គ្រោះ​ធម្មជាតិ​អាចកើត​មានពេល​ចូលឆ្នាំ​

សប្បាយ​អាចក្លាយ​ជាទុក្ខ​។ នៅ​ពេលមាន​ពិធីបុណ្យ​ម្តងៗ​តែងតែ​មានគ្រោះ​ថ្នាក់ចរាចរណ៍​កើតមាន​ឡើងជា​ច្រើនករណី។ ​នៅឆ្នាំនេះ​អាចមាន​គ្រោះ​ធម្មជាតិ​កើតឡើង​ចំពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ ដែលនឹង​ឈានចូល​មកដល់​នាពេល​ស្អែកនេះ​។ គេហ​ទំព័រ សុខ​ភាព​កម្ពុជា សូម​ចូលរួម​អំពាវ​នាវនិង​សូមឲ្យ​ប្រជាពលរដ្ឋ​ខ្មែរមាន​សេចក្តីសុខ​ សប្បាយរីករាយ​ និង​សុវត្ថិ​ភាព។

រូបភាពអ៊ីនធឺណេត

កាលពី​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១២​ ក្រសួង​ធនធាន​ទឹក ​និងឧតុ​និយម​បានចេញ​សេចក្តី​ប្រកាស​មួយ ​ជូនដំណឹង​ដល់ប្រជា​ពលរដ្ឋខ្មែរ​ និងអាជ្ញាធរ​ដែនដី​។ សេចក្តី​ជូនពត៌មាន​នោះ មាន​ខ្លឹមសារ​ថា បន្ទាប់​ពីធ្វើការ​សង្កេត​ តាមដាន​ជាប់ជា​ប្រចាំលើ​ស្ថានភាព​អាកាសធាតុ​រួចមក​ ឃើញថា​នៅក្នុង​រយៈពេល​ ៤ថ្ងៃ​ ចាប់តាំង​ពីថ្ងៃទី​១១ ​ដល់ថ្ងៃ​ទី១៤​ ខែមេសា​ ឆ្នាំ២០១២​នេះ ស្ថាន​ភាពអាកាស​ធាតុនឹង​មានការ​ប្រែប្រួល​លឿន​ ដែលបង្កើត​ឲ្យមាន​បាតុភូត​ភ្លៀង ផ្គរ​ រន្ទះ និង​ខ្យល់បោក​បក់កន្ទ្រាក់​ខ្លាំង​ (Thunderstorm)​ ជាពិសេស​នៅពេល​រសៀល​ និង​ពេលយប់​។ បាតុភូត​នេះអាច​កើតមាន​ច្រើននៅ​តំបន់​មាត់សមុទ្រ​ (ខេត្តកោះកុង​ កែប​ កំពត​ និងខេត្ត​ព្រះសីហនុ​) តំបន់​ភាគ​ឦសាន​ (ខេត្ត​មណ្ឌល​គីរី ខេត្ត​រតនៈគីរី​) និងតំបន់​ទំនាប​កណ្តាល​ភាគខាង​កើត ​(ខេត្តស្វាយ​រៀង ខេត្ត​ព្រៃវែង​)។

សេចក្តី​ប្រកាស​បានក្រើន​រំលឹកទៀត​ថា ក្រុមហ៊ុន​ទេសចរណ៍​ និងប្រជា​ពលរដ្ឋ​ទាំងអស់​ ជាពិសេស​អាជ្ញាធរ​ខេត្តទាំង​៤នៅតាម​ឆ្នេរ​សមុទ្រ​ ត្រូវមាន​វិធានការណ៍​ម៉ឺងម៉ាត់​បំផុត​ ដើម្បី​ទប់ស្កាត់​រាល់ការ​ធ្វើដំណើរ​តាមសមុទ្រ​នៅពេល​រសៀល​ និងយប់​ចាប់ពី​ម៉ោង២​រសៀល​ រហូត​ដល់ម៉ោង​៥ព្រឹក​។ គួររំលឹក​ផងដែរ​ថា នៅ​លើពិភពលោក​យើងនេះ​ មានគ្រោះ​ធម្មជាតិ​ជាច្រើន​ដែលតែង​តែកើត​មានឥត​ឈប់ឈរ​ ដូចជា​ ព្យុះ​រលក​រញ្ជួយ​ដីស៊ូណាមិ​ ដែលបាន​កើតមាន​ និងបាន​សម្លាប់​មនុស្ស​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ និងបាន​បំផ្លាញ​ទ្រពសម្បត្តិ​អស់ជា​ច្រើនកាល​ពីឆ្នាំ​២០០៤​ និង គ្រោះ​ធម្មជាតិ​ធំមួយ​ទៀតពី​ខ្យល់ព្យុះ​នេះផង​ដែរកាល​ពីឆ្នាំ​២០១១​ទៅលើ​ប្រទេសជប៉ុន​ជាដើម​។ សូមបញ្ជាក់​ផងដែរ​ថា គ្រោះ​ធម្មជាតិ​អាចកើត​មានជាយ​ថាហេតុ ​ដោយលោកអ្នក​ពុំអាច​ដឹងបាន​មុននោះទេ​។ ដូច្នេះដើម្បី​សុវត្ថិភាព​ លោក អ្នកនាង​កញ្ញា ដែលធ្វើ​ដំណើរទៅ​កម្សាន្តនៅ​តំបន់មាត់​សមុទ្រ​ តំបន់ខ្ពង់​រាប តំបន់​ទំនាប​កណ្តាល​ ដែលដូចមាន​ជម្រាបជូន​ខាងលើ សូម​រក្សាការ​ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់​ ចៀសវាង​គ្រោះអាសន្ន​ និង​គ្រោះថ្នាក់ផ្សេងៗ​កើតមាន​ឡើង។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ១២ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative