ល្បែង​ទាំងបី

បម្រាម​បីប្រការ​ដែលចាស់​បុរាណ​តែងហាម​ប្រាម​កូនចៅ​មិនឱ្យ​ប្រព្រឹត្ដ ពិសេស​គឺកូន​ប្រុស។ ដោយ​ហេតុថា​ល្បែង​បីប្រការនេះ​សុទ្ធសឹង​តែជា​ល្បែង​ដែលផ្ដល់​នូវក្ដីវិនាស មហន្ដរាយ និង​​​អាច​មាន​គ្រោះថ្នាក់​​​​ដល់អាយុ​ជីវិត​ថែមទៀត​ផង។ តើអ្វីខ្លះ​ជាល្បែង ទាំងបី​ដែលចាស់ទុំ​លោកបាន​ហាម ហើយ​ផ្ដល់នូវ​គុណវិបត្ដិ​យ៉ាងណាខ្លះ​ចំពោះ​បុរស?

រូបភាពទស្សនាវដ្តីសុខភាពយើង

ព្រះតេជគុណ​មហា​សុវណ្ណប្ប​ជោត កង ណាម៉ានី ព្រះចៅ​អធិការវត្ដ​សំពៅមាស​មានសង្ឃ​ដីកា​ស្រាយ​បំភ្លឺ​អំពីបញ្ហា​ល្បែង ទាំងបី​ជូនមិត្ដ​អ្នកអាន​ដើម្បីសិក្សា​ស្វែងយល់ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អ្វីទៅ​ជាល្បែង​ទាំងបី?

នៅក្នុង​ពុទ្ធសាសនា ព្រះលោក​សម្ដែង​ក្នុងប​រាភវសូត្រ​ជាល្បែង​ទាំងបី ឬអបាយ​មុខទាំងបី។ ល្បែង​ជាគ្រឿង​នាំឱ្យ​ញៀន នាំ ឱ្យវិនាស និងផ្ដល់​ជាមហន្ដ​រាយ។ ល្បែង​ទាំងបី​ដែលបុរស​តែង​ប្រព្រឹត្ដមាន គឺឥត្ថីធុត្ដៈ សុរាធុត្ដៈ អក្ខធុត្ដៈ។

1. ឥត្ថីធុត្ដៈ ៖ ការចូល​ចិត្ដលេង​សប្បាយ​កាមគុណ​ជាមួយស្ដ្រី ឬបុរសស្វែង​រកការ​សប្បាយ​ជាមួយ​នឹងស្ដ្រី។

2. សុរាធុត្ដៈ គឺការ​សេពគ្រឿង​ស្រវឹង និង​គ្រឿង​ញៀន។

3. អក្ខធុត្ដៈ ៖ ជាល្បែង​ភ្នាល់ស៊ីសង​គ្រប់ប្រភេទ។

ដូចនេះ​ល្បែងទាំងបី​ដែលបុរស​តែងប្រព្រឹត្ដ ហើយដែល​ចាស់ទុំ​បានហាម​ប្រាម​នោះ គឺស្រី ស្រា ល្បែង​(ឥត្ថីធុត្ដៈ សុរាធុត្ដៈ អក្ខធុត្ដៈ)។

មូលហេតុ​បុរស​ប្រព្រឹត្ដ​ល្បែង​ទាំងបី

មូលហេតុ​ចម្បង​មួយគឺ​បណ្ដាលមក​ពីការ​មិនមាន​ភាពខ្មាស​អៀន​របស់​បុរស រួមនឹង​សេរីភាព​ក្នុងការ​ប្រព្រឹត្ដ​ដោយ​ពុំមាន ការរិះគន់។ មួយទៀត គឺដើម្បី​ស្វែងរក​សេចក្ដី​សប្បាយ បំពេញនូវ​សេចក្ដីសុខ​ខាងផ្លូវ​កាម រហូតដល់​អ្នកខ្លះ​ប្រព្រឹត្ដ​ល្បែង​ស៊ីសង​ដើម្បី ស្វែងរក​ទ្រព្យថែម​ទៀតផង។ ប៉ុន្ដែ​បុរស​មួយចំនួន​ជ្រើសរើស​ល្បែង​ទាំងបី​នេះដើម្បី​កែប្រែ​បរិយាកាស បន្ធូរ​អារម្មណ៍ បំបាត់​សេចក្ដី តប់​ប្រមល់ ឬធុញទ្រាន់។ ពេលខ្លះ​ដើម្បី​ដោះស្រាយ​នូវវិបត្ដិ​ផ្សេងៗ ដូចជា​វិបត្ដិ ទំនាស់ ការកើត​មានបញ្ហា​ផ្លូវចិត្ដ​ជាដើម។

ផលប៉ះ​ពាល់​នៃល្បែង​ទាំងបី

ស្រី ស្រា ល្បែង បុរាណ​តែង​ហាមកុំឱ្យ​ប្រព្រឹត្ដ ព្រោះ​ជាល្បែង​ដែលនាំ​មកនូវ​សេចក្ដី​វិនាសយ៉ាង​ពិតប្រាកដ។

1. សេដ្ឋកិច្ច ៖ ជាកត្ដា​ចម្បង​ដែលមាន​គុណវិបត្ដិ​ដោយសារ​ការប្រព្រឹត្ដ​នូវល្បែង​ទាំងបី​នេះ។ ជាធម្មតា​ការចេញ​ទៅសេព កាមខាង​ក្រៅ គ្រឿង​ស្រវឹង និងគ្រឿង​ញៀន តែងតែ​ត្រូវចំណាយ​ទ្រព្យធន​ក្នុងផ្ទះ​ដើម្បី​បំពេញ​តម្រូវការ​ទាំងនោះ។ ប្រសិន​បើការ សេព​គ្រឿង​អបាយមុខ​ទាំងនោះ​កាន់តែខ្លាំង​ក៏នឹងត្រូវ​ចំណាយ​ប្រាក់កាន់​តែច្រើន។ ឯការ​ប្រព្រឹត្ដនូវ​ល្បែង​ស៊ីសង ជាផល​ធ្វើឱ្យ​ខាតបង់ ទ្រព្យ​ធ្ងន់ធ្ងរ​ជាងគេ រហូត​មានលោកអ្នក​ខ្លះបង់​អស់ទ្រព្យ​សម្បត្ដិ​គ្រប់​យ៉ាង ជំពាក់​បំណុល ឬពេលខ្លះ​បែរទៅ​ប្រព្រឹត្ដ​អំពើមិន​ត្រឹមត្រូវ ដូចជា​លួច ឆក់ បោកប្រាស់​ជាដើម ដើម្បី​ដោះស្រាយ​បញ្ហា​ជីវិត និងដោះ​បំណុល។ កម្រនឹង​មានអ្នក​ណាម្នាក់​ប្រកាស​ប្រាប់ថា​ខ្លួនក្លាយ ជាអ្នក​មានដោយ​សារ​ការលេង​ល្បែង​នោះឡើយ។

2. សុខភាព ៖ ការប្រព្រឹត្ដ​កាមគុណ​នឹងស្រី​ខាងក្រៅ និង​សេព​គ្រឿងញៀន​មិនត្រឹម​តែធ្វើឱ្យ​ខាតបង់​ទ្រព្យ​ប៉ុណ្ណោះ​ទេ ថែម ទាំង​ប៉ះពាល់​ដល់សុខភាព​យ៉ាងធ្ងន់​ធ្ងរថែម​ទៀតផង។ តម្រូវការ​ខ្លាំងខាង​ផ្លូវភេទ ហើយញឹក​ញាប់ផង​នោះអាច​ធ្វើឱ្យ​កម្លាំង​ចុះខ្សោយ និង​ប្រឈមមុខ​នឹងជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺស្វាយ មហារីក​ប្រូស្ដាត ជម្ងឺ​អេដស៍​ជាដើម។ សុរាក៏អាច​ធ្វើឱ្យ​មានបញ្ហា​សុខភាព បង្កជាជម្ងឺ បាន ដូចជា​រលាកថ្លើម​ក្រពះពោះ​វៀន ហើយ​ក៏អាចប៉ះ​ពាល់ដល់សតិ​អារម្មណ៍ផងដែរ។ មិនខុស​គ្នានោះ​ដែរ ការលេង​ល្បែងក៏​ធ្វើឱ្យប៉ះ ពាល់​ដល់សុខភាព​ផ្លូវចិត្ដ​ទៅជា​មួម៉ៅខឹង​នៅពេល​ចាញ់ល្បែង។

3. គ្រួសារ ៖ ប៉ះពាល់​ទៅដល់​គ្រួសារ បង្កឱ្យ​កើតទំនាស់ និងអំពើហិង្សា គ្រួសារ​គ្មាន​សុភមង្គល។ ប្រពន្ធ​ប្រច័ណ្ឌប្ដី ដោយ សារស្វាមី​ទៅមានស្រី​ខាងក្រៅផ្ទះ។ បុរសសេព​គ្រឿង​ស្រវឹង និងគ្រឿង​ញៀន​បាត់បង់​ស្មារតី​វាយដំកូន​ប្រពន្ធ។ ស្រា ស្រី ល្បែង ធ្វើឱ្យ គ្រួសារ​គ្មាន​សេចក្ដីសុខ បាត់បង់​អនាគតកូន រហូត​មានការ​លែងលះ​បែកបាក់គ្នា​ថែមទៀត​ផង។

4. សង្គម ៖ មិនអាច​ចៀសផុតពី​ផលប៉ះពាល់​ទៅលើសង្គម​នោះទេ ប្រសិនបើ​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រព្រឹត្ដ​នូវល្បែង​កាម គុណ​ខាង​ក្រៅ សេពសុរា គ្រឿង​ស្រវឹង គ្រឿង​ញៀន ឬលេង​ល្បែង​ស៊ីសង។ ព្រោះថា​បុរសជា​គ្រឹះយ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សង្គម បើបុរស​រវល់តែ​ឈ្លក់វង្វេង​នឹងល្បែង​ទាំងបីនេះ ពួកគេ​មិនមាន​ឱកាសទៅ​បម្រើ​ការងារ និងធ្វើ​តួនាទី​ដែលខ្លួន​ត្រូវបំពេញ​នោះទេ។ ផ្ទុយ​ទៅវិញ​បន្សល់ទុក​ក្នុងសង្គម​នូវជន​ពាលា​អាវាសែ ស្រវឹងខួប អ្នកជម្ងឺ​អេដស៍ និងអ្នក​មានបញ្ហា​ផ្លូវចិត្ដ។ ទីបំផុត​បន្សល់​ទុកនូវ​ស្ដ្រី មេម៉ាយ កុមារកំព្រា​ ឬយុវជន​ដែល​អសមត្ថភាព ជាហេតុ​ធ្វើឱ្យ​បាត់បង់​នូវធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍន៍​សង្គម។

5. កិត្ដិយស ៖ កិត្ដិយស​ផ្ទាល់ខ្លួន​ក៏នឹងត្រូវ​បាត់បង់​ចំពោះ​បុគ្គល​និយម​ស្រី ស្រា ល្បែង​នេះដែរ អ្នកផង​មិនរាប់​រកជា​សន្ដាន ។ ជាងនេះ​ទៅទៀត គេមិន​អាចយក​បុគ្គល​បែបនេះ​ធ្វើជា​សាក្សី​ក្នុងរឿង​ក្ដីក្ដាំ​បានទេ ព្រោះគេ​ចាត់ទុក​មនុស្ស​បែបនេះ​ជាមនុស្ស​ដែល មិនមាន​ការទទួល​ខុសត្រូវ និងម្ចាស់​ការលើ​ខ្លួនឯង។

រូបភាពទស្សនាវដ្តីសុខភាពយើង

បុរស​គួរប្រព្រឹត្ដ​យ៉ាងណា?

មានប្រការ​ងាយៗ​ដែល​បុរសគួរ​ប្រតិបត្ដិ​ដើម្បី​ជួយដល់​ខ្លួនឯង គ្រួសារ និងសង្គម។

  • សម្រាប់​បុរសដែល​មានគ្រួសារ គួរកុំ​ទៅប្រព្រឹត្ដ​កាមគុណ​នៅខាង​ក្រៅផ្ទះ ឬគួរកាត់ប​ន្ថយ តែចាំបាច់​គួរមាន​ការការពារ ឱ្យត្រឹម​ត្រូវ​រាល់ការ​រួមភេទ​(ប្រើស្រោម​អនាម័យ)។​- គួរចៀស​វាងការ​លេង​ល្បែង​គ្រប់​ប្រភេទ​ដែលអាចនាំ​មកនូវ​សេចក្ដី​វិនាស​អន្ដរាយ ខាតបង់​ទ្រព្យសម្បត្ដិ អនាគត និង ពេលវេលា។
  • សុរា គ្រឿងញៀន និងគ្រឿង​ស្រវឹង​គ្រប់ប្រភេទ​ជាវត្ថុ​ដែលមនុស្ស​មិនគួរ​ប្រព្រឹត្ដ ព្រោះអាច​ធ្វើឱ្យ​ប៉ះពាល់​ជាច្រើន​ប្រការ ដូចជា​សុខភាព​ទាំងផ្លូវកាយ និងផ្លូវចិត្ដ។

ដំបូន្មាន​អ្នកប្រឹក្សា

សូម​លោកអ្ន​កជ្រាបថា​បម្រាម​ទាំងបី​ដែលចាស់​បុរាណ​បានហាម​នេះ គឺសុទ្ធតែ​ផ្ដល់នូវ​គុណវិបត្ដិ ហើយដែល​លោកអ្នក ជាពិសេស​បុរសគួរ​ចៀស​វាងកុំ​ប្រព្រឹត្ដ​ដោយ​ប្រការ​ណាមួយ​ឡើយ។ សូម​បុរសទូទៅចងចាំថា​គ្រួសារ​លោកអ្នក​កំពុងរង់ចាំ​លោកអ្នក នៅឯផ្ទះ ហើយ​អនាគត​របស់​លោកអ្នក​ក៏កំពុង​ទន្ទឹងរង់ចាំ​មើលផ្លូវលោកអ្នក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative