របៀប​ព្យាបាល​ដុត​មាត់ស្បូន

ដុត​មាត់ស្បូន ជាវិធីសាស្ដ្រ​មួយក្នុង​ការព្យាបាល​ជម្ងឺមួយ​ចំនួនដែល​បង្កឡើង​នៅមាត់ស្បូន​របស់ស្ដ្រី។ នៅពេល​ឮថាដុតមាត់ស្បូន ស្ដ្រីមួយ​ចំនួនយល់ថា​ជាវិធីព្យាបាល​មួយមាន​គ្រោះថ្នាក់​គួរឱ្យ​ខ្លាចរអា។ ផ្ទុយទៅវិញ​មិនមាន​គ្រោះថ្នាក់​ទេ បើធ្វើ​បានត្រឹម ត្រូវ។ តើហេតុអ្វី​ត្រូវដុត​មាត់ស្បូន?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​គ្លីនិក​នៃសមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជារ៉ាក់ បានផ្ដល់​បទសម្ភាសន៍​ដល់ ទស្សនាវដ្ដី សុខភាពយើង លើប្រធានបទ​វិធីដុត​មាត់ស្បូន​ជូនមិត្ដ​អ្នកអាន​ស្វែងយល់ ជាពិសេស​សម្រាប់ស្ដ្រី​ទាំងឡាយ។

ដុតមាត់​ស្បូន ជាអ្វី?

ដុត​មាត់ស្បូន គឺជាវិធី​សាស្ដ្រព្យាបាល​ជម្ងឺដែលកើត​លើ​មាត់ស្បូន។ ភាគច្រើន​ជាជម្ងឺដែល​កើតឡើង​ពីការ​ប្រែប្រួល​មិន ធម្មតា​របស់កោសិកា​នៃមាត់ស្បូន។ ប្រសិនបើ​និយាយដល់​ការដុត​មាត់ស្បូននេះ ប្រហែល​ជាអ្នកខ្លះគិតថា​វាជាការ​យកភ្លើង​ទៅដុត កម្ដៅ។ តាមការ​ពិត បច្ចេកទេស​នៃការដុត​មាត់ស្បូន​មានពីរ​យ៉ាង គឺការដុត​ដោយវិធី​ត្រជាក់ និងដោយ​វិធីក្ដៅ។

1. ការដុត​ដោយវិធី​ត្រជាក់ ៖ គេប្រើ​ឧបករណ៍​វេជ្ជសាស្ដ្រ​តភ្ជាប់​ជាមួយ​ឧស្ម័នម្យ៉ាង។ នៅពេលដុត គ្រូពេទ្យដាក់ ឧបករណ៍​នោះទៅ​ក្នុង​មាត់ស្បូន ចំកន្លែង​កោសិកា​ដែល​ប្រែប្រួល ឧស្ម័ននោះ​មានភាព​ត្រជាក់ខ្លាំង​អាចធ្វើឱ្យ​កោសិកា​មិនធម្មតា​ត្រូវ បានបំផ្លាញ។

2. ការដុត​ដោយវិធី ក្តៅ ៖ គេប្រើ​ឧបករណ៍​វេជ្ជសាស្ដ្រ​តភ្ជាប់​ទៅចរន្ដ​អគ្គិសនី។ នៅពេល​ដុត គ្រូពេទ្យ​យក​ឧបករណ៍ សម្រាប់​ដុតទៅ​ដាក់នៅ​មាត់ស្បូន។ ឧបករណ៍​នោះអាច​បំផ្លាញ​កោសិកា​មិនធម្មតា ឬកោសិកា​មហារីកបាន។

មូលហេតុដុត​មាត់ស្បូន

ការព្យាបាល​ដោយដុត​មាត់ស្បូន​អាចប្រព្រឹត្ដ​ទៅលើ​ជម្ងឺដែល​កើតឡើង​ធ្វើឱ្យ​មានការ​ប្រែប្រួល​មិនធម្មតា​នៃកោសិកា​មាត់ស្បូន។ នៅពេល​ដែលពិនិត្យ​ឃើញថា​កោសិកា​មាត់ស្បូន​មានលក្ខណៈ​ប្រែប្រួល​មិនធម្មតា​ហើយ គ្រូពេទ្យ​នឹងធ្វើការ​ព្យាបាល​ទៅតាម ការ​ប្រែប្រួល​នោះ។ ករណីនេះ​អាចព្យាបាល​ដោយដុត​មាត់ស្បូន។ ប៉ុន្ដែ​មិនមែន​មានន័យថា​ឱ្យតែ​មានការ​ប្រែប្រួល​មិនធម្មតា​នៃកោ សិកាមាត់​ស្បូនសុទ្ធ​តែត្រូវ​ព្យាបាល​ដោយការ​ដុតទាំងអស់​នោះទេ។ ចាំបាច់​ត្រូវមាន​ការវិភាគ​ពីគ្រូពេទ្យ​ជំនាញ​រកមើលពីកម្រិតនៃ ការប្រែប្រួល​របស់កោសិកា​មាត់ស្បូន​នោះ ព្រោះកម្រិត​នៃការប្រែប្រួល​ខ្លះមិនទាមទារ​ឱ្យធ្វើ​ការដុតទេ។ ជម្ងឺគីស​មាត់ស្បូន និងជម្ងឺ មហារីក​មាត់ស្បូន​សុទ្ធតែ​ជាដើម​ហេតុតម្រូវ​ឱ្យមាន​ការព្យាបាល​ដោយដុត​មាត់ស្បូន។

ជាទូទៅ​ការប្រែប្រួល​កោសិកា​នៅក្នុង​មាត់ស្បូន​មិនអាច​មើលឃើញ​ដោយភ្នែក​ទទេ ឬដោយ​បញ្ចេញ​អាការឱ្យ​ស្ដ្រីនោះដឹង ជាមុន​នោះឡើយ។ ស្ដ្រីអាច​ដឹងថា​កោសិកា​មាត់ស្បូន​មានការ​ប្រែប្រួល​បាននៅ​ពេលមក​ជួបគ្រូពេទ្យ ហើយទាមទារ​ឱ្យមាន​ការស្រាវ ជ្រាវរក​មើលកោសិកា​មហារីក​មាត់ស្បូន ដែលជា​ជម្ងឺមួយ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ជាពិសេស​ស្ដ្រីដែល​មានអាយុ​ចាប់ពី​៣០ឆ្នាំឡើង ទៅ។ ការប្រែប្រួល​កោសិកា​មាត់ស្បូន​នេះក៏​អាចមើល​ដឹងតាមរយៈ​ការយក​រំអិលនៅ​នឹងមាត់ស្បូន​របស់ស្ដ្រី​ទៅវិភាគ​នៅមន្ទីរ​ពិសោធន៍ ផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបថែរក្សាសុខភាព​ក្រោយពេល​ដុតមាត់​ស្បូន

ជាធម្មតា​ក្រោយពេល​ដុតមាត់​ស្បូនហើយ ស្ដ្រីមួយ​ចំនួនមិន​មានអាការ​អ្វីប្រែប្រួល​ជាធំដុំទេ។ ប៉ុន្ដែមាន​ស្ដ្រីមួយ​ចំនួនទៀត មានការ​រំខានខ្លះ​ផងដែរ ដូចជា​មានអារម្មណ៍​ថាឈឺអួលៗ ឬឈឺដូចជា​ស្រមោចខាំ។ ក្រោយពេល​ដុតមាត់​ស្បូន ស្ដ្រីមាន​អាការ​ធ្លាក់ស ច្រើនជាង​ធម្មតា ហើយមាន​សភាពរាវ​ដូចទឹក ព្រមទាំង​មានលាយ​កម្ទេចខ្មៅៗ។ កម្ទេច​ខ្មៅនោះ គឺជាការ​ជ្រុះកម្ទេច​ក្រមររបស់ កោសិកា​មិនធម្មតា​ក្រោយពេល​ដុតបំផ្លាញ។ នៅពេល​មានការ​ធ្លាក់សច្រើន ស្ដ្រីគប្បី​ត្រូវទៅ​ជួបគ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់ ចៀសវាង​ការប្រើប្រាស់​ថ្នាំផ្ដេសផ្ដាស់ និងប្រើប្រាស់​ឧបករណ៍ផ្សេងៗ ដើម្បីបើក​មើលស្បូន។

រយៈពេល​នៃការ​ដុតរហូតដល់​ជាសះស្បើយ​មានរយៈពេល​ពីមួយ​សប្ដាហ៍​ទៅ៤សប្ដាហ៍។ ដូច្នេះក្រោយ​ពេលដុត​មាត់ស្បូន ស្ដ្រីគួរតែ​ខំថែទាំ​សុខភាព។

  • ចាំបាច់​ស្ដ្រីត្រូវ​តមកុំលូក​ប៉ះពាល់​ទៅក្នុង​មាត់ស្បូន ព្រោះមាត់​ស្បូនកំពុង​មានរបួស។ ហាមធ្វើ​អនាម័យ​ដោយយក​ម្រាម ដៃលូក​លាងសម្អាត​ទៅក្នុង​មាត់ស្បូន។
  • ត្រូវតម​ការរួម​ដំណេក ព្រោះអាច​ធ្វើឱ្យ​កោសិកា​ដែលដុត​នោះជ្រុះ​មកមុន​ពេលកំណត់់ ជាហេតុនាំ​ឱ្យមាន​ការធ្លាក់ ឈាម។

ដំបូន្មានអ្នក​ប្រឹក្សា

ស្ដ្រីទាំងឡាយ​ចាប់ពី​អាយុ៣០​ឆ្នាំឡើងទៅ និងធ្លាប់ឆ្លង​កាត់ការ​រួមភេទ គួរទៅ​ជួបពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បីស្រាវ ជ្រាវរក​មើលកោសិកា​មហារីក​មាត់ស្បូន ក៏ដូចជា​ជម្ងឺផ្សេងទៀត​ដែលអាច​កើតឡើង ជាពិសេស​ជម្ងឺកាមរោគ។ ស្ដ្រីគួរ​តាមដាន​សុខ ភាពរបស់​ខ្លួនឱ្យ​បានជា​ប្រចាំយ៉ាង​ហោចណាស់​ឱ្យបានម្ដង​ក្នុងមួយឆ្នាំ ដើម្បីរក​ការព្យាបាល​ឱ្យទាន់​ពេលវេលា។ ព្រោះថា​ជម្ងឺមហារីក មាត់ស្បូន​មកដល់​បច្ចុប្បន្ននេះ ពុំទាន់​មានការ​សិក្សាណា​បញ្ជាក់ពី​មូលហេតុ​ពិតប្រាកដ​ដែលនាំឱ្យ​កើតជម្ងឺ​នេះនៅ​ឡើយទេ។ ថ្វីត្បិតគ្រូ ពេទ្យរក​ឃើញមាន​ការប្រែប្រួល​កោសិកា​នៅមាត់ស្បូន​របស់លោកស្រី​អ្នកនាងកញ្ញា ប៉ុន្ដែសូម​កុំមានការ​ព្រួយបារម្ភ ឬបាក់​ទឹកចិត្ដ ព្រោះថា​ករណីខ្លះ​មិនធ្ងន់ធ្ងរ​ឡើយ អាចព្យាបាល​ជាសះស្បើយ​បាន ឬករណីខ្លះ​អាចជាសះ​ស្បើយដោយ​ឯកឯង។ ស្ដ្រីគួរស្វែង​រកសេវា​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ កុំជឿ​តាម​ពាក្យគេ ព្រោះជម្ងឺ​ខ្លះស្ដ្រីមិន​គួរព្យាបាល​ដោយការ​ដុតមាត់ស្បូន ទេ។ ការដុតមិន​ត្រឹមត្រូវ​អាចឱ្យ​មាន​គ្រោះថ្នាក់ ដូចជា​ការដុត​ជ្រៅពេក ឬដុតមិន​ចំកន្លែង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative