ឯម គុណកល្យា ៖ សុខភាពល្អ​ជាមុន ទើបអ្វីៗ​ជាក្រោយ

ស្រីស្អាតដែលមានរាងតូចច្រឡឹង សម្បុរសជ្រះ ឯម គុណកល្យា ជាពិធីការិនីឆ្នើមមួយរូបប្រចាំស្ថានីយទូរទស្សន៍ប៉ុសិ៍្ដ លេខ៥។ ក្រៅពីមានសម្លេងស្រួយស្រទន់ពីរោះ កល្យាមានរូបសម្ផស្សស្រស់ស្អាតមិនចាញ់តារាសម្ដែងដ៏ទៃទៀតឡើយ។ ក្នុងអាជីព ជាពិធីការិនី និងជាអ្នកដឹកនាំកម្មវិធីជាច្រើនផងនោះ កល្យាមានភាពមមាញឹកជាខ្លាំង។ ទោះបីជាយ៉ាងនេះក្ដី កល្យាមិនភ្លេចថែរក្សា សុខភាព និងសម្រស់របស់កញ្ញាឡើយ ព្រោះកល្យាយល់ឃើញថាមានសុខភាពល្អទើបមានអ្វីៗទាំងអស់តាមក្រោយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កល្យា​ពេញចិត្ដ​នឹងប្រគល់​អាថ៌កំបាំង​នៃការថែរក្សា​សម្ផស្ស សុខភាព​និង​រឿងរ៉ាវផ្សេងៗ​ដែលទាក់ទង​នឹងអាជីព​ជាអ្នក សិល្បៈជូន​ប្រិយមិត្ដ​អ្នកអាន​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ចូលដល់​វិស័យសិល្បៈ

ថ្វីត្បិតតែ​ពេលនេះ កល្យា​ក្លាយជាតារា​ដ៏ស្រស់​ប្រិមប្រិយ​និង​ក្លាយជាអ្នក​ដឹកនាំ​កម្មវិធី​ប្រកបដោយ​ទេពកោសល្យ​ឈាន ដល់ថ្ងៃនេះ កល្យា​មានការ​តស៊ូឆ្លង​កាត់ការលំបាក​យ៉ាងច្រើន។ ឪពុកម្ដាយ​របស់​កល្យា​បានបែកបាក់គ្នា​តាំងពី​កល្យា​អាយុបាន​ជាង មួយឆ្នាំម្ល៉េះ។ ដោយសារ​បញ្ហាជីវភាព កល្យា​ត្រូវបានម្ដាយ​បញ្ជូនឱ្យ​ទៅរស់នៅ​ជាមួយ​ម្ដាយធំ។ ក្នុងការ​រស់នៅ​ជាមួយអ្នក​ដ៏ទៃមិន មានភាព​ងាយស្រួលទេ នាងត្រូវ​ទទួលភារៈ​ជាអ្នកមើល​ថែប្អូនៗ និង​ខំសិក្សាផង។ ឈានចូលដល់​ពេញវ័យ​បានមករស់នៅ​ជាមួយអ្នក ម្ដាយវិញ ប៉ុន្ដែ​កល្យា​ត្រូវឆ្លៀត​ពេលប្រកបរបរ​បន្ដិចបន្ដួច ដូចជាចាក់នំ​និង​ស៊ីឈ្នួល​កាត់ក្បាល​ត្រីលក់​នៅពេលទំនេរ​ពីការសិក្សា ដើ ម្បី​យកប្រាក់មក​ចិញ្ចឹមប្អូនៗ​ព្រោះថា​ម្ដាយរបស់នាង​ត្រូវបំពេញ​ការងារនៅ​ឯខេត្ដឆ្ងាយ។

នៅឆ្នាំ១៩៩៩ ក្នុងវ័យ​អាយុ១៧ឆ្នាំ កល្យា​សិក្សា​នៅវិទ្យាល័យ​យុគន្ធរ​ថ្នាក់ទី១២ ស្របពេល​ជាមួយគ្នានោះ​មានការប្រ កាស​ជ្រើសរើស​បវរកញ្ញាឯក​នៅស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ៥​ផងដែរ។ ក្រោមការ​ជំរុញពី​បងស្រី​កល្យា​បានដាក់ពាក្យ​ប្រឡងបាន ជាប់​ចំណាត់ថ្នាក់​លេខ១០ក្នុង​ចំណោម​បេក្ខនារី​ជាច្រើន។ នាពេលនោះ​ស្ថានីយ​ទូរទស្សន៍ប៉ុសិ៍្ដ​លេខ៥​បានធ្វើការ​ជ្រើសរើស​បុគ្គលិក។ ដូច្នេះ​កល្យា​ត្រូវបានជ្រើសរើស​ជាបុគ្គលិក​ពេញសិទ្ធិ។ កល្យា​ឆ្លៀតពេល​សិក្សាបន្ថែម​នៅពេលយប់ ដើម្បី​ទទួលបាន​បរិញ្ញាប័ត្រផ្នែក ព័ត៌មានវិទ្យា។

ការថែរក្សាសម្ផស្ស

កល្យា​តែងតែ​គិតថាសុខភាព និង​សម្រស់​ចាំបាច់​ត្រូវដើរទន្ទឹមគ្នា​មិនអាចខ្វះ​មួយណា​បានទេ។ ហេតុនេះ​ហើយទើប​កល្យា តែងតែខិតខំ​ធ្វើយ៉ាងណា​ដើម្បីរក្សាភាព​ស្រស់ស្អាត​និង​សុខភាពល្អ​ក្នុងពេលតែមួយ​ដោយបែងចែក​ជាវិធី​ថែរក្សា​ដោយឡែក​ពីគ្នា។

1. ការថែរក្សាសក់ ក្នុងអាជីព​ជាពិធីការិនី កល្យាតែង​ប្រឈមមុខ​ជាមួយនឹង​ការធ្វើសក់​ញឹកញាប់​មានទាំង​គាបសក់ ផ្លុំសក់ ឬ​ប៉ះកម្ដៅថ្ងៃ​ជាញឹកញាប់ ជាហេតុនាំ​ឱ្យសរសៃ​សក់របស់​កល្យា​ងាយនឹង​ខូចបាន។ ដើម្បី​ទប់ទល់​ជាមួយការ​ខូចសក់​ដោយប្រ ការទាំងនោះ កល្យា​យកចិត្ដ​ទុកដាក់​ជាខ្លាំង​ក្នុងការថែ​ទាំសក់​ដោយធ្វើ​ការអប់​សក់រាល់​មួយសប្ដាហ៍ម្ដង និង​កក់សក់រាល់​ពីរថ្ងៃម្ដង។ លើសពីនេះ​រាល់ពេល​កក់សក់ កល្យា​តែងប្រើសា​ប៊ូកក់សក់​ការពារសក់ជ្រុះ​និង​លាបប្រេង​បន្ទន់សក់ឱ្យ​ទន់រលោងល្អ បន្ទាប់​ពីកក់សក់​ហើយ​កល្យា​ប្រើប្រេង​ជំនួយសរសៃសក់​ទៀតដើម្បី​កុំឱ្យ​សរសៃសក់​ខូចខ្លាំង។

2. ការថែរក្សារោមចិញ្ចើម រោមភ្នែក និងបបូរមាត់ កល្យា​ស្រឡាញ់​រោមចិញ្ចើម​ក្រាស់បែប​ធម្មជាតិ។  ចិញ្ចើម​របស់ នាង​ដែលកោរ​ហើយកម្រ​នឹងដុះឡើង​វិញណាស់។ ចំណែក​ឯការលាប​ម៉ាស្ការ៉ា​លើត្របកភ្នែក​ច្រើនធ្វើឱ្យ​រោមភ្នែក​ងាយនឹងជ្រុះ។ ដូ ច្នេះកល្យា​ជ្រើសរើស​យកការពាក់​ត្របកភ្នែក​ជំនួសឱ្យ​ការពត់​ត្របកភ្នែក​ព្រោះ​កល្យា​យល់ថា​ការពាក់​ត្របកភ្នែក​ធ្វើឱ្យរោមភ្នែក​មាន រាងងខ្ពស់ស្អាត ធ្វើឱ្យ​សម្រស់ភ្នែក​មើលទៅ​គួរឱ្យទាក់ទាញ​និង​មិនប៉ះពាល់​ដល់រោមភ្នែក​ទៀតផង។ បបូរមាត់​ជារឿង​សំខាន់បំផុត​ព្រោះ​ជាទីកន្លែង​ផ្ដល់នូវ​ស្នាមញញឹម​ធ្វើឱ្យ​សម្រស់ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​មួយកម្រិត។ កល្យាមិន​ចូលចិត្ដ​លាបក្រែម​ដែលមានពណ៌ ដិតខ្លាំងទេ គឺប្រើពណ៌​ស្រាលៗ​ព្រោះខ្លាច​បបូរមាត់​ប្រែពណ៌ទៅជាខ្មៅ​ស្រអាប់បាន។

3. ការថែរក្សាស្បែក ការតុបតែង​ញឹកញាប់​ធ្វើឱ្យស្បែកមុខ​កល្យា​ប្រឈមមុខ​នឹងឡើងមុន​ដោយសារ​មានប្រតិកម្មជា មួយម្សៅ។ ដើម្បី​ចៀសវាង​ការខូចផ្ទៃមុខ កល្យា​ជ្រើសរើស​ផលិតផល​ជំនួយ​ដែលត្រូវ​ជាមួយ​ស្បែកមុខ​ហើយ​ព្យាយាម​ប្រើផលិត ផលនោះ​រហូតមិន​ផ្លាស់ប្ដូរឡើយ និង​មានម្សៅ​សម្រាប់ប្រើ​ជាទ្រនាប់​ទៀតផង។ ជាពិសេស​កល្យា​មានថ្នាំលាប​ដើមី្ប​បំបាត់ការចេញ មុននៅពេល​មានរដូវ និង​ស្នាមសម្លាក​ផ្សេងៗនៅ​លើស្បែក។ រាល់ចេញ​ត្រូវកម្ដៅ​ថ្ងៃនៅ​ពេលឡើង​ឆាកធ្វើ​ជាពិធីករ កល្យា​តែងលាប ឡេការពារ​កម្ដៅថ្ងៃ​នៅលើ​ដងខ្លួន​ដើម្បី​អាចជួយ​ការពារ​ចំណាំង​ផ្លាតរបស់​ពន្លឺហ្វារ​ដែលចាំងមក​លើស្បែក។ លើសពី​នេះកល្យាលាប ឡេម្យ៉ាង​ដែលមាន​លក្ខណៈ​ភ្លឺរលើបរលោង និង​មានក្លិន​ក្រអូប​ដើម្បីឱ្យ​ស្បែកមាន​ក្លិនក្រអូប និង​ភ្លឺរលោង។

ការថែរក្សាសុខភាពរាងកាយ

កល្យា​មានទម្ងន់​រាងកាយ​៤៦គីឡូក្រាម។ ការរក្សា​បាននូវទម្ងន់​នេះបាន​យ៉ាងល្អ​ដោយសារ​នាងប្រកាន់​បាននូវរបបអា ហារ​មួយទៀងទាត់ ដោយសម្រាក​និង​ទទួលទានទឹក​គ្រប់់គ្រាន់។ ប្រសិនបើនាង​ត្រូវទៅ​ធ្វើការ​ប្រគុំតន្ដ្រី​នៅតាម​បណ្ដាខេត្ដ នាងពុំមាន ពេលគ្រប់គ្រាន់​ដើម្បីទទួលទាន​ដំណេកទេ។ កល្យា​តែងឆ្លៀត​ពេលសម្រាក​នៅពេលណា​ដែលនាង​អាចសម្រាកបាន ដើម្បី​ជំនួសពេល ដែលបាត់បង់។ ដោយសារ​ការងារ​មមាញឹក​កល្យា​ជ្រើសរើស​យក​ការហាត់ប្រាណ​នៅផ្ទះជាមួយ​បទភ្លេង​ទៅតាម​ពេលវេលា​ដែល អាចធ្វើ​ទៅបាន។ កល្យា​តែងតែ​ពិនិត្យសុខភាព​មួយឆ្នាំម្ដង​ទោះបីជានាង​មិនមាន​ជម្ងឺអ្វី​ក៏ដោយ។ ចំណែក​ឯមាត់ធ្មេញ​ក៏ដូចគ្នាដែរ នាងទៅឱ្យ​ពេទ្យពិនិត្យ​រៀងរាល់​៦ខែម្ដង។ ចំពោះ​ចំណីអាហារ កល្យា​ចូលចិត្ដ​ទទួលទាន​សាច់ត្រី និងបន្លែ។

រូបភាពទស្សនាវដ្តីសុខភាពយើង

គោលបំណងទៅអនាគត

សព្វថ្ងៃ​កល្យា​មានការងារ​ជាច្រើន​ក្នុងនោះ​មានតួនាទី​ជាពិធីការិនី និង​ជាអ្នកដឹកនាំ​កម្មវិធី​ប្រចាំស្ថានីយ​ទូរទស្សន៍​ប៉ុសិ៍្ដលេខ ៥ ដូចជាកម្ម​វិធីសង្គម និង​សិល្បៈ កម្មវិធី​រាត្រីអស្ចារ្យ កម្មវិធី​ស្ពានតារា​និង​ត្រៀមរៀបចំ​កម្មវិធីថ្មីមួយ​ទៀតដែល​មានឈ្មោះថា ហ៊ាន ត្រូវតែឈ្នះ។ នាងពេញចិត្ដ​ជាមួយនឹង​ការងារ​ទាំងនេះ​ជាខ្លាំង។ ប៉ុន្ដែទោះបី​ជាយ៉ាងណា​នាង​នៅតែយល់ថា​ការងារ​ទាំងនេះ​មិនអាច ឋិតនៅ​ស្ថេររហូតទេ ដូចនេះ​ពិធីការិនី​ស្រស់ស្អាត​រូបនេះ​បានរំពឹងគិត​ថានឹង​បង្កើតជំនួញ​តូចមួយ​ទៅថ្ងៃអនាគត។ ប៉ុន្ដែនាង​នៅពុំទាន់ ដឹងនៅឡើយ​ទេថាជាជំនួញអ្វី។

បណ្ដាំផ្ញើរបស់ ឯម គុណកល្យា

សូមស្ដ្រី​ទាំងឡាយ​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់ខ្លួន​ជាពិសេស​គឺត្រូវមាន​សុខភាពល្អ​ជាមុន សិន ទើបអ្វីៗ​មានជាក្រោយ។ ជាពិសេស​លោកស្រី​អ្នកនាង​ត្រូវផ្ដល់​នូវក្ដីស្រឡាញ់ និង​ភាពកក់ក្ដៅ​ដល់ក្រុមគ្រួសារ​ព្រមទាំង​ជួយថែ រក្សាសុខភាព​ស្វាមី កូន និង​ឪពុកម្ដាយ ដោយត្រូវ​ជួយផ្ដល់​កម្លាំងចិត្ដ​ដល់ពួកគេ​ព្រោះវាជា​ឥទ្ធិពល​មួយសំខាន់​ជួយឱ្យ​ក្រុមគ្រួសារ លោកស្រីអ្នកនាង​មានភាពកក់ក្ដៅ។

ប្រវត្ដិរូបសង្ខេប

ឈ្មោះ ៖ ឯម គុណកល្យា

អាយុ ៖ ២៥ឆ្នាំ

ទំហំទាំងបី ៖ ៣៣, ២៥, ៣៤

ទម្ងន់ ៖ ៤៦​គីឡូក្រាម

មានបងប្អូន ៖ ៥នាក់ (ជាកូនទី៣)

ស្ថានភាពគ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative