ស្ដ្រីមិន​សម្បូរ​ទឹកដោះ ៖ មូលហេតុ និងដំណោះ​ស្រាយ

ទឹកដោះ​ម្ដាយមាន​ប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​ទ្រទ្រង់​រាងកាយ​ទារក​តូចដែល​មិនមាន​លទ្ធភាព​ទទួលយក​ចំណី​អាហារ​បាន។ ស្ដ្រីភាគ​ច្រើនបំបៅ​កូនដោយ​ទឹកដោះ​របស់ខ្លួន​ផ្ទាល់ដោយ​មិនត្រូវ​ការជំនួយ​ពីម្សៅ​ទឹកដោះគោ​ឡើយ។ ប៉ុន្ដែស្ដ្រី​មួយចំនូន​ជួប ប្រទះ​បញ្ហាទឹកដោះ​មិនគ្រប់គ្រាន់​សម្រាប់​ចិញ្ចឹមកូន ឬមិនមាន​ទឹកដោះ​តែម្ដង។ តើមក​ពីហេតុអ្វី​ទៅទើប​ស្ដ្រីទាំង​នោះមិន​សម្បូរទឹក ដោះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពី​ការចេញ​ផ្សាយលេខ​មុនៗ លោកអ្នក​បានទទួល​ជ្រាបរួច​មកហើយ​អំពីសារៈ​ប្រយោជន៍​នៃទឹកដោះ​ម្ដាយ និងការបំ បៅដោះ​ជួយពន្យារ​កំណើត។ ដោយឡែក​សម្រាប់លេខ​នេះ លោកអ្នក​បានជ្រាប​ជាបន្ដទៀត​អំពី​មូលហេតុ​ពិតប្រាកដ​ដែលធ្វើ​ឱ្យស្ដ្រី មួយចំនួន​មិនសម្បូរ​ទឹកដោះ​សម្រាប់​បំបៅកូន តាមរយៈ​ការបក​ស្រាយរបស់​លោកស្រី​វេជ្ជបណ្ឌិត អ៊ូ សារឿន អនុប្រធាន​ផ្នែកសម្ភព នៃមជ្ឈមណ្ឌល​គាំពារ​មាតា និងទារក​លើទំព័រ ទស្សនាវដ្ដី សុខភាពយើង។

ទឹកដោះម្ដាយ​ជាអាហារ​ដ៏ពិសិដ្ឋ

ទឹកដោះ​ម្ដាយជា​អាហារ​ដ៏ពិសេស​ដែលផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹមគ្រប់​បែបយ៉ាង​សម្រាប់​តម្រូវការ​របស់ទារក​ក្នុងរយៈពេល​៤ទៅ៦​ខែដំបូង។ ទឹកដោះ​ម្ដាយផ្ទុក​ទៅដោយ​សារធាតុ​ចិញ្ចឹម​ជាច្រើន។

  • ជាតិ​ប្រូតេអ៊ីន និងជាតិខ្លាញ់​យ៉ាងច្រើន​សម្រាប់​ទារកក្នុង​ចំនួន​សមស្រប​និង​ត្រឹមត្រូវ
  • ជាតិឡាក់តូស​(ជាតិស្ករ​ក្នុងទឹកដោះ)​ច្រើនជាង​ទឹកដោះ​ដទៃទៀត​ដែលជា​តម្រូវការ​របស់ទារក
  • មានជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ទារក​ដោយមិន​ចាំបាច់​ត្រូវបន្ថែម​ជីវជាតិ​ដទៃ​ទៀតទេ
  • មានជាតិ​ដែកគ្រប់គ្រាន់​សម្រាប់​ទារក។ ជាតិដែក​នៅក្នុង​ទឹកដោះម្ដាយ​មិនមាន​ចំនួនច្រើន​លើសលប់ទេ​តែអាច​សមល្មម សម្រាប់ទារក​ដែលមិន​បណ្ដាលឱ្យ​ជួបភាព​ស្លេកស្លាំង​ដែលបណ្ដាលមក​ពីកង្វះសារ​ជាតិដែក។
  • មានសារ​ជាតិទឹក​គ្រប់គ្រាន់ ទោះបី​ជាអាកាសធាតុ​ក្ដៅស្ងួត​យ៉ាងណា​ក៏ដោយ
  • អំបិល​កាល់ស្យូម និងហ្វូស្វាត​ត្រឹមត្រូវ
  • មានអង់ស្ស៊ីមពិសេស​(លីប៉េស)​ដែលជួយ​រំលាយ​ខ្លាញ់។

ទឹកដោះម្ដាយ​មិនគ្រប់​គ្រាន់

មានស្ដ្រី​មិនតិច​នាក់ទេ​ដែលក្រោយ​ពេលសម្រាល​តែងតែ​ពោលថា នាងខ្ញុំ​មិនសូវ​សម្បូរ​ទឹកដោះ ឬមាន​ទឹកដោះ​មិនគ្រប់ គ្រាន់។ នេះជា​បញ្ហាមួយ​ក្នុងចំណោម​បញ្ហាជាច្រើន​ដែលធ្វើ​ឱ្យម្ដាយ​ចង់បំបៅ​កូនដោយ​ដប​ទឹកដោះ​គោ ឬទឹកបបរ​ឆាប់ពេក។ ប្រការ ដែលមាន​ទឹកដោះ​មិន​គ្រប់គ្រាន់​នោះ គឺជាការ​យល់ឃើញ និងការគិត​របស់អ្នកម្ដាយ​តែប៉ុណ្ណោះ។ តាមពិត​ទៅម្ដាយ​ទាំងអស់​អាចមាន ទឹកដោះ​គ្រប់គ្រាន់​សម្រាប់ទារក​របស់គាត់ ទោះបី​ជាទារក​ភ្លោះក៏ដោយ។ សំខាន់គឺ​ស្ដ្រីត្រូវ​មាន​ជំនឿចិត្ដ និងយកចិត្ដ​ទុកដាក់​បំបៅ កូន។ មានបញ្ហា​មួយចំនួន​ដែលធ្វើ​ឱ្យម្ដាយគិត​ថាទឹកដោះ​មិនគ្រប់គ្រាន់ ដែលមាន​ដើមចម​មកពីទារក និងម្ដាយ។

1. បញ្ហា​របស់​ទារក

  • ទារកយំ​ច្រើនជាង​ការគិត​របស់ម្ដាយ និងក្រុម​គ្រួសារ
  • ទារកបៅ​ច្រើនហើយ​ញឹកញាប់​ជាងទារក​ផ្សេងទៀត បើតាម​ការគិត​របស់ម្ដាយ
  • រយៈពេលបៅ​ម្ដងយូរ​លើសពី​១៥ទៅ​២០នាទី
  • ទារកខឹងដោះ​ហើយមិន​ព្រមបៅ​ដោះ
  • ទារកជញ្ជក់​ដៃរបស់វា
  • ពេលឱ្យបៅទឹកដោះគោ​ដោយប្រើ​ដបទារក​ដេកលក់​បានយូរ

2. បញ្ហារបស់​ម្ដាយ

  • ដោះរបស់ម្ដាយ​មិនមាន​ទឹកដោះនៅ​ពេលទារក​កើត​មកភ្លាម
  • ដោះមាន​សភាពទន់​ជាង​ពេលមុន
  • ឈប់ស្រក់​ទឹកដោះ

បញ្ហា​ទាំងអស់​នេះ ជាពិសេស​បញ្ហារបស់​ម្ដាយ អាចកើត​ឡើងដោយ​សារកត្ដា​ចិត្ដសាស្ដ្រ និងកង្វះ​បទពិសោធន៍​ច្រើនជាង។ សូមអ្នក​ម្ដាយទាំងឡាយ​រកជំនួយ​ពីអ្នកមាន​បទពិសោធន៍ ឬគ្រូពេទ្យ​ដើម្បី​បំបៅ​ដោះកូន។ ការសង្កេតថា​ទារកបៅ​គ្រប់គ្រាន់ ឬក៏អត់ ជារឿង​ងាយស្រួល​ទេ អ្នកម្ដាយ​ត្រូវតាមដាន​ការនោម​របស់ទារក។ បើទារក​នោមលើស​ពី៦ដង​ក្នុងរយៈ​ពេល​២៤ម៉ោង ហើយទឹក នោមរបស់​ទារក​មានពណ៌លឿង​ស្រាលនោះ​មានន័យថា​ទារកបៅដោះ​គ្រប់គ្រាន់​ហើយ។ ក្រៅពីនេះ មានការ​រំខានដល់​ការបៅដោះ​កូន មួយចំនួន​ទៀតដែល​កើតមាន​ឡើង​ចំពោះ​ម្ដាយ ដូចជា​ដោះឡើង​ខ្លាំងហើយឈឺ​(លៀសដោះ) ដោះហើម​ខ្លាំងហើយ​ឈឺចុងដោះ ឈឺ ប្រេះលិប ឬចុងដោះ​វែងពេក ទារកមិន​ព្រម​បៅដោះ មានឈាម​នៅក្នុង​ទឹកដោះ​ជាដើម។

ឱ្យមានទឹកដោះ​គ្រប់គ្រាន់

គ្រប់ម្ដាយ​ទាំងអស់​ដែលបំបៅ​កូនដោយ​ទឹកដោះ ចាំបាច់​ត្រូវយល់​ដឹងពីកក្ដា​មួយចំនួន​ដែលអាច​ឱ្យលោកស្រី​មាន​ទឹកដោះ គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម​កូនតូច។ ប្រការ​សំខាន់ពីរ ដែល​ទាក់ទង​ទៅនឹង​ការផលិត​ទឹកដោះ និងស្ថានភាព​បំបៅទារក។

1. ការផលិត​ទឹកដោះ អ្នកម្ដាយ​ត្រូវយល់​ពីឥទ្ធិពល​នៃការជញ្ជក់​ដោះទៅលើ​ការផលិត​ទឹកដោះ។ ប្រសិនបើ​ទារក​ជញ្ជក់ ដោះបាន​ច្រើន ដោះក៏ផលិត​ទឹកដោះ​បានច្រើន​ទៅតាម​នោះដែរ។ បើសិន​ជាទារក​ជញ្ជក់ដោះ​បានតិច ដោះក៏​ផលិតទឹកដោះ​បានតិច ដែរ។ ក្នុងករណី​ដែលទារក​ឈប់ជញ្ជក់​ដោះ ឬមិនដែល​ជញ្ជក់ដោះ​នោះ ដោះនឹង​លែងផលិត​ទឹកដោះ​ទៀតហើយ។ ផ្ទុយទៅ​វិញបើ ម្ដាយមាន​កូនភ្លោះ​ហើយកូន​ទាំងពីរ​ជញ្ជក់ដោះ​នោះ ដោះនឹង​ផលិតទឹកដោះ​បន្ថែមសម្រាប់​តម្រូវការ​របស់កូន​ទាំងពីរ។ ទាំងនេះ​ហៅ ថាការ​ផ្គត់ផ្គង់ និងការ​ទាមទារ។ ដោះផ្គត់ផ្គង់​ទឹកដោះ​ទៅតាម​ការទាមទារ​របស់​ទារក។ អ្នកម្ដាយ​មិនត្រូវព្យាយាម​សន្សំ​ទឹកដោះ​ទុក នោះទេ ព្រោះវា​ធ្វើឱ្យដោះ​ផលិតទឹក​តិចជាងមុន។ សរុបមក​វិញការ​បំបៅដោះ​កូនកាន់តែ​ញឹកញាប់ ការផលិត​ទឹកដោះ​កាន់តែ​ច្រើន ជាពិសេស​ការបំបៅដោះ​កូននៅ​ពេលយប់ ព្រោះក្រពេញ​ភីទីអ៊ិតូរី​បញ្ចេញប្រូឡាក់ទីន​នៅពេលយប់​ច្រើនជាង​នៅពេលថ្ងៃ។ ដើម្បីឱ្យ ម្ដាយមាន​សុខភាព​មាំមួន​ក៏ដូចជា​ជំរុញឱ្យ​ការផលិត​ទឹកដោះ​កាន់តែ​ប្រសើរនោះ អ្នកម្ដាយ​ត្រូវ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ប្រកប ដោយ​ជីវជាតិ។

2. ស្ថានភាព​បំបៅទារក មិនមែន​ឱ្យតែមាត់​ទារកដល់​ដោះសុទ្ធ​តែអាច​បៅបាន​នោះទេ ចាំបាច់​ត្រូវតែ​បំបៅកូន​ក្នុងស្ថាន ភាព​ត្រឹមត្រូវ ដើម្បីឱ្យ​ទារកបៅ​បានឆ្អែត​ស្កប់ស្កល់​(ទារកបៅ​ទាល់តែដេកលក់​ក្នុងខណៈ​ដែលចុង​ដោះម្ដាយ​នៅក្នុងមាត់​នៅឡើយ)។ ស្ថានភាព​ត្រឹមត្រូវ​ក្នុងការ​បំបៅ​ដោះដល់​ទារកមាន ៖

  • ក្បាល និងដងខ្លួនទារកគួរស្ថិតនៅ​បន្ទាត់តែមួយ
  • មុខរបស់ទារកនៅចំពីមុខដោះ ច្រមុះទល់​នឹងក្បាលដោះ
  • ម្ដាយគួរបីទារកឱ្យផ្អឹបនឹងកូន​(បែរមុខរកគ្នា)
  • ប្រសិនបើទារកទើបនឹងកើត អ្នកម្ដាយគួរតែជួយទ្រត្រគាក​របស់ទារក មិនមែន​ទ្រក្បាល​និងស្មាឡើយ
  • ម្រាមដៃរបស់ម្ដាយត្រូវដាក់ចូលនៅផ្នែកខាង​ចុងដង្ហើម ហើយផ្អឹប​ម្រាមដើម្បី​ទ្រគល់​ដោះ និងដាក់ក្នុង​ចន្លោះ​មេដៃ
  • ម្ដាយគួររុញបបូរមាត់ទារកឱ្យប៉ះនឹងចុងដោះ​របស់ខ្លួន​រហូតដល់​ទារកហា​មាត់ធំ ហើយប្រញាប់​ឱ្យទារក​បៅដោះ និងធ្វើ យ៉ាងណា​ឱ្យបបូរ​មាត់ខាងក្រោម​របស់ទារក​ស្ថិតនៅ​ពីក្រោម​ចុងដោះ។

ដំបូន្មានអ្នក​ជំនាញ

គ្រប់ម្ដាយ​ទាំងអស់​គប្បីបំបៅ​កូនដោយ​ទឹកដោះ​របស់ខ្លួន​ជាជាងការ​បំបៅកូន​ដោយដប។ ព្រោះក្រៅ​ពីត្រូវ​ចំណាយប្រាក់ ច្រើនហើយ ជួនកាល​ធ្វើឱ្យត្រូវ​ប្រឈមមុខ​នឹងជម្ងឺ​ផ្សេងៗ​ទៀតផង។ ការបំបៅ​កូនដោយ​ទឹកដោះ​ម្ដាយជា​មធ្យោបាយ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ក្នុង​ការផ្ដល់ឱ្យ​ទារកនូវ​ការថែទាំ និងផ្ដល់នូវ​អាហារ​គ្រប់គ្រាន់​ដែលអាច​ការពារការ​ឆ្លងរោគ និងជម្ងឺនានា​បាន។ គ្មានអ្វី​ដែលអាច​ជំនួស​ទឹកដោះ និងសេចក្ដី​ស្រឡាញ់​របស់ម្ដាយ​បានទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative