បំបៅកូន​​​ដោយ​​​ទឹកដោះ​​​ជួយពន្យារ​​​កំណើត

ការពន្យារ​កំណើត​ជាផែនការ​គ្រួសារ​ដ៏មាន​ប្រសិទ្ធភាព​ដើម្បីកាត់​បន្ថយ​ភាពក្រីក្រ​ដែលបណ្ដាល​មកពីមាន​សមាជិក​ច្រើននៅ​ក្នុងគ្រួសារ។ ទឹកដោះ​ម្ដាយអាច​ចិញ្ចឹម​ទារកឱ្យ​មានសុខភាពល្អ​ដោយ​មិនបាច់​ចំណាយ​ប្រាក់​ទៅទិញ​ម្សៅទឹកដោះ​គោ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់បញ្ហា​ជីវភាពបាន។ ក្រៅពីនេះ ការ​បំបៅកូន​ដោយទឹក​ដោះម្ដាយ​ក៏អាច​ជួយ​ពន្យារ​កំណើត​បានទៀតផង។ តើមាន​ប្រសិទ្ធ ភាព​ទេចំពោះ​ការពន្យារ​កំណើត​ដោយ​វិធីនេះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

តាមរយៈ​ការចេញ​ផ្សាយរបស់​ទស្សនាវដ្ដី សុខភាពយើង នៅ​លេខ០០២ ខែមីនា ២០០៦ លោកអ្នក​បានទទួល​ជ្រាបរួចមក ហើយអំពី​សារៈសំខាន់​នៃទឹកដោះ​ម្ដាយចំពោះ​ទារក។ ដោយឡែក​សម្រាប់​លេខនេះ លោកវេជ្ជ​បណ្ឌិត កែវ សុគន្ធី អ្នក​សម្រប​សម្រួល កម្មវិធី​ចងដៃស្បូន​នៃអង្គការ​ម៉ារីស្ដុប​កម្ពុជា នឹង​បកស្រាយ​ជូន​លោកឪពុក​អ្នកម្ដាយ​ទាំងឡាយ​ឱ្យបាន​ជ្រាបអំពីសារៈ​សំខាន់នៃ​ទឹកដោះ​ម្ដាយ​ក្នុងការ​ពន្យារ​កំណើត។

ហេតុអ្វីត្រូវ​បំបៅដោះកូន?       

ការបំបៅ​កូនដោយ​ទឹកដោះ​ម្ដាយ​តែមួយមុខ​រយៈពេល៦​ខែដំបូង​នៃជីវិត​ទារកនោះ បានធ្វើ​ឱ្យក្រុម​គ្រួសារ​នីមួយៗ​មានផល ចំណេញ​ច្រើនជាង​ខាតបង់។ អ្នកដែល​មានអាទិភាព​ទទួលផល​ចំណេញនេះ មានទាំង​ស្ដ្រីជាម្ដាយ ទារក​មានការ​លូតលាស់ល្អ រីឯសមាជិក​ក្នុងគ្រួសារ​មានពេល​ទំនេរ​ច្រើនជាងការ​បំបៅ​ដោយម្សៅ​ទឹកដោះគោ។

ផលប្រយោជន៍​ចំពោះទារក

ទឹកដោះ​ម្ដាយ​ជាអាហារ​ដែលមាន​ផ្ទុកនូវ​គ្រប់ជីវជាតិ​ដែលអាច​ឱ្យទារក​លូតលាស់​បានល្អ និង​អាចជួយ​ការពារ​ទារកពី​ជម្ងឺ ផ្សេងៗ។ ទឹកដោះម្ដាយ​គ្មានគ្រោះថ្នាក់ អាចឱ្យ​ទារកបៅបាន ដោយមិន​ចាំបាច់​ចំណាយ​ពេលរៀបចំ និង​លុយកាក់។ ជាទូទៅ ទារក ដែល​បំបៅ​ដោយទឹក​ដោះម្ដាយ​មានភាព​ស្និទ្ធស្នាល​ជាមួយម្ដាយ​ច្រើន​ជាងទារក​ដែលបំបៅ​ដោយម្សៅ​ទឹកដោះគោ។

ផលប្រយោជន៍​ចំពោះ​ស្ដ្រីជាម្ដាយ

គ្រប់ស្ដ្រី​ដែលបំបៅ​កូនដោយ​ទឹកដោះ រាប់ចាប់ពី​ពេលទើប​សម្រាល​បានមួយ​ម៉ោងដំបូង​បានធ្វើ​ឱ្យស្ដ្រី​នោះឆាប់​មានសុខ ភាពទ្បើង​វិញ។ ការបំបៅកូន​ដោយទឹកដោះ​អាចធ្វើឱ្យ​សុកម្ដាយ​ធ្លាក់ចេញ​បានឆាប់ និង​អាចជួយកាត់​បន្ថយការ​ធ្លាក់ឈាម​ក្រោយ ពេល​សម្រាល។ អ្វីដែល​ពិសេស​មិនអាច​មើលរំលង​បាននោះ គ្រប់ស្ដ្រី​ដែលបំបៅ​កូនដោយ​ទឹកដោះ គឺពួកគាត់​អាចពន្យារ​ការមានផ្ទៃ ពោះជាថ្មី​បានយ៉ាង​មានប្រសិទ្ធភាព និង​សុវត្ថិភាព​ទៀតផង។

នៅពេល​បំបៅដោះ​កូន អ័រម៉ូន​នៅក្នុងរាង​កាយស្ដ្រី​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បង្កកំណើតទេ រីឯឈាមរដូវ របស់ស្ដ្រី​ក៏មិនទាន់​ធ្លាក់មកដែរ។ នៅពេល​មិនទាន់​មានឈាមរដូវ ស្ដ្រីមិន​មានលទ្ធភាព​មានផ្ទៃពោះ​ទេ។ មានស្ដ្រី​តិចតួច​ប៉ុណ្ណោះ​ដែល មានផ្ទៃពោះ​នៅពេល​មិនទាន់​មានឈាម​រដូវ ដែលខ្មែរ​យើង​និយមហៅ​ថាមាន​ផ្ទៃពោះ​អុល។ តាមការ​ពិតមិន​មែនមិន​ទាន់មាន​រដូវ អាចមាន​ផ្ទៃពោះទេ ផ្ទុយទៅ​វិញស្ដ្រី​ដែលមាន​លក្ខណៈ​បែបនេះ គឺគាត់​មានរដូវ​ហើយ គ្រាន់តែ​ខ្លួនគាត់​មិនបាន​ដឹង និង​មិនចាប់​អារម្មណ៍។ ព្រោះ​ឈាម​រដូវ​នោះអាច​តិចពេក​ធ្វើឱ្យ​គាត់យល់​ច្រឡំ​ជាមួយ​នឹង​ការធ្លាក់​ឈាមទៅវិញ។ ពេលនោះ បើគាត់​ធ្វើការ​រួមភេទ ដោយ​មិនបាន​ការពារនោះ គាត់នឹង​មានផ្ទៃពោះ។ ស្ដ្រី​មួយចំនួន​បានបំបៅដោះ​កូនរហូត​ដល២​ឆ្នាំឯណោះ ហើយ​គាត់ក៏​មិនទាន់មាន រដូវ​ឡើង​វិញដែរ មានន័យថា​គាត់អាច​អូសបន្លាយ​រយៈ​ពេល​មានកូន​ជាថ្មី​របស់គាត់់។ ការមាន​រដូវឡើង​វិញយូរ ឬ​ឆាប់​អាស្រ័យទៅ លើរូបស្ដ្រី​នោះផ្ទាល់​តែម្ដង បើគាត់​ចាប់​អារម្មណ៍​រឿង​ផ្លូវភេទ​ខ្លាំងពេក ដូចជា​ចូលចិត្ដ​អានសៀវភៅ​ផ្លូវភេទ មើលភាព​យន្ដអាស​អាភាស​ជាដើម ក៏អាច​រួមចំណែក​ធ្វើឱ្យ​ស្ដ្រីឆាប់​មានរដូវ​ជាថ្មីដែរ ទោះបីជាគាត់​កំពុងបំបៅ​ដោះកូន​ក៏ដោយ។

ដំបូន្មាន​អ្នកជំនាញ

បើស្ដ្រីចង់​ពន្យារកំណើត​ដោយសារ​ការបំបៅ​ដោះកូននោះ សូមមេត្ដា​តាមដាន​សភាព​ប្រែប្រួល​នៃសព៌ាង្គកាយ​ឱ្យបានជា ប្រចាំ ដើម្បី​ឱ្យប្រាកដ​ក្នុងចិត្ដថា​មិនទាន់​មានរដូវ​ទ្បើងវិញទេ។ សូមចងចាំ​ថាបើមិន​ទាន់មានរដូវ មិនអាច​មានកូន​ជាថ្មីឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Google Analytics Alternative