ម៉ាស្សាដៃ​ជើងឱ្យ​ស្រឡូន

សម្រស់​ស្រស់ស្អាត​នៃរាងកាយ គឺជាភាព​សំខាន់​សម្រាប់​សុភាពនារី​ទាំងឡាយ​ដែលប្រាថ្នា​ចង់បាន ជាពិសេស​នោះ គឺដៃ ជើងស្រឡូន​ស្អាត។ បើដៃជើង​មានភាព​ស្រឡូន សស្រស់ស្អាត ទន់ល្មើយ កាន់តែ​ធ្វើឱ្យ​លេចចេញ​សោភ័ណភាព និងសម្រស់រាង កាយរបស់​អ្នកនាង​កាន់តែ​ប្រសើរឡើង។ ទោះបី​ជាសម្រស់​រាងកាយ​របស់អ្នកនាង​ស្រស់ស្អាត​ហើយក៏​ដោយ ទាមទារឱ្យ​មានការ​ថែរក្សា​ជាប្រចាំ​ផងដែរ គ្រាន់តែតិច ឬច្រើនតែ​ប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ធម្មជាតិ​បង្កើតមនុស្ស​មកមិន​ដូចគ្នា​នោះទេ អ្នកខ្លះ​កើតមក​មានសម្រស់​រូបរាងកាយ​ស្រស់ស្អាត សម្បុរសម៉ដ្ឋខៃ រាងតូច​ច្រឡឹង​ដោយមិន​បាច់ធ្វើ​ការកែ​ច្នៃអ្វី​នោះទេ។ អ្នកខ្លះ​កើតមក​មានសភាព​រាងកាយ​មិនល្អ​ផូផង់ មានដៃជើង​មិនស្អាត ស្បែក​ជ្រីវជ្រួញ និងសម្បុរខ្មៅ ដែលមិន​ជាទីពេញ​ចិត្ដរបស់​អ្នកផង។ ប៉ុន្ដែ​លោកអ្នក​កុំអស់​សង្ឃឹម គឺមានវិធី​អាចធ្វើការ​កែច្នៃឱ្យ​ដៃជើង​របស់លោក អ្នកមានភាព​ស្រស់ស្អាត​ជានិច្ច។ អ្នកជំនាញ​នៅហាង​កែសម្ផស្ស​ឡាលីនប៊ីយូធីឃែរ៍ នឹងធ្វើការ​បកស្រាយ​ពីរបៀប​ម៉ាស្សា​ដៃជើង តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ម៉ាស្សា ជាអ្វី?

ពាក្យថា​ម៉ាស្សា​នៅពេល​នេះ គឺជាការ​ធ្វើសរសៃ ឬការ​ធ្វើចលនា​នៅលើដៃ​ជើង​យើងឱ្យ​មានភាព​ស្រស់ស្អាត។ ម៉ាស្សាចែក ចេញជា​ច្រើន​ប្រភេទ ដូចជា​ការម៉ាស្សា​ដៃជើង​ឱ្យស្រឡូន​ដោយប្រើថ្នាំ ឬផលិតផល​ជាដើម។ សុភាពនារី​ដែលចង់​បានឱ្យ​ស្បែកសទន់ រលោង អាចទៅ​ហាងកែសម្ផស្ស​ដែលមាន​ថ្នាំសម្រាប់​ធ្វើឱ្យ​ស្បែកស បំបាត់ការ​ជ្រីវជ្រួញ ដែលគេ​ប្រើទៅតាម​ប្រភេទស្បែក។ សូម ប្រយ័ត្ន ព្រោះការ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​អាចធ្វើ​ខូចស្បែក​បាន។

ប្រភេទដៃជើង​ដែលអាច​ម៉ាស្សា

ទាក់ទង​នឹងការ​ម៉ាស្សា មានដូចជា​ម៉ាស្សា​សរសៃដៃ​សរសៃជើង ម៉ាស្សាស្បែក​ដៃ ឬម្រាមដៃ​ឱ្យមានភាព​រលូន​ស្រស់ស្អាត។ ជាអាទិ​សុភាពនារី​មួយចំនួន​ដែលមាន​បញ្ហា ដូចជាស្បែក​មិនស្អាត ក្រិន ស្បែក​គគ្រើម ជ្រីវជ្រួញ ឬខ្មៅ អាចធ្វើឱ្យ​ស្រស់ស្អាត​បាន ដោយ​ប្រើរយៈ​ពេលតិច​បំផុត។ ក្នុងករណី​ដែលអ្នកនាង​កញ្ញាធ្វើ​ការច្រើន ការងារ​ដែលធ្ងន់ៗ​បណ្ដាលឱ្យ​ដៃជើង​រីកធំៗ​នោះ មិនអាច ធ្វើឱ្យទៅ​ជាតូច​បាននោះទេ។ សំខាន់​បំផុតនោះ គឺឋិត​នៅលើស្បែក​របស់អ្នកនាង​ថាទន់ ឬអត់ដែរ ដែល​ទាមទារ​ឱ្យមាន​ការចាប់ អារម្មណ៍​ចំពោះ​បញ្ហា​ទាំងអស់​នេះ និងដែល​ទាក់ទង​នឹងសម្រស់​រូបរាងកាយ​របស់អ្នក​នាងកញ្ញា។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបធ្វើ​ម៉ាស្សា

ការម៉ាស្សា​សរសៃដៃ​សរសៃជើង គឺជាការ​ប្រើប្រេង​លាបនៅលើ​ដៃជើងដែល​ជួយសម្រួល​ដល់សរសៃដៃ​សរសៃជើង​ឱ្យដើរ ស្រួល ជួយបំបាត់​ស្ដ្រេស្ស និងធ្វើឱ្យ​សរសៃដៃ​ជើងរាបស្មើ​ស្អាត។ ឯការ​ម៉ាស្សា​សាច់ដៃ​ជើងឱ្យ​ទន់រលោង គេប្រើ​ផលិតផល​បីយ៉ាង សម្រាប់លាប គឺក្រាប​(ផលិតផលសម្រាប់​ខាត់ស្បែកម្យ៉ាង) ម៉ាស និងឡេ។ ត្រូវយក​ផលិតផល ទាំងបី​នេះទៅ​លាបលើ​ដៃជើង ដោយ​ចំណាយរយៈ​ពេលមួយម៉ោង។

គុណសម្បត្ដិ​របស់​ម៉ាស្សា

ការម៉ាស្សា​នេះធ្វើឱ្យ​សម្រស់ដៃ​ជើងរបស់​លោកអ្នកល្អពិតៗ​ដូចបំណង គឺស្បែកមាន​ពន្លឺ និងបំបាត់​ភាពរឹង​គ្រប់​បែបយ៉ាង។ ជាទូទៅ ផលិតផល​ទាំងនេះ​មិនមាន​ផលប៉ះពាល់​ដល់សុខភាព​ឡើយ។ ការម៉ាស្សា​ធ្វើឱ្យស្បែក​ទន់រលោង ភ្លឺ សម៉ដ្ឋខៃ មាន​សំណើម ហើយទន់ ជួយ​ការពារ​ភាពជ្រីវជ្រួញ​បានទៀត​ផង។ នៅពេល​ដែលស្បែកទន់​រលោងស្អាត ជួយធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ និងមាន រស្មីនៅ​ក្នុងជីវិត។

គុណវិបត្ដិ​របស់​ម៉ាស្សា

បើម៉ាស្សា​ហើយ ស្បែក​លោកអ្នក​ស្អាត​ផូផង់ តែមិន​មានវិធី​ការពារ មិនបាន​ប្រើឡេ​ការពារ ដោយនៅ​តែធ្វើ​ការងារ​ធ្ងន់ ប៉ះពាល់​ដល់ស្បែក​នោះ ភាពក្រិន ជ្រីវជ្រួញ នឹងត្រឡប់​មករក​ភាពដើម​វិញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបថែរក្សា​ក្រោយ​ពេលម៉ាស្សា​រួច

លោកអ្នក​ត្រូវលាប​ឡេការ​ពារជា​ប្រចាំ ដោយប្រើ​ឡេម័រសឺ​រាយស័រ គឺឡេផ្ដល់​សំណើម។ ព្រោះដៃ​ជើងរឹង ហើយក្រិន បើ ប្រើឡេ​សំណើម​ជារៀងរាល់​យប់ វាផ្ដល់​សារធាតុ​បម្រុងស្បែក ពេលភ្ញាក់​ពីដំណេក​ឡើង នឹងឃើញ​ស្បែកទន់​ល្មើយតែម្ដង។ នៅពេល លាប គឺត្រូវងូត​ទឹកឱ្យស្អាត​ជាមុនសិន ទើបចាប់​ផ្ដើមលាបឡេ​សំណើម​នេះតែម្ដង។ វានឹង​ជួយការពារ​ស្បែករបស់​លោកអ្នក​បានគ្រប់ ពេល។ ប្រការ​មួយទៀត​ដែលគួរ​តែការពារ គឺពេលដើរ​ហាលថ្ងៃ ត្រូវមាន​ប្រដាប់​ការពារកុំ​ឱ្យត្រូវ​កម្ដៅថ្ងៃ​ខ្លាំងពេក និងពេលចូល កន្លែង​ម៉ាស៊ីន​ត្រជាក់ ត្រូវលាប​ឡេសំណើម​ការពារ​ជាមុនសិន ព្រោះធាតុ​ត្រជាក់ធ្វើ​ឱ្យស្បែក​របស់​យើងស្ងួត។

ដំបូន្មាន​អ្នក​ជំនាញ

ការថែ​ទាំដៃជើង គឺអាស្រ័យ​នៅលើសាម៉ីខ្លួន ដែលត្រូវ​មានវិធាន​ការក្នុងការ​ថែរក្សា​ជារៀង​រាល់ថ្ងៃ។ បើ​ស្រឡាញ់​ខ្លួន ស្រឡាញ់​សម្រស់ សុភាពនារី​ទាំងអស់​ពិតជា​ធ្វើបាន​តាមប្រការ​ដែលបាន​រៀបរាប់​ខាងលើ។ ពិសេស​នោះ គឺសុភាពនារី​គ្រាន់តែលាប ឡេផ្ដល់​សំណើម​ជាទម្លាប់​នៅរាល់​ពេលចូល​គេង។ ចៀសវាង​ការប្រើបាន​តែមួយរយៈ ហើយក៏​ឈប់លាប​នោះ គឺមិនមាន​លទ្ធផលទេ ផ្ទុយ​ទៅវិញ រិតតែ​ធ្វើឱ្យស្បែក​របស់អ្នក​កាន់តែមាន​បញ្ហាថែម​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative