ប្រវត្ដិ​ចូលឆ្នាំខ្មែរ

ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ជាពិធីបុណ្យ​ប្រពៃណីជាតិ​ដ៏ធំមួយ ដែលដក់ជាប់​ក្នុងចិត្ដ និងជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ។ ពិធី​នេះមិន មែនចេះតែ​ប្រារឰធ្វើឡើង​នៅពេលវេលាណា​ក៏បាននោះទេ។ ប្រវត្ដិសាស្ដ្រ និងកាលវេលា​នៃពិធីបុណ្យ​ចូលឆ្នាំ​ត្រូវបាន​បុព្វបុរសខ្មែរ កំណត់​យ៉ាងជាក់លាក់ និងត្រឹមត្រូវ។

រូបភាពអ៊ីនធឺណេត

ដោយសារ​ឆ្នាំថ្មី​នឹងឈាន​ចូលមកដល់ ទស្សនាវដ្ដី សុខភាពយើង លេខនេះ សូមបង្ហាញជូន​ប្រិយមិត្ដអ្នកអាន​ឱ្យបានស្វែង យល់កាន់​តែច្បាស់អំពី​ប្រវត្ដិពិធីបុណ្យ​ចូលឆ្នាំខ្មែរ។

ពេលវេលា​ចូលឆ្នាំខ្មែរ

កាលដើមឡើយ​ប្រទេសខ្មែរយើង​ប្រារឰធ្វើបុណ្យចូលឆ្នាំ​នៅក្នុងខែមិគសិរ ព្រោះដូនតាខ្មែរ​កំណត់យកខែនេះ​ជាខែដើម ឆ្នាំ។ នាសម័យ​ព្រេងនាយ ឆ្នាំនីមួយៗ​ចែកចេញជាបី​រដូវ ហេមន្ដរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណចារ្យ​លោកគិតថា ហេមន្ដរដូវ ជារដូវ​ត្រជាក់​ត្រូវចាត់ទុក​ជាដើមឆ្នាំ ដែលប្រៀបបាន​នឹងពេលព្រឹក​ផុតពីរាត្រី គឺជាដើមថ្ងៃ។ គិម្ហរដូវជារដូវក្ដៅ ត្រូវចាត់ទុកជា កណ្ដាលឆ្នាំ​ប្រៀបដូចជា​ពេលពេល​ថ្ងៃត្រង់។ ចំណែក​ឯវស្សានរដូវ​ជារដូវដែលមេឃមីរ​ងងឹតមាន​ភ្លៀងផ្គរ ត្រូវចាត់ទុក​ជាចុងឆ្នាំ ប្រៀប​បាននឹង​ពេលយប់។

ចំណេរកាល​ក្រោយមក គ្រាដែល​បុព្វបុរសខ្មែរ​យើង​អនុលោមប្រើ​ចុល្លសករាជ​ជាសំខាន់នោះ (មិនដឹង​ប្រើនៅក្នុង​រជ្ជកាល ណានៃ​ព្រះអង្គណា​ទេ) ទើបការ​ចូលឆ្នាំថ្មី​មានការ​ប្រែប្រួល ហើយកំណត់​យកខែចេត្រ​ជាដើមឆ្នាំវិញ។ ហើយថ្ងៃខែ​ចូលឆ្នាំខ្មែរ​វិញ តែងប្រព្រឹត្ដ​ទៅមិនមុន​ថ្ងៃទី០៤កើត ខែចេត្រ និងមិនក្រោយ​ថ្ងៃទី០៤កើត ខែពិសាខទេ ព្រោះបុព្វបុរសខ្មែ​រយល់ថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរ​យើងរវល់មមាញឹក​ក្នុងរបរកសិកម្ម​មានការងារ​ស្រែចម្ការ​ជាដើម។ ហេតុនេះហើយ ទើបលោកលើក​កំណត់ពេល ចូលឆ្នាំ​មកធ្វើក្នុង​ខែចេត្រវិញ ដោយហេតុថា​ខែចេត្រកិច្ចការ​ច្រូតកាត់ បោកបែនបាន​ចប់សព្វគ្រប់។ ប្រជាពលរដ្ឋខ្មែរ​ក៏មានពេលទំនេរ មានឱកាស​ធ្វើបុណ្យទាន​កម្សាន្ដសប្បាយ​តាមប្រាថ្នា ហើយការកំណត់នេះ​ជាប់រហូត​មកដល់​សព្វថ្ងៃនេះ។

រឿង​និទាន​ប្រវត្ដិ​ពិធីបុណ្យ​ចូលឆ្នាំ

ប្រវត្ដិ​នៃពិធីបុណ្យ​ចូលឆ្នាំខ្មែរ​បានដល់​រឿងនិទានមួយ នៅក្នុងសង្ក្រាន​សូត្រនិទានថា​មានបុរសម្នាក់​ឈ្មោះថាធម្មបាល​ជាអ្នក ប្រាជ្ញ​ចេះចប់​ត្រៃវេទ ព្រមទាំងចេះ​ភាសាសត្វ​បក្សីផង ហើយតែងតែ​សម្ដែងមង្គលដល់មនុស្ស​ផងទាំងពួង។ លុះកបិល​មហាព្រហ្ម (សម័យនោះ​គេគោរពបូជា​មហាព្រហ្ម និងកបិល​មហាព្រហ្ម)ជ្រាប​ថាធម្មបាល​កុមារជា​អ្នកប្រាជ្ញ ក៏មកសួរ​ប្រស្នា៣ខ ហើយ​សន្យាថា ប្រសិនបើ​ធម្មបាល​ដោះប្រស្នានេះរួច កបិលមហាព្រហ្ម​នឹងកាត់ក្បាល​ខ្លួនបូជាធម្មបាល។ តែបើធម្មបាល​មិនអាចដោះស្រាយ​ប្រស្នារួច ទេ ត្រូវកាត់ក្បាល​បូជាជូនមហា​ព្រហ្មវិញ។ ធម្មបាល​សូមបង្អង់៧ថ្ងៃសិន ដើម្បីគិត​ប្រស្នា ប៉ុន្ដែ៦ថ្ងៃបាន​កន្លងផុតទៅ​ហើយ នៅតែគិត មិនឃើញ ធម្មបាល​ក៏ភៀសខ្លួន​ទៅពួន​ក្រោមដើមត្នោត​មួយគូដែល​ជាលំនៅសម្បុក​នៃសត្វឥន្ទ្រី។ ជាភ័ព្វ​សំណាងល្អ យប់នោះ​ធម្មបាល​ក៏បាន​ឮសត្វឥន្ទ្រី​ញីឈ្មោល​និយាយគ្នា។

សត្វឥន្ទ្រីញី​បានសួរទៅ​សត្វឥន្ទ្រីឈ្មោល​ថា ថ្ងៃនេះយើង​បានអ្វីជា​អាហារ? សត្វ​ឥន្ទ្រីឈ្មោល​និយាយ​ទៅសត្វឥន្ទ្រី​ញីថា ថ្ងៃនេះ នឹង​បានសាច់​ធម្មបាល​កុមារស៊ី​ជាអាហារ ដែលត្រូវ​កបិលមហាព្រហ្ម​សម្លាប់ ព្រោះដោះ​ប្រស្នាមិនរួច។ ឥន្ទ្រីញី​បានសួរ​ទៀតថា ប្រស្នា នោះ​ដូចម្ដេច? ឥន្ទ្រីឈ្មោល​ឆ្លើយថា ៖

  • ខ១ ៖ នៅវេលាព្រឹក សិរីស្ថិត​នៅទីណា? ត្រូវឆ្លើយថា​នៅមុខ ហេតុនេះ​ហើយមនុស្ស​ទាំងឡាយ ត្រូវយកទឹក​លុបលាងមុខ។
  • ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិត​នៅទីណា? ត្រូវឆ្លើយថា​នៅទ្រូង ហេតុនេះ​ទើបមនុស្ស​ទាំងឡាយ​យកទឹក​លាងទ្រូង។
  • ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅ​ត្រង់ណា? ត្រូវឆ្លើយ​ថានៅជើង ហេតុនោះ​ទើបមនុស្សទាំង​ឡាយយក​ទឹកលាង​ជើង។

ពាក្យពេចន៍​ទាំងប៉ុន្មាន​របស់ឥន្ទ្រី​ក៏បានមក​ជាពន្លឺមក​បំភ្លឺដោះស្រាយ​ប្រស្នាកបិល​មហាព្រហ្ម រួចចៀស​ផុតពីក្ដី​មរណៈ។ កបិល​មហាព្រហ្ម​សុខចិត្ដ​ចាញ់ ព្រមកាត់​ក្បាលបូជា​ធម្មបាល។ មុនពេល​កាត់ក្បាល កបិលមហា​ព្រហ្មបានកោះ​ហៅទេព​ធីតា ទាំង៧​អង្គដែល​ជាបុត្រីរ​បស់ខ្លួនឱ្យ​យកពាន​មកទ្រក្បាល ព្រោះថា​បើដាក់ក្បាល​នោះនៅ​លើផែនដី​នឹងឆេះ​លោកធាតុ។ បើបោះ​ទៅ លើអាកាស​នឹងរាំងភ្លៀង បើចោល​ទៅក្នុង​សមុទ្រ ទឹកនឹង​រីងស្ងួត​អស់ រួចក៏កាត់​ក្បាលឱ្យទៅ​នាងទុង្សា​ជាកូន​ច្បង។ នាង​ទុង្សា​ហែ ក្បាល​កបិល​មហាព្រហ្ម​ប្រទក្សិណ​ភ្នំព្រះសុមេរុ​៦០នាទី ទើបអញ្ជើញ​ក្បាលនោះ​ទៅប្រតិស្ឋាន​ទុកក្នុងមណ្ឌល​ភ្នំកៃលាស។ លុះដល់ គម្រប់​មួយឆ្នាំ​សង្ក្រាន ទើប​នាងទេពធីតា​ទាំង៧អង្គ​ផ្លាស់វេន​គ្នាមកដង្ហែ​ក្បាលកបិល​មហាព្រហ្ម​ប្រទកិ្សណ​ភ្នំព្រះសុមេរុ​ជារៀងរាល់ ឆ្នាំ។

1. បើសង្ក្រាន​ត្រូវចំថ្ងៃ​អាទិត្យ ត្រូវវេន​នាងទស្សា

2. បើសង្ក្រាន​ត្រូវចំថ្ងៃច័ន្ទ ត្រូវវេន​នាងគោរាគៈ

3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេន​នាងរាក្យសា

4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា

5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី

6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា

7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា

ដោយ​មាននិទាន​បែបនេះហើយ ទើបខ្មែរ​យើងមាន​ជំនឿ ហើយបាន​រៀបចំ​ជាពិធីបូជា​ទេវតា​ដែលត្រូវវេន​ដង្ហែក្បាល​កបិល មហាព្រហ្ម និងត្រូវ​អភិបាល​ពិភពលោក​រៀងរាល់ឆ្នាំថ្មី​ចូលមកដល់​ពុំដែលអាក់ខាន​ឡើយ។ បុណ្យចូលឆ្នាំ​ប្រព្រឹត្ដ​ទៅរយៈ​ពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោច​ខែចេត្រ​ត្រូវនឹង​ថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧

Google Analytics Alternative