ពេជ្រ សុគន្ធា សុខភាព​​​ល្អ ទើប​​​ការងារ​​​ជោគ​​​ជ័យ

តា​រា​បង្ហាញ​ម៉ូត​ និង​សម្ដែង​ដ៏​ស្រស់​ស្អាត​ និង​គួរ​ឱ្យ​ស្រ​ឡាញ់​នោះ​គឺ​កញ្ញា​ ពេជ្រ​ សុគន្ធា​។​ ​កញ្ញា​ ពេជ្រ​ សុ​គន្ធា​ ​បាន​ប្រ​ឡូក​ចូល​នៅ​ក្នុង​វិ​ស័យ​សិល្បៈ​ជាង​បួន​ឆ្នាំ​មក​ហើយ​។ ​ពេល​នេះ​សុគន្ធា​កំ​ពុង​តែ​មាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​សំ​ណាក់​មហា​ជន​ទាំង​នៅ​ ​ក្រៅ​ស្រុក​ និង​នៅ​ក្នុង​ស្រុក​ផង​ដែរ​។ ​ឥឡូវ​នេះ​សុគន្ធា​កំ​ពុង​តែ​មាន​ការ​ម​មា​ញឹក​នឹង​ការ​ងារ​ជា​ច្រើន​ ​ដូច​ជា​ការ​ដើរ​បង្ហាញ​ម៉ូត​ សម្ដែង​ជា​ខា​រ៉ា​អូ​ខេ​ជា​ច្រើន​ ប៉ុន្ដែ​សុគន្ធា​ក៏​មិន​ដែល​ភ្លេច​ឡើយ​នូវ​ការ​ថែ​រក្សា​សម្រស់​ ​និង​សុខ​ភាព​របស់​ខ្លួន​។

រូបភាពទស្សនាវដ្តីសុខភាពយើង

សុគន្ធា​បាន​ចូល​មក​បក​ស្រាយ​អំពី​ការ​ថែ​រក្សា​សម្រស់​ជា​មួយ​នឹង​ទស្សនា​វដ្ដី​ ​សុខភាពយើង​​ ដើ​ម្បី​​ប្រាប់​​ពី​​វិ​​ធី​សាស្ដ្រ​ថែ​រក្សា​ សម្រស់​នឹង​ការ​ថែ​រក្សា​សុខភាព​រាងកាយ​របស់​ខ្លួន​ជូន​ប្រិយ​មិត្ដ​ទាំង​អស់​ ​ពិ​សេស​គឺ​មិត្ដ​នារី​ទាំង​ឡាយ​ឱ្យ​បាន​ជ្រាប​ផង​ដែរ​។

ប្រវត្ដិសិល្បៈ

កញ្ញា​ ​ពេជ្រ​ ​សុគ​ន្ធា​ ​បានប្រឡូក​ចូល​សិល្បៈ​ឆ្នាំ​២០០៦​ ​គឺ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូត​។ ​សុគន្ធា​ធ្លាប់​ធ្វើ​ជា​ពិធី​កា​រិនី​នៅ​ស្ថានីយ​ ​ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ៣​ ​ក្នុង​កម្ម​វិធី​ទាន់​សម័យ​នៅ​ក្នុង​ឆ្នាំ២០០៨​ ​និង​ស្ថានីយ​ទូរទស្សន៍​ ​My​ ​TV​ ​កម្ម​វិធី​សប្បាយ​ជាមួយ​នឹង​ភាព​ទាន់​ សម័យ​ក្នុង​ឆ្នាំ​២០០៩​។​ ​ក្រៅ​ពី​តារា​បង្ហាញ​ម៉ូត​ហើយ​ ​សុគន្ធា​ក៏​បាន​ថត​បង្ហាញ​ម៉ូត​ឱ្យ​ទស្សនា​វដ្ដី​ជាច្រើ​ន​ ​និង​បាន​ថត​ស្ពត​ពាណិជ្ជ​កម្ម​ ​មួយ​ចំ​នួន​។ ​ក្រៅ​ពី​នេះ​ ​សុគន្ធា​ក៏​បាន​ធ្វើ​ជា​តារា​សម្ដែង​ផង​ដែរ​ ​ដោយ​កញ្ញា​បាន​សម្ដែង​ឱ្យ​ផលិតកម្ម​សាន់ដេ​ គឺ​បទ​មិន​យក​ទោស​ ​ព្រោះ​ស្នេហ៍​បង​ ​ច្រៀង​ដោយ​កញ្ញា​ ខេមរៈ​ស្រីពៅ​ ​និង​បទ​ ​ចង់​ឱ្យ​គេ​ដឹង​ ​ច្រៀង​ដោយ​កញ្ញា​ ​ផាន់​ ​ម៉ូ​នី​កា​ជា​ដើម​។​ ​សុគន្ធា​ក៏​ ​ត្រូវ​​បាន​ផលិត​កម្ម​ផ្សេងៗ​ហៅ​ឱ្យ​ទៅ​ថត​សម្ដែង​ផង​ដែរ​ ​តែ​នាង​មិន​បាន​ទៅ​នោះ​ដោយ​សារ​តែ​សុគន្ធា​ត្រូវ​ទៅ​បរទេស​ ​ដូច​នេះ​សុ​គន្ធា​ក៏​ ​មិន​បាន​សម្ដែង​នោះ​ទេ​ ​ហើយ​ភាព​ល្បី​ល្បាញ​របស់​កញ្ញា​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ។ ​មក​ដល់​ពេល​នេះ​សុគន្ធា​កំពុង​តែ​មាន​ការ​មមា​ញឹក​នឹង​ ​ការ​ងារ​ជា​ច្រើន​ផង​ដែរ​ ​ជា​ពិ​សេស​គឺ​ការ​បង្ហាញ​ម៉ូត​ និង​សម្ដែង​ ​និង​ការ​សិក្សា​ជា​ដើម។

វិ​ធី​ថែ​រក្សា​សម្រស់​

​សព្វ​ថ្ងៃ​នេះ​កញ្ញា​ ​ពេជ្រ​ ​សុ​គន្ធា​ ​មាន​ការ​មមា​ញឹក​ច្រើន​នឹង​ការ​ងារ​​ ​តែទោះ​បី​ជា​មាន​ការ​មមា​ញឹក​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​សុគន្ធា​មិន​ដែល​ភ្លេច​ឡើយ​នូវ​ការ​ថែរក្សា​សម្រស់​ក៏​ដូច​ជា​ការ​ថែ​រក្សា​សុខ​ភាព​របស់​ខ្លួន​ផង​ដែរ​។​ ​ខាង​ក្រោម​នេះ​គឺ​ជា​វិ​ធី​ក្នុង​ការ​ ថែ​រក្សា​សម្រស់​ ​និង​សុខ​ភាព​របស់​កញ្ញា​ ​ពេជ្រ​ សុគន្ធា​ ដែល​បាន​អនុវត្ដ​ជា​ប្រ​ចាំ​។​

​-​ ការថែរក្សាសក់​ : ក្នុង​នាម​ជា​អ្ន​​ក​សិល្បៈ​មួយ​រូប​ ​សុគន្ធា​តែង​តែ​ធ្វើ​សក់​ជា​រៀង​រាល់​ថ្ងៃ​ ​ជា​ពិ​សេស​គ្រប់​ពេល​ដែល​​សម្ដែង​។ ​ដូច​នេះ​នៅ​ពេល​ដែល​មក​ដល់​ផ្ទះ​ សុគន្ធា​តែង​តែ​កក់​សក់​ចេញ​ ​និង​បន្ទន់​សក់​ផង​ដែរ​។​ ​នៅ​ក្នុ​ង​មួយ​សប្ដាហ៍​ ​សុគន្ធា​អប់​សក់​ ​២​ដ​ង​។​

– ការថែរក្សាស្បែកមុខ​ : សុគន្ធា​តែង​តែ​យក​ចិត្ដ​ទុក​ដាក់​បំផុត​ចំ​ពោះ​ការ​ថែ​រក្សា​ស្បែក​មុខ​ ​ព្រោះ​ស្បែក​មុខ​គឺ​មា​ន​ សារៈ​សំ​ខាន់​ណាស់​សម្រាប់​សុគន្ធា​។​ ​សុគន្ធា​តែង​តែ​ប្រើ​ឡេ​ការពារ​នៅ​ពេល​ថ្ងៃ​ ​និង​ពេល​យប់​ ​ដើម្បី​ឱ្យ​ស្បែក​មុខ​មាន​សំណើម​គ្មាន​​មុន​។​ នៅពេល​ដែល​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ​ ​សុគន្ធា​មិន​ដែល​ភ្លេច​ឡើយ​ចំពោះ​ការ​ប្រើ​ឡេ​ការពារ​ពន្លឺ​ថ្ងៃ​។ ​​នៅ​ពេល​ដែល​សម្ដែង​ ​សុគន្ធា​ តែង​តែ​យក​ទឹក​ជូត​សម្អាត​ផ្ទៃ​មុ​ខ​ ​បន្ទាប់​មក​គឺ​សុគន្ធា​បាន​ប្រើ​ហ្វូម​លាង​សម្អាត​​ផ្ទៃ​មុខ​។​ ​សុគន្ធា​តែង​តែ​ប្រើ​ម៉ាស​បិត​ផ្ទៃ​មុខ​ជា​រៀងរាល់​ ១​សប្ដាហ៍​ម្ដង​។​

– ការថែរក្សាស្បែកដងខ្លួន​ : ​​សុគន្ធា​តែង​តែ​ប្រើ​ឡេ​ដែល​មាន​កម្រិត​ខ្ពស់​ ​ដើម្បី​ការ​ពារ​ពន្លឺ​ព្រះអាទិត្យ​។​ ​ហើយ​ពេល​យប់​ ​សុគន្ធា​លាប​ឡេ​ការ​ពារ​ពេល​យប់​ ​និង​ផ្ដល់​សំណើម​ដល់​ស្បែក​។​ ​សុគន្ធា​តែង​តែ​ប្រើ​សា​ប៊ូ​ដុស​ខ្លួន​ដែល​មាន​ក្លិន​ក្រអូប​ ​និង​ផ្ដល់​សំណើម​ ​ដល់​ស្បែក​ ​ជា​ពិសេស​សាប៊ូ​កម្ចាត់​មេរោគ​។​

– ការថែរក្សាធ្មេញ​ : ចំ​ពោះ​សុខ​ភាព​មាត់​ធ្មេញ​ ​សុគន្ធា​យក​ចិត្ដ​ទុក​ដាក់​បំផុត​ ​ព្រោះ​សុខ​ភាព​មាត់​របស់​សុគន្ធា​តែង​តែ​មាន​ ​បញ្ហា​ ​ដូច​នេះ​រាល់​ពេល​៦​ខែ​ម្ដង​សុគន្ធា​បាន​ទៅ​ពេទ្យ​ធ្មេញ​ម្ដង​។​ ​សុ​គន្ធា​តែង​តែ​ធ្វើ​ការ​សម្អាត​ធ្មេញ​ក្នុង​មួយ​ថ្ងៃ​បី​ដង​ ​ព្រឹក​ ​ថ្ងៃ​ ​និង​មុន​ ​ពេល​ចូល​គេង​ ​ជា​ពិ​សេស​នៅ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​ហើយ​ ​សុគន្ធា​តែង​តែ​ប្រើ​ទឹក​ថ្នាំ​ដើម្បី​លាង​សម្លាប់​មេរោគ​ជានិច្ច​។​

– ការថែរក្សាភ្នែក :  ​ចំពោះ​ការ​ថែរក្សា​ភ្នែក​ ​សុគន្ធា​បាន​យក​ចិត្ដ​ទុក​ដាក់​ផង​ដែរ​ចំពោះ​បញ្ហា​នេះ​ ​ព្រោះ​សុខ​ភាព​ភ្នែក​មិន​ សូវ​ជា​មាន​សុខ​ភាព​ល្អ​ប៉ុន្មាន​នោះ​ទេ​។ ​នៅ​ពេល​ដែល​ធ្វើ​ដំ​ណើរ​ទៅ​ណា​មក​ណា​ម្ដង​ៗ​ ​សុគន្ធា​តែង​តែ​មាន​វ៉ែន​តា​ការពារ​ពន្លឺ​ព្រះអាទិត្យ​ ​ជា​ពិសេស​រាល់​ពេល​ដែល​សម្ដែង​ចប់​ ​ឬមា​ន​បញ្ហា​ភ្នែក​សុគន្ធា​តែង​តែ​ប្រើ​ថ្នាំ​បន្ដក់​ភ្នែក​ជា​និច្ច​។

– ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ : ចំពោះ​ចិញ្ចើម​ ​សុគន្ធា​មិន​សូវ​ជា​យក​ចិត្ដ​ទុក​ដាក់​ថែរ​ក្សា​ឱ្យ​បាន​ដិត​ដល់​នោះ​ ​ទេ​ ​ព្រោះ​ចិញ្ចើម​របស់​សុគន្ធា​ក្រាស់​ស្រាប់​។​ ​នៅ​ពេល​ដែល​សម្ដែង​សុគន្ធា​មិន​ដែល​គូស​ចិញ្ចើម​នោះ​ទេ​ ​យ៉ាង​ច្រើន​យក​ខ្មៅ​ដៃ​គូស ​ចិញ្ចើម​បន្ដិច​នៅ​លើ​ចិញ្ចើម​តែ​ប៉ុណ្ណោះ​។​ ​ចំ​ពោះ​ការ​កោរ​ចិញ្ចើម​​ ​សុគន្ធា​មិន​សូវ​ជា​កោរ​ញឹក​ញាប់​ពេក​នោះ​ទេ​ ​តែ​បើ​កោរ​គឺ​កោរ​នៅ​ ​ពេល​ដែល​ចាំ​បាច់​តែ​ប៉ុណ្ណោះ​។​ ​បើ​និយាយ​ចំពោះ​រោម​ភ្នែក​ ​សុគន្ធា​ច្រើន​តែ​ពាក់​រោម​ភ្នែក​នៅ​ពេល​ដែល​សម្ដែង​។ ​ចំពោះ​បបូរ​មាត់​ ​សុគន្ធា​ចូល​ចិត្ដ​លាប​ក្រេម​ពណ៌​ស៊ីជម្ពូ​ ​និង​ពណ៌​ស្រាលៗ​។​

– ការថែរក្សាក្រចកដៃ ក្រចកជើង​ : សុគន្ធា​មិន​ចូល​ចិត្ដ​លាប​ពណ៌​ក្រចក​នោះ​ទេ​ ​ព្រោះ​ខ្លាច​ធ្វើ​ឱ្យ​ក្រចក​ខូច​។​ ​សុគន្ធា​តែង​ ​តែ​ធ្វើ​ការ​សម្អាត​ក្រចក​ដៃ​ ​និង​ក្រចកជើង​ ​យ៉ាង​ហោច​ណាស់​២​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​ ​ដូច​ជា​ការ​កាត់​សាច់​ ​និង​កាត់​តម្រឹម​ក្រចក​ជា​ដើម​។​

​សុគន្ធា​តែងតែ​យកចិត្ដ​ទុកដាក់​បំ​ផុត​នៅ​ក្នុង​ការ​ទទួល​ទាន​ដំណេក​ ​ព្រោះ​ការ​ទទួល​ទាន​ដំណេក​គឺ​មាន​សារៈ​សំខាន់​ណាស់​ចំ​ ​ពោះ​សុគន្ធា​ ​ប៉ុន្ដែ​មិន​សូវ​ជា​ទៀង​ទាត់​នោះ​ទេ​​ ​ដោយ​សារ​តែ​មាន​ការ​មមា​ញឹក​នឹង​ការ​ងារ​ច្រើន​។​ ​ករណី​ទទួល​ទាន​អាហារ​ ​សុគន្ធា​ ​មិន​ដែល​ធ្វេស​ប្រហែស​ឡើយ។​ ​ចំ​ណែក​ឯ​ការ​ហាត់​ប្រាណ​វិញ​សុគន្ធា​មិន​សូវ​ជា​ធ្វើ​នោះ​ទេ​ ​ដោយ​មួ​យ​ខែ​សុគន្ធាទៅ​ហែល​ទឹក​ម្ដង​។

រូបភាពទស្សនាវដ្តីសុខភាពយើង

គោលបំណងទៅថ្ងៃអនាគត

​ក្រៅពីអាជីពជាតារាបង្ហាញម៉ូត​ ​និង​តារា​សម្ដែង​ហើយ​ ​សុគន្ធា​ចង់​បើក​ហាង​លក់​សម្លៀក​បំពាក់​ ​និង​ហាង​កែ​សម្ផស្ស​ផ្ទាល់​ ​ខ្លួន​បន្ថែម​ទៀត​។​

បណ្ដាំផ្ញើ

​សុ​ភាព​នា​រី​ទាំងអស់​គួរតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ថែរក្សា​សម្រស់​ ​និង​សុខភាព​ឱ្យ​បាន​ល្អ​។​ ​នៅ​ពេល​ដែល​មក​ពី​កម្ម​វិធី​អ្វី​ ​មួយ​ត្រូវ​តែ​ប្រញាប់​ធ្វើ​ការ​លាង​សម្អាត​ឱ្យ​បាន​ស្អាត​​ ​ដើម្បី​ចៀស​វាង​ការ​កើត​មាន​បញ្ហា​ចំ​ពោះ​ស្បែក​មុខ​។ ​​ជា​ពិសេស​គឺ​ត្រូវ​គិត​គូរ​ពី​ សុខ​ភាព​ឱ្យ​បាន​ច្រើន​ទើប​ជា​ការ​ប្រសើរ​ ហើ​យ​អ្វី​ដែល​ល្អបំ​ផុត​នោះ​គឺ​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​មួយ​សប្ដាហ៍​ឱ្យ​ បាន​ពីរ​ដង​ ​ជា​ពិ​សេស​គួរ​តែ​គិត​គូរ​អំ​ពី​ការ​ទទួល​ទាន​អាហារ​ឱ្យ​បាន​ទៀង​ទាត់​ ​អ្វី​ដែល​ល្អ​បំ​ផុត​នោះ​គឺ​ត្រូវ​ទទួល​ទាន​បន្លែ​ជំនួស​សាច់​ ​ឱ្យ​បា​​​ន​ច្រើន​ទើប​ជា​ការ​ប្រសើរ​។​

​​ខាង​លើ​នេះ​គឺ​ជា​យល់ឃើញ​ ​និង​ជា​ការ​អនុវត្ដន៍​ផ្ទាល់​របស់​កញ្ញា​ ​ពេជ្រ​ ​សុគន្ធា​ ​តែ​ប៉ុណ្ណោះ​។​ ​​សូម​លោក​ស្រី​អ្នក​នាង​កញ្ញា​ ​ជ្រើស​រើស​យក​អ្វី​ដែល​លោក​អ្នក​យល់​ថា​ត្រឹម​ត្រូវ​សម្រាប់​អនុវត្ដន៍​បាន​ហើយ​។​

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ : ពេជ្រ សុគន្ធា
  • អាយុ : ២០ឆ្នាំ
  • ថ្ងៃខែឆ្នាំកំណើត : ១៣ ១២ ១៩៩០
  • កម្ពស់ : ១,៦៣ម៉ែត្រ
  • ទម្ងន់ : ៤៧គីឡូក្រាម
  • ទំហំទាំងបី : ៣៤ ២៧ ៣២
  • ទីកន្លែងកំណើត : ភ្នំពេញ
  • បងប្អូន : ៥នាក់​ ប្រុស​២នាក់​ ​ស្រី២នាក់ ​(ជាកូនពៅ)​
  • អាជីពនាពេលបច្ចុប្បន្ន : ​តារាបង្ហាញម៉ូត​ ​និង​តារាសម្ដែង​
  • ស្ថានភាពគ្រួសារ : នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative