ល្បែង​​​កម្សាន្ដ​​​បង្ក​​​គ្រោះ​​ថ្នាក់​​​នៅពេល​​​បុណ្យចូលឆ្នាំ

ស្ថិតនៅក្នុង​បរិយាកាស​សប្បាយរីករាយ​នាពេលបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ប្រជាពល​រដ្ឋកម្ពុជាយើង​តែងតែ​នាំគ្នាលេង ល្បែង​ប្រជាប្រិយ​មួយចំនួន​ដើម្បីជាការ​កម្សាន្ដ​នាឱកាស​ជួបជុំគ្នា។ ទន្ទឹម​នឹងនោះដែរ មាន​លោកអ្នក​មួយចំនួនបាន​ប្រែក្លាយការ កម្សាន្ដ​ឱ្យទៅជា​បញ្ហាមិន​រីករាយ ដោយ​បង្កើត ឬកាឡៃល្បែង​ប្រជាប្រិយ​ដែលមាន​លក្ខណៈមិនត្រឹមត្រូវ​នាំឱ្យអ្នកផង​ទាំងពួង​កើតក្ដី ក្ដៅក្រហាយ​ទៅវិញ។ តើការលេង​ល្បែងប្រជាប្រិយ​បែបណា​ដែលបណ្ដាល​ឱ្យមានគ្រោះ​ថ្នាក់នោះ? តើផល​ប៉ះពាល់​អ្វីខ្លះដែល បណ្ដាល​មកពីការសប្បាយ​ដោយគ្មានព្រំដែន​កំណត់នេះ? តើហេតុ​អ្វីបានជា​មានទង្វើ​បែបនេះ​កើតឡើង?

រូបភាពទស្សនាវដ្តីសុខភាពយើង

ល្បែងដែល​ប្រជាពលរដ្ឋ​ខ្មែរយើងនិយម​លេងនារដូវ​ចូលឆ្នាំមាន​ដូចជាបោះ​អង្គញ់ ចោលឈូង ទាញព្រ័ត្រជាដើម។ ក៏ប៉ុន្ដែ លោកអ្នក​មួយចំនួន​ជាពិសេស​យុវវ័យ​តែម្ដង​បានយក​ពិធីមួយ​ចំនួន ដូចជាការ​លេងប៉ាតម្សៅ ស្រង់ទឹកជាដើម​មកបង្កទៅ​ជាគ្រោះថ្នាក់ ដល់ខ្លួន និង​អ្នកដទៃ​ក៏ដូចជា​ធ្វើឱ្យបាត់បង់​ប្រពៃណី​ដ៏ល្អរបស់​ខ្មែរយើង។

ប្រពៃណី​និងទំនៀមទម្លាប់​ដ៏ល្អរបស់ខ្មែរ

ជាការ​ប្រពៃណាស់​ក្នុងពិធី​ចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋ​យើងទាំងប្រុស​ទាំងស្ដ្រី​តែងតែ​រៀបចំជាពិធី​ស្រង់ទឹក​ជូនចំពោះ​ព្រះពុទ្ធ រូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា ព្រមទាំង​បុព្វការីជន​នៅតាមវត្ដ​អារាម និងភូមិស្រុក។ បានជា​កើតមានពិធី​ស្រង់ព្រះនេះ​ឡើង គឺ ដោយសារ​ប្រជាពលរដ្ឋ និងពុទ្ធសាស​និកជនទាំងអស់​មានជំនឿ និងទំនៀម​ទម្លាប់​ទៅលើ​ប្រវត្ដិនៃ​ពិធីស្រង់​ទឹកដែល​បានតំណាលថា អ្នកដែល​បានស្រង់​ជូនឪពុកម្ដាយ បុព្វការីជន​នោះ នៅអនាគត​ជាតិនឹងបាន​ទៅកើតក្នុង​ឋានទេវលោក មានបុណ្យ​បារមីច្រើន មានរូប ល្អ មាន​ទ្រព្យសម្បត្ដិ​ច្រើន មានសេចក្ដីសុខ​គ្រប់យ៉ាង។ល។ កាលពីដើម​ទំនៀមទម្លាប់​នៃការស្រង់ទឹក​ជូនមាតាបិតា ជីដូនជីតា និង ចាស់ទុំ កូនចៅ​ទាំងអស់​គេច្រើនរៀប​កន្លែងមានគ្រែ​ចងជាបុស្បុក មានពាងទឹក​៤តម្រៀប​នៅតាម​ចែងគ្រែ រួចកូន​ចៅលុត​ជង្គង់សុំ ខមាទោស​មាតាបិតា​ជីដូនជីតា​នូវអំពើ​កំហុសឆ្គង​ដែលកូនចៅ​អនុវត្ដខុសឆ្គង​កន្លងមកជា​ពាក្យសម្ដី ឬកូនចៅ​មានទំនាស់​ទាស់ទែងជា មួយបង​ប្អូនខ្លួន ប្រកាន់​ពាក្យសម្ដីគ្នា​ដែលធ្វើឱ្យ​មាតាបិតា​ព្រួយបារម្ភ និងសុំពរជ័យ​ពីគាត់ហើយថ្វាយ​បង្គំសុំអញ្ជើញឱ្យ​ស្រង់ទឹក និង ផ្លាស់សម្លៀក​បំពាក់ថ្មី​ជូនគាត់។ ចំណែក​ឯការស្រង់​ព្រះ គេច្រើន​ធ្វើនៅក្នុង​ព្រះវិហារ​ដោយនាំ​គ្នាចាក់ទឹកដុស​លាងសម្អាត​លំអង​ធូលីដី ដែលកាន់​ស្នឹមពេញមួយ​ឆ្នាំនៅលើខ្លួន​ព្រះពុទ្ធបដិមា​ឱ្យជ្រះ​ស្រឡះ បាញ់ទឹក​អប់​ឱ្យក្រអូប និងសុំ​សេចក្ដីសុខ​ដល់គ្រួសារ។ ទឹកដែល ស្រង់នោះ​មានអប់ជាមួយ​ផ្កាមួយចំនួន ដូចជាផ្កា​ឈូក ផ្កាម្លិះជាដើម ដើម្បីឱ្យមាន​ក្លិនក្រអូប។

ការច្នៃ​ប្រឌិត​ប្រពៃណីថ្មី

ឆ្លងតាម​ការរៀបរាប់ជូន​ខាងលើ លោកអ្នកបាន​ទទួលជ្រាប​រួចមកហើយ​អំពីប្រពៃណី​ដ៏ល្អរបស់ខ្មែរ​យើង។ ក៏ប៉ុន្ដែ​កន្លងមក ការលេង​ល្បែងជះទឹក ប៉ាតម្សៅ ដែលលោកអ្នក​ខ្លះលេងមិន​សមទំនង បង្កឱ្យកើត​មាននូវការ​មិនសប្បាយ​ចិត្ដ និងមិន​ពេញចិត្ដ​ពីសំ ណាក់​លោកអ្នក​មួយចំនួន ជាពិសេស​សម្រាប់​លោកអ្នក​ជាចាស់ទុំ ដូចជា​អ្នកខ្លះគប់ថង់​ទឹកដាក់ភក់ ឬវត្ថុមិន​ល្អផ្សេងៗ​ទៅលើអ្នកដំណើរ​ជាដើម។ អ្នក​ខ្លះទៀត​បន្លំលូកស្ទាប​ស្រីៗ អ្នកទៀត​បន្លំយកគ្រឿង​អលង្ការ​របស់គេ​នៅពេលលេង​ប៉ាតម្សៅ ដោយស្ទាប​រាវតាំង ពីក្បាល​រហូតដល់​ចុងជើង។ អ្នកខ្លះ​ទៀតបើ​មិនឱ្យប៉ាត​ម្សៅនោះ​ទាមទារសុំប្រាក់​ពីគេ ទើប​ឱ្យគេធ្វើ​ដំណើរ​ទៅមុខ ឬរួចខ្លួន និងពេល ខ្លះរហូត​ដល់យក​រំពាត់វាយ​ទៅលើអ្នក​ធ្វើដំណើរ​ទៀតផង។ មានអ្នក​ខ្លះទៀត​យកទឹក​ទៅចាក់​លើផ្លូវធ្វើ​ឱ្យអ្នកដំណើរ​អាចរអិលដួល ឬ​បង្កគ្រោះថ្នាក់​ចរាចរក៏​មាន។ ក្រៅពីនេះ​ក៏មានអ្នកខ្លះ​មិននាំគ្នា​លេងល្បែង​ប្រជាប្រិយ​ទេ បែរជានាំ​គ្នាទៅលេងល្បែង​ស៊ីសង ដូចជា បៀរ ឬ​ចាក់អាប៉ោង​ទៅវិញ​ដែលផ្ទុយ​អំពីគន្លង​ច្បាប់របស់​យើង។

ការប៉ះពាល់​នៃល្បែង​ប្រជាប្រិយ

លោកអ្នក​ប្រហែលជាចាប់​អារម្មណ៍ដែល​បណ្ដាញ​សារព័ត៌មាន​ជាច្រើនបាន​រាយការណ៍​អំពីចំនួន​កើនឡើង​នៃគ្រោះថ្នាក់ ចរាចរណ៍​នាពេល​បុណ្យចូលឆ្នាំ។ មូលហេតុ​មួយក្នុងចំណោម​មូលហេតុ​ទាំងអស់គឺបណ្ដាល​មកពីការ​លេងជះ បាចទឹក ឬប៉ាតម្សៅដាក់​គ្នាទៅវិញ​ទៅមក​នៅតាម​ដងផ្លូងដ៏​ចង្អៀតណែន​នាពេលចូល​ឆ្នាំនោះ។ គ្រោះ​ថ្នាក់ទាំងនោះ​មិនត្រឹម​តែបណ្ដាល​ឱ្យអ្នកដែល​ប្រព្រឹត្ដ​មានគ្រោះថ្នាក់​ប៉ុណ្ណោះទេ តែវា​ថែមទាំងឱ្យ​អ្នកដែលធ្វើដំណើរ​តាមដងផ្លូវរង​គ្រោះជាមួយ​ដែរ។ ម្យ៉ាងវិញ​ទៀតចំពោះ​ការនិយមរាំ លេងកម្សាន្ដ​ហើយបង្ក​ជារឿងឈ្លោះ​ប្រកែកគ្នា​ដោយគ្រាន់​តែរាំប៉ះគ្នា​បន្ដិចតែប៉ុណ្ណោះ ដែលពេល​ខ្លះអាចធ្វើឱ្យ​ភាគីម្ខាងៗ​មានគ្រោះ ថ្នាក់ដល់​ជីវិតទៀត​ផង។ ទង្វើ​ទាំងនេះកើត​ឡើងបានធ្វើ​ឱ្យប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរដល់​សេចក្ដីថ្លៃថ្នូរ និងប្រពៃណី​ដ៏ល្អរបស់​ខ្មែរយើង។ ប្រការ​មួយទៀត​ដែលលោកអ្នក​គួរគិតដល់​នោះ គឺនៅ​ពេលបច្ចុប្បន្ន​អត្រាអ្នករង​គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា​មានការ​កើតឡើងជា លំដាប់។ បើតាម​របាយ​ការណ៍​របស់ក្រសួង​មហាផ្ទៃ​នៅក្នុងឱកាស​បិទមហាសន្និបាត​របស់ខ្លួន​នាពេលថ្មី​នេះបានឱ្យ​ដឹងថាមាន​ការកើន ឡើង​​នៃគ្រោះ​ថ្នាក់ចរាចរណ៍​ចំនួន​៤៩២៧​ករណីក្នុងឆ្នាំ​២០០៦​ដែលបណ្ដាល​ឱ្យមនុស្ស​ស្លាប់ជាមធ្យមពី​៣ទៅ៤ក្នុង​មួយថ្ងៃ និងរងរបួស ពី២០​ទៅ២៥នាក់ក្នុង​មួយថ្ងៃ ដែលជា​អត្រាគ្រោះថ្នាក់​ចរាចរណ៍ខ្ពស់​បំផុតបើប្រៀប​ធៀបជាមួយ​ប្រទេសនានា​ក្នុងតំបន់។ សូមធ្វើការ គូសបញ្ជាក់​ថាបញ្ហាគ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជាខ្ពស់រី​ឯអត្រាគ្រោះ​ថ្នាក់ដោយ​ប្រការផ្សេងៗ​ទៀតរួម​មានដូចជា​ជម្ងឺអេដស៍ និង គ្រាប់មីន​ក៏ខ្ពស់ផងដែរ។

ប​ណ្ដាំ​ផ្ញើ

ខ្លឹមសារដែល​រៀបរាប់ខាង​លើធ្វើឱ្យ​លោកអ្នក​បានទទួល​ជ្រាបអំពី​បញ្ហាដែល​ទាក់ទងនឹ​ងចំណុច​ល្អ និងចំណុច​ដែលគួរចៀស វាង​នៅពេល​បុណ្យ​ចូ​លឆ្នាំ។ ទោះ​បីជា​យ៉ាងណា​ក៏ដោយ​ក៏លោក​អ្នក​ចាំបាច់​គិតពីសុវត្ថិភាព និងសេចក្ដី​សុខជាចម្បង។ អ្វីដែលលើកមក ជម្រាប​ជូននេះជា​បំណងល្អរ​បស់ទស្សនាវដ្ដី សុខភាពយើង។ សូម​ឱ្យបុណ្យចូល​ឆ្នាំនេះប្រកប​ដោយភាព​សប្បាយ​រីករាយទៅ​តាមគន្លង ប្រពៃណី​ខ្មែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative