ដាច់​សរសៃ​ឈាម​ខួរក្បាល ជាជម្ងឺ​គ្រោះថ្នាក់​ដល់ជីវិត

សរសៃ​ឈាម​មានតួនាទី​សំខាន់​បំផុត​សម្រាប់​នាំឈាម​ទៅចែកចាយ​គ្រប់ផ្នែក​ទាំងអស់​នៃសព៌ាង្គ​កាយ ជាពិសេស​សរសៃឈាម​ដែល​ភ្ជាប់​ខួរក្បាល​ជាផ្នែក​មួយ​មិនអាច​ខ្វះបាន។ ដាច់​សរសៃឈាម​ខួរក្បាល បើតាម​ស្ដាប់ទៅ​ក៏ដឹង​ថាពិតជា​គួរឱ្យ​ភ័យខ្លាច និង តក់ស្លុត។ ជម្ងឺនេះ​ភាគច្រើន​កើតឡើង​លើមនុស្ស​វ័យចំណាស់​ដែលបង្ក​នូវគ្រោះថ្នាក់​បំផុត ជួនកាល​អាចបណ្ដាលឱ្យ​បាត់បង់​ជីវិតក្នុង រយៈពេល​ដ៏ខ្លី។ តើដាច់​សរសៃឈាម​ខួរក្បាល​បណ្ដាលមក​ពីមូល​ហេតុអ្វី? មាន​គ្រោះថ្នាក់​យ៉ាង​ណាខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ជុំ ណាវុធ ឯកទេស​ជម្ងឺប្រព័ន្ធ​ប្រសាទ នៃមន្ទីរ​ពេទ្យមិត្ដភាព​ខ្មែរសូវៀត នឹងស្រាយ​បំភ្លឺជូន​មិត្ដអ្នកអាន ឱ្យបាន​ស្វែងយល់​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

 មូលហេតុ​ដាច់សរសៃ​ឈាម​ខួរក្បាល

ដាច់​សរសៃ​ឈាម​ខួរក្បាល ឬហៅ​ថាជម្ងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ជាប្រភេទ​ជម្ងឺ​ដ៏ធ្ងន់ធ្ងរ និងមាន​គ្រោះថ្នាក់​បំផុត ដែល​អាចសម្លាប់​មនុស្ស​បានក្នុង​មួយប៉ប្រិច​ភ្នែក។ មូលហេតុ​ចម្បង​នៃជម្ងឺនេះ គឺបណ្ដាល​មកពីការ​ស្ទះសរ​សៃឈាម និងការដាច់ សរសៃ​ឈាម។

  • ការស្ទះ​សរសៃ​ឈាម​ខួរក្បាល ៖ មានអត្រា​ពី៨០ទៅ​៨៥ភាគរយ បណ្ដាលមក​ពីជម្ងឺ​សរសៃឈាម​ដែល​ទាក់ទង​ទៅនឹង វ័យ។ មនុស្ស​កាន់តែ​មានវ័យ​ចំណាស់ សរសៃ​ឈាម​រួមត្បៀត​តូច ធ្វើឱ្យ​ចរន្ដឈាម​ដែលបញ្ជូន​ទៅកាន់​ខួរក្បាល​មិនគ្រប់គ្រាន់ និងមាន ការ​ចុះថយ។ ក្រៅពីនេះ ខ្លាញ់រុំ​សរសៃ​ឈាម និង​ជម្ងឺបេះដូង​ក៏ជាមូល​ហេតុនាំ​ឱ្យស្ទះ​សរសៃ​ឈាមដែរ។
  • ការដាច់​សរសៃ​ឈាម​ខួរក្បាល ៖ មានអត្រាពី​១៥ទៅ២០​ភាគរយ​ដែលភាគ​ច្រើន​កើតឡើង​ដោយសារ​ជម្ងឺលើស​ឈាម និងការ​ប៉ះទង្គិច​ផ្សេងៗ។ ការដាច់​សរសៃឈាម​អាចកើត​ឡើងទាំង​ក្នុង និងក្រៅ​ខួរក្បាល ដែល​បណ្ដាល​មកពី​កត្ដាធំៗ​ពីរយ៉ាង។ ករណីទី១ គឺជាកត្ដា​ដែលមិន​អាចប្រែប្រួល ឬបង្ការ​បានគឺ​ជាបញ្ហា​នៃអាយុ​កាល ពណ៌សម្បុរ ជនជាតិ ពូជសាសន៍ ឬហ្សែន​ជាដើម។ កត្ដា​មួយទៀត​ជាករណី​ដែលអាច​ការពារ និងព្យាបាល​បាន ដូចជា​ជម្ងឺលើស​ឈាម ជម្ងឺទឹក​នោមផ្អែម កំណើន​ជាតិខ្លាញ់​ខ្ពស់ក្នុង សរសៃ​ឈាម​(ខ្លាញ់រុំសរ​សៃឈាម) ដែល​បានមកពី​ការទទួល​ទានស្រា បារី គ្រឿង​ញៀន​ជាដើម។

    រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញា​ដាច់សរសៃ​ឈាម​ខួរក្បាល

រោគសញ្ញា​មួយចំនួន​ដែល​គួរឱ្យ​កត់សម្គាល់​មានដូច​ជាប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម​បង្ហាញឱ្យ​ឃើញ​តាមរយៈ​ការចុះ​ខ្សោយ​នូវចលនា ឬស្ពឹក ធ្ងន់ៗភ្លាមៗ​នៅលើ​មុខ ដៃជើង និងមួយ​ចំហៀងខ្លួន។ ដាច់​សរសៃ​ឈាម​ខួរក្បាល​ច្រើនកើត​មានចំពោះ​មនុស្សវ័យ ចំណាស់ និង​តិចតួច​ចំពោះ​មនុស្សវ័យ​កណ្ដាល។ វាបាន​ផ្ដល់​ជារោគសញ្ញាមួយចំនួន​គួរឱ្យ​កត់សម្គាល់ ជាពិសេស​រោគសញ្ញា​ដែលពាក់ ព័ន្ធ​នឹងវិបត្ដិ​ប្រព័ន្ធ​ប្រសាទ។

  • ការចុះ​ខ្សោយ​នូវចលនា ឬស្ពឹកធ្ងន់ៗ​ភ្លាមៗនៅ​លើមុខ ដៃជើង និងមួយ​ចំហៀងខ្លួន
  • ភ្នែក​មើលឃើញ​ពុំច្បាស់ ឬងងឹតភ្លាមៗ ជាពិសេស​ភ្នែក​តែម្ខាង
  • ភ្លាមៗ អ្នកជម្ងឺ​ពិបាក​និយាយ ឬស្ដាប់​បាន តែពុំអាច​និយាយ​កើត ឬស្ដាប់​ពុំយល់អ្វី​ដែលយើង​និយាយ
  • ឈឺក្បាល​ខ្លាំងភ្លាមៗ​ខុសពី​ធម្មតា​ដោយពុំមាន​មូលហេតុ​ច្បាស់លាស់់
  • ភ្លាមៗ​ពិបាកដើរ ឬជួនកាល​ដួលភ្លាមៗ​តែម្ដង ជាពិសេស​អាចរួមផ្សំ​ជាមួយ​រោគ​សញ្ញា​ណាមួយ​ក្នុងចំណោម​រោគសញ្ញា ទាំងអស់​ខាងលើ។

វិធី​ព្យាបាល​ការដាច់​សរសៃឈាម​ក្នុង​ខួរក្បាល

ដាច់​សរសៃឈាម​ខួរក្បាល​ជាជម្ងឺ​បន្ទាន់​ដែលចាំបាច់​ត្រូវជួយ​សង្គ្រោះ​បន្ទាន់។ គេអាច​ព្យាបាល​ដោយឱសថ​ និងធ្វើ​ចលនា ក្នុង​ករណី​ធ្ងន់ធ្ងរ​ចាំបាច់​ត្រូវធ្វើ​ការវះកាត់។ រីឯបញ្ហា​ស្ទះសរសៃ​ឈាម​ខួរក្បាល​មិនមាន​ការព្យាបាល​ដោយការ​វះកាត់​នោះទេ លើក លែងតែ​ស្ទះ​សរសៃ​ឈាមធំៗ​ត្រង់កញ្ចឹងក​ទើប​គេវះកាត់​ដើម្បី​បកកំណក​ខ្លាញ់​ចេញ។ បច្ចុប្បន្ន​នេះមាន​ការដាក់​ដែកនៅ​ត្រង់នោះ​ថែម ទៀត ប៉ុន្ដែ​មានតែ​នៅបរទេស​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​ប្រសិនបើ​ការដាច់​សរសៃ​ឈាមខួរ​ក្បាល​ផ្នែកខាង​ក្រៅ អាចធ្វើ​ការវះកាត់ ដោយ​ពេទ្យ​ជំនាញ។ ផ្ទុយ​ទៅវិញការ​ដាច់​សរសៃឈាម​ខួរក្បាល​ផ្នែកខាង​ក្នុងចាំបាច់​ត្រូវព្យាបាល​ដោយការ​ប្រើប្រាស់​ឱសថ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែទាំ​អ្នកជម្ងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល​

អ្នកនៅ​ជុំវិញ​អ្នកជម្ងឺ​មានតួនាទី​សំខាន់​ក្នុងការ​មើល​ថែទាំ ទំនុក​បម្រុង​ការហូបចុក និងបង្ហាត់​បង្រៀន​ដើរ (ការព្យាបាល ដោយ​ចលនា) ជាពិសេស​តាមការ​ណែនាំ​ពីគ្រូពេទ្យ។ មិនតែ​ប៉ុណ្ណោះ​ក្រុមគ្រួសារ​គួរផ្ដល់​កម្លាំងចិត្ដ​ដល់អ្នក​ជម្ងឺ ព្រោះ​វាជាកត្ដា​សំខាន់ ដែល​មិនអាច​អត់បាន។

វិធី​បង្ការ​ការដាច់​សរសៃឈាម​ខួរក្បាល

ពុំមាន​វិធីទប់ស្កាត់ ឬវិធាន​ការការពារ​ជាក់លាក់​មួយរយ​ភាគរយ​នោះទេ ព្រោះជា​ប្រភេទ​ជម្ងឺ​ដែល​វិវឌ្ឍទៅ​តាមអាយុ កាល​របស់​មនុស្ស។ ប៉ុន្ដែ​មានវិធាន​ការមួយចំនួន​ក្នុងការ​ទប់ស្កាត់​បញ្ហាការ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ គឺការ​ទប់ស្កាត់ និងព្យា បាល​ជម្ងឺ​លើស​ឈាម និង​ជម្ងឺទឹក​នោមផ្អែម​ឱ្យបាន​ត្រឹមត្រូវ និងចៀស​វាងការ​ប្រើប្រាស់​ឱសថដោយ​គ្មាន​វេជ្ជបញ្ជា​ដែល​វិធីនេះ​មានឯក សារ​ខ្លះអះ​អាងថា​មាន​ប្រសិទ្ធភាព​រហូតដល់​ទៅ៤០ភាគរយ​ឯណោះ។ ចំពោះ​លោកអ្នក​ដែលមាន​បញ្ហា​កំណើន​ជាតិខ្លាញ់ ឬខ្លាញ់រុំ សរសៃ​ឈាម​ត្រូវព្យាបាល​ជាបន្ទាន់ ព្រោះងាយ​ធ្វើឱ្យ​កើតមាន​ការដាច់​សរសៃឈាម​ខួរក្បាល។ អ្វីដែល​ចាំបាច់​សូមលោក​អ្នក​បញ្ឈប់ ការជក់បារី ពិសាស្រា និងគ្រឿង​ញៀន​ផ្សេងៗ។ សូមទទួល​ទានរបប​អាហារ​ត្រឹមត្រូវ​ដើម្បីទប់​ស្កាត់ការ​ធាត់ជ្រុល​ពេក និង​ធ្វើឱ្យជាតិ ខ្លាញ់​កើនឡើង និងសូម​លោកអ្នក​ហាត់កីឡា​ឱ្យបានយ៉ាង​ហោចណាស់​ពី២០ទៅ៣០នាទី​ក្នុងមួយថ្ងៃ។

ផលវិបាក​នៃការដាច់​សរសៃឈាម​ខួរក្បាល

ដាច់​សរសៃឈាម​ខួរក្បាល​ជាជម្ងឺ​មួយដ៏​មាន​គ្រោះថ្នាក់​បំផុត ដែលអាច​ធ្វើឱ្យ​អ្នកជម្ងឺ​ស្លាប់មួយ​ចំហៀង​ខ្លួន និង​ស្លាប់​បាត់ បង់​ជីវិត​តែម្ដង។ វាផ្ដល់​នូវផលវិបាក​យ៉ាងច្រើន ដូចជាធ្វើឱ្យ​អ្នកជម្ងឺពិការ និយាយ​មិនបាន ស្ដាប់មិនឮ ខូចអារម្មណ៍ វង្វេងវង្វាន់ ប្រកាច់​ជាដើម។

ដំបូន្មាន​អ្នកជំនាញ

ដាច់​សរសៃឈាម​ខួរក្បាល​ជាជម្ងឺ​មួយធ្ងន់ធ្ងរ​ណាស់។ សូមលោក​អ្នកប្រញាប់​ស្វែងរក​ការព្យាបាល​ជាបន្ទាន់ ប្រសិន​បើ លោកអ្នក​សង្ស័យ ឬកើត​មាននូវ​រោគសញ្ញា​ខ្លះៗដូច​ដែលបាន​ជម្រាប​ជូនខាងលើ។ ជម្ងឺនេះ​បណ្ដាលមក​ពីជម្ងឺ​ផ្សេងៗ​ជាអ្នក​បង្ក ដូច នេះ​សូម​លោកអ្នក​ព្យាបាល​ជម្ងឺ​មូលហេតុ​ទាំងនោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ចៀសវាង​ដំណាក់កាល​ដាច់សរសៃ​ឈាម​ខួរក្បាល។ ស្វែង​រកការ​ព្យាបាល​កាន់តែ​រហ័ស អត្រាស្លាប់ និង​ពិការភាព​ត្រូវបាន​កាត់បន្ថយ​កាន់តែ​មានតិច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative