របៀប​តុបតែង​ភ្នែក

ភ្នែកមួយ​គូ​លេចធ្លោ​ត្រូវពឹងផ្អែក​ទៅលើ​ការតុបតែង​ត្របកភ្នែក​ដើម្បីឱ្យ​មានភាព​ស្រស់ស្អាត។ ការ​តុបតែង​ភ្នែកឱ្យ​ស្រស់ ស្អាតបាន​ទាមទារ​ឱ្យមាន​វិធីសាស្ដ្រ​ក្នុងការ​តុបតែង​មិនអាច​ធ្វើស្រេច​តាមតែការ​នឹកឃើញ​នោះទេ។ ទាំងនេះ​ក៏អាស្រ័យ​ទៅតាម​ស្ថាន ភាពភ្នែក​របស់សុភាព​នារីផ្ទាល់​ផងដែរ ទើបធ្វើ​ឱ្យការ​តុបតែង​នេះទទួល​បានលទ្ធផល​ល្អ។ តើគួរ​តុបតែង​ភ្នែកបែប​ណាទើប​អាចស្រស់ ស្អាត​បាន?

រូបភាពទស្សនាវដ្តីសុខភាពយើង

ចម្ងល់​របស់សុភាព​នារី​ស្ដីពី​ការតុបតែង​ភ្នែក បានបក​ស្រាយដោយ​កញ្ញា ទូច សុគន្ធា អ្នកជំនាញ​នៅហាងកែ​សម្ផស្សម្កុដ មាស​តារា​ពិភពលោក​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ភ្នែកជាដួង​ព្រលឹង

ចំពោះ​មនុស្សស្រី មុនដំបូង​បង្អស់ត្រូវ​និយាយដល់​ភ្នែក​មួយគូ មាន​តម្លៃដូច​គ្រាប់ពេជ្រ​មួយគូ។ ភ្នែកស្អាត​ហើយចម្លែកអស្ចារ្យ ព្រោះភ្នែក​មួយគូ​អាចសម្ដែង​ជួសយើង​នូវអ្វីៗ​ទាំងអស់​ដែលចង់​និយាយ ឬមិនចង់។ មិនតែ​ប៉ុណ្ណោះ​ភ្នែកអាច​ឱ្យយើង​មើល ឃើញនូវ​អ្វីដែល​នៅក្នុង​រង្វង់ភ្នែក​គូសង្សារ ឪពុកម្ដាយ និងមិត្ដភក្ដិ​របស់យើង។

ការតុបតែង​ភ្នែក

ការតុបតែង​មុខជា​កត្ដាចម្បង​មួយក្នុង​ការលើក​សម្រស់ស្ដ្រី។ ការតុបតែង​ទាមទារ​ធ្វើនៅ​គ្រប់ផ្នែក​ទាំងអស់​នៅលើ​ផ្ទៃមុខ រួមទាំង​ភ្នែក​ផងដែរ។ ដើម្បីឱ្យ​បានកែវភ្នែក​មួយគូ​លេចធ្លោ​និង​ស្រស់ស្អាត ជាជំហាន​ដំបូងសុភាព​នារីត្រូវ​ដឹងពី​ស្ថានភាព​ភ្នែកខ្លួនឯង ទីកន្លែង​ដែលត្រូវ​ចូលរួម និងពេល​វេលាក៏​សំខាន់មួយ​ចំណែក​ផងដែរ។ ការតុបតែង​ភ្នែករួម​មានការ​ផាត់ត្របក​ភ្នែកខាង​លើ និង ត្របក​ភ្នែក​ខាងក្រោម រោមភ្នែក​ព្រម​ជាមួយការគូស​រឹមភ្នែក​ផងដែរ។ ជាទូទៅ​ការផាត់​ត្របកភ្នែក​ទាំងលើ និងក្រោម អាចធ្វើទៅ បានអាស្រ័យ​ទៅតាម​ស្ថានភាព​ភ្នែក។ ជាអាទិ​ក្នុងករណី​សម្រាប់អ្នក​ដែលមាន​ភ្នែកតូច គួរតែ​ផាត់ពណ៌​ដិតបន្ដិច ទើបអាច​លើកភ្នែក ឱ្យគន្លាក់​ភ្នែកមាន​រាងធំបន្ដិច រួមជាមួយ​បច្ចេកទេស​នៃការបិត​ត្របកភ្នែក​ដើម្បីឱ្យ​មានភាព​ទាក់ទាញ ហើយបន្ថែម​ម្សៅស្អិត និងការ គូសរឹម​ភ្នែកឱ្យ​មានចេញ​មកក្រៅ​បន្ដិចផងដែរ។ ចំណែក​អ្នកមាន​ភ្នែកធំ អាចផាត់​បានទាំង​ពណ៌ស្រាល និងពណ៌ដិត​ដែលសុទ្ធ​តែជួយ ឱ្យភ្នែក​ស្រស់ស្អាត​ដូចគ្នា​ទាំងអស់។ រីឯការ​ផាត់ភ្នែក បើលោក​ស្រីអ្នកនាង​កញ្ញាចង់ផាត់​តាមពណ៌​ធម្មជាតិ​គប្បី​ជ្រើសរើស​ពណ៌ទឹក ក្រូច ពណ៌ផ្កាឈូកខ្ចី ពណ៌សូកូឡាខ្ចី និងពណ៌លឿងខ្ចី បន្ទាប់មក​ត្រូវផាត់​លាយជាមួយ​ពណ៌សូកូឡា​ផាត់ឱ្យ​សព្វ​រង្វង់ភ្នែក។ ប្រសិនបើ លោកស្រី​អ្នកនាងកញ្ញា​ចង់ឱ្យ​មើលទៅ​មានភាព​សិចស៊ី​គប្បីបន្ថែម​ស្រមោល​ពណ៌ក្រហម ឬពណ៌ផ្កាឈូក​ព្រឿងៗ​បន្ដិច ទើបភ្នែក​មើល ទៅមាន​ភាព​ទាក់ទាញ។ បើមិន​ដូច្នោះទេ អាចផាត់តែ​មួយពណ៌​ក៏បាន គឺប្រើពណ៌ខ្មៅ ប្រសិន​បើមិត្ដ​នារីស្ថិត​នៅវ័យ​ចំណាស់​បន្ដិច គួរ ប្រើពណ៌​សូកូឡាទើប​មើលទៅ​ស្រស់ស្អាត។ ចំពោះការ​គូសត្របក​ភ្នែកខាង​ក្រោមក៏ដូចគ្នា​ដែរត្រូវ​ផ្ចិតផ្ចង់​បន្ដិចទើប​ស្អាត។ បើភ្នែក តូច ត្រូវលួច​គូស​មកក្រៅ​បន្ដិច ផ្ទុយទៅ​វិញបើ​ភ្នែកធំ ត្រូវគូស​ចូលក្នុង​បន្ដិច នោះសម្រស់​និងលេច​ធ្លោមួយ​កម្រិតទៀត។

ដំបូន្មានអ្នក​ជំនាញ

ការតុបតែង​ភ្នែកក៏​ត្រូវពឹងផ្អែក​ផងដែរ​ទៅលើ​ពណ៌សម្លៀក​បំពាក់ និងពណ៌ក្រែម​លាបបបូរ​មាត់ ទាល់តែ​ទាំងបី​ផ្នែកនេះ ស៊ីសង្វាក់​គ្នាទើប​មើលទៅ​ស្រស់ស្អាត​បាន។ បើលោក​ស្រីអ្នក​នាងកញ្ញា​មិនមាន​សមត្ថភាព​អាចតុបតែង​ដោយខ្លួន​ឯងទេ គួរតែ​រកអ្នក ជំនាញ​ជាជំនួយ​ទើបបាន បើមិន​ដូច្នោះ​ទេ កែវភ្នែក​ទាំងគូ​របស់លោកស្រី​អ្នកនាងកញ្ញា​នឹងក្លាយ​ទៅជាភ្នែក​ខ្មោចមិន​ខានឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative