ខ្ជិលលុបមុខ កើតជម្ងឺ​ប្រែងចាក់ភ្នែក

លោកអ្នក​ប្រាកដជា​ជ្រាបហើយ​ថាហេតុអ្វី​យើងអាច​មើលឃើញ​ពិភពលោក​ដ៏ស្រស់​ត្រកាល​នេះបាន។ ចក្ខុវិញ្ញាណ​ជា វិញ្ញាណ​ដ៏សំខាន់​សម្រាប់​មនុស្ស វាមាន​គុណប្រយោជន៍​ជាច្រើន​សម្រាប់​ការរស់នៅ។ ចុះបើ​ភ្នែក​មានបញ្ហា ភ្នែកមាន​ជម្ងឺ​ដូចជា​ជម្ងឺ ប្រែងចាក់ភ្នែក​ជាដើម តើមាន​គុណវិបត្ដិ​យ៉ាងណា​សម្រាប់​មនុស្ស?​ប្រែងចាក់ភ្នែក​ជាដំណាក់​កាល​ធ្ងន់ធ្ងរ​នៃជម្ងឺ​ត្រាក់កូម៉ា ហើយ ដែលពុំទាន់​មានការ​ចាប់អារម្មណ៍​ជាទូទៅ​នៅឡើយទេ សម្រាប់​ប្រជាពលរដ្ឋខ្មែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិត ប៉ោក ធន​អ្នក​ឯកទេស​ជម្ងឺ​ភ្នែក​នៃមន្ទីរ​ពេទ្យភ្នែក តាកែវ ដើម្បី​ធ្វើការ​ស្រាយបំភ្លឺ​អំពីជម្ងឺ​ប្រែងចាក់ភ្នែក​ជូនមិត្ដ​អ្នកអាន​ក្នុងការ​ស្វែងយល់។

ជម្ងឺ​ប្រែងចាក់ភ្នែក ជាអ្វី?

ជម្ងឺ​ប្រែងចាក់ភ្នែក​ជាផល​វិបាក​នៃជម្ងឺ​ត្រាក់កូម៉ា​ដែលកើត​ឡើង​ដោយសារ​មាន​រោមភ្នែក​បត់ចូល​ទៅចាក់​ក្នុងកញ្ចក់​កែវភ្នែក សូម្បី​រោមភ្នែក​តែមួយ​សរសៃ​ក៏ដោយ ក៏រាប់​ថាជាជម្ងឺ​ប្រែងចាក់ភ្នែក​ដែរ។ ត្រាក់​កូម៉ាជា​ជម្ងឺ​ដែលបង្ក​ដោយ​មេរោគ​ឈ្មោះ​ថាត្រាក់ កូម៉ាទីស ដែល​ធ្វើឱ្យ​រលាកភ្នាស​ស្ដើងនៃ​ភ្នែក និង​ធ្វើឱ្យភ្នាស​នោះឡើង​ក្រាស់ បន្ទាប់មក​ក៏មានការ​រួញចូល។ បន្ទាប់ពី​ការរួញ​របស់ ភ្នាសស្ដើង ធ្វើឱ្យ​សាច់ដុំ​គល់រោមភ្នែក​ឡើង​ជាសម្លាក​និង​ទាញ​រោមភ្នែក​ឱ្យចាក់​ចូលទៅ​ក្នុងកញ្ចក់​កែវភ្នែក ហើយទើប​ឈានចូលដល់ ដំណាក់កាល​ជម្ងឺ​ប្រែងចាក់ភ្នែក។

មូលហេតុ​ជម្ងឺ​ប្រែងចាក់ភ្នែក

ប្រែងចាក់ភ្នែក​មិនមែន​ជាជម្ងឺ​ដែល​កើតឡើង​ដោយ​មេរោគទេ ប៉ុន្ដែ​ជាផលវិបាក​ដែលបង្ក​ឡើង​ដោយ​មេរោគ​នៅពេល​ដែល ស្ថិតក្នុង​ចន្លោះ​អាយុពី១០ទៅ​១៥ឆ្នាំ។ ប្រែងចាក់ភ្នែក​ជាដំណាក់កាល​នៃផលវិបាក​របស់​ជម្ងឺ​ត្រាក់កូម៉ា​ដែលជា​ជម្ងឺឆ្លង​និង​កើតឡើង ភាគច្រើន​ក្នុងតំបន់​កង្វះ​អនាម័យ តំបន់ក្ដៅ ឬ​ជនបទ​ខ្វះទឹក​សម្រាប់​លុបលាងមុខ​ពិសេសវា​ច្រើនកើត​មាននៅ​បណ្ដា​ប្រទេស​តំបន់អា ហ្វ្រិក និង​អាស៊ី។ ជារួម​វាកើតឡើង​ចំពោះ​បុគ្គល​ទាំងឡាយ​ណាដែល​ខ្វះអនាម័យ​ជាអាទិ​កូនក្មេង​នៅស្រុកស្រែ​ចម្ការ​ដែល​ចូលចិត្ដ លេងដី សម្រាម ភក់ជ្រាំ​ជាដើម។ ចំពោះ​អ្នកដែល​មិនបាន​លុបលាង​សម្អាតមុខ​មួយថ្ងៃ​ឱ្យបាន​ពីរដង​នោះទេ និង​កង្វះ​អនាម័យ ជាឱ កាសងាយ​នឹងបង្ក​ឱ្យមាន​ជាជម្ងឺ​ត្រាក់កូម៉ា​និង​ជាដំណាក់​កាល​ធ្ងន់ធ្ងរ​ដែលបង្ក​បង្កើតឱ្យ​មានជា​ជម្ងឺ​ប្រែងចាក់ភ្នែក​នេះឡើង។

រោគសញ្ញា​ជម្ងឺប្រែង​ចាក់ភ្នែក

ការកើត​ឡើង​នៃជម្ងឺ​ប្រែងចាក់ភ្នែក​បានបង្ហាញ​ជារោគ​សញ្ញា​មួយចំនួន​ដែលអាច​កត់សម្គាល់​បាន​ដូចជា​ហៀរ​ទឹកភ្នែក​ឡើង រកាំភ្នែក​ដូចជា​មានគ្រាប់​ខ្សាច់នៅ​ក្នុងភ្នែក ពិបាក​បិទភ្នែក ក្រហាយ​ភ្នែកជាដើម។ ពិសេស​ធ្វើឱ្យ​អ្នកកើតជ​ម្ងឺខ្លាចពន្លឺ​មិនអាច​បើក ភ្នែក​ធម្មតា​នៅក្រោម​ពន្លឺបាន នោះគឺ​ដោយសារ​រោមភ្នែក​ចាក់ទៅ​លើកញ្ចក់​កែវភ្នែក។ មាន​រោគសញ្ញា​មួយចំនួន​ទៀត​ដែលអាច​ជា រោគ​សញ្ញា​នៃជម្ងឺ​ប្រែងចាក់ភ្នែកដែរ ដូចជា​រលាក​កញ្ចក់ភ្នែក រលាក​ភ្នាសស្ដើង​នៃភ្នែក​មានអាចម៍​ភ្នែក​ជាប្រចាំ​ជាដើម។

វិធីព្យាបាល​ជម្ងឺប្រែងចាក់ភ្នែក

មានវិធី​ព្យាបាល​តែមួយគត់​ដែលអាច​បញ្ចៀស​ពីជម្ងឺ​ប្រែងចាក់ភ្នែក គឺការ​វះកាត់​ពត់​ត្របកភ្នែក​ដើម្បី​កុំឱ្យ​រោមភ្នែក​ចាក់ លើ​កញ្ចក់​កែវភ្នែក។ បច្ចុប្បន្ននេះ ការ​ព្យាបាល​ដោយការវះ​កាត់ស្ទើរតែ​១០០%​ដែលទទួល​ជោគជ័យ។ មិនទាន់​មានថ្នាំ​ណាដែល អាចប្រើ​ទៅធ្វើឱ្យ​រោមភ្នែក​ពត់ចេញមក​ក្រៅឈប់​ចាក់ទៅ​លើកែវភ្នែក​វិញបាន​ឡើយ។

ផលវិបាក​ជម្ងឺ​ប្រែងចាក់ភ្នែក

ជម្ងឺ​ប្រែងចាក់ភ្នែក​មានផល​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះភ្នែក ដូចជា​ធ្វើឱ្យ​មានសម្លាក​លើកញ្ចក់​ភ្នែក​ជាដើម។ នៅពេល​ប្រែង ចាក់ភ្នែក​ច្រើនទៅ ធ្វើឱ្យ​កញ្ចក់កែវ​ភ្នែកឡើងស ក្នុង​ដំណាក់កាល​នេះធ្វើឱ្យ​អ្នកជម្ងឺ​មិនអាចមើល​អ្វីឃើញ​បានទេ​ឬ​មិនអាច​បើកភ្នែក បាននៅ​ពេលមាន​កម្ដៅថ្ងៃ ឬ​ពន្លឺថ្ងៃ។

ប្រការគួរធ្វើ

  • ប្រការ​គួរចងចាំ អ្នកជម្ងឺ​មិនត្រូវ​ដករោមភ្នែក​នោះទេ ព្រោះ​ការដក​រោមភ្នែក​នោះនឹងធ្វើឱ្យ​រោមភ្នែក​ថ្មីដុះ​ហើយរោម​ភ្នែកថ្មី​នោះមាន​ប្រវែងខ្លី ហើយរឹង ដែលងាយ​នឹងធ្វើ​ឱ្យប៉ះពាល់​ដល់កញ្ចក់​កែវភ្នែក​កាន់តែខ្លាំង​ឡើង​ថែមទៀត។ ចំពោះ​អ្នកដែល​កើត ជម្ងឺ​ប្រែង​ចាក់ភ្នែកនេះ គួរតែ​មានការ​ថែរក្សា​ពិសេស​មួយសម្រាប់​ខ្លួន។
  • ក្រោយការ​ព្យាបាល​ដោយការ​វះកាត់រួច អ្នកជម្ងឺ​ត្រូវលុប​លាងមុខ​ជាពិសេស​ត្រង់ភ្នែក​ដោយ​ទឹកស្អាត​ឱ្យបានស្អាត​ដើម្បី ការពារ​កុំឱ្យកើត​មានជម្ងឺ​ប្រែងចាក់ភ្នែក​នេះជាថ្មី​ម្ដងទៀត។
  • ត្រូវការពារ និង​ថែរក្សា​ភ្នែកដោយ​ការធ្វើ​អនាម័យ​ដើម្បី​កុំឱ្យ​មានជម្ងឺ​ត្រាក់កូម៉ា​ដែលកើត​ឡើង​ដោយ​មេរោគ​ត្រាក់កូម៉ា ទីស ព្រោះវា​ជាមូលហេតុ​នាំទៅ​ដល់ការ​កើតនូវ​ជម្ងឺ​ប្រែងចាក់ភ្នែក។

វិធីបង្ការ​ជម្ងឺ​ប្រែងចាក់ភ្នែក

យើងដឹង​ហើយថា​ជម្ងឺ​ប្រែងចាក់ភ្នែក​ជាដំណាក់កាល​នៃផល​វិបាករបស់​ជម្ងឺ​ត្រាក់កូម៉ា ដូចនេះ​ការបង្ការ​គឺ​ត្រូវធ្វើ​យ៉ាងណា កុំឱ្យ​មានជម្ងឺ​ត្រាក់កូម៉ា​កើតឡើង។ ជម្ងឺ​ត្រាក់កូម៉ា​ដែលអាច​ការពារបាន គឺត្រូវ​បង្កើត​អនាម័យ​សម្រាប់ខ្លួន គ្រួសារ​និង​សហគមន៍ ដូច ជាការ​ថែទាំផ្ទះ​សម្បែង បោសសម្អាត ឬ​ចោល​សម្រាម​ឱ្យឆ្ងាយ​ពីផ្ទះ​ពិសេស​ត្រូវលុប​លាងមុខ​នឹងទឹក​ស្អាត​ឱ្យបាន​យ៉ាងហោច​ណាស់ ម្ដងក្នុង​មួយថ្ងៃ។ ព្រោះ​តាមការ​សិក្សា​នៅបរទេស​បានបង្ហាញថា​អ្នកដែល​បានលុប​លាងមុខ​មួយថ្ងៃម្ដង អាចចៀស​ផុតពី​ជម្ងឺ​ត្រាក់កូ ម៉ា បាន៩០%។

ដំបូន្មាន​អ្នកជំនាញ

សូមប្រជាពលរដ្ឋ​ទូទៅ​នាំគ្នា​ធ្វើអនាម័យខ្លួន គ្រួសារ និង​សហគមន៍ ជាពិសេស​សម្អាត​បរិវេណ​លំនៅស្ថាន។ សូម​លុបលាង សម្អាត​មុខជាប្រចាំ យ៉ាង​ហោចណាស់​មួយថ្ងៃម្ដង​ដើមី្ប​ចៀសវាង​ការកើត​ឡើងនូវ​ជម្ងឺ​ត្រាក់កូម៉ា​ដែល​ជាមូលហេតុ​ចម្បង​នៃជម្ងឺ ប្រែង​ចាក់ភ្នែក។ ចំពោះ​អ្នកដែល​មានអាការ​ឬ​រោគសញ្ញា​ណាមួយ​ដែល​សង្ស័យថា​ជារោគ​សញ្ញា​នៃជម្ងឺ​ប្រែងចាក់ភ្នែក គួររួសរាន់ទៅ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បីធ្វើការវះកាត់​ព្យាបាល​ជាបន្ទាន់​មុនមាន​ផលប៉ះ​ពាល់ដល់​កែវភ្នែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative