សម្រស់​របស់ស្រី​តូច​ច្រឡឹង ដាញ់ ម៉ូនីកា

ស្រីតូច​ត្រមែ​ដើរតាម​ភ្លឺស្រែ​ស្រងែ​បាំងបាត់ បទចម្រៀង​របស់​លោក ស៊ិន ស៊ីសាមុត មួយបទ​នេះបើ​ច្រៀង​ឌឺដង​ដាក់កញ្ញា ដាញ់ ម៉ូនីកា តារាឯក​ក្នុងរឿង​ទុំទាវ​ដែល​កំពុង​លេចធ្លោរ​ក្នុងវិស័យ​សិល្បៈ​ភាពយន្ដខ្មែរ​នោះ លោកអ្នក​នឹងអាច​ស្រមៃ​ពីរាងកាយ​តូច ស្ដើង​របស់កញ្ញា​មិនខាន​ឡើយ។ តារា​វ័យក្មេង​រូបនេះ​បានធ្វើ​ឱ្យបុរស​មិនតិច​នាក់ទេ លង់នឹង​សម្រស់ដ៏​ស្រស់​ត្រកាល​របស់នាង។ នាង ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ តើមាន​ការ​ថែរក្សា​បែបណា​ខ្លះទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីបើក​កកាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និងសុខភាព​របស់តារា​ដ៏ស្រស់​ស្អាត ដាញ់ ម៉ូនីកា ទស្សនាវដ្ដី សុខភាព យើង បានទៅ​ជួបសម្ភាសន៍​ជាមួយ​កញ្ញាផ្ទាល់។

ការថែរក្សា​សក់

ពេលសម្ដែង សក់របស់​កញ្ញាត្រូវ​បាន​តុបតែង​តាមម៉ូដ​ផ្សេងៗ​ឱ្យសម​នឹង​សាច់រឿង។ ដូចនេះ​ចៀសមិន​ផុតពីការ​ខូចសរសៃ សក់ឡើយ។ ម៉ូនីកា​មានវិធី​ថែរក្សា​សក់យ៉ាង​ពិសេស ដោយកញ្ញា​មិនចូល​ចិត្ដគាប​សក់ និងមិនចូល​ចិត្ដប្ដូរ​ពណ៌សក់​ទេ ព្រោះវា​អាចធ្វើ ឱ្យសក់​រិតតែ​ឆាប់ខូច។ ក្នុងមួយ​ខែម៉ូនីកា​អប់បំប៉ន​សក់យ៉ាង​តិច២ដង ដើម្បី​ជំនួយ​ដល់សរសៃ​សក់ និងប្រើក្រែម​សម្រាប់​បន្ទន់រៀង រាល់ពេល​ដែលកក់​សក់រួច។

ការថែរក្សា​ស្បែក​មុខ

ម៉ូនីកា​ចាំបាច់​ត្រូវប្រើ​ក្រែម​សម្រាប់​បំប៉នស្បែក​មុខជា​ប្រចាំ​ដើម្បី​កុំឱ្យ​ឆាប់​ជ្រីវជ្រួញ។ ដោយសារ​នាងជា​តារាសម្ដែង ស្បែកមុខ​ត្រូវទទួល​រង​កម្ដៅថ្ងៃ និងគ្រឿង​សម្អាង​គ្រប់​ប្រភេទ។ បន្ទាប់ពី​ការតុបតែង​ក្នុងពេល​សម្ដែង ម៉ូនីកា​តែងតែ​ប្រញាប់លាង សម្អាតមុខ ព្រោះការ​ទុកគ្រឿង​សម្អាង​នៅលើ​មុខក្នុង​រយៈពេល​យូរ វាជារឿង​មិនល្អ​សម្រាប់​ស្បែកមុខ។ ចំពោះ​ការប្រើប្រាស់​សាប៊ូ សម្រាប់​សម្អាត​ស្បែកមុខ​ម៉ូនីកា​តែងតែ​ហ្មត់ចត់​ជានិច្ច​ក្នុងការ​ជ្រើសរើស​សាប៊ូ ព្រោះបើ​ជ្រើសរើស​មិនបានល្អ សាប៊ូលាង​មុខអាចមាន ឥទ្ធិពល​ច្រើនប្រការ​ណាស់ ដែលប៉ះពាល់​ដល់ស្បែក​មុខ។ ក្រៅពីនេះ នៅពេល​ចេញថត​ក្រោម​កម្ដៅថ្ងៃ ម៉ូនីកា​តែងតែ​ប្រើក្រែម សម្រាប់​ការពារ​កម្ដៅថ្ងៃ​ជាប្រចាំ មិនដែល​ធ្វេសប្រហែស​ឡើយ។ មិនជា​ញឹកញាប់​ណាស់ណាទេ ដែលម៉ូនីកា​ជ្រើសរើស​ការថែបំប៉ន ស្បែកមុខ​តាម​ធម្មជាតិ ព្រោះកញ្ញា​មិនមាន​ពេលវេលា​គ្រប់គ្រាន់។ បើមានពេល ម៉ូនីកា​តែងតែ​យកក្រូច​ពោធិ៍សាត់​មកលាប​លើមុខ ទុករយៈ​ពេល១៥​ឬ២០នាទី ទើបសម្អាត​ដោយ​ទឹកស្អាត បើមិន​ដូច្នោះទេ នាងប្រើ​ក្រូចពោធិ៍សាត់​សម្រាប់លាង​លើផ្ទៃមុខ​តែម្ដង។ ម៉ូនីកា​ទៅម៉ាស្សា​មុខ២សប្ដាហ៍ ម្ដង។

ការថែរក្សា​ស្បែកខ្លួន

ម៉ូនីកា​តែងតែ​ប្រើក្រែម​រក្សាស្បែក​ជាប្រចាំ ដើម្បី​ផ្ដល់សំណើម​ដល់ស្បែក។ ជាធម្មតា​ស្បែកម៉ូនីកា​ត្រូវរង​កម្ដៅថ្ងៃ​ស្ទើរតែ រាល់ថ្ងៃ​កម្រ​ខកខាន​ណាស់។ ហេតុនេះ​ទើបទាមទារ​ឱ្យមានការ​ថែបំប៉ន​ពិសេស ទើបអាច​ទប់ទល់​បាន បើមិន​ដូច្នោះទេ ប្រាកដ​ជាមាន លេចចេញ​នៅស្នាម​ជ្រីវជ្រួញ ឬធ្វើឱ្យ​រលាកស្បែក​មិនខាន​ឡើយ។ ទោះបីជា​យ៉ាងណា ក៏ម៉ូនីកា​មិនចូលចិត្ដ​ប្រើក្រែម ឬឡេដែល លាយច្របូក​ច្របល់គ្នា​ច្រើនមុខទេ ព្រោះមិន​សូវជឿ​ជាក់ពី​ផលប៉ះពាល់​របស់វា។ ម្យ៉ាងទៀត​មុននឹង​សម្រេចចិត្ដ​ប្រើប្រាស់​នូវផលិត ផលអ្វីមួយ ម៉ូនីកា​តែងតែ​ទៅពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ជាមុនសិន មិនមែន​ប្រើតាម​ការនិយម​តៗគ្នា ឬតាមការ​ឃោសនា នោះដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​បបូរមាត់

មិនមាន​អ្វីច្រើនទេ ដោយគ្រាន់​តែនៅពេល​មិនសម្ដែង គឺម៉ូនីកា​មិនលាបក្រែម​ទាល់តែ​សោះ ព្រោះមិន​ចូលចិត្ដ។ បើលាបក៏ លាបពណ៌​ស្រាលដែរ។ ការលាប​បបូរមាត់​ពណ៌ក្រហម ឬក្រម៉ៅ អាចធ្វើឱ្យ​បបូរមាត់​ប្រែទៅ​ជាពណ៌​ស្រគាំ ឬខ្មៅ។ មុនពេល​តុបតែង ម៉ូនីកា​មានក្រែម​ម្យ៉ាងសម្រាប់​លាបជា​ទ្រនាប់​បបូរមាត់​ដើម្បីការពារ​បបូរមាត់​ដែលត្រូវ​លាបពណ៌​តាមសាច់រឿង។ ក្នុងការជ្រើស រើសក្រែម​ទៀតសោត ម៉ូនីកា​តែងតែ​ប្រយ័ត្ន​ប្រយែង​ជានិច្ច ព្រោះការ​ថែរក្សា​បបូរមាត់​ជារឿង​សំខាន់។

ការថែរក្សា​ធ្មេញ

ជាទូទៅម៉ូនីកា​សម្អាតធ្មេញ​ក្នុងមួយ​ថ្ងៃ៣ដង​ជាប្រចាំ​ជាមួយ​នឹងថ្នាំ​ដុសធ្មេញ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញរឹងមាំ និងស។ កញ្ញាតែងតែ​ទៅរក​គ្រូពេទ្យធ្មេញ​រៀងរាល់២ ឬ៣ខែម្ដង​ជាប្រចាំ ដើម្បីពិនិត្យ និងសម្អាត​ធ្មេញ ។

ការថែរក្សា​ក្រចក និងប្រអប់​ដៃ

ម៉ូនីកា​ចូលចិត្ដ​កាត់ក្រចក​ខ្លីធម្មតា មិនទុក​វែងពេក ហើយ​មិនចូលចិត្ដ​លាបពណ៌​ក្រចក​ទ្បើយ។ ចំពោះ​ប្រអប់ដៃ ម៉ូនីកាមិន ដែលទៅ​ម៉ាស្សាឱ្យ​ម្រាមដៃ​ស្រឡូន​ម្ដងណាទេ ហើយក៏​មិនមាន​ការថែរក្សា​ជាពិសេស​អ្វីដែរ។

ការថែរក្សា​រោមចិញ្ចើម និងរោម​ភ្នែក

ម៉ូនីកា​តែងតែ​ជ្រីសរើស​ការតម្រឹម​រោមចិញ្ចើម​ផ្នែកក្រោម​តិចៗ តែរក្សាទុក​ផ្នែកខាង​លើដដែល មិនប៉ះពាល់​ទ្បើយ។ ម៉ូនីកា​ត្រូវប្រើ​ម៉ាស្ការ៉ា​សឹងតែ​រាល់ថ្ងៃ​នៅពេល​សម្ដែង ដែលធ្វើឱ្យ​រោមភ្នែក​ជ្រុះជា​រឿយៗ។ ប៉ុន្ដែនៅ​ពេលនេះ ម៉ូនីកា​បានជ្រើសរើស​វិធី ពាក់រោម​ភ្នែកជំនួស​វិញ ហើយប្រញាប់​ដោះរោមភ្នែក​នោះចោល​ដោយមិន​ទុកយូរ​ឡើយ ព្រោះអាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ត្របកភ្នែក។

របបអាហារ​ទទួលទាន និងការរក្សា​ទម្ងន់

ម៉ូនីកា​ទទួលទាន​ចំណីអាហារ​គ្រប់បែប​យ៉ាង ដោយមិន​បារម្ភ​ពីការ​ឡើងទម្ងន់​អ្វីឡើយ ព្រោះនាង​ជាមនុស្ស​មិនងាយនឹង ឡើង​ទម្ងន់ទេ។ ម៉ូនីកា​ចូលចិត្ដ​ទទួលទាន​បន្លែច្រើន​ជាងសាច់​សត្វ ដូចជា​ពពួក​បន្លែពណ៌​បៃតង មានត្រកួន ត្រសក់ ប៉េងប៉ោះ និងបន្លែ ផ្សេងៗទៀត​ជាច្រើន។

នាងទទួល​ទានទឹក​ជាប្រចាំថ្ងៃ យ៉ាងតិច​ក៏ពីរលីត្រ​ដែរក្នុង​មួយថ្ងៃ។ ដោយសារ​មានការងារ​មមាញឹក ម៉ូនីកា​មិនសូវមាន ពេលទទួល​ទានដំណេក​ច្រើនឡើយ ជួនកាល​ត្រូវថត​ពេញមួយ​យប់ក៏សឹង​នឹងមាន។ ហេតុនេះ​ឱ្យតែ​មានពេល ម៉ូនីកា​សម្រាកភ្លាម ជា ពិសេស​ក្រោយពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់ ព្រោះនាង​យល់ថា​វេលានេះ​ជាពេល​សម្រាកដ៏​មានគុណ​ប្រយោជន៍​ចំពោះ​រាងកាយ បំផុត ដើម្បីបង្កើន​កម្លាំងបំពេញ​ការងារ​តទៅទៀត។

បណ្ដាំផ្ញើរបស់​ដាញ់ ម៉ូនីកា

សូមគ្រប់​ស្ដ្រីទាំងអស់​កុំបំភ្លេច​ចោលការ​ថែរក្សា​សម្រស់ និងសុខភាព ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ព្រោះទាំងពីរ យ៉ាងនេះ​នឹងធ្វើឱ្យ​សុភាពនារី​មានការ​ជឿជាក់​លើខ្លួនឯង​កាន់តែ​ខ្លាំងឡើង។ សូមចាប់​ផ្ដើមថែរក្សា​វាពីថ្ងៃ​នេះតទៅ មិនទាន់​ហួសពេល នៅឡើយទេ។

ការរៀបរាប់​ជូនខាងលើ​នេះជាការ​យល់ឃើញ និងជាការ​អនុវត្ដ​របស់កញ្ញា ដាញ់ ម៉ូនីកា តែប៉ុណ្ណោះ។ សូមលោក​ស្រីអ្នក នាងកញ្ញា​ជ្រើសរើស​យកអ្វីដែល​លោកអ្នក​យល់ថា​ល្អត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

 ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ ដាញ់ ម៉ូនីកា
  • អាយុ ៖ ២១ឆ្នាំ
  • កម្ពស់ ៖ ១,៥៧ម៉ែត្រ
  • ទម្ងន់ ៖ ៤៣គីទ្បូក្រាម
  • ទំហំទាំងបី ៖ ៣២, ២៤, ៣០
  • បងប្អូន ៖ ជាកូនទោល
  • ម្ដាយឈ្មោះ ៖ ម៉ែន ណារី
  • ឪពុកឈ្មោះ ៖ ដាញ់ វណ្ណសា
  • ស្ថានភាពគ្រួសារ ៖ នៅលីវ(រស់នៅជាមួយឪពុកម្ដាយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative