ភ្នំពេញ​កំពុងបំពុល​ដោយផ្សែង​យានយន្ដ

ការកើនទ្បើង​ដ៏ច្រើន​នៃចំនួន​យានយន្ដ​នៅក្នុង​ទីក្រុង​ភ្នំពេញ​បានជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស។ ទន្ទឹមនោះ​ការពុល​ខ្យល់​ក៏មានសន្ទុះ​កើនទ្បើង​ដែលធ្វីឱ្យ​ប៉ះពាល់​ដល់ការ​អភិវឌ្ឍន៍​ទៅវិញដែរ។ នៅតាម​ដងផ្លូវនានា​ក្នុងទី​ក្រុងភ្នំពេញ មិនថា​ពេលណា ជាពេល​ណាទេ យើងសង្កេត​ឃើញថា​ការកកស្ទះ​យានយន្ដ​មានស្ទើរ​គ្រប់ផ្លូវ​ទាំងអស់។ ការកកស្ទះ​ពិតជាអាច​បង្កផលវិបាក​យ៉ាងធ្ងន់ ធ្ងរណាស់​សម្រាប់​បរិស្ថាន​រស់នៅ និង​សុខភាព​របស់​ប្រជាពលរដ្ឋ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អង្គការ​សុខភាព​ពិភពលោក​បានធ្វើការ​ប៉ាន់ស្មាន​នូវចំនួន​អ្នកស្លាប់​ប្រចាំឆ្នាំ​ប្រមាណ​៨០ម៉ឺននាក់​ដោយសារ​ការរងនូវ​ការបំពុល​ខ្យល់ក្នុង​ទីក្រុង ក្នុងនោះ​ប្រមាណ​ជា៥០ម៉ឺននាក់​ជាប្រជាពលរដ្ឋ​ក្នុងតំបន់​អាស៊ី។ សូមមិត្ដ​អ្នកអាន​ទាំងអស់​ស្វែងយល់​ជាមួយ ទស្សនាវដ្ដី សុខភាពយើង​តាមរយៈ​ការបក​ស្រាយ​របស់លោក ហេង ណារ៉េត ប្រធាននា​យកដ្ឋាន​គ្រប់គ្រង​ការបំពុល​បរិស្ថាននៃ ក្រសួង​បរិស្ថានស្ដី​អំពីការ​បំពុល​បរិស្ថាន​ដោយផ្សែង​យានយន្ដ។

ផ្សែងយានយន្ដ​ជាផ្សែងពុល

គ្រប់​យានយន្ដ​ទាំងអស់​ដែល​ប្រើប្រាស់​សាំង ម៉ាស៊ូត ឧស្ម័ន​ធម្មជាតិ ឬ​ផលិតផល​ឥន្ធនៈ​ដ៏ទៃទៀត​អាចដំណើរ​ការទៅបាន ដោយសារ​ចំហេះ​នៃប្រេង​ឥន្ធនៈ​ទាំងនោះ​នៅក្នុង​ផ្នែកនៃ​ម៉ាស៊ីន។ ចំណែក​ឯការ​បញ្ចេញ​នូវឧស្ម័ន​ពុលច្រើន ឬ​តិចចូល​ទៅក្នុង​ខ្យល់ គឺ អាស្រ័យ​ទៅលើការ​ប្រើប្រាស់​ប្រភេទ ឬ​គុណភាព​របស់​ប្រេងឥន្ធនៈ និង​បច្ចេកវិជ្ជា​គ្រឿងយន្ដ។ ឧទាហរណ៍​យានយន្ដ​ដែល​ប្រើប្រាស់ ប្រេងសាំង​មាន​គំរូ​សារធាតុ​បំពុល​ផ្សេងខុស​ពីយានយន្ដ​ដែលប្រើ​ម៉ាស៊ូត។ ចំពោះ​ចំហេះ​ម៉ាស៊ីនពីរ​បានបញ្ចេញ​ប្រេងរំអិល​ច្រើនជាង រថយន្ដ​ដែលមាន​ចំហេះ​ម៉ាស៊ីន​បួន។

ការបំពុល​ខ្យល់​នៅតាម​ទីក្រុង​អាចបណ្ដាល​មកពី​ប្រភពផ្សេងៗ​គ្នា ដូចជា​ប្រភពចល័ត និង​ប្រភព​អចល័ត។ ប្រភព​ចល័តរួម មាន​យានយន្ដ និង​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​ដែល​ប្រើប្រាស់ដោយគ្រឿង​ម៉ាស៊ីន។ ប្រភព​អចល័ត​មានរោងចក្រ​សហគ្រាស និង​ប្រ ភពចេញ​មកពី​ការដុត​សម្រាម។ល។ នៅទីក្រុង ប្រភព​ចល័ត​បានរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បំពុលខ្យល់ ជាពិសេស​ភាគល្អិត​តូច ដែល​អណ្ដែត​ក្នុងខ្យល់ កាបូន​ម៉ូណូអុកស៊ីត នីដ្រូសែនអុកស៊ីត សារធាតុ​ទាំងអស់នេះ​ហើយដែល​ជានិច្ច​ជាកាល​មិនឆ្លើយតប​ទៅនឹង ស្ដង់ដា​គុណភាព​របស់ខ្យល់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផ្សែងពុល​បំផ្លាញ​បរិស្ថាន

ផ្សែង​ពុលយានយន្ដ​មាន​សារធាតុផ្សំ​ជាច្រើន ដូចជាភាគ​ល្អិតតូចៗនៃ​លម្អង​ផ្សែងធូលី​ដែលបង្កើត​ជាភាគល្អិត​អណ្ដែត​ក្នុង ខ្យល់។ នៅពេល​ដែលខ្យល់​បញ្ចេញ​មកក្រៅ ធ្វើឱ្យ​ប៉ះពាល់​ដល់បរិសា្ថន​រស់នៅ។

  • សារធាតុ​នីដ្រូសែន​អុកស៊ីត ៖ សារធាតុនេះ​បានរួមចំណែក​ដល់ការ​បង្កើតឱ្យ​មាននូវ​ទឹកភ្លៀង​ដែលបំផ្លាញ​ដល់​រុក្ខជាតិនៅ តំបន់​ខ្ពង់រាប និង​ធ្វើឱ្យកើន​ទ្បើងជាតិអាស៊ីត​នៅក្នុង​បឹងទន្លេ​ហើយដែល​បង្កគ្រោះ​ថ្នាក់​ដល់ជីវ​ចម្រុះរស់​នៅក្នុងទឹក។ ការបញ្ចេញ ឧស្ម័ន​នីដ្រូសែនអុកស៊ីត​អាចជា​ចំណែក​ដល់ការ​កើនទ្បើង​កម្រិតភាគ​ល្អិតតូចៗ​ដោយការ​បម្លែង​ទៅជា​អាស៊ីតនីទ្រីត​នៅក្នុង​បរិយាកាស​និង​បង្កើត​ជាភាគល្អិត​នីត្រាត។
  • សារធាតុ​អូសូន សារធាតុ​នេះត្រូវ​បានគេ​ទទួលស្គាល់​ថាមាន​ឥទ្ធិពល​មិនល្អ​ចំពោះ​បរិស្ថាន រួមមាន​ធ្វើឱ្យ​ទិន្នផល​ដំណាំ (បន្លែ​ផ្លែឈើ) និង​ព្រៃឈើ​ដែលមាន​លក្ខណៈ​សេដ្ឋកិច្ច​(ប្រព័ន្ធ​អេកូស៊ីទ្បូស៊ី និង​រុក្ខជាតិ)​ជះឥទ្ធិពល​ទៅលើស្មៅ ផ្កា និង​ដើមឈើ​លម្អ នៅតាម​ទីក្រុង​បន្ថយ​ទិន្នផល​ឈើដែល​ផ្ដល់គ្រាប់ និង​ធ្វើឱ្យកាន់​តែមាន​ភាពងាយ និង​ទទួលយក​របស់​រុក្ខជាតិ​នូវការបំផ្លាញ​ពីសត្វ​ល្អិត ចង្រៃ។
  • សារធាតុ​សំណ សំណ​ដែល​អណ្ដែត​ក្នុងបរិយាកាស​អាចធ្លាក់​មកលើដី និង​ទឹក។ ដូចនេះ​សំណអាច​ទៅដល់​មនុស្សតាម ចង្វាក់​ចំណីអាហារ និង​តាមរយៈ​ការទទួល​ទានទឹក។

    រូបភាពទស្សនាវដ្តីសុខភាពយើង

ផ្សែងពុល​បំផ្លាញ​សុខភាព

យោងតាម​ការស្រាវ​ជ្រាវ​ដែលបាន​ធ្វើទ្បើង​នៅសហរដ្ឋអាមេរិក និង​សហគមន៍អឺរ៉ុប បានបង្ហាញ​ពីទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រវាងការ​ទទួលរង​នៃការ​បំពុលខ្យល់ និង​បញ្ហាសុខភាព មានដូច​ជាជម្ងឺ​សរសៃ​ឈាមបេះដូង ជម្ងឺហឺត ជម្ងឺរលាក​ផ្លូវដង្ហើម​ផ្សេងៗ ទៀត​ជាដើម។

  • កាបូន​ម៉ូណូអុកស៊ីត ជាប្រភេទ​ឧស្ម័ន​គ្មានក្លិន គ្មាន​រូបរាង​មើលមិន​ឃើញ។ វាអាច​រារាំង ឬ​បង្អាក់ការ​ធ្វើដំណើរ​របស់​អុកស៊ីសែន​ដែល​ស្រូបចូល​ទៅក្នុង​ឈាម។ កម្រិត​នៃការ​ស្រូបយក​កាបូនម៉ូណូអុកស៊ីត​ក្នុង​បរិមាណ​ដ៏តិចតួច​ត្រឹមតែ​១០០ផផម (មាន ន័យថា ១០០ភាគ​នៃកាបូន​ម៉ូណូអ៊ីត​ក្នុង​ភាគលាន​នៃខ្យល់)​ក៏អាច​ធ្វើឱ្យ​មនុស្ស​មានអារម្មណ៍​ស្ពឹកស្រពន់ ងងុយដេក និង​ធ្វើឱ្យ​មានការ ចុះខ្សោយ​ដល់ភាព​រហ័សរហួន​ខាងស្មារតី។ ក្នុង​ករណី​ដែល​ស្រូបយក​ក្នុង​បរិមាណ​ច្រើន អាចធ្វើ​ឱ្យសន្លប់​បាត់ស្មារតី ជួនកាល​អាច បណ្ដាល​ឱ្យស្លាប់​ក៏អាចមាន។ ស្ដ្រីមាន​ផ្ទៃពោះ និង​អ្នកដែល​មានជម្ងឺ​បេះដូង​ជាអ្នក​ដែល​ប្រឈមមុខ​ច្រើនជាងគេ ព្រោះភាព​ដូចគ្នានៃ គ្រាប់ឈាម​ក្រហម​មាន២០០ដង​សម្រាប់​កាបូន​ម៉ូណូអុកស៊ីត និង​អុកស៊ីសែន​ច្រើនជាង​មនុស្ស​ធម្មតា។
  • នីដ្រូសែន​អុកស៊ីត ជាប្រភេទ​ឧស្ម័ន​មាន​ពណ៌​ត្នោត និង​មានក្លិន​ឈ្លក់ វាមានការ​ទាក់ទង​យ៉ាងច្រើន និង​បញ្ហា​បរិស្ថាន ដែល​ផ្ដល់​ផលអាក្រក់​ដល់​សុខុមាលភាព​របស់​មនុស្ស​ទៅលើ​ប្រព័ន្ធដក​ដង្ហើម។ តាមការ​សិក្សា​បានបង្ហាញថា​ទោះបី​ស្រូបយក​នីដ្រូសែន អុកស៊ីត​ក្នុងរយៈ​ពេលខ្លី​ក៏មានផល​អាក្រក់​ដល់ការ​ដកដង្ហើម ដូចជា​ជម្ងឺក្អក ហៀរសំបោរ ឈឺ​បំពង់ក​ជាដើម។
  • អូសូន ជាប្រភេទ​ឧស្ម័នគ្មាន​ពណ៌មាន​ក្លិនឆួល វាកើត​ចេញពី​ប្រតិកម្ម​រវាង​អាសូត​ឌីអុកស៊ីត​ជាមួយ​ពពួក​អ៊ីដ្រូកាបួប្រ ហើរ និង​កម្ដៅ ឬ​ពន្លឺ​ព្រះអាទិត្យ។ នៅពេល​ដែលយើង​ស្រូបយក​អូសូន អាច​បណ្ដាលឱ្យ​មានបញ្ហា​ប្រព័ន្ធ​ដកដង្ហើម​ធ្ងន់ធ្ងរ ដូចជា ជម្ងឺហឺត ឈឺចុកចាប់​ក្នុងទ្រូង ជម្ងឺក្អក រលាកសួត​ជាដើម និង​ធ្វើឱ្យ​ថយចុះ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាងកាយ​ដែលធ្វើឱ្យ​យើងងាយ​ទទួល រងនូវ​ជម្ងឺផ្លូវ​ដង្ហើម ជាពិសេស​ចំពោះ​កុមារ និង​មនុស្សចាស់។
  • អ៊ីដ្រូកាបួរ ៖ គឺជាភាគ​ល្អិតតូចៗ​នៃចំហេះ​មិនសព្វ​របស់ប្រេង​ឥន្ធនៈ។ ជាទូទៅ​វាមានក្លិន​ដែលមិនគួរ​ឱ្យពេញចិត្ដ មាន​សារធាតុគីមី​មួយចំនួន​ដែលភ្ជាប់​សម្ព័ន្ធ​ជាមួយ​អ៊ីដ្រូកាបួរ។ ហើយវា​បង្កឱ្យ​រោលរលាក​ដល់ភ្នែក និង​បំពង់ក នៅពេលខ្លះ​អាចបង្កជា ជម្ងឺ​មហារីក​ទៀតផង។
  • សំណ វាមាន​ឥទ្ធិពល​លើសរីរាង្គ ដូចជា​ធ្វើឱ្យ​ប្រែប្រួល​នៃកោ​សិកាតូចៗ ប៉ះពាល់​ការអភិវឌ្ឍន៍​សរសៃ​ប្រសាទ ប្រែ​ប្រួលភាព​រហ័សរហួន​ខាងស្មារតី ធ្វើឱ្យ​ចុះថយតួនាទី​របស់តម្រង​នោមជាដើម។
  • ស្ពាន់ធ័រ​ឌីអុកស៊ីត ជាប្រភេទ​ឧស្ម័នគ្មាន​ពណ៌ ប៉ុន្ដែមាន​ក្លិនឆួលខ្លាំង​ប៉ះពាល់ដល់​ផ្លូវដង្ហើម។ នៅពេល​ដែល​ស្រូបចូល ទៅច្រើន​អាច​បណ្ដាលឱ្យ​កើតជម្ងឺ​ផ្ដាសាយ ក្អក និង​ជម្ងឺសួត ជាពិសេស​ចំពោះ​កូនក្មេង និង​មនុស្សចាស់។ ឧស្ម័ន​ប្រភេទនេះ​ច្រើន​បញ្ចេញ​ពីយានយន្ដ​ដែលប្រើ​ប្រេងម៉ាសូត ជាពិសេស​នៅពេលស្ទះ​ចរាចរ​រថយន្ដ​តាមដងផ្លូវ​សាធារណ។

ដំណោះ​ស្រាយ​លើការ​បំពុល​ដោយ​យានយន្ដ

ដើម្បីដោះ​ស្រាយ​បញ្ហានេះ​បានទាល់​តែយើង​ទាំងអស់​គ្នារួមគ្នា​ទើបបាន​សម្រេច ព្រោះទាក់ទង​ទៅនិង​កត្ដា​មួយចំនួន។

  • ការធ្វើ​ឱ្យប្រសើរ​ទ្បើងនូវ​កម្រិតកំណត់​ស្ដង់ដារនៃ​ការបញ្ចេញ​ឧស្ម័ន និង​បច្ចេកវិជ្ជា
  • កែលម្អការ​ត្រួតពិនិត្យ​ធ្វើអធិការកិច្ច និង​ការថែទាំ​យានយន្ដ
  • ប្រើប្រាស់​ប្រេងដែល​មានគុណ​ភាពល្អ
  • ធ្វើឱ្យ​ប្រសើរទ្បើង​នូវផែនការ​ដឹកជញ្ជូន និង​ការគ្រប់​គ្រងចរាចរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative