សម្លៀកបំពាក់ការិយាល័យ

និយាយពី​ការស្លៀកពាក់​គ្មាននរណា​មួយមិនចេះ​នោះទេ។ ប៉ុន្ដែការ​ជ្រើសរើស​សម្លៀកបំពាក់​ឱ្យសក្ដិសម​ពេលវេលា​និង ស្ថានភាពនោះ មិនប្រាកដថា​លោកអ្នក​អាចមាន​ចំណេះដឹង​គ្រប់គ្នា​នោះទេ។ សម្លៀក​បំពាក់​មិនមែន​សុទ្ធតែ​អាចពាក់​យ៉ាងណា​ក៏បាន នោះទេ ជាពិសេស​សម្លៀក​បំពាក់​សម្រាប់​អ្នកបំពេញ​ការងារ​នៅក្នុង​ការិយាល័យ។ តើជ្រើសរើស​សម្លៀក​បំពាក់​បែបណា​ទើបសម រម្យ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីជំនួយ​ដល់​លោកអ្នក​ក្នុងការ​ជ្រើសរើស​សម្លៀក​បំពាក់​ពេលបំពេញ​ការងារនោះ លោកស្រី សាពណ៌ នាយិកាសាលា បង្ហាញ​ម៉ូតសាពណ៌ បកស្រាយ​ជម្រាបជូន​លោកអ្នក​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

សម្លៀកបំពាក់​សមរម្យ

ពាក្យចាស់​មួយឃ្លា​ពោលថា “មាន់ល្អ​ដោយ​សាររោម មនុស្សស្អាត​ដោយសារ​សម្លៀក​បំពាក់”។ ហេតុដូចនេះ​ទើបមនុស្ស យើងម្នាក់ៗ​ខិតខំ​ចំណាយប្រាក់​ជាប្រចាំ​សម្រាប់​ការស្លៀកពាក់​ដើម្បីឱ្យ​បានសមរម្យ​ក្នុងសង្គម។ សម្លៀក​បំពាក់​អាចស្រស់​ស្អាតសក្ដិ សមជាមួយ​ដងខ្លួន​បានត្រូវ​ពឹងផ្អែក​ទៅលើការ​តាក់តែង និង​ច្នៃប្រឌិត​របស់​អ្នកពាក់​និង​ស្ថានភាពទូទៅ។ សម្លៀក​បំពាក់​ត្រូវបានបែង ចែកទៅ​តាមប្រភេទ​ជាច្រើន ដូចជា​សម្លៀក​បំពាក់​ការិយាល័យ សម្លៀក​បំពាក់​ដើរកម្សាន្ដ​សម្លៀក​បំពាក់​ចូលរួម​ក្នុងកម្មវិធី​សម្លៀក បំពាក់​នៅផ្ទះ​ជាដើម។

សម្លៀកបំពាក់​ការិយាល័យ

លោកអ្នក​បានជ្រាប​ខ្លះរួចមក​ហើយ​តាមប្រធានបទ​ដែលបាន​ចេញផ្សាយ​កាលពី​លេខ០១២ និង​លេខ០១៣​ស្ដីពី​សម្លៀក បំពាក់​ប្រចាំថ្ងៃ។ ដោយឡែក​សម្រាប់​លេខនេះ​លោកអ្នក​នឹងបាន​ជ្រាបកាន់​តែលម្អិត​បន្ថែមទៀត​អំពីសម្លៀក​បំពាក់​ការិយាល័យ។ សម្រាប់​លោកអ្នក​ជាបុគ្គលិក​តាមស្ថាប័ន​នានា​ការជ្រើសរើស​សម្លៀក​បំពាក់​អាស្រ័យ​ទៅតាម​តម្រូវការ​របស់ស្ថាប័ន​នោះផងដែរ។

1. សម្រាប់​អ្នកបម្រើ​ការងារ​រាជការ បើលោកអ្នក​ជាទាហាន នគរបាល​ឬ​បម្រើការ​នៅតាម​ក្រសួង​មន្ទីរដែល​​តម្រូវ ឱ្យមាន​ឯកសណ្ឋាន​លោកអ្នក​ចាំបាច់​ត្រូវតែ​គោរពតាម។ ផ្ទុយទៅវិញ​បើស្ថាប័ន​មិនបាន​តម្រូវ​ទេនោះ​លោកអ្នក​ជាបុរស​គួរតែ​ជ្រើស រើស​ខោវែង​ពណ៌ខ្មៅ ទឹកប៊ិច ខៀវជាដើម។ រីឯអាវវិញ​មិនគួរមាន​ពណ៌ឆើតឆាយ​ពេកទេ អាច​ប្រើពណ៌ស​ផ្ទៃមេឃ ទឹកប៊ិច​ជាដើម។ ចំណែក​ស្ដ្រីវិញ គួរប្រើ​សំពត់បត់វែង និង​អាវដៃវែង​ឬ​ដៃខ្លី​មានកបើក​(កឌុប)​ដែលមាន​លក្ខណៈ​ស្ទើររាង​ស្ទើររលុង ហើយដាក់​ពីក្នុង សំពត់​ទើបមើលទៅ​ថ្លៃថ្នូរ​សមនឹងមុខ​នាទីរបស់​លោកស្រី​អ្នកនាង។

2. សម្រាប់​អ្នកបម្រើ​ការងារ​ក្រុមហ៊ុន លោកអ្នក​ប្រាកដជា​មិនមាន​ការលំបាក​ក្នុងការ​ជ្រើសរើស​សម្លៀក​បំពាក់ទេ ព្រោះ​ជាទូទៅ​ក្រុមហ៊ុន​តម្រូវឱ្យ​មាន​ឯកសណ្ឋាន ដើម្បី​ងាយស្រួល​ដល់ការ​បំពេញការងារ។ ឯកសណ្ឋាន​សម្រាប់​ស្ដ្រីអាច​ជាសំពត់ខ្លី ឬខោ ជាមួយអាវ​ធំសម្រាប់ស្ដ្រី​ដោយមាន​ពណ៌ទៅ​តាមការ​រៀបចំ​របស់​ក្រុមហ៊ុន។ ចំណែក​បុរស​ក៏ដូចគ្នាដែរ​មិនមាន​អ្វីគួរឱ្យ​បារម្ភ ទេ។

របៀប​ជ្រើសរើស​សម្លៀកបំពាក់​ការិយាល័យ

ស្ថាប័នមួយ​ចំនួន​មិនទាមទារ​ឱ្យមានការ​ស្លៀកពាក់​ទៅតាម​ឯកសណ្ឋាន​អ្វីទេ ឱ្យតែមាន​លក្ខណៈ​សមរម្យ​ជាអ្នក​បំពេញការ ងារ​ទៅបាន​ហើយ តែក៏មិន​ត្រូវឡូយឆាយ​ហួសហេតុ​ពេកទេ។ ចំពោះស្ដ្រី​ការ​ស្លៀកពាក់​ដោយសេរី​បែបនេះ​អាចមាន​ការលំបាក​ទៅ វិញទេ ព្រោះមិន​អាចកំណត់​ថាបែប​ណាល្អ។ លោកស្រី​អ្នកនាង​កញ្ញា​គួរជ្រើសរើស​សម្លៀក​បំពាក់ឱ្យ​បានសក្ដិសម​នឹងដងខ្លួន និងពណ៌ សម្បុរ​ស្បែក​របស់​លោកស្រីអ្នក​នាងកញ្ញា​ផងដែរ។

  • បើលោកស្រី​អ្នកនាងកញ្ញា​មានកម្ពស់​មិនខ្ពស់ គួរជ្រើសរើស​អាវធំដែល​ពុំមានក្បាច់​ក្បូរអ្វីច្រើន​ហើយមាន​ឡេវ​ត្រឹមតែ១ ឬ​២ប៉ុណ្ណោះ វាសក្ដិសម​ណាស់ទៅ​ហើយ។
  • បើលោកស្រី​អ្នកនាងកញ្ញា​មានក្បាលពោះ គួររកអាវ​ណាដែល​មានរាង​ធម្មតាៗ​កជ្រៅ​ហើយដៃវែង​បន្ដិច​ដើម្បីកុំឱ្យ​ឃើញ​ក្បាលពោះ​ធំពេក។ អាវមិនត្រូវ​មានក្បូរក្បាច់​អ្វីនៅត្រង់ពោះ​ដែលទាក់ទាញ​ភ្នែកនោះទេ ព្រោះវា​ធ្វើឱ្យ​ក្បាលពោះ​រឹតតែលេច ច្បាស់។
  • បើលោកស្រី​អ្នកនាង​កញ្ញា​មានរាង​ខ្ពស់វិញនោះ​ត្រូវរក​អាវណា​ដែលមាន​សាច់​ក្រណាត់​រឹតបន្ដិច​ដើម្បីពាក់​ទៅឱ្យមាន រាងចង្កេះ និង​ក្បូរក្បាច់​ដើម្បីជួយ​ដល់រាងកាយ​ស់​លោកស្រី​អ្នកនាង​កញ្ញាផង។ ក្នុងករណី​ដែល​លោកស្រី​អ្នកនាងកញ្ញា​មានស្មាតូច អាចទ្រាប់​អេប៉ុងស្មា​បន្ថែម​ដើម្បីឱ្យ​មើលទៅ​សក្ដិសមនឹង​ដងខ្លួន។
  • បើលោកស្រី​អ្នកនាងកញ្ញា​មានរូបរាង​ទាប គួរជ្រើសរើស​អាវជេក​គេត​ណា​ដែលមាន​កជ្រៅ​ហើយ​មានរន្ធ​ឡេវរាង​វែង តូចតែ​គ្មាន​ហោប៉ៅ​លើទេ ដើម្បីឱ្យ​ដើមទ្រូង​មានរាង​សមសួនគួរ​ឱ្យចង់​គយគន់។ ការិយាល័យ​ធ្វើការ​មួយចំនួន​តម្រូវឱ្យ​មានសម្លៀក​បំ ពាក់​បែបស៊ិចស៊ី​បន្ដិច ដូចជា​កន្លែង​បង្ហាញម៉ូត កន្លែង​កម្សាន្ដនា​ពេលរាត្រី​ជាដើម។

សម្រាប់​បុរស រឿង​សម្លៀក​បំពាក់់​បំពេញ​ការងារ​គ្មានបញ្ហា​ចោទទេ​ព្រោះ​មិនមាន​លក្ខណៈ​សាំញ៉ាំ​ច្រើនដូច​ស្ដ្រីឡើយ។ ទោះបីយ៉ាង​ណាក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ មិន​ត្រូវខ្ជីខ្ជាទេ។ គ្រប់​សម្លៀក​បំពាក់​សម្រាប់​ការងារ​ចាំបាច់​ត្រូវបោកអ៊ុត​ឱ្យបាន​ស្អាតល្អ ជាប្រចាំ មិន​ត្រូវប្រើ​ឡូកឡំ​ជាមួយ​សម្លៀក​បំពាក់​ដ៏ទៃទៀតទេ។

ដំបូន្មាន​អ្នកជំនាញ

ទោះជាស្ថិត​ក្នុងលំដាប់​ការងារ​ប្រភេទណា​ក៏ដោយ ការ​ជ្រើស​រើស​សម្លៀក​បំពាក់​ឱ្យបាន​សមរម្យ​អាចលើក​តម្កើងត​ម្លៃសោភ័ណភាព និង​កិត្ដិយស​របស់​លោកអ្នក​បាន។ សម្លៀក​បំពាក់​អាចបញ្ជាក់​ឋានៈតួនាទី និង​ភាពថ្លៃថ្នូ​របស់​លោកអ្នក​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative