វិធីរៀបចំផ្ទះទទួលឆ្នាំថ្មី

ចូលឆ្នាំ​ជាពិធីបុណ្យ​ប្រពៃណីជាតិ​ខ្មែរដ៏ធំមួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរតែង​ប្រារឰធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ។ នៅមុន​ថ្ងៃចូល ឆ្នាំ​មកដល់​មួយសប្ដាហ៍ ប្រជាពលរដ្ឋ​ខ្មែរគ្រប់ៗ​រូបតែង​នាំកូនចៅ​បោសច្រាស​សម្អាតផ្ទះ​សម្បែង ភូមិដ្ឋាន និងរៀប​ចំជាគោម រំយោល ផ្កាភ្ញី ចម្រុះ​ពណ៌យ៉ាង​ស្រស់ស្អាត ដើម្បី​អបអរទទួល​ទេវតា​ឆ្នាំថ្មី។ អត្ថន័យ​នៃការររៀប​ចំបោសសម្អាត​នេះ គឺដើម្បី​ជម្រះ​ចេញនូវ ឧបទ្រពចង្រៃ​ទាំងឡាយ​ដែលមាន​នៅក្នុង​ឆ្នាំចាស់។ តើគួររៀប​ចំផ្ទះសម្បែង​ដូចម្ដេច​ខ្លះ ដើម្បីទទួល​ទេវតាឆ្នាំថ្មី?

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមប្រិយមិត្ដ​អ្នកអាន​ស្វែងយល់​អំពីការរៀប​ចំផ្ទះសម្បែង​សម្រាប់ទទួល​ទេវតាឆ្នាំថ្មី ជាមួយ​ទស្សនាវដ្ដី សុខភាពយើង ដែល​នឹងត្រូវ​បរិយាយ​នៅលេខនេះ។

ហេតុអ្វីត្រូវរៀបចំផ្ទះសម្បែង?

នៅរយៈពេល​មុនថ្ងៃចូលឆ្នាំថ្មី​មកដល់មួយ​សប្ដាហ៍់ ប្រជាពល​រដ្ឋតែង​នាំកូនចៅ​បោសសម្អាត​ទីធ្លាភូមិដ្ឋាន និង​សម្អាតផ្ទះ សម្បែង រានទេវតា​ជាដើម។ រីឯនៅ​តាមទីវត្ដអារាម​វិញក៏ដូចគ្នាដែរ ព្រះចៅ​អធិការវត្ដ​បានចាត់ពុទ្ធ​បរិស័ទបោស​សម្អាត​ទីធ្លាវត្ដ និងរៀបចំ​កន្លែងសំខាន់មួ​យចំនួនសម្រាប់​រៀបចំពិធី​ផ្សេងៗ។ កន្លែងទាំង​នោះមានដូចជា​កន្លែងស្រង់ព្រះ កន្លែងពូូនភ្នំខ្សាច់ ពូនភ្នំអង្ករ ចេតិយ និង​ទីកន្លែងផ្សេងៗ​ទៀតទុកដើម្បី​ទទួលពុទ្ធ​បរិស័ទ​ដែល​មកធ្វើ​បុណ្យទាន និងដើម្បី​ទទួលពុទ្ធ​បរិស័ទដែលមក​លេងល្បែង កម្សាន្ដ​ទទួលទេវតា​ឆ្នាំថ្មីផង។

តាមជំនឿ​ប្រពៃណីខ្មែរ ការរៀប​ចំសម្អាតផ្ទះ​សម្បែង លំនៅដ្ឋាន ឬវត្ដនេះ គឺដើម្បី​អបអរទទួល​ទេវតាឆ្នាំថ្មី​ដែលនឹងត្រូវ ចុះមក​អភិបាល​លោកនេះ។ មួយវិញ​ទៀត គឺដើម្បី​បណ្ដេញចេញ​ឱ្យអស់ឧបទ្រព​ចង្រៃដែលមាន​នៅក្នុង​ឆ្នាំចាស់ ហើយ​ទទួល​ពរសព្វ សាធុការ​ពីទេវតាឆ្នាំថ្មី​នូវសេរីសួស្ដី សុភមង្គល។ ផ្ទុយ​ទៅវិញ ប្រសិន​បើមិនបាន​រៀបចំផ្ទះទេ ទេវតា​មិនឱ្យពរ​ជ័យឡើយ ហើយ គ្រួសារ​នឹងជួប​ឧបទ្រព​ចង្រៃ ឬជម្ងឺត​ម្កាត់ផ្សេងៗ។ ប្រការ​នេះមិនខុស​ពីការទទួល​ភ្ញៀវឡើយ នៅពេល​ដែលភ្ញៀវមក​លេងផ្ទះ ហើយ ឃើញផ្ទះ​ស្អាតភ្ញៀវ​នោះតែងនឹក​ចង់មកទៀត និង​តែងអួត​សរសើរពី​ផ្ទះនោះ​ជាមិនខាន​ឡើយ។ ហេតុនេះ​ហើយទើប​ប្រជាពលរដ្ឋ​ខ្មែរ ខិតខំ​រៀប​ចំលំនៅដ្ឋាន​របស់ខ្លួន​ឱ្យបាន​ស្អាតដើម្បី​ទទួល​ទេវតា​ឱ្យពរជ័យ​សព្វសាធុ​ការ។

ដង្វាយ​រៀបទទួល​ទេវតា​ឆ្នាំថ្មី

ប្រជាពលរដ្ឋខ្មែរ​ប្រារឰពិធីបុណ្យ​ចូលឆ្នាំថ្មីចំនួន​បីថ្ងៃ គឺនៅថ្ងៃ១២ ១៣ និងទី១៤រោចខែចេត្រ​ត្រូវនឹង​ថ្ងៃទី១៤ ១៥ និងទី ១៦ ខែមេសា​ជារៀងរាល់ឆ្នាំ។

  • នៅថ្ងៃទីមួយ គេមានរៀប​គ្រឿងសក្ការៈ​បូជាសម្រាប់​​ទទួលទេវតា​ឆ្នាំថ្មី មានបាយសី​មួយគូ ស្លាធម៌​មួយគូ ធូប៥ ទៀន៥ ទឹកអប់​មួយគូ ស្លា៥ ម្លូ៥ បារី៥ ផ្កា លាជ ទឹកមួយ​ផ្ដិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់​មុខផងដែរ។
  • ចំពោះ​គ្រឿងសក្ការ និង​ក្រយាស្ងោយ​ដាក់ថ្វាយ​ទេវតានោះ គេនិយម​ទិញតម្រូវ​តាមចិត្ដទេវតា​ដែលនឹង​ត្រូវចុះមក​ក្នុងឆ្នាំ នីមួយៗ។ ឧទាហរណ៍ បើ​ទេវតាសោយ​លោហិត គេទិញផ្កា ឬផ្លែឈើពណ៌ក្រហម​ជានិមិត្ដរូប។ តែប្រសិន​បើទេវតាសោយល្ង សណ្ដែក គេដាក់​ល្ងសណ្ដែកថ្វាយ។
  • ការតុបតែង​ធ្វើឡើងទៅតាម​ចំណង់ចំណូលចិត្ដ និងទៅ​តាមធនធានរបស់​ម្ចាស់ផ្ទះ។ ចំពោះផ្ទះ​សម្បែង គេតុប​តែង និង រំលេច​ចង្កៀងគោម​គ្រប់ពណ៌​ជាលំអ​សម្រាប់​ទទួលទេវតា។ គេហដ្ឋាន​ខ្លះមានដាក់​រំយោលរំលេច​ចេញជា​អក្សរធំៗនៅ​ខ្លោងទ្វារ​ផ្ទះថា សួស្ដីឆ្នាំថ្មី។ 
  • ចំណែក​នៅតាមទីសា​ធាណៈ ឬតាមស្ថាប័ន​នានា ក៏មានរៀប​ចំភ្លើងពណ៌​ចម្រុះតាំង​លំអដោយ​ផ្កាភ្ញីផ្សេងៗ។ មិនតែ ប៉ុណ្ណោះ គេមាន​លើកផ្លាក​បដាធំៗដាក់ថា សួស្ដីីឆ្នាំថ្មី ផងដែរ។
  • ឆ្នាំថ្មីមក​ដល់ស្នូរស្គរ រគាំង សម្លេង​ធម៌ពរជ័យ​លាន់ឮរន្ទឺអឺង​កងចេញពីវត្ដ​អារាម។ ភ្លេងពិណពាទ្យ​រោទិ៍តាមវិទ្យុ និងវាយ ស្គរធំ វាយគង​នៅតាមវត្ដ​អារាម តាមម៉ោង​ទេវតាចុះមក​ផ្លាស់វេនគ្នា ដោយ​ការកំណត់របស់​ហោរាសាស្ដ្រ​បានប្រកាស​ឱ្យដឹង​ជាមុន។

ការ​កម្សាន្ដ​ពេលចូលឆ្នាំ

ចាស់ទុំ ក្រមុំកម្លោះ ក្មេងក្មាង​តូចធំមាន​សម្លៀកបំពាក់​ស្អាតៗចេញ​មកទទួល​ទេវតាឆ្នាំថ្មី ម្នាក់ៗមាន​ទឹកមុខ​រីករាយ។  ជា​ពិសេស​ក្មេងៗ​សប្បាយ​ក្អាកក្អាយ​ជាងគេ ព្រោះជា​ឱកាស​ដ៏ពិសេស​បំផុត​សម្រាប់​ពួកគេ។ ពួកគេ​លេងកម្សាន្ដ​នូវល្បែង​ប្រជា​ប្រិយជា មួយគ្នា​ដោយគ្មាន​ចាស់ទុំ​ណារារាំង​ឡើយ។ ល្បែងប្រជាប្រិយ​មានដូចជាល្បែង​ចាប់កូនខ្លែង លាក់កន្សែង។ ការលេង​កម្សាន្ដអបអរ ឆ្នាំថ្មីនេះ មិនត្រឹមតែ​ក្នុងរយៈពេលបី​ថ្ងៃប៉ុណ្ណោះ​ទេ គេលេង​តាំងពីមុន និងក្រោយ​ប៉ុន្មានថ្ងៃបុណ្យ​ទៀតផង។

គ្រួសារ​ខ្លះនាំកូន​ចៅដើរ​កម្សាន្ដតាម​រមណីយដ្ឋាន​នានា។ ពេលចូល​ឆ្នាំថ្មីជាពេល​ជម្រះឧបទ្រព​ចង្រៃនៃ​ឆ្នាំចាស់ឱ្យ​ជ្រះស្រ ឡះ ដើម្បី​ទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោម​នស្សក្សេម​ក្សាន្ដ និង​សុភមង្គល។

ប្រជាពលរដ្ឋ​ខ្មែរនាំគ្នាធ្វើបុណ្យ​តាមចិត្ដយ៉ាង​សប្បាយ ដើម្បីអបអរ​សាទរចំពោះជីវិត​ថ្មីរបស់គេ​ដែលបាន​ហែលឆ្លង​កាត់ឧប សគ្គ និងទទួល​ជោគជ័យ​ក្នុងរយៈ​ពេលឆ្នាំ​ចាស់កន្លង​ទៅ។ លើសពីនេះ​ប្រជាពលរដ្ឋ​ត្រៀមចាំ​បំពេញភារកិច្ច​ថ្មី ត្រៀម​ចាំរដូវ​ដកស្ទូង និងត្រៀម​ចាំទឹកភ្លៀង​ដែលនឹង​បង្អុរចុះនា​ដើមវស្សារដូវនៃឆ្នាំថ្មី​ដ៏ខ្លីខាងមុខ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative