មីឡាស៊ែរ​ក្នុងការបំបាត់​ស្នាមខ្នៅ ជាការព្យាបាល​មួយដែល​មាន​ប្រសិទ្ធភាព​និង​មិនប៉ះពាល់​ដល់សុខភាព​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative