កុមារ​កើត​ជម្ងឺ​បេះដូង​ប្រហោង​ទទួលបាន​ការព្យាបាល​ដោយឥត​គិតថ្លៃ​

កុមារ​ចំនួន១០ម៉ឺន​នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​មានបញ្ហា​ចោទ​ទាក់ទង​ទៅនឹង​ជម្ងឺបេះដូង​ប្រហោង។ អ្នកជម្ងឺ ​មាន​លទ្ធភាព​តិចតូច​ណាស់​ដែលមាន​ថវិកា​ក្នុងការ​ព្យាបាល​ជម្ងឺនេះ​ ដោយសារ​ជម្ងឺនេះ​ទាមទារ​ការវះ​កាត់ និង​ត្រូវចំណាយ​ថវិកា​ច្រើន​។ ប៉ុន្តែ​ថ្មីៗ​នេះអង្គ​ការក្រៅរ​ដ្ឋាភិបាល​ខ្មែរ​អាមេរិកាំង​មួយបាន​ផ្តល់ការ​វះកាត់​ និងព្យាបាល​ជម្ងឺបេះដូង​នេះដល់​កុមារ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

កុមារ​​ដែល​ទទួលបាន​ការព្យា​បាល​​ពី​ក្រុម​​គ្រូពេទ្យ

មានតែ​កុមារ​ចំនួន​១៥នាក់​​តែប៉ុណ្ណោះ​ ដែលមាន​សំណាង​ទទួលបាន​ការព្យាបាល​ពីក្រុម​គ្រូពេទ្យ​នៃអង្គការ​មនុស្ស​ធម៌​ នៅខេត្ត​សៀមរាប​ ក្នុងមន្ទីរ​ពេទ្យ​កុមារអង្គរ​ កាលពី​មុនពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ រីឯ​កុមារ​រាប់ម៉ឺន​នាក់ដែល​មានជម្ងឺ​នេះផ្សេង​ទៀតពុំ​មាន​សំណាង​ទទួល​បានការ​ព្យាបាល​ជម្ងឺ​នេះនៅ​ឡើយទេ​ ព្រោះតែ​បញ្ហា​ថវិកា​។ នៅមាន​កុមារ១០​នាក់ផ្សេង​ទៀត ក្នុង​ចំណោម​កុមារ​១០០ នាក់ កំពុង​ត្រូវការ​ការ​ព្យាបាល​ជាបន្ទាន់​។ រីឯ​កុមារ​ជាច្រើននាក់​ផ្សេងទៀត​ បានស្លាប់​មុននឹង​ទទួល​បានការ​ព្យាបាល​ និងកុមារ​ដទៃទៀត​ត្រូវបាន​ទុកចោលដោយ​មិនមាន​ការព្យាបាល។

ការព្យាបាលរបស់អង្គការមនុស្សធម៌

អស់រយៈ​ពេល៦ឆ្នាំ​មកហើយ​ដែលលោក ភីតធឺ ឈុន ​ ដែលជាអ្នក​ធ្វើការ​បានចូល​និវត្ត​ទៅហើយ​នោះ បាន​នាំយក​កុមារ​ខ្មែរ​ ដែល​មាន​ជម្ងឺបេះដូង​ប្រហោង​ទៅទទួល​ការព្យាបាល​នៅសហ​រដ្ឋអាមេរិក​។ ប៉ុន្តែ​ដោយសារ​តែការ​ចំណាយ​ខ្ពស់ លោក​ក៏សម្រេច​ចិត្ត​នាំក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ពីសហ​រដ្ឋអាមេរិក​ មកជួយ​ព្យាបាល​កុមារ​នៅប្រទេស​កម្ពុជា​វិញម្តង​។ លោកបន្ត​ថា «កូន​គេកូន​យើង​ បើឲ្យ​គ្នាចាំ​ទាល់តែ​ស្លាប់ គឺ​ថា ជីវិត​គ្មានតម្លៃ​ស្អីទេ​។ ចុះបើ​យើងជា​អ្នកចេះ​ដឹង ជា​អ្នកមាន​មុខមាន​មាត់ មាន​ការងារ​ត្រឹម​ត្រូវ​នោះ តើនៅ​ឈរក្រព័ទ្ធ​ដៃមើល​គ្នាស្លាប់ឬ​?»

ក្រុម​គ្រូពេទ្យ​ ដែលមក​ជួយព្យាបាល​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​សំដែង​ក្តីសោមនស្ស​យ៉ាងខ្លាំង​ ក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​អស់​ពីកម្លាំង​កាយចិត្ត​ក្នុងការ​ជួយព្យាបាល​ជម្ងឺបេះដូង​ប្រហោង​ ដល់កុមារ​កម្ពុជា​ដោយមិន​យកកម្រៃ​។ បើទោះ​ជា​ការ​ព្យាបាល​កុមារ​ដែល​មាន​ជម្ងឺ​បេះដូច​ប្រហោង​នេះ ​ត្រូវ​ចំណាយ​ថវិកា​អស់​រាប់ពាន់​ដុល្លារ​ក្នុង​ក្មេង​ម្នាក់ៗ​ក៏ដោយ​ ក៏​លោក​ភីត​ធឹ ឈុន​នៅ​តែ​ប្តេជ្ញា​បន្ត​បេសក​កម្ម​របស់​លោក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ ក្មេង​ទាំង​នេះ​ដដែល។​ លោក​មាន​ចំណាប់អារម្មណ៍បន្តថា ​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​ជាង​​ឃើញ​កុមារ​ដែល​ជិត​ស្លាប់​ អាច​បន្ត​ជីវិត​របស់​ពួកគេ​យ៉ាង​សប្បាយ​រីករាយ​ទៅ​មុខ​ទៀត​នោះ​ទេ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ១៩ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative