កសាង​កម្លាំងចិត្ដ​ជាកំពូល​តម្រូវការ​របស់មនុស្ស

លោកអ្នកតែងប្រាថ្នាចង់បាននូវសេចក្ដីសុខស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ពុំមាននរណាម្នាក់ចង់ឱ្យអ្នកដទៃស្ដីបន្ទោស មើលងាយលើខ្លួន និង​​រឹត​តែ​មិន​​ចង់​ឱ្យ​ខ្លួន​ឯង​​រស់​នៅតែឯងឯកកោនោះដែរ។ បញ្ហាដែលកើតឡើងមួយចំនួនអាចធ្វើឱ្យលោកអ្នក មានការអាក់អន់ស្រពន់ចិត្ដ តូចចិត្ដ អស់សង្ឃឹម​បាត់បង់​​កម្លាំង​ចិត្ដអាច​ធ្វើឱ្យប៉ះ​ពាល់ដល់​ជីវិតរស់​នៅ​​ប្រចាំថ្ងៃ។ ការកសាង​​កម្លាំង ចិត្ដ​​មកវិញដើម្បីសេចក្ដីសុខ សុភមង្គល​​​ក្នុងជីវិត​​​គ្រួសារ​​និងសង្គមជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប។ កសាងកម្លាំងចិត្ដជាកត្ដាចម្បង ដែលមនុស្សទាមទារចង់បាន។ តើមកពីមូលហេតុអ្វី? ត្រូវធ្វើយ៉ាងណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

ចម្ងល់នេះ​នឹងបក​ស្រាយបំភ្លឺ​ដោយ​លោក​សាស្ដ្រាចារ្យ ផាន់ ចាន់ពៅ​អនុប្រធាន​សមាគម​ចិត្ដវិទ្យា​កម្ពុជា​តាមរយៈ​ទស្សនា វដ្ដី សុខភាពយើង។

ការកសាង​កម្លាំងចិត្ដ ជាអ្វី?

ការកសាង​កម្លាំងចិត្ដ​គឺជាការ​ធ្វើឱ្យមាន​ជំនឿលើ​ខ្លួនឯង ដើម្បី​ឱ្យក្លាយ​ជាម្ចាស់​លើខ្លួនឯង អាចសម្រេច​ចិត្ដ​និង​គ្រប់គ្រង ខ្លួនឯង​បាន។ បើតាម​ទស្សនៈ និង​ការស្រាវ​ជ្រាវ​របស់​លោកម៉ាស្លូ តម្រូវការ​របស់មនុស្ស​ជាចាំបាច់​បំផុតមាន​៥យ៉ាង។

1. ផ្នែក​សរីរាង្គកាយ ៖ ការហូបចុក ស្លៀកពាក់ សុខភាព​និង​រស់នៅ​នេះជា​កត្ដាគ្រឹះ​ដំបូងបំផុត​ដែល​មនុស្ស​ត្រូវការមុន នឹង​ស្វែងរក​អ្វីជា​បន្ដទៀត។

2. ផ្នែក​សុវត្ថិភាព ៖ មនុស្ស​ចង់រស់នៅ​ពោរពេញ​ដោយ​សុវត្ថិភាព មានសន្ដិសុខ​ផ្ទាល់ខ្លួន​និង​មានសេរីភាព​គ្រប់បែប យ៉ាង។

3. ការទទួល​ស្គាល់​ពីសង្គម ៖ ចង់មាន​ទំនាក់ទំនង​រវាង​សមាជិក​ក្នុងសង្គម ចង់ទទួល​បានការ​សិក្សាអប់រំ​រៀនសូត្រ ដើម្បី ក្លាយខ្លួន​ជាសមាជិកម្នាក់ និង​មានតួនាទី​ក្នុងសង្គម​ដែលគេ​រស់នៅ។

4. កិត្ដិយស​ផ្ទាល់ខ្លួន ៖ ការផ្ដល់​នូវកិត្ដិយស​ដ៏សក្ដិសម​មួយពី​អ្នកដទៃ ចង់រស់នៅ​ដោយ​មានតម្លៃ សេចក្ដី​ថ្លៃថ្នូរ​អ្នកផង ទាំងពួង​គោរព​រាប់អាន។

5. កម្លាំងចិត្ដ ៖ ជាតម្រូវការ​ចុងក្រោយ ហើយ​ដែលមនុស្ស​ទាមទារ​ចង់បាន​ភាព​ស្កប់ស្កល់​ហើយ​ពិបាក​នឹងទទួល​បានជោគ ជ័យ។ នេះជា​ចំណុច​កំពូល និង​ជាចំណុច​ដែលលំបាក​បំផុត​សម្រាប់​មនុស្ស។

ហេតុអ្វី​ត្រូវកសាង​កម្លាំងចិត្ដ?

មិនមាន​មូលហេតុ និង​ល័ក្ខខ័ណ្ឌ​ពិសេស​ណាមួយ​ដែល​តម្រូវឱ្យ​លោកអ្នក​ធ្វើការ​កសាង​កម្លាំង​ចិត្ដ​នោះទេ។ ជាទូទៅការ កសាង​កម្លាំងចិត្ដ​នេះអាច​ធ្វើបាន​ចំពោះ​មនុស្ស​គ្រប់វ័យ គ្រប់រូបភាព ដើម្បី​ឱ្យមានភាព​ជឿជាក់​លើខ្លួនឯង។ ថ្វីត្បិត​តែការ​កសាង កម្លាំងចិត្ដ​មិនទាមទារ​មូលហេតុ ប៉ុន្ដែវា​មានមូលហេតុ​ធ្វើឱ្យ​បាត់បង់​កម្លាំងចិត្ដ។ មូលហេតុ​ដែលធ្វើ​ឱ្យបាត់បង់​កម្លាំងចិត្ដ​មានដូច តទៅ

  • ភាព​ព្រងើយ​កន្ដើយ​របស់មនុស្ស​ដែលនៅ​ជុំវិញខ្លួន ហើយមិន​បានលើក​ពីចំណុច​ល្អៗរបស់​ខ្លួនដែល​បានធ្វើ
  • ការមិន​យកចិត្ដ​ទុកដាក់ ផ្ដាច់​ទំនាក់ទំនង សម្ព័ន្ធភាព និង​គ្មានការ​ប្រាស្រ័យ​ទាក់ទង​ធ្វើឱ្យក្លាយ​ជាជន​ឯកោ
  • ការប្រមាថ ជាន់ឈ្លី​កិត្ដិយស និង​មិនលើក​តម្លៃភាព​ជាមនុស្ស​ធ្វើឱ្យ​មនុស្ស​អស់សង្ឃឹម​គិតថាខ្លួន​គ្មានតម្លៃ​គ្មានសារៈ​ប្រ យោជន៍​សម្រាប់​សង្គម និង​សម្រាប់​ខ្លួនឯង។
  • ការស្ដី​បន្ទោស​ចំពោះ​កំហុសឆ្គង​បន្ដិចបន្ដួច​ជាមូលហេតុ​ធ្វើឱ្យ​មនុស្ស​បាត់បង់​កម្លាំងចិត្ដ។

ផលប៉ះពាល់​នៃការ​បាត់បង់​កម្លាំងចិត្ដ

បាត់បង់ក​ម្លាំងចិត្ដ​នឹងធ្វើ​ឱ្យលោកអ្នក​ឈានដល់​ការអស់​សង្ឃឹម រហូតដល់​ធ្លាក់ទឹកចិត្ដ។ ទាំងនេះ​សុទ្ធតែ​ជារោគ​សញ្ញានៃ ជម្ងឺ​ផ្លូវចិត្ដ និង​ជម្ងឺធ្លាក់​ទឹកចិត្ដ ធ្វើឱ្យ​លោកអ្នក​វិលវល់​ស្មុគស្មាញ​ពេលខ្លះ​រហូតដល់​អាចសម្លាប់​ខ្លួនឬ​ធ្វើអត្ដឃាត​ទៀតផង។ ផ្ទុយទៅ វិញ​បើសង្គម​មានតែ​មនុស្ស​បាត់បង់​កម្លាំងចិត្ដ តើសង្គម​នឹងទៅ​ជាយ៉ាងណា?​ការបាត់​បង់​កម្លាំងចិត្ដ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ការ អភិវឌ្ឍន៍​សង្គម ព្រោះ​មនុស្សគ្មាន​ភាពជឿជាក់​លើខ្លួនឯង​មិនអាច​ប្រឈមមុខ​នឹង​ការខ្វះឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហារស់​នៅក្នុង សង្គម។

របៀប​កសាង​កម្លាំងចិត្ដ

កសាង​កម្លាំងចិត្ដ គឺធ្វើ​យ៉ាងណា​ដើម្បីឱ្យ​មានភាព​ជឿជាក់​លើខ្លួនឯង អាចសម្រេច​ចិត្ដធ្វើអ្វី​មួយដោយ​ខ្លួនឯង​និង​ចេះអារ កាត់ ដោះស្រាយ​បញ្ហាអ្វីមួយ​ដោយខ្លួនឯង​ផ្ទាល់​ដោយមិន​ពឹងផ្អែក​ទៅលើអ្នក​ដទៃជា​ជំនួយ។ ដើម្បី​ធ្វើការកសាង​កម្លាំងចិត្ដ​ឱ្យមាន ភាព​ជោគជ័យ​គឺអាស្រ័យ​ទៅលើ​កត្ដាច្រើន​យ៉ាងដូច​ខាងក្រោម។

  • ជាជំហាន​ដំបូង​ត្រូវជួយ​ខ្លួនឯង​ដោយ​ព្យាយាមតស៊ូ អត់ធ្មត់​ចំពោះ​អ្វីដែល​ខ្លួនបានធ្វើ និង​បម្រុងធ្វើ។ ការធ្វើ​ចិត្ដឱ្យស្ងប់ ស្គាល់​ខ្លួនឯង ទើបឈាន​បានទៅដល់​ភាពជឿជាក់ មាន​កម្លាំងចិត្ដ​ដើម្បី​សម្រេច​ជោគជ័យ​លើភារកិច្ច។
  • ទោះបី​លោកអ្នក​ជាបុគ្គល​សំខាន់ តែក៏នៅ​តែត្រូវការ​ជំនួយ​ពីអ្នក​ដទៃដែរ។ លោកអ្នក​ត្រូវទទួល​យកនូវ​ដំបូន្មាន​ល្អៗពី អ្នកដទៃ ដើម្បី​កែសម្រួល​នូវអ្វី​ជាកំហុស​ដែលអាច​បង្កឈាន​ទៅរកការ​បាត់បង់​កម្លាំងចិត្ដ។
  • ត្រូវមានការ​លើកទឹកចិត្ដ កោតសរសើរ​ចំពោះអ្វី​ដែល​លោកអ្នក​បានធ្វើ​ទោះជា​លទ្ធផល​នោះមាន​ជោគជ័យ​កម្រិតណា ក៏ដោយ ព្រោះ​អាចជំរុញ​ឱ្យមាន​កម្លាំងចិត្ដ​កាន់តែខ្លាំង និង​មានឆន្ទៈ​មោះមុត​ក្នុងចិត្ដ​ដើម្បី​សម្រេច​ការងារ​និង​សកម្មភាព​ផ្សេងៗ ទៀតជាច្រើន។

ប្រការគួរ​ប្រតិបត្ដិ​ដើម្បីកុំឱ្យ​បាត់បង់​កម្លាំងចិត្ដ

កត្ដាសំខាន់​ដែល​លោកអ្នក​គួរប្រតិបត្ដិ ទាំងមិត្ដ្ដភ័ក្ដិ ក្រុមគ្រួសារ និង​សមាជិក​ក្នុងសង្គម​គួរចាប់​ផ្ដើមពី​ការ​យកចិត្ដ​ទុក ដាក់​លើកទឹកចិត្ដ បង្កើន​ទំនាក់ទំនង​ភាពស្និទ្ធស្នាល និង​ជំរុញឱ្យ​មានការខិតខំ​ប្រឹងប្រែង​ដើម្បី​ចៀសវាង​កុំឱ្យ​លោកអ្នក​ធ្លាក់ក្នុង​ភាព អស់​សង្ឃឹម។

ដំបូន្មានអ្នកប្រឹក្សា

សូមលោក​អ្នកជ្រាបថា មនុស្ស​សុទ្ធតែ​មានតម្លៃ និង​ចំណុច​ពិសេស​ដោយឡែកៗ​ពីគ្នា។ លោកអ្នក​គួរមានការ​អធ្យាស្រ័យ ការអន់អោន ចេះសរសើរ និង​លើកទឹកចិត្ដ ការឱ្យតម្លៃ យោគយល់​ឱ្យគ្នា​ទៅវិញ​ទៅមក​និង​ផ្ដល់ឱកាស​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ អភិវឌ្ឍន៍។ ការចេះ​ទទួលយក​នូវអ្វីដែលល្អ និង​ជួយកែ​សម្រួល​អប់រំ​ដោយ​សន្ដិវិធី​នូវអ្វី​ដែលជា​គុណវិបត្ដិ ជាជោគជ័យ​មួយក្នុងការ កសាង​កម្លាំងចិត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative