របៀប​ថែរក្សា​សម្រស់​ពេលមាន​ផ្ទៃពោះ

ស្ដ្រីមានផ្ទៃពោះត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហាសម្ផស្សផងដែរ។ នៅក្នុងកំឡុងពេលមានផ្ទៃពោះ ស្ដ្រីភាគច្រើនមានការប្រែប្រួលរូបរាងកាយ និងសម្ផស្ស។ ស្ដ្រីខ្លះ​​​​មាន​​​ចេញ​​​​មុន​​​ជាច្រើននៅលើផ្ទៃមុខ ស្ដ្រីខ្លះទៀតចេញ រមាស់ទៀតផង។ តើស្ដ្រីគួរធ្វើដូចម្ដេចនៅពេលជួបបញ្ហាបែបនេះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​បំបាត់​ចម្ងល់​លើបញ្ហា​នេះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការសម្ភាសន៍​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត សុខា សុធានី ដើម្បីធ្វើ​ការបក​ស្រាយជូន​ប្រិយមិត្ដ​អ្នកអាន ជាពិសេស​សម្រាប់​សុភាព​ស្ដ្រីទាំងឡាយ​ទុកជា​ការស្វែង​យល់។

លក្ខណៈទូទៅរបស់​ស្ដ្រីនៅ​ពេល​មាន​ផ្ទៃពោះ

នៅពេល​មាន​ផ្ទៃពោះ ស្ដ្រីជា​ម្ដាយមាន​អារម្មណ៍​ប្រែប្រួល​ខុសប្លែក​ពីពេល​មិនទាន់​មាន​ផ្ទៃពោះ។ ស្ដ្រីខ្លះ ពេលមាន​ផ្ទៃពោះ ចាប់ផ្ដើម​មានចេញ​រោគសញ្ញា​មួយចំនួន ដូចជាផ្ទៃមុខ​ឡើងជាំ មានមុន​ជាដើម។ ស្ដ្រីខ្លះ​ទៀតមាន​ចេញរមាស់​នៅលើ​ដៃ លើស្បែក លើក លើខ្នង ឬចេញភ្លឺ។ ជួនស្ដ្រី​ខ្លះមាន​ចេញស្នាម​ខ្មៅនៅលើ ក ក្លៀក លើខ្លួន ដៃជើង លើពោះ​ជាដើម​ក៏មាន។ រោគសញ្ញា​ទាំងនេះ កើតឡើង​ដោយសារ​តែការ​វិវឌ្ឍន៍​នៃអរ័ម៉ូន​របស់ស្ដ្រី។

ប្រការត្រូវធ្វើ ដើម្បីរក្សា​សម្រស់ពេល​មានផ្ទៃពោះ

លោកស្រី​អ្នកនាង​មិនបាច់​បារម្ភទេ ព្រោះនៅ​ពេលមាន​ផ្ទៃពោះ ស្ដ្រីមាន​ស្បែក​មិនស្អាត នេះជា​ធម្មជាតិ​របស់​មនុស្សស្រី។ បញ្ហា​ស្នាមខ្មៅ ឬមុនដែល​មាននៅ​លើផ្ទៃមុខ​លោកស្រី​អ្នកនាង​បាត់ទៅ​វិញនៅ​ក្រោយពេល​សម្រាលបុត្រ​រួច។ ប្រការ​សំខាន់ តាម បែប​វេជ្ជសាស្ដ្រ ស្ដ្រីទាំងឡាយ​ត្រូវខិតខំ​ថែរក្សា​សុខភាព​នៅក្នុង​កំឡុង​ពេលមាន​ផ្ទៃពោះ។ សូម​ខិតខំ​ទទួលទាន​អាហារ​តាមដែល​អាច ទទួល​ទានបាន។ ព្រោះនៅ​ក្នុងបី​ខែដំបូង​ស្ដ្រីអាច​ប្រឈមមុខ​នឹងអាការ​ចាញ់កូន ដែលធ្វើ​ឱ្យស្ដ្រី​មិនសូវ​ទទួលទាន​អាហារ​បានច្រើន ដោយសារ​មានអាការ​ក្អួតចង្អោរ។ ដើម្បី​ទប់ទល់​នឹងការ​ក្អួតចង្អោរ សូមលោក​ស្រីអ្នកនាង​គួរទទួល​ទានអាហារ​តិចៗ តែត្រូវ​ឱ្យច្រើន ដង។ នៅខែទីបី ឬចុងត្រី​មាសទី១ ប្រសិនបើ​លោកស្រី​អ្នកនាង​បរិភោគអ្វី​មិនបាន គួរទទួល​ទានបន្លែ ឬអាហារ​ណាដែល​សម្បូរ វីតាមីនច្រើន ប្រយោជន៍​ជំនួស​អាហារ​ទាំងនោះ​វិញ។ ឧទាហរណ៍ បើលោកស្រី​អ្នកនាង​មិនអាច​ទទួលទាន​សាច់បាន លោកស្រី​អ្នកនាង គួរទទួល​ទានទឹក​សណ្ដែក​ជំនួស ព្រោះសណ្ដែក​សម្បូរជាតិ​ប្រូតេអ៊ីន​(ជាតិសាច់)​ច្រើនអាច​ជួយទំនុក​បម្រុងដល់​សុខភាព​ម្ដាយ និង ទារក​ក្នុងផ្ទៃ។

នៅពេល​ចូលដល់​ត្រីមាសទីពីរ និងទីបី ស្ដ្រីចាប់ផ្ដើម​ឈប់ចាញ់​ហើយ គាត់អាច​ចាប់ផ្ដើម​ទទួលទាន​អាហារ​បានច្រើន មាន សាច់ឈាម​ភ្លឺថ្លាល្អ។ ពេលនោះ​លោកស្រី​អ្នកនាង​គួរខិតខំ​ទទួលទាន​បន្លែឱ្យ​បានច្រើន ព្រោះវា​ធ្វើឱ្យ​ស្បែកស្អាត និងនៅ​ក្រោយពេល សម្រាល​បុត្រ លោកស្រី​អ្នកនាង​នឹងមិន​មានបញ្ហា​សង្វារ​ទៀតទេ។ លើសពី​នេះលោកស្រី​អ្នកនាង​នឹងមិនធាត់ និងលើស​ទម្ងន់ ដែលជា ការត្រឹមត្រូវ ស្ដ្រីមាន​ផ្ទៃពោះ​មិនគួរ​ឡើងទម្ងន់​លើសពី១២​គីឡូក្រាមទេ ហើយស្បែក​លោកស្រី​អ្នកនាង និងបុត្រស្អាត​ផូរផង់​ទៀតផង។

គួរទទួល​ទានអាហារ​ឱ្យបាន​ត្រឹមត្រូវ និងប្រកប​ដោយ​អនាម័យ ដើម្បី​ជាជំនួយ​ក្នុងការ​ថែរក្សា​សម្ផស្ស។ ជាអាទិលោក ស្រីអ្នកនាង​អាចទៅ​ស្ដាប់ភ្លេង ឬទៅ​កម្សាន្ដនៅ​រមណីយដ្ឋាន​នានា​ជាមួយ​គ្រួសារ ព្រោះ​ដើម្បីឱ្យ​លោកស្រី​អ្នកនាង​មានអារម្មណ៍​ល្អ និងជួយ​កាត់បន្ថយ​នូវអារម្មណ៍​តានតឹង​បានមួយ​ចំនួន​ផងដែរ។

ប្រការគួរ​ចៀសវាង ដើម្បីថែរក្សា​សម្រស់ពេល​មាន​ផ្ទៃពោះ

ស្ដ្រីមាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​ថ្នាំសម្រាប់​ព្យាបាលមុន ឬព្យាបាល​ផ្ទៃមុខ តាមរយៈ​ការលេប​ឡើយ។ ប៉ុន្ដែ​លោកស្រី អ្នកនាង​អាចប្រើជា​ឡេសម្រាប់​លាបលើ​ស្បែកពី​ខាងក្រៅបាន។ ទោះជា​លោកស្រី​អ្នកនាងកើត​មុនធំៗ​នៅលើ​ផ្ទៃមុខ ក៏មិនគួរ​ញិចដែរ ព្រោះអាច​នាំឱ្យមុន​ក្លាយទៅ​ជាដំបៅ​អាចឈាន​ដល់ការ​ព្យាបាល​ដោយថ្នាំផ្សះ។ ការព្យាបាល​ដោយថ្នាំផ្សះ​អាចនាំ​ឱ្យប៉ះពាល់​ដល់ទារក ក្នុងផ្ទៃ។ ប្រសិន​បើមាន​លទ្ធភាព លោកស្រី​អ្នកនាង​អាចអញ្ជើញ​ទៅពិគ្រោះ​ជាមួយ​អ្នកជំនាញ​ផ្នែក​សម្ផស្ស ឬគ្រូពេទ្យ​ជម្ងឺសើស្បែក ដើម្បីទទួល​បានការ​ប្រឹក្សា និងការ​ព្យាបាល​បាន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បទពិសោធន៍​របស់អ្នក​ប្រឹក្សា

បើតាម​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់លោកស្រី​វេជ្ជបណ្ឌិត សុខា សុធានី និងបទពិសោធន៍​ការងារ​ជួប​ជាមួយ​អ្នកជម្ងឺ លោក ស្រីវេជ្ជបណ្ឌិត​យល់ឃើញ​ថាស្ដ្រី​មានផ្ទៃ​ពោះខ្លះ​មិនមាន​ការតម​អាហារទេ គឺទទួលទាន​អាហារ​តាមក្បួន​វេជ្ជសាស្ដ្រ។ ក្រោយពេល សម្រាល​បុត្របាន​មួយសប្ដាហ៍ ឬមួយខែ ផ្ទៃមុខ​ដែលធ្លាប់​មានមុន និងស្នាមខ្មៅ ដែលកើត​នៅលើ​ក្លៀក ឬក ចាប់ផ្ដើម​បាត់អស់ ហើយ សង្វារក៏​បាត់វិញ​ខ្លះៗដែរ។ ដូច្នេះ​លោកស្រី​អ្នកនាង​កុំបាច់​បារម្ភអី សំខាន់​ត្រូវ​សម្រាក និងទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ជាពិ សេស​អាហារ​សម្បូរ​ជាតិដែក ដូចជាថ្លើម សាច់ត្រី ឬវីតាមីន។ ព្រោះវា​សុទ្ធតែ​អាចជួយ​រំលាយឈាម​ដែលកក​នៅលើស្បែក​មុខបាន ហើយស្បែក​ចាប់ផ្ដើម​ស្អាតបន្ដិច​ម្ដងៗ រហូតឈាន​ទៅរក​សភាព​ដើមវិញ។

ដំបូន្មាន​អ្នកប្រឹក្សា

នៅពេល​មានផ្ទៃពោះ លោកស្រី​អ្នកនាង​មិនគួរឱ្យ​ឡើងទម្ងន់​ច្រើនពេក​នោះទេ ព្រោះបើ​លោកស្រី​អ្នកនាង​ធាត់ហួស ធ្វើ ឱ្យលោកស្រី​អ្នកនាង​អាចជួប​បញ្ហានៅ​ពេលសម្រាល និងបែក​សង្វារលើ​ស្បែកក្រោយ​ពេលសម្រាល។ លោកស្រី​អ្នកនាង​គួររក្សា ទម្ងន់ឱ្យ​ឡើងបន្ដិច​ម្ដងៗបាន​ហើយ។ នៅក្រោយ​ពេល​សម្រាលបុត្រ អ្នកម្ដាយ​ច្រើនប្រឈម​មុខនឹងបញ្ហា​បែកសង្វារ​នៅលើ​ភ្លៅ ក្បាល ពោះ សុដន់ និងជាំមុខ។ ដូច្នេះក្រោយ​ពេល​សម្រាលបុត្រ លោកស្រី​អ្នកនាង​គួរខំ​ទទួលទាន​ចំណីអាហារ​ដែលមាន​ជីវជាតិ​ឱ្យ​បានច្រើន ជាពិសេស​អាហារ​ដែលសម្បូរ​ទៅដោយ​ជាតិប្រូតេអ៊ីន និងជាតិដែក ដើម្បីឱ្យ​ខួរឆ្អឹងខ្នង​បង្កើតនូវ​គ្រាប់ឈាម​ក្រហម​ឡើងវិញ។ ព្រោះ នៅពេល​សម្រាល ស្ដ្រីបាន​បាត់បង់​ឈាម​យ៉ាងច្រើន។ ការទទួល​ទានជាកត្ដា​ល្អមួយ​ជម្រុញឱ្យ​ស្បែករបស់​លោកស្រី​អ្នកនាង​វិលទៅរក សភាព​ដើមវិញ មានន័យថា​ស្បែកលោក​ស្រីអ្នកនាង​ស្អាតដូច​ដើមវិញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative