កីឡា​ម៉ារ៉ាតុង​ជួយរាងកាយ​មាំមួន

កីឡា​អត្ដពលកម្ម​មានច្រើន​ប្រភេទ ដូចជា​លោត​កម្ពស់ លោត​ចម្ងាយ រត់ប្រណាំង​ជាដើម។ ម៉ារ៉ាតុង​ជាប្រភេទ​កីឡា អត្ដពល​កម្ម​រត់ក្នុង​ចម្ងាយ​ឆ្ងាយ ឬរត់ផ្លូវ​ឆ្ងាយ​ដែល​មានរហូត​ដល់ទៅ​ជាង៤២​គីឡូម៉ែត្រ និងត្រូវ​ចំណាយ​ពេលវេលា​អស់យ៉ាង​តិចក៏ ២ម៉ោង​កន្លះដែរ។ តើម៉ារ៉ាតុង មានប្រវត្ដិ​រឿងរ៉ាវ​យ៉ាងដូច​ម្ដេចខ្លះ? និងមាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក តូ រិទ្ធិយ៉ា អតីត​កីឡាករ​ម៉ារ៉ាតុង​ជម្រើស​ជាតិ​កម្ពុជា​នឹងស្រាយ​បំភ្លឺ​អំពីកីឡា​នេះជូនមិត្ដ​អ្នកអាន​បានស្វែង​យល់អំពី អត្ថប្រយោជន៍​របស់វា​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​កីឡា​ម៉ារ៉ាតុង

ពាក្យថា​ម៉ារ៉ាតុង​នេះដើម​ឡើយ​ជាឈ្មោះ​របស់​កងទ័ព​ក្រិកម្នាក់​កាលពី​សម័យ​បុរាណ។ នៅសម័យ​សង្គ្រាម​ក្រិក ទំនាក់ទំ នងរវាង​សម​រភូមិមុខ និងទីបញ្ជាការ​ទ័ពត្រូវ​ដាច់ខ្សែ​រយៈ មិនអាច​ផ្ដល់​ព័ត៌មាន​ទៅវិញទៅ​មកបាន។ មេបញ្ជា​ការទ័ព​នៅ​សមរភូមិ ក៏ប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ដ​ម្នាក់ដើម្បី​ទៅផ្ដល់​ដំណឹង​ដល់ទី​បញ្ជាការ​ទ័ព។ ពេលនោះ មានកងទ័ព​ម្នាក់ឈ្មោះ​ម៉ារ៉ាតុង​ដោយមាន របួសផង​បានលើក​ដៃស្ម័គ្រចិត្ដ​ជាអ្នកផ្ដល់​ដំណឹង។ ក្នុង​ចម្ងាយ​ផ្លូវ៤២​គីឡូម៉ែត្រ​និង​១៩៥​ម៉ែត្រ ម៉ារ៉ាតុង​រត់ផង​ដើរផង​រហូតដល់​ទី បញ្ជាការ ប៉ុន្ដែ​ជាអកុសល​ដោយសារ​គាត់មាន​របួសផង​នោះគាត់​ក៏ត្រូវស្លាប់​បាត់បង់​ជីវិត។ ដើម្បី​ជាការ​ដឹងគុណ​ដល់អ្នកក្លាហាន​ដែល បានធ្វើ​ដំណើរ​លើចម្ងាយ​ផ្លូវដ៏វែង​ឆ្ងាយនេះ គេក៏បាន​រៀបចំ​ទិវារត់​ប្រណាំងទុក​ជាការ​រំលឹក​ដល់វិញ្ញាណក្ខន្ធ​ម៉ារ៉ាតុង ហើយបាន​កំណត់ យក​ចម្ងាយ​ដែល​ម៉ារ៉ាតុង​ធ្វើដំណើរ​ពីសមរភូមិ​មុខ មកដល់​ទីបញ្ជាការ​ទ័ពប្រវែង​៤២​គីឡូម៉ែត្រ និង១៩៥​ម៉ែត្រ ព្រមទាំង​យក​ឈ្មោះ ម៉ារ៉ាតុង​ដាក់ជា​ឈ្មោះកីឡា​នេះតែ​ម្ដង។ កំណើត​ពិធីប្រកួត​រត់ម៉ារ៉ាតុង ប្រារឰ​ធ្វើឡើង​ជារៀង​រាល់ឆ្នាំ​ចាប់ពី​ពេលនោះមក មិនត្រឹម​តែ ប៉ុណ្ណោះ​កីឡានេះ​បានផ្សព្វ​ផ្សាយ​ពេញ​ទូទាំង​ពិភព​លោក។ ពុំមាន​ព័ត៌មាន​ពិតប្រាកដ​ណាមួយ​ដែលអាច​បញ្ជាក់ពី​ប្រវត្ដិពិត​នៅក្នុង ប្រទេស​កម្ពុជា​បាន​ឡើយ គ្រាន់តែ​ដឹងមិន​ជាផ្លូវ​ការថា​កាលពី​សម័យ​សង្គម​រាស្ដ្រនិយម កម្ពុជា​ធ្លាប់មាន​កីឡាករ​រត់ផ្លូវ​ឆ្ងាយ​បែបនេះ តែពុំទាន់​ល្បីល្បាញ​នោះទេ ហើយ​កីឡា​នេះក៏មាន​ជាបន្ដ​បន្ទាប់​រហូតមក​ដល់បច្ចុប្បន្ន។

អត្ថ​ប្រយោជន៍​នៃការ​ហាត់​ម៉ារ៉ាតុង

ការហាត់​ម៉ារ៉ាតុង​អាចធ្វើឱ្យ​លោកអ្នក​មានសុខភាព​ល្អ រាងកាយ​មាំមួន និងមាន​កម្លាំង​ជើង​រឹងមាំ ជាងនេះ​ទៅទៀត​ធ្វើឱ្យ លោកអ្នក​មានភាព​អំណត់ បេះដូង​រឹងមាំ និយាយរួម​គ្រប់ផ្នែក​នៃរាងកាយ​សុទ្ធតែ​មានភាព​រឹងមាំ។ មិនត្រឹម​តែប៉ុណ្ណោះ​នោះទេ ការហាត់​រត់​ម៉ារ៉ាតុង​មាន​ប្រយោជន៍​អាចជួយ​ការពារ​លោកអ្នក​ពីជម្ងឺ​ផ្សេងៗ​ដូចជា​ការស្ពឹក​ស្រពន់​ជាដើម។ ពីព្រោះ​គ្រប់ផ្នែក​នៃ សព៌ាង្គកាយ​មាន​ចលនា​ធ្វើឱ្យ​សារធាតុ​ខ្លាញ់​ក្នុងខ្លួន​ត្រូវបាន​ដុតបំផ្លាញ និង​ជម្រុះចេញ។

របៀប​ប្រកួត​ម៉ារ៉ាតុង

កីឡា​ម៉ារ៉ាតុង​មានលក្ខណៈ​ប្រកួត​ជាសាកល​ដែលអាច​ចូលរួម​ដោយ​សេរី ឬអ្នក​ចូលរួម​ច្រើននាក់។  ការចាត់​ចំណាត់​ថ្នាក់ ត្រូវបែង​ចែករ​វាងកីឡាករ និង​កីឡាការិនី​ដែលរត់​មកដល់​ទីមុនគេ​ទៅតាម​លំដាប់​ចុង​ក្រោយ។ ម៉ារ៉ាតុង​ដែល​រត់ក្នុង​ចម្ងាយ​ផ្លូវ ប្រវែង​៤២,១៩៥គីឡូ​ម៉ែត្រ​គឺត្រូវ​ចំណាយ​ពេលវេលា​ចាប់ពី​២ម៉ោង​៣០នាទី ទៅ២ម៉ោង​៥០នាទី ឡើងទៅ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ត្រៀមខ្លួន​ហាត់​ម៉ារ៉ាតុង

ការហាត់​កីឡា​ម៉ារ៉ាតុង​ទាមទារ​ឱ្យមាន​ភាព​ជាក់លាក់ និងទៀង​ទាត់ មិនមែន​ហាត់ត្រឹម​តែមួយ​ថ្ងៃ ឬមួយ​ខែនោះ​ឡើយ។ ព្រោះ​ថាពេល​ខ្លះពុំ​មានកីឡាករ​ណាម្នាក់​អាចទទួល​ជោគជ័យ​ក្នុងការ​ហាត់ក៏​មានដែរ។ នៅ​ដំណាក់កាល​ដំបូង ត្រូវ​ហាត់សន្សឹមៗ​មិន ត្រូវ​បង្ខំ​ពេកទេ ដើម្បី​ស្ទាបស្ទង់​ពីកម្រិត​ពិតប្រាកដ​នៃ​សមត្ថភាព​របស់​អ្នកហាត់។ ការសិក្សា​ឱ្យបាន​ច្បាស់​ពីល្បឿន ថេរវេលា និង​កម្លាំង​ផ្ទាល់ខ្លួន​ជារឿង​សំខាន់ណាស់​ដែល​អ្នកហាត់​ត្រូវ​យល់ដឹង ព្រោះថា​ទាំងបី​ផ្នែកនេះ​ត្រូវមាន​សមាមាត្រ​គ្នា។ ពិសេស​បំផុតការ ហាត់​ម៉ារ៉ាតុង​នេះមិន​មែនអាច​ធ្វើដោយ​ខ្លួនឯង ឬគ្មាន​ការណែនាំ​នោះឡើយ ចាំបាច់​ត្រូវមាន​អ្នកណែ​នាំទាំង​បច្ចេកទេស របៀប ហ្វឹកហាត់ និងឆ្លង​កាត់ការ​ពិនិត្យ​សុខភាព​ពីវេជ្ជបណ្ឌិត​ជំនាញ។ ពីព្រោះ​មានបញ្ហា​មួយចំនួន​ដែល​មិនអាច​ឱ្យធ្វើ​ការ​ហ្វឹកហាត់​ម៉ារ៉ាតុង បាន​ឡើយ​ដូចជា​ជម្ងឺ​ខ្សោយបេះដូង ជម្ងឺសួត​ជាដើម។

ការជ្រើស​រើស​សម្លៀក​បំពាក់

ការប្រកួត​ក៏ដូចជា​ការហាត់ ម៉ារ៉ាតុង​ទាមទារ​ឱ្យស្លៀក​ពាក់យ៉ាង​សមស្រប ដើម្បី​ផ្ដល់នូវ​ភាពងាយ​ស្រួល។ សម្លៀក​បំពាក់ ប្រើ​សម្រាប់​កីឡា​ម៉ារ៉ាតុងគួរ​ជ្រើសរើស​ខោជើងខ្លី​ត្រឹមភ្លៅ​ស្ដើង ជាមួយ​អាវវាល​ក្លៀក តែមិន​មែន​ជាប្រភេទ​សាច់​ក្រណាត់​យឺត ឬជក់​ទឹក​នោះទេ។ ការប្រើ​សម្លៀក​បំពាក់​បែបនេះ ប្រយោជន៍​ដើម្បី​ការពារការ​កកិត​រវាងខោ និងស្បែក​ដែលអាច​ធ្វើឱ្យ​រលាក​ស្បែក បាន។ ចំណែក​ស្បែកជើង​គួររើស​យក​ស្បែកជើង​ដែលស្រាល​បំផុត​ជាប្រភេទ​ក្រណាត់ ឬអេប៉ុង​ជាមួយ​នឹង​ស្រោមជើង​កខ្លី(ត្រឹមក ជើង)។

លក្ខណៈ​សម្បត្ដិ​របស់​កីឡាករ

ដើម្បី​ក្លាយជា​កីឡាករ​ម៉ារ៉ាតុង​ម្នាក់​មានជោគជ័យ ចាំបាច់​ត្រូវមាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ទាំងកាយ​សម្បទា ទាំង​សុខភាព។ អ្នក​ដែល​មានសុខ​ភាពល្អ រឹងមាំ អំណត់ តស៊ូ​ព្យាយាម និង​មានការ​ជឿជាក់​លើខ្លួនឯង​ទើប​អាចរត់​លើចម្ងាយ​ផ្លូវ៤២,១៩៥​គីឡូ ម៉ែត្រ។ កត្ដា​ទាំងអស់​នេះ​អាចកើត​មានចំពោះ​រូប​លោកអ្នក​ដែលចៀស​ផុតពីការ​ប្រើប្រាស់​គ្រឿង​ញៀន គ្រឿង​ស្រវឹង និង​អំពើ​អបាយ មុខផ្សេងៗ។

ដំបូន្មាន​អ្នកប្រឹក្សា

កីឡា​ម៉ារ៉ាតុង​មិនមែន​ហាត់ត្រឹម​តែការ​ប្រកួត​នោះទេ ប៉ុន្ដែ​លោកអ្នក​អាចហាត់​ដើម្បី​សុខភាព ធ្វើឱ្យ​រាងកាយ​រឹងមាំ បានផង​ដែរ។ បើលោកអ្នក​ដែលចង់​ក្លាយជា​កីឡាករ​ម៉ារ៉ាតុង​ម្នាក់មាន​ជោគជ័យ គួរថែរក្សា​សុខភាព​ឱ្យបានល្អ និង​ធ្វើការ​ហ្វឹកហាត់​ឱ្យ បាន​ដិតដល់ កុំចំណាយ​ពេលវេលា​ឱ្យកន្លង​ហួសទៅ​ដោយឥត​ប្រយោជន៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative