ជម្ងឺទឹក​ក្នុងស្រោម​សួត

ទឹកក្នុង​ស្រោម​សួត ជាជម្ងឺ​ម្យ៉ាងដែល​ធ្វើឱ្យ​លោកអ្នក​ជួបប្រទះ​នឹងផល​វិបាកក្នុង​ការរស់​នៅប្រចាំថ្ងៃ ហើយជា​ពិសេស​ជាងនេះទៅ​ទៀត​អាចបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន។ ចំណែកឯ​ការព្យាបាល​ក៏ទាមទារ​ឱ្យធ្វើឡើង​ដោយ​គ្រូពេទ្យ​ជំនាញ​ផងដែរ។ តើ ហេតុអ្វី​បានជា​មានទឹក​នៅក្នុង​ស្រោម​សួតទៅវិញ? គួរធ្វើ​យ៉ាងណា?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកអ្នក​នឹងបាន​ទទួលជ្រាប​កាន់តែច្បាស់​អំពី​ហេតុផល​ផ្សេងៗ​ដែល​បណ្ដាលឱ្យ​មានទឹក​ក្នុងស្រោម​សួតនេះ តាមរយៈការ បកស្រាយ​របស់​លោកវេជ្ជបណ្ឌិត កាំង ស័ ប្រធាន​ផ្នែក​ជម្ងឺសួត នៃមន្ទីរ​ពេទ្យមិត្ដភាពខ្មែរ​សូវៀត ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺទឹក​ក្នុងស្រោម​សួត ជាអ្វី?

ជម្ងឺទឹក​ក្នុង​ស្រោម​សួត គឺជាការ​ជ្រាបរបស់​ទឹកចូល​ទៅក្នុង​ចន្លោះ​ស្រោមសួត​ទាំងពីរ។ ស្រោម​សួតចែក​ចេញជា​ពីរផ្នែក គឺស្រោម​សួតផ្នែក​ខាងក្រៅ និង​ស្រោមសួត​ផ្នែកខាង​ក្នុង ជាប់​នឹងសួត​តែម្ដង ដែលជា​ធម្មតា​ចន្លោះ​ស្រោមសួត​ទាំងពីរ​មិនមាន​ទឹកទេ គ្រាន់តែ​មានសភាព​សើម​ប៉ុណ្ណោះ។ ទឹកក្នុង​ស្រោមសួត​មានពីរ​ប្រភេទ គឺទឹក​ត្រង់ស៊ីដា និងទឹក​អ៊ីចស៊ីដា។

មូល​ហេតុជម្ងឺ​ទឹកក្នុង​ស្រោមសួត

មានមូល​ហេតុពីរ​យ៉ាងដែល​អាចបង្កឱ្យ​មានជម្ងឺ​ទឹកក្នុង​ស្រោម​សួតនេះ។

1. មូលហេតុទីមួយ បណ្ដាល​មកពីសម្ពាធ​ពីខាង​ក្រៅជំរុញ​ទឹកឱ្យ​ចូលនៅ​ចន្លោះ​ស្រោម​សួត។ នៅពេល​ដែល​យកទឹក ដែល​នៅស្រោម​សួតទៅ​ពិសោធន៍ លទ្ធផល​ដែល​ទទួល​បាន គឺជាទឹក​ត្រង់ស៊ីដា មានន័យថា​ជាតិអាល់​ប៊ុយមីន​(ជាតិប្រូតេអ៊ីន) មាន តិចជាង​៣០ក្រាម​ក្នុងមួយ​លីត្រ។ មានជម្ងឺ​ជាដើមចម​មួយចំនួន​ដែល​បង្កឱ្យ​មានទឹក​នៅក្នុង​ស្រោមសួត​នេះកើត​ឡើង។

  • ជម្ងឺបេះដូង កាលណា​បេះដូង​ខ្សោយ​ខ្លាំង ឬបេះ​ដូងរីក ធ្វើឱ្យ​សម្ពាធទឹក​ដែលនៅ​ក្នុងខ្លួន​កើនឡើង​ខ្លាំង ហើយ​រុញធាក់​ទឹកចូល​ទៅក្នុង​ស្រោមសួត នាំឱ្យ​មានទឹកដក់​ក្នុង​ស្រោមសួត។
  • ជម្ងឺត​ម្រងនោម ទឹកមិន​អាចច្រោះ​បានទេ កាលណា​តម្រងនោម​ខ្សោយ ជាហេតុ​ធ្វើឱ្យ​បរិមាណ​ទឹកនៅក្នុង ខ្លួនកើន​ឡើង ហើយ​ជ្រាបចូល​ទៅក្នុង​ចន្លោះ​ស្រោមសួត។
  • ជម្ងឺផ្សេងៗ ៖ នៅមាន​ជម្ងឺ​ជាច្រើន​ប្រភេទ​ទៀត​ដែលអាច​បណ្ដាល​ឱ្យសម្ពាធ​ទឹកជ្រាប​ចូលចន្លោះ​ស្រោម​សួត ដែរ ដូចជា​ជម្ងឺថ្លើម​ក្រិនជាដើម ដោយ​សារសម្ពាធ​ឈាម និងសម្ពាធ​ទឹកនៅ​ក្នុងខ្លួន​ច្រើនពេក ហើយមិន​អាចជ្រាប​ទៅកន្លែង​ណាបាន ក្រៅពី​ស្រោម​សួត។

2. មូលហេតុទីពីរ បណ្ដាល​មកពីការ​រលាក​ស្រោមសួត​រ៉ាំរ៉ៃ ហើយ​ចេញទឹក​រងៃជា​ប្រចាំ​បណ្ដាលឱ្យ​ទឹកកើន​ច្រើន​ឡើងៗ នៅក្នុង​ស្រោមសួត ដែលហៅ​ថាទឹក​អ៊ីចស៊ីដា។ ជម្ងឺ​ដែល​បណ្ដាលឱ្យ​មានការ​រលាក​ស្រោមសួត​នេះអាច​មានដូច​ជាជម្ងឺ​របេង (ធ្វើឱ្យ រលាក​សួតចេញ​ទឹករងៃ) ឬពពួក​មេរោគ​ផ្ដាសាយ និង​មេរោគ​បាក់តេរី​មួយចំនួន​ទៀត។ ទឹករងៃ​នោះទៀត​សោត​នឹងក្លាយ​ទៅជាខ្ទុះ នៅពេល​បន្ទាប់ ព្រោះពេល​យកទឹក​ក្នុង​ស្រោមសួត​ទៅពិសោធន៍​ឃើញថា​វីរុសវ៉ាល់​តាបូក បានន័យថា​ជាតិអាល់​បុយមីន (ជាតិប្រូតេ អ៊ីន)​ច្រើនជាង​៣០ក្រាម​ក្នុងមួយ​លីត្រ។ ចំណែក​ឯជម្ងឺ​មហារីក​នៅក្នុង​ស្រោមសួត​អាចធ្វើ​ឱ្យសរសៃ​ឈាមពក​ក្នុង​ស្រោមសួត ​ដែលជា ហេតុនាំ​ឱ្យមានទឹក​រងៃ និងជួនកាល​ក្លាយជា​ឈាមនៅ​ក្នុង​ស្រោមសួត​ទៀតផង ហើយ​នៅពេល​ដែលបូមទឹក​នោះចេញ​មកច្រើន​មាន ពណ៌​ក្រហម។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញា​ជម្ងឺទឹក​ក្នុងស្រោម​សួត

ជាធម្មតា ស្រោមសួត​ទាំងពីរ​មិននៅ​ជាប់គ្នាទេ ប៉ុន្ដែ​នៅបន្ទាប់គ្នា​នៅពេល​ដែល​រលាក​ស្រោមសួត។ វាអាច​ធ្វើឱ្យអ្នក ជម្ងឺ​មានអាការ​ឈឺចាប់​នៅត្រង់​ដើមទ្រូង ហើយ​មានការ​ក្អកស្ងួត​នៅពេល​ដែលអ្នក​ជម្ងឺមាន​ចលនា​ប្រែប្រួល​ចុះឡើង។ នៅពេល​ដែល ទឹកកាន់​តែច្រើន​ឡើងៗ ធ្វើឱ្យ​ទឹកសង្កត់​ទៅលើសួត បណ្ដាល​ឱ្យអ្នក​ជម្ងឺហត់។ ម្យ៉ាង​ទៀតបើ​ជម្ងឺ​ដែលកើត​ឡើង​បណ្ដាល​មកពី​មេរោគ អាច​ធ្វើឱ្យ​មានអាការ​គ្រុន ហើយ​ឈឺចាប់។ បើលោកអ្នក​ស្ដាប់​ចង្វាក់សួត​នៅពេល​ដែលមាន​បរិមាណទឹក​តិច ឬល្មម និងនៅ​ពេលទឹក ក្នុង​ស្រោមសួត​ខះទៅវិញ នោះ​លោកអ្នក​នឹងឮ​សម្លេង​ប្រៀប​ដូចយ​កក្រណាត់​សូត្រ​មកត្រដុស​លើគ្នា។ ប៉ុន្ដែ​បើបរិមាណ​ទឹកច្រើន សួត​នឹងហាប់​មិនមាន​សម្លេងទេ។

ការព្យាបាល​ជម្ងឺទឹក​ក្នុងស្រោម​សួត

ការព្យាបាល​ជម្ងឺនេះ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​មូលហេតុ​ដែលបង្កឱ្យ​មានជម្ងឺ​នេះកើត​ឡើង។ ជា​ឧទាហរណ៍ បើក្នុង​ករណី ទឹកក្នុង​ស្រោមសួត​កើតឡើង​ដោយសារ​ជម្ងឺ​បេះដូង ឬរបេង ត្រូវព្យាបាល​ជម្ងឺដើម​ហេតុឱ្យ​ជាសះស្បើយ​ជាមុនសិន ដើម្បីកុំឱ្យ​ទឹកនោះ កើតឡើង​វិញជាថ្មី។

  • ជំហាន​ដំបូង​នៃការ​ព្យាបាល​ជម្ងឺ​ទឹកក្នុង​ស្រោមសួត គឺជាការ​បូមយក​ទឹកមួយ​ចំនួន​ចេញ​ពីសួត​ដើម្បី​សម្រួល​ដល់ប្រព័ន្ធ​ដក ដង្ហើម ព្រោះទឹក​ច្រើនធ្វើ​ឱ្យអ្នក​ជម្ងឺ​ហត់ខ្លាំង។ ការបូម​យកទឹក​ចេញ​មាន​ប្រយោជន៍​ពីរយ៉ាង គឺដើម្បី​ធ្វើរោគ​វិនិច្ឆ័យ និងព្យាបាល។
  • ជាមួយ​គ្នានេះ​ផងដែរ បើទឹក​នោះ​ជាខ្ទុះ មិនអាច​ព្យាបាល​ដោយបូម​ ឬប្រើថ្នាំ​ពពួក​អង់ទី​ប៊ីយ៉ូទិក​នោះ​បានទេ ចាំបាច់​ត្រូវ លាង​សម្អាត និង​បង្ហូរ​ដោយទឹក​សេរ៉ូម ទើប​ស្រោមសួត​មិនស្អិត​ជាប់គ្នា។
  • ប្រសិនបើ​ទឹកក្នុង​ស្រោមសួត​កើតឡើង​ដោយ​សារជម្ងឺ​មហារីក​នៅផ្នែក​ណាមួយ​នៃរាងកាយ នោះត្រូវ​ព្យាបាល​ដោយ គ្រាន់​តែបិត​ដើម្បី​កុំឱ្យទឹក​កាន់តែ​កើនច្រើន​ទៀត ដែលអាច​សង្កត់​ទៅលើ​បេះដូង និង​សួត។ បន្ទាប់​មកទើប​ធ្វើការ​ព្យាបាល​រោគ មហារីក​ដែល​ជាដើម​ចមនៃជម្ងឺ​ឱ្យបានជា នោះទឹក​ដែល​មានក្នុង​ស្រោមសួត​នឹងស្រកចុះ​ដោយខ្លួន​ឯង។
  • ម្យ៉ាងទៀត បើជម្ងឺ​មហារីក​កើត​នៅ​ស្រោមសួត​តែម្ដង នោះ​ជាករណី​ធ្ងន់ធ្ងរ តែមិន​មាន​ភាពស្មុគស្មាញ​ទេ គេអាចព្យា បាល​ដោយ​កាត់បក​ចោល​តែម្ដង។

ផលវិបាក​នៃជម្ងឺ​ទឹកក្នុង​ស្រោមសួត

នៅពេល​ដែល​មានជម្ងឺ​ទឹកក្នុង​ស្រោមសួត អ្នកជម្ងឺ​អាចមាន​គ្រោះថ្នាក់​ដោយសារ​ទឹកសង្កត់​ទៅលើ​បេះដូង ធ្វើឱ្យ​អ្នកជម្ងឺ ឆាប់​ហត់ខ្លាំង ដកដង្ហើម​មិនបាន និងធ្វើ​ឱ្យបេះដូង​ឈប់ដើរ​បាន។ ប្រសិនបើ​ជម្ងឺបង្ក​ដោយ​មេរោគ​បាក់តេរី ហើយ​ព្យាបាល​មិនទាន់ ពេល​វេលា អាច​ធ្វើឱ្យ​ទឹកក្លាយ​ជាខ្ទុះខាប់ ករណីនេះ​មិនអាច​បូមចេញ​បានទេ ទាល់តែ​ធ្វើការ​វះកាត់បក​ខ្ទុះដែល​ខាប់នោះ​ចេញ ទើប លាង​ជា​ក្រោយ។

វិធីការ​ពារជម្ងឺ​ទឹកក្នុង​ស្រោមសួត

ទឹកក្នុង​ស្រោមសួត​មិនអាច​ការពារ​បានទេ ព្រោះវា​ជាប្រភេទ​ជម្ងឺ​ដែល​បានមកពី​គេ។ ដូចនេះ​ចង់បង្ការ​ជម្ងឺ​ទឹកក្នុង​ស្រោម សួត​ទាល់តែ​ការពារ​ជម្ងឺ​ផ្សេងៗ​ដែលអាច​បង្កជា​ទឹក​ក្នុង​ស្រោមសួត​បាន។

ដំបូន្មាន​អ្នកជំនាញ

នៅពេល​ដែល​លោកអ្នក​មានបញ្ហា ដូចជា​ក្អកស្ងួត ឈឺទ្រូង ឆាប់ហត់​ជាដើម និង​មានសញ្ញា​ធ្ងន់ៗ​នៅ​ត្រង់សួត សូមលោក អ្នក​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​ពិនិត្យ និងធ្វើ​រោគវិនិច្ឆ័យ ងាយស្រួល​ក្នុងការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។ សូមកុំ​សម្រេច ចិត្ដ​ប្រើថ្នាំ​ផ្ដេសផ្ដាស ព្រោះអាច​ធ្វើឱ្យ​ជម្ងឺកាន់​តែធ្ងន់ធ្ងរ​ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative