ឪពុកម្ដាយ​លែងលះគ្នា កូនជាជន​រងគ្រោះ

នៅក្នុង​គ្រួសារ​បរិយាកាស​អាប់អួ​នៃការលែងលះ​កំពុងតែ​គ្របដណ្ដប់​គ្រប់ទិសទី។ ការចែក​ផ្លូវគ្នា​របស់​គូស្វាមី​ភរិយា​មិនមែន​ជារឿង​ងាយស្រួល​ត្រឹមតែ​ដូចលុប​អេតាស៊ីវិល​នៅតុលាការ​ឡើយ។ ការ​​​លែង​​​លះ​បន្សល់​ទុកនូវការ​ឈឺចាប់​ដល់ភាគី​ទាំងសងខាង បើពួកគេ​គ្មានកូន​នោះមិន​អីទេ។ ផ្ទុយទៅវិញ​បើមានកូន បញ្ហា​កាន់តែ​ស្មុគស្មាញ​កូននឹង​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ការលែងលះ។ ពេលនោះ​បញ្ហានឹងកើត​ឡើងចំ​ពោះអ្នក​ទាំងពីរ​គឺការចិញ្ចឹម​បីបាច់​ថែរក្សាកូន​ក្រោយ​ពេល​លែងលះគ្នា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាជំនួយ​ដល់ភាគី​ទាំងសងខាង ទស្សនាវដ្ដី សុខភាពយើង នឹង​លើកមក​ជម្រាប​ជូនលោកអ្នក​ក្នុងការថែរក្សា​បីបាច់កូន ក្រោយពេល​ដែលគូជីវិត​បែកបាក់​ឬ​លែងលះគ្នា។

ការលែងលះ​របស់​ឪពុកម្ដាយ

ការលែងលះគ្នា​គឺជា​ដំណោះស្រាយ​ដ៏ល្អបំផុត​ចំពោះអ្នក​ដែលយល់​ឃើញថា​ការប្រើ​ជីវិតរួមគ្នា​ប្រែក្លាយ​ទៅជា​នរកអវចី។ ទោះបីជា​ការចែកផ្លូវ​របស់​ឪពុកម្ដាយ​តាមសម្រួល ឬ​ពោរពេញ​ទៅដោយ​ព្យុះភ្លៀង​ក៏ដោយ​ក៏កូនៗ​មិនអាច​រក្សាបាន​ទាំងឪពុកទាំង ម្ដាយ​ឱ្យរស់នៅ​ជាមួយគ្នាត​ទៅទៀត​បានដែរ។ កូនៗ​ត្រូវជ្រើសរើស​ទៅតាមឪពុក​ឬ​តាមម្ដាយ​នៅពេល​ដែលគេ​មានសិទ្ធិ​ជ្រើសរើស។ ការស្ទាក់ស្ទើរ និង​ការឈឺចាប់​នៅពេលត្រូវ​បែកចេញ​ពីឪពុក ឬ​ពីម្ដាយ​គឺជា​រូបារម្មណ៍​មិនអាច​រលុបបាត់​នៅក្នុង​ដួងចិត្ដ​កុមារ។ កូនៗ នឹងមាន​អារម្មណ៍ថា​កុមារភាព​របស់ពួក​គេត្រូវ​បានបំផ្លាញ ឬ​បោះបង់​ចោល​ទោះបីជា​គេឧស្សាហ៍​ជួបឪពុក ឬ​ម្ដាយ​ក៏ដោយ។ ព្រោះ ពួកគេ​ត្រូវបាត់​ទាំងស្រុង​នូវការ​ស្រឡាញ់​ថ្នាក់ថ្នម​និង​ការទទួល​ខុសត្រូវ​របស់​ឪពុកម្ដាយ​ចំពោះ​ពួកគេ។

នៅពេលពួក​គេពេញវ័យ កូនៗដែល​ជាជនរងគ្រោះ​ក្នុងគ្រួសារ​បែកបាក់ កម្រអាច​មានជីវភាព​ឬ​ស្មារតី​ធម្មតាដូច​គេឯង ណាស់។ កុមារភាព​ឯកោជា​ប្រភពនៃ​បញ្ហា។ កុមារ៥០%​ច្រើនស្រងូត​ស្រងាត់ ខ្វល់ខ្វាយ ស្ទាក់ស្ទើរ​ក្នុងចិត្ដ​ញ៉ាំញី​នឹងខ្លួនឯង ហើយ ឆាប់ខឹង​ទៀតផង។ ស្រមោល​នៃអាពាហ៍ពិពាហ៍​មិនជោគជ័យ​របស់ឪពុកម្ដាយ​ធ្វើឱ្យយុវវ័យ​លែងមាន​ជំនឿ​លើអាពាហ៍ពិពាហ៍ ឬ​សេច ក្ដីស្នេហា​លើមនុស្ស​ភេទផ្ទុយគ្នា។ ផ្ដើមចេញ​ពីចំណុចនេះ គេអាចលែង​មានអារម្មណ៍​ឬ​ភាពនឹងន​ក្នុងចិត្ដ​ដើម្បីកសាង​សុភមង្គល សម្រាប់ខ្លួនគេ។ ការមិនរវីរវល់​នឹងសុភមង្គល​ផ្ទាល់ខ្លួន​នឹងអាច​ឈានទៅ​រកការប្រែប្រួល​ផ្នែកចិត្ដសាស្ដ្រ​យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះមិនយូរ មិនឆាប់ គេនឹងអាច​ដើរតាម​គន្លង​របស់​ឪពុកម្ដាយគេ​ស្មារតី​ទ្រុឌទ្រោម និង​ផ្លូវចិត្ដប្រែប្រួល។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីទប់ទល់​បញ្ហារបស់​កូនក្រោយ​ពេលលែងលះ

កូន គឺជាផ្លែផ្កា​នៃអាពាហ៍ពិពាហ៍ ព្រោះកូន​ភាគច្រើន​កើតមកពី​សេចក្ដី​ស្រឡាញ់​របស់​ឪពុកម្ដាយ។ ប៉ុន្ដែក៏​មានកូនមួយ ចំនួន​មិនមែន​កើតមកពី​សេចក្ដីប្រាថ្នាដែរ ដូចជាការ​ចាប់រំលោភ ឬ​ជ្រុលជ្រួស​មួយពេល​ហើយក៏មាន​ផ្ទៃពោះ​ជាដើម។ ការបង្ខំចិត្ដ ទទួលយក​នូវអ្វី​ដែលមិនប៉ង​កម្រមាន​អាយុវែង​ណាស់។ ផ្ទុយទៅវិញ បើកូន​ជាវត្ថុបំណង​របស់ឪពុក​ឬ​ម្ដាយនោះ បន្ដិចម្ដងៗ​គេអាច ផ្សារភ្ជាប់​ជីវិតអាពាហ៍ពិពាហ៍​របស់​ឪពុកម្ដាយ​គេវិញ។ បើមិន​អាចជួប​ជុំគ្នាវិញទេ​លោកអ្នក​ចាំបាច់ត្រូវ​ទទួលយក​ការពិត ពង្រឹងចិត្ដ​ព្យាយាម​តស៊ូជំនះ​រាល់ឧបសគ្គ​ទាំងឡាយ​ដែលកើត​មានលើ​វិថីជីវិត​ជាបុរស​ពោះម៉ាយ​ឬ​ស្ដ្រីមេ​ម៉ាយនោះ។ មានប្រការ​មួយចំនួន ដែល​ឪពុកម្ដាយ​ទាំងឡាយ​គួរតែអនុវត្ដ​ឱ្យបាននៅ​ពេលដែល​ខ្លួនលែងលះប្ដី​ឬ​ប្រពន្ធ ដើម្បី​ចៀសវាង​បញ្ហាដែល​កើតមាន​ចំពោះកូន។

1. រម្ងាប់ចិត្ដ ត្រូវព្យាយាម​កុំរំលឹករឿង​ដែលឈឺចាប់​ពីមុនមក​ទៀត​ព្រោះវា​មិនខុស​ពីយកឈើ​ទៅចាក់​លើស្នាមដំបៅ ចាស់នោះទេ និង​ធ្វើឱ្យ​លោកអ្នក​តែងតែ​គិតដល់​រឿងអតីតកាល​មិនចប់​មិនហើយ។ មានអ្នកខ្លះ​គិតដល់​រហូតចាប់​នេះចាប់នោះ​ធ្វើមិន ត្រូវ មិនចេញពីផ្ទះ​នៅតែម្នាក់​ឯងរហូត​បោះបង់ចោល​គ្រប់យ៉ាងទាំង​ក្រុមគ្រួសារ​និង​ការងារ​ដែលធ្វើ​ឱ្យជីវិតរិត​តែសោក​សៅទ្វេឡើង កូនពុំ​បានទទួល​ការបីបាច់​ថែទាំបានល្អ ធ្វើឱ្យបញ្ហាកាន់​តែធ្ងន់ធ្ងរ​ថែមទៀត។ មធ្យោបាយ​ល្អបំផុត​លោកអ្នក​គួរគិតពី​រឿងអនាគតខ្លួន ឯង និងកូន​ជាពិសេស​អនាគត​កូនថា​តើត្រូវ​បណ្ដុះបណ្ដាល​អប់រំកូន​បែបណា​ឱ្យដើរ​ក្នុងផ្លូវ​ត្រូវនៅពេល​ដែលគេ​ធំឡើង ពោលគឺលោក អ្នកត្រូវយក​កូនជាទិសដៅ​សំខាន់​សម្រាប់ជីវិត។

2. កុំធ្វើឱ្យនឹក​ឃើញរឿងចាស់ បំភ្លេច​ចោលឱ្យ​អស់នូវ​ទីកន្លែង​ឬ​វត្ថុអ្វី​ដែលនាំឱ្យ​លោកអ្នក​នឹកឃើញ​រឿងពីមុន។ ទោះ បីពេលខ្លះ​មិនអាច​គេចផុត​ក៏ដោយ ក៏លោកអ្នក​ចាប់ព្យាយាម​ដើរឱ្យផុត​ពីផ្លូវដ៏​ឈឺចាប់នេះ។ លោកអ្នក​ត្រូវនៅ​ឱ្យស្ងៀម នៅពេល ដែលកូន​និយាយពី​រឿងចែក​ផ្លូវគ្នានោះ​ព្រោះជួនកាល​វាធ្វើឱ្យ​លោកអ្នក​អាចអត់ទ្រាំ​មិននិយាយ​អាក្រក់​ពីគេមិនបាន ហេតុនេះ​វាធ្វើឱ្យ ប៉ះពាល់​ដល់អារម្មណ៍​របស់កូន។

3. កុំធ្វើការ​សងសឹក ព្រោះតែស្អប់​ភាគីម្ខាង​ទៀត​លោកអ្នក​មួយចំនួន​អាចជ្រើស​យកកូនធ្វើ​ជាចំណុច​នៃការ​សងសឹក មានគំនិត​ស្អប់កូន​ជាជាងផ្ដល់​ភាពកក់ក្ដៅ​ដល់កូន។ លោកអ្នក​មិនត្រូវស្អប់​កូនរករឿង​ធ្វើបាបកូន​ដើម្បី​ធ្វើបាបចិត្ដ​អ្នកដែល​បោះបង់ ចោលនោះទេ។ តាមពិតទៅ អ្នកនោះ​គេមិនមាន​ការឈឺ​ចាប់អ្វីទេ​ប៉ុន្ដែកូន​ដែលជា​ឈាមជ័រ​របស់​លោកអ្នក​ទេតើ​ដែលត្រូវ​ទទួលរង ការឈឺ​ចាប់តាមរយៈ​ការដាក់​ទោសដោយ​គ្មានហេតុផល។ ប្រការ​សំខាន់​លោកអ្នក​គួរតែផ្ដល់​ការស្រឡាញ់​ឱ្យដល់កូន​បានច្រើនជាង ឪពុកម្ដាយ​ទូទៅ​ព្រោះកូន​របស់​លោកអ្នក​គ្មាននរណា​ជាទីពឹង​ក្រៅពី​លោកអ្នក​ទៀតទេ។

4. រ៉ាប់រង​ភារកិច្ចទ្វេដង លោកអ្នក​ត្រូវទទួលស្គាល់​ការពិតថា​នៅពេលដែល​មានការ​លែងលះ​កើតឡើង​មានន័យថា​នឹង មានការ​ចែកផ្លូវគ្នា​កើតឡើង ហើយកូន​នឹងត្រូវទៅ​រស់នៅ​ជាមួយ​នរណាម្នាក់​ក្នុងចំណោម​អ្នកទាំងពីរ។ មិនថា​កូនទៅ​នៅជាមួយ​ឪពុក ឬ​ម្ដាយទេ ម្នាក់ៗត្រូវ​ខិតខំ​ធ្វើខ្លួន​ជាម្ដាយផង​ជាឪពុកផង រួមគ្នា​ដើម្បីឱ្យកូន​មានអារម្មណ៍​កក់ក្ដៅ​ឬ​អារម្មណ៍​មិនខ្វះ​ឪពុកម្ដាយ។ ជាពិ សេសជាង​នេះទៅទៀត បើកូន​ស្រីត្រូវទៅ​រស់នៅ​ជាមួយ​ឪពុពេល​នោះឪពុក​ត្រូវធ្វើខ្លួន​ជាម្ដាយ ដើម្បីកុំឱ្យ​កូនស្រី​មានអារម្មណ៍​ខ្វះអ្វី ម្យ៉ាង។ ឪពុក​ត្រូវស្វែង​យល់ពី​សរីរៈផ្សេងៗ​របស់​មនុស្សស្រី​យ៉ាងហោច​ណាស់​ក៏ត្រូវឱ្យ​យល់ដឹងខ្លះ​នៅពេល​ដែលកូន​សួរអាចឆ្លើយ បានដោយ​ពុំចាំបាច់​អៀនប្រៀន។

ជាការពិត​ណាស់ ជួនកាល​ការលែងលះ​រវាងប្ដីប្រពន្ធ​អាចជា​វិធីតែ​មួយគត់​ដែលធ្វើឱ្យអ្វីៗ​ប្រសើរ​ឡើង​ក្នុងខណៈដែលអ្នក ទាំងពីរ​យល់ថា​មិនអាចបន្ដ​ជីវិតគូស្រករ​ជាមួយគ្នា​តទៅទៀត។ ចំណែក​កូនក៏ដូច​គ្នាដែរ​បើគេរស់​នៅជាមួយ​ឪពុកម្ដាយ​ពោរពេញទៅ ដោយការ​គ្រោតគ្រាតនោះ ក៏គ្មាន​សុភមង្គល​ដូចជាជីវិត​ដែលគ្មាន​ឪពុកឬ​ក៏គ្មាន​ម្ដាយដែរ។

បណ្ដាំផ្ញើ

វាជារឿង​ពិបាកណាស់​ក្នុងការ​ដែលចង់​បំភ្លេចរឿង​អ្វីមួយ​ដែលនៅដិត​ដាមជាមួយ​យើងជា​យូរមក​ហើយនោះ​មិនខុសនឹង ពាក្យ​ដែលពោល​ថាខំបំភ្លេច​រិតតែនឹក​នោះទេ។ ទោះបី​ជាយ៉ាង​ណាគ្រប់​យ៉ាង​វាអាស្រ័យ​ទៅលើ​ការតាំងចិត្ដ​របស់​លោកអ្នក​ដើម្បីផ្សាំ ជីវិត​ដែលរស់​នៅគ្មាន​គេម្នាក់នោះ។ ការតាំងចិត្ដ​របស់​លោកអ្នក​នឹងនាំភាព​ជោគជ័យ​ដល់កូន​របស់លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative