ម៉ូតសម្លៀក​បំពាក់​ខ្មែរពេល​ចូលឆ្នាំ

ម៉ូត​សម្លៀក​បំពាក់​ស្អាតៗ​ប្លែកៗ​បាននឹង​កំពុង​រីកចម្រើន​ទៅតាម​សង្វាក់​វិវឌ្ឍន៍នៃ​សង្គម​ជាតិ។ ការ​ប្រដេញគ្នា​នៃម៉ូត សម្លៀក​បំពាក់​បានធ្វើ​ឱ្យ​លោកអ្នក ជាពិសេស​សុភាព​នារីពិបាក​ជ្រើសរើស​ឱ្យបាន​សក្ដិសម និងមាន​ភាព​ថ្លៃថ្នូរ​ណាស់។ ក្នុងមួយ​ឆ្នាំៗ តែងតែ​មានម៉ូត​ប្រចាំឆ្នាំ​ទៅតាម​បែបផែន​នៃការ​និយម​ចូលចិត្ដ។ ដោយឡែក​សម្រាប់​ឆ្នាំថ្មីនេះ មានម៉ូត​សម្លៀក​បំពាក់​បែបណា​ខ្លះ ដែល​គួរតែ​ជ្រើស​រើស?

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញ​ជូនមិត្ដ​អ្នកអាន​នូវម៉ូត​សម្លៀក​បំពាក់ខ្មែរ​ក្នុងឆ្នាំ​២០០៧​នេះទុកជា ការស្វែងយល់​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី អ៊ុយ ពិសី ម្ចាស់ហាង​កាត់ដេរ​សន្ធរ​មុខទាន់​ចិត្ដ។

អំពីសម្លៀក​បំពាក់​នារី

នៅក្នុង​ឆ្នាំថ្មីនេះ ម៉ូត​សម្លៀក​បំពាក់​នារីប្លែក​ជាងពី​ឆ្នាំមុន​បន្ដិច។ បច្ចុប្បន្ននេះ​ទាំង​ក្រណាត់ហូល ទាំងផាមួង ដែលជា​ផលិត ផលខ្មែរ ក្រណាត់​ប៉ាក់ជា​ផលិតផល​បរទេស​មានច្រើន​បែប​ច្រើនយ៉ាង។ ចំពោះ​ផាមួងខ្មែរ​មានលើក​គោមប្លែកៗ ពណ៌ទៀត​សោតក៏រឹត តែប្លែក។ មួយវិញ​ទៀតគ្រឿង​លម្អ​សម្លៀក​បំពាក់ ដូចជា​អង្កាំ ត្បូង ប៉ាក់ផ្កា​ដោយម៉ាស៊ីន​ជាដើម​ក៏មានច្រើន​ម៉ូតស្អាតៗ។ បែបនេះ ហើយ ទើបការ​ច្នៃម៉ូត​សម្លៀក​បំពាក់​បានស្អាត ប្លែកៗ និងទាន់​សម័យ។

1. សម្រាប់ពិធី​បុណ្យទាន ឬទៅវត្ដ

ក្នុងឱកាស​បុណ្យទាន ស្ដ្រីខ្មែរ​ទាំងក្មេង​ចាស់ត្រូវ​ប្រើសំពត់​ដែលច្នៃ​ចេញពី​ក្រណាត់​ផាមួង សូត្រ ឬហូល។ សម្រាប់​ពិធីបែប នេះ នារីខ្មែរ​ចូលចិត្ដ​ប្រើសំពត់​បត់ដែល​មើលទៅ​សក្ដិសម និងស្រគត់​ស្រគំ។ សំពត់បត់​បច្ចុប្បន្ន​ក៏មានម៉ូត​ខ្លះដែរ ដូចជាកាត់​ឱ្យមានរូត ក្រោយ ឬរូត​ចំហៀង​ជាដើម។

ចំពោះ​អាវវិញ នារីច្រើន​ប្រើ​ក្រណាត់ប៉ាក់ ព្រោះសម័យ​បច្ចុប្បន្ននេះ​ក្រណាត់ប៉ាក់​មានរំលេច​ជាក្បាច់​ស្អាតៗ និងសម្បូរបែប ទៀតផង។ ឯចំណែក​កអាវ​វិញមិនមាន​អ្វីប្លែកទេ​គ្រាន់តែ​មានច្រើន​ម៉ូត មានកមូល កមូលខ្ទះ ខ្ទះស្ទើរមូល ស្ទើរខ្ទះ កខ្ទះចំ ឬកត្របុត ត្រី ជាកអាវ​មានលក្ខណៈ​បែបខ្មែរ។ វាងាយស្រួល​ពាក់ និងមានលក្ខណៈ​បិតបាំងជិត មិនសូវ​វាលជ្រៅ​ឬចំហខ្លាំង​ពេកទេ។ សម្រាប់ដៃ អាវ អាច​ជ្រើសរើស​យកដៃខ្លី ដៃក្លឹង ដៃត្រ័រកា ឬដៃបំពង់​ក៏បានតាម​ការចូលចិត្ដ។ នៅពេល​ទៅវត្ដ ស្ដ្រីច្រើន​ប្រើអាវ​ប៉ាក់ជាមួយ ក្រមាពានា ប៉ុន្ដែ​ក្រមាពានា​នោះ គប្បីមានពណ៌​តម្រូវទៅ​តាមពណ៌សំពត់​ផងដែរ ទើបសក្ដិសម។

សម្រាប់ពិធី​បុណ្យប្រពៃណី​ជាតិសំខាន់ៗ ដូចជាក្នុង​ឱកាសបុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ​ជាដើម បុរសស្ដ្រី​គួរប្រើ​សំពត់ និងក្រមាពានា​ដែលមាន​ពណ៌ទៅតាម​ថ្ងៃទាំងប្រាំពីរ​នៃសប្ដាហ៍ទើប​ជាការ​ប្រសើរ។ ពេលមាន​ពិធីបុណ្យទាន​បែបនេះ គួរប្រើ​សម្លៀក បំពាក់​បែបបុរាណ ប្រើអាវ​ដែលមាន​កជិត ហើយមានពណ៌​ស្រាលឱ្យ​បានច្រើន ព្រោះជាពិធី​បុណ្យប្រពៃណី​ជាតិ។

រូបភាពទស្សនាវដ្តីសុខភាពយើង

2. សម្រាប់ពិធី​រាត្រីសមោសរ ឬពិធី​អាពាហ៍ពិពាហ៍

ចំពោះពិធី​ស្រមោសរ​ផ្សេងៗ  បច្ចុប្បន្ននេះ​នារីខ្មែរ​ទាំងក្មេង​ចាស់ចូលចិត្ដ​ប្រើសម្លៀក​បំពាក់​ដែលមាន​លក្ខណៈ​ឆើតឆាយ បន្ដិច។ ស្ដ្រីខ្លះចូល​ចិត្ដ​ប្រើសំពត់ហូល​ជាមួយអាវ​ដែលធ្វើឡើង​ពីក្រណាត់​ផាមួង​លាយជាមួយ​ក្រណាត់​ហូល ដើម្បី​រំលេចឱ្យ​ឃើញកាន់ តែស្រស់​ស្អាត។ ស្ដ្រីខ្លះ​ប្រើសំពត់​ហូលជាមួយ​អាវដែល​ធ្វើពី​ក្រណាត់​ប៉ាក់។

  • ចំពោះ​ស្ដ្រីវ័យក្មេង ក្នុងពិធី​ស្រមោសរ យុវវ័យ​ច្រើនលេង​ម៉ូតឆើត​ឆាយបន្ដិច ដូចជា​ប្រើក្រណាត់​សារូលាយ​ជាមួយក្រ ណាត់​ផាមួង ឬ​ក្រណាត់​ប៉ាក់។ ជួនកាល​គេច្នៃ​ដាក់ផ្កា​ផ្សេងៗ ដេរជា​អង្កាំរំលេច​ជាផ្កាភ្ញី​នៅដៃអាវ ឬ​នៅកអាវ ដើម្បី​ឱ្យឃើញ​កាន់តែ ស្រស់​ស្អាត។ ស្ដ្រី​វ័យក្មេង​ច្រើន​និយម​ជារ៉ូប​បែប​ចោមពង់(មិនមានដៃ) ឬ​រ៉ូបដែល​មានដៃតូចៗ។ ប៉ុន្ដែ​ស្ដ្រីវ័យក្មេង​ខ្លះដែល​មិនសូវ និយម​ភាព​ស៊ិចស៊ី​អាចកាត់​ជាស្បៃ​គ្របដណ្ដប់​ពីលើ​ខ្លួនទៀត។
  • ចំពោះ​ស្ដ្រីវ័យ​ចំណាស់ ក្នុងការ​ចូលរួម​ពិធី​ស្រមោសរ ស្ដ្រីឋិត​ក្នុងវ័យ​នេះច្រើន​ប្រើសំពត់​បត់ដែល​កាត់ចេញ​ពីក្រណាត់ ហូល និង​ប្រើជាមួយ​អាវប៉ាក់ ឬ​អាវដែល​កាត់ពី​ក្រណាត់​ផាមួង​លាយ​ក្រណាត់​ហូល ឬ​ក្រណាត់​សារូ។ ស្ដ្រីអាច​ប្រើកអាវ​ដែលមាន លក្ខណៈ​វាល ឬ​លេងម៉ូត​បន្ដិចដែរ ដើម្បីឱ្យ​មើលទៅ​ទាន់សម័យ។

សម្លៀក​បំពាក់បុរស

ម៉ូត​សម្លៀក​បំពាក់​សម្រាប់​បុរស​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​គ្មានអ្វី​គួរឱ្យ​ប្លែកទេ។ ជាការ​ងាយស្រួល​បំផុត​សម្រាប់​បុរស ព្រោះ សម្លៀក​បំពាក់​បុរស​មិនទាមទារ​នូវការ​រចនាម៉ូត​ច្រើន​ពេកទេ គឺប្រើ​អាវកឌុប ដៃឌុប កតាំង ឬ​កកុត​ជាការ​ស្រេច។ ប្រសិន​បើទៅ ចូលរួម​ក្នុងពិធី​រាត្រី​ស្រមោសរ ឬ​ទៅវត្ដ បុរស​គ្រាន់តែ​ប្រើអាវដែល​កាត់​ពីក្រណាត់​ហូល ឬ​ផាមួង​ជាការ​ថ្លៃថ្នូរ​ទៅហើយ។ ប្រសិនបើ ជាម្ចាស់​កម្មវិធី ជាអ្នក​ទទួលភ្ញៀវ​គេច្រើន​ប្រើក្រណាត់​សូត្រ និង​ហូលជា​ការល្អ ដើម្បី​ឱ្យសក្ដិសម​ជាម្ចាស់​កម្មវិធី។

ការជ្រើស​រើស​ពណ៌ស​ម្លៀក​បំពាក់

ការជ្រើស​រើសពណ៌​ជាការ​សំខាន់​ផងដែរ សម្រាប់​បុរសស្ដ្រី្ដ​ទាំងឡាយ។ សម្រាប់​បុរសស្ដ្រី​ដែលមាន​សម្បុរខ្មៅ​ស្រអែម គួរ ជ្រើសរើស​ពណ៌ណា​ស្រស់បន្ដិច ដើម្បី​ឱ្យលើក​សាច់បាន​មួយ​កម្រិត ហើយ​មិនគួរ​ប្រើពណ៌​ស្រអាប់​ដែលនាំឱ្យ​សប្បុរកាន់​តែស្រអាប់ ថែមទៀត​នោះទេ។ ប៉ុន្ដែ​សម្រាប់​មនុស្ស​វ័យចំណាស់ លោកអ្នក​មិនគួរ​ប្រើពណ៌​ស្រស់​ពេកទេ ព្រោះ​មើលទៅ​មិនសក្ដិសម​នឹងវ័យ ឡើយ។

ពណ៌ទាំង៧​នៃសប្ដាហ៍

  • ថ្ងៃច័ន្ទ ប្រើពណ៌​លឿងទុំ
  • ថ្ងៃអង្គារ ប្រើពណ៌​ស្វាយ
  • ថ្ងៃពុធ ប្រើពណ៌​ស៊ីលាប (ពណ៌​បៃតងខ្ចី)
  • ថ្ងៃព្រហស្បត៍ ប្រើពណ៌​បៃតងចាស់
  • ថ្ងៃសុក្រ ប្រើ​ពណ៌ខៀវ
  • ថ្ងៃសៅរ៍ ប្រើពណ៌​ព្រីងទុំ ឬពណ៌​គ្រាប់អំពិល
  • ថ្ងៃអាទិត្យ ប្រើពណ៌​ក្រហម

ដំបូន្មាន​អ្នកប្រឹក្សា

គ្មានអ្វីល្អ​ប្រសើរ​ជាងការ​ស្លៀកពាក់​ត្រូវទៅ​តាមកាលៈ​ទេសៈ​ឡើយ។ មុននឹង​សម្រេច​ចិត្ដកាត់​សម្លៀក​បំពាក់​បែបណា​នោះ  បុរសស្ដ្រី​ទាំងឡាយ​គួរធ្វើ​ការប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​កាត់ដេរ​ជាមុនទើប​ជាការ​ប្រសើរ ដើម្បី​ចៀសវាង​ការចំណាយ​ថវិកា​ឥត​ប្រយោជន៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative