សម្រាម​បង្កជម្ងឺ

សម្រាម ជាវត្ថុ​ដែលគេ​បោះបង់ចោល​លែងត្រូវការ។ សម្រាមអាច​ជាទីជម្រក​នៃមេរោគ​គ្រប់ប្រភេទ ជាអាទិវា​ស្ថិតនៅ កន្លែង​ដែលកខ្វក់។ សម្រាម​បង្កនូវ​គ្រោះថ្នាក់យ៉ាងខ្លាំង​ចំពោះសុខភាព​មនុស្សតាម​រយៈការប៉ះពាល់​វាដោយផ្ទាល់ ឬ​តាមរយៈ​ការសា យភាយ​នៃក្លិន​សម្រាមដែល​ស្អុយរលួយ។ តើសម្រាម​ប៉ះពាល់​សុខភាព​មនុស្ស​ដូចម្ដេចខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពីលេខមុនៗ ប្រិយមិត្ដ​អ្នកអានធ្លាប់​បានជ្រាបខ្លះ​មកហើយ​អំពីជម្ងឺ​មួយចំនួន​ដែលបង្ក​ឡើងដោយ​សម្រាម និង​វិធីទុក ដាក់សំណល់​នានា។ ដើម្បី​ឱ្យជ្រាបកាន់​តែច្បាស់​អំពីផលវិបាក​ដែលបង្កឡើង​ពីសម្រាម​ចំពោះសុខភាព ទស្សនាវដ្ដី សុខភាពយើង បាន លើកយក​ប្រធានបទ​សម្រាម​បង្កជម្ងឺ មកបក​ស្រាយបន្ថែម​នៅក្នុងទំព័រ​លំនៅដ្ឋាន និង​បរិស្ថាននេះ​ជាបន្ដទៀត​តាមរយៈ​កិច្ចសម្ភាសជា មួយ​លោកវេជ្ជបណ្ឌិត ឈូវ គង់ផល្លី ប្រធាន​កម្មវិធី​សុខុមាលភាព​ទីក្រុងភ្នំពេញ​នៃមន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ។

ប្រភេទ​សម្រាម ឬកាកសំណល់

សម្រាម​ជាប្រភេទកាក​សំណល់​ដែលយើង​បានបញ្ចេញ​ពីលំនៅដ្ឋាន មន្ទីរពេទ្យ អគារសាធារណៈ រោងចក្រ ទីផ្សារ អគារ ពាណិជ្ជកម្ម ភោជនីយដ្ឋាន ឬ​ពីទីកន្លែង​កម្សាន្ដនានា។ ប្រភេទ​កាកសំណល់​ទាំងនេះ​ត្រូវបាន​គេប្រមូល​ទុកយ៉ាង​ដិតដល់។ បើតាម បច្ចេកទេស​នៃការសិក្សា សម្រាមត្រូវ​បានបែងចែក​ជាបីប្រភេទ។

1. កាកសំណល់រឹង ៖ គឺសំដៅ​ដល់សំណល់រឹង​ដែល​ជាផលិតផល ឬ​ជាកម្ទេចកម្ទីរ​ដែលត្រូវ​បានគេ​បោះបង់ចោល ដូចជា សម្បកដប កែវ លោហៈធាតុ កំប៉ុង​ជាដើម។

2. កាកសំណល់រាវ វត្ថុរាវដែល​ជាផលិតផល និង​ជាសារធាតុ​រួមផ្សំ​នឹងសារធាតុរឹងខ្លះ​ដែលត្រូវ​គេបង្ហូរចោល​ជាប្រចាំ ទៅតាមបណ្ដាញ​ប្រព័ន្ធលូ​ផ្សេងៗ។

3. កាកសំណល់ ដែលបង្កគ្រោះថ្នាក់ ៖ សំដៅដល់​សារធាតុ​វិទ្យុសកម្ម សារធាតុគីមី សារធាតុផ្ទុះ សារធាតុពុល សារ ធាតុឆេះ​ជាដើម។ សំណល់​ទាំងនេះ​ភាគច្រើន​មានប្រភព​ពីរោងចក្រ​ឬ​សហគ្រាស។

ផលវិបាក​របស់សម្រាម​ចំពោះសុខភាព

សម្រាម​អាចផ្ដល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព។

  • សារធាតុពុលនៅក្នុងសម្រាម ៖ សារធាតុ​ប្រភេទនេះ​ប៉ះពាល់​ដល់ស្បែក ធ្វើឱ្យមនុស្ស​កើតមាន​ជម្ងឺសើស្បែក ជម្ងឺភ្នែក ជម្ងឺ​រលាកផ្លូវ​រំលាយអាហារ ជម្ងឺ​ផ្លូវដង្ហើម ជម្ងឺ​រលាកសួត​ជាដើម និង​ជួនកាល​អាចប៉ះពាល់​ដល់ប្រព័ន្ធ​សរសៃ​ប្រសាទ​ផងដែរ ដោយ សារតែការ​សាយភាយ​នៃក្លិន និង​ការចម្លង​មេរោគ​ពីសម្រាម។
  • មេរោគនៅក្នុងសម្រាម ៖ សម្រាម​មានមេរោគ​ច្រើនប្រភេទ នៅពេល​វាឆ្លងមក​ដល់ក្នុង​ខ្លួនមនុស្ស វាបង្កើត​ឱ្យមានជម្ងឺ រាករូស ជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន និង​ជម្ងឺផ្សេង​ទៀត។ ប្រសិនបើ​ជម្ងឺទាំងនោះ​ក្លាយ​ជារ៉ាំរ៉ៃ ដោយមិន​ធ្វើអនាម័យបាន ជាប្រចាំ​ទេនោះ វាអាចបង្ក​ជាជម្ងឺ​មហារីក​ក៏ថាបាន។ ម្យ៉ាង​វិញទៀត សារធាតុ​មុតស្រួច​ដែលមាន​នៅក្នុង​សម្រាម​អាចបង្ក​ជារបួស ស្នាមរហូត​ក្លាយជា​ដំបៅរ៉ាំរ៉ៃ​ផងដែរ។ ប្រសិនបើ​ដំបៅមាន​លក្ខណៈ​រ៉ាំរ៉ៃយូរ​ហើយ មុខរបួស​ឋិតនៅ​ជាមួយ​សម្រាម​ស្អុយរលួយ​ជាប្រ ចាំទៀតនោះ ធ្វើឱ្យមេរោគ​រាលដាល​ចូលដល់​ក្នុងឈាម ហើយ​សាច់ដំបៅ​អាចរលួយ​ក្លាយជា​ដំបៅ​ធ្ងន់ធ្ងរ។ ការមុត​មានដោយ​មេរោគ មួយចំនួន ដូចជា​មេរោគ​តេតាណូស​ជាដើម។
  • សារធាតុគីមី ៖ សារធាតុគីមី​ទាំងនេះ​អាចបង្ក​ជាជម្ងឺផ្សេងៗ ជាពិសេស​ជម្ងឺមហារីក។ ហើយវា​ក៏អាចធ្វើឱ្យ​មានអុកស៊ីដ កម្ម​លើសារធាតុគីមី​ដ៏ទៃទៀត ដែលនាំ​គ្រោះថ្នាក់​ដល់មនុស្ស រុក្ខជាតិ និង​សត្វដែល​មាននៅ​ក្នុងបរិស្ថាន​ទៀតផង។

    រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីទុកដាក់ និង​គ្រប់គ្រង​សម្រាម

ដើម្បីចៀស​ផុតពីការ​កើតជម្ងឺ​ដែលបង្ក​មកពីសម្រាម ប្រជាពលរដ្ឋ​ម្នាក់ៗត្រូវ​មានភារៈកិច្ច​ទុកដាក់​សម្រាម​ធ្វើយ៉ាងណាកុំ ឱ្យ​មេរោគ​ចេញពី​សម្រាម​ចម្លង​ទៅដល់​មនុស្សបាន។ វិធីទាំង​នោះរួមមាន​ដូចខាង​ក្រោមនេះ។

  • លោកអ្នក​មិនត្រូវ​បោះចោល​សម្រាមរឹង ឬ​រាវនៅតាម​ដងផ្លូវសាធារណៈ ផ្សារ កន្លែង​កម្សាន្ដ តំបន់​ប្រភពទឹក​ប្រើប្រាស់ និង​ប្រព័ន្ធលូ​នោះទេ។
  • ត្រូវរៀបចំដាក់​ផ្លាកសញ្ញា​ហាមឃាត់​ការទុកដាក់ និង​បោះចោល​សម្រាម​សំណល់រឹង ឬ​រាវ។
  • សូមកំណត់ និងរៀបចំ​កន្លែងស្ដុក​សំណល់​សម្រាម​ជាបណ្ដោះ​អាសន្ន​ឱ្យបាន​សមស្រប ធានាមិន​បង្កបញ្ហា​ប៉ះពាល់​ដល់ ចរាចរណ៍ សុខភាព​សាធារណៈ សោភ័ណភាព និង​សណ្ដាប់​ធ្នាប់សង្គម។
  • មុននឹង​ចោលសម្រាម ត្រូវបែងចែក​ប្រភេទ​សម្រាមឱ្យ​បានជាមុន ត្រូវបែងចែក​រវាងសម្រាម​ធម្មតា និង​សម្រាម​ចេញពី មន្ទីរពេទ្យ ព្រោះ​សម្រាម​ដែលចេញពី​មន្ទីរពេទ្យ​អាចមាន​ការចម្លង​មេរោគ​និងជម្ងឺ។ ត្រូវប្រើប្រាស់​ឡទំនើបៗ​ក្នុងការ​ដុតបំផ្លាញ សម្រាម​ឱ្យមានលក្ខណៈ​បច្ចេកទេស​ច្បាស់លាស់ និង​ចំណុះ​សមល្មម​ដើម្បីកុំឱ្យ​សាយភាយ និង​ដើម្បីកុំឱ្យ​ឆ្លងមេរោគ។

ដំបូន្មាន​អ្នកប្រឹក្សា

សូម​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​ក្នុងការរៀបចំ​ទុកដាក់​សម្រាមឱ្យ​បានត្រឹមត្រូវ ដើម្បី​ធានាឱ្យ​បាននូវ​បរិស្ថាន​រស់នៅល្អ ស្អាត។ នៅតាម​គេហដ្ឋានក្ដី កន្លែងធ្វើ​ការងារក្ដី​គួរមានធុង​សម្រាមដែល​មានគម្របបិទជិត​ត្រឹមត្រូវ។ ការទុកដាក់ និង​បែងចែក សម្រាម​បានត្រឹមត្រូវ គឺផ្ដល់ភាព​ងាយស្រួលដល់​អ្នកប្រមូល​សម្រាមផង បរិស្ថានល្អ​ស្អាតផង ហើយ​ក្រុមគ្រួសារ​លោកអ្នក​មានសុខ ភាពល្អ។ ចំណែក​ឯសេវាកម្ម​ប្រមូល​សម្រាមវិញ គួរធ្វើការ​ប្រមូល​សម្រាមឱ្យ​បានទៀងទាត់ និង​ទាន់ពេលវេលា។ ព្រោះបើ​ប្រមូលមិន ទាន់ពេលវេលា នាំឱ្យ​សម្រាមនៅ​រាយប៉ាយ​ពាសពេញ​ផ្លូវថ្នល់ ជាហេតុធ្វើ​ឱ្យមេរោគ​មានឱកាស​ចម្លងទៅ​មនុស្ស និងធ្វើ​ឱ្យខូច​សណ្ដាប់ ធ្នាប់​សាធារណៈ។

ទស្សនាវដ្ដី សុខភាពយើង នឹង​លើកយកវិធី​កែច្នៃ​សម្រាម​មកជម្រាបជូន​គ្រាន់ជាការ​យល់ដឹង​បន្ថែមទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative