ស្ដ្រីខ្មែរ​ដែលជោគជ័យ​ក្នុងជីវិត

នៅក្នុង​យុគ្គសម័យ​បច្ចុប្បន្ន ស្ដ្រីដើរ​តួនាទី​សំខាន់​ក្នុងសង្គម ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ទាំងសង្គម​គ្រួសារ​ទាំង​សង្គម ជាតិ។ បើយើង​ក្រឡេក​មើល​ពីអតីតកាល ស្ដ្រីគ្មាន​តួនាទី​អ្វីនៅក្នុង​សង្គមក្រៅ​ពីការងារ​ជាមេផ្ទះ ចំណែក​ឯការ​សិក្សា​ទៀតសោត គឺ គ្មាន​តែម្ដង​ដូចពាក្យ​ចាស់មួយ​ឃ្លាពោលថា ស្ដ្រីវិល​ចង្ក្រាន​មិនជុំ។ ឥទ្បូវ​នេះស្ដ្រី​សម័យថ្មី​មានភាព​រឹងប៉ឹង​ដែលអាច​ឈរជើង​លើតួនាទី សំខាន់ៗ​មួយចំនួន​នៅក្នុង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សង្គមស៊ីវិល និង​ទីផ្សារ​ពាណិជ្ជកម្ម​នានា​ជាច្រើន។ ទាំងនេះ សុទ្ធតែ​មានការ​រួមចំណែក​ពីស្ដ្រី​បើទោះបី​នៅមាន​ចំនួនតិច​ជាងបុរស​ក៏ដោយ ក៏នៅ​តែខិតខំ​ពង្រឹងខ្លួន​ឱ្យក្លាយ​ជាដៃគូ​មិនអាចខ្វះ​បាន របស់បុរស។

លោកជំទាវ អ៊ឹង កន្ថាផាវី

ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកបទ​ពិសោធន៍​របស់ស្ដ្រីខ្មែរ​មួយចំនួន​ដែល​ជោគជ័យ​ក្នុងជីវិត​ការងារ​របស់ខ្លួន ដើម្បី​ចែករំលែក​ទៅកាន់​ស្ដ្រីមួយ​ចំនួនទៀត​នៅក្នុង​សង្គម​ឱ្យសក្ដិសម និង​ស្ថានភាព​នាពេល​បច្ចុប្បន្ន ដែលស្ដ្រី​កំពុង​ទទួលបាន​សិទ្ធិសេរី ភាព​ការលើក​តម្កើង និង​ជំរុញការ​លើកទឹកចិត្ដ​ឱ្យរួម​ចំណែក​ក្នុងការងារ​ក្រៅផ្ទះ។

លោកជំទាវ អ៊ឹង កន្ថាផាវី គឺជា​ស្ដ្រីខ្មែរ​មួយរូប​ដែលតស៊ូ​​ប្រឡូក​​ក្នុងវិស័យ​​នយោបាយ ដោយមានតួនាទីជារដ្ឋមន្ដ្រីក្រសួង កិច្ចការនារីនាអាណត្ដិទី៣នេះ ២០០៣-២០០៨។ លោកជំទាវ ត្រូវបាន​ គេចាត់ទុកថា​ ជាស្ដ្រីខ្មែរ​ ដ៏ក្លាហានដែលលះបង់​ ភាពសុខសាន្ដ នៅ​​ ឯបរទេស​​ វិលមក​​រួម សុខ​រួមទុក្ខ​​ជា មួយ​ស្ដ្រីខ្មែរ លើក​​ស្ទួយស្ដ្រី ផ្ដល់តម្លៃដល់ស្ដ្រីជាដើម។ លោកជំទាវ អ៊ឹង កន្ថាផាវី​បានរៀបរាប់​ប្រាប់ពីជីវិត និង​ការតស៊ូ​រហូតដល់​មានតួនាទី​ជាអ្នកដឹកនាំ​ថ្នាក់​រដ្ឋមន្ដ្រី​នៅក្រសួង​ដ៏ ធំនេះ។ លោកជំទាវ​មានស្រុក​កំណើត​នៅរាជធានី​ភ្នំពេញ និង​បន្ដការ​សិក្សា​ផ្នែកពេទ្យ​នៅទីក្រុងប៉ារីស​ប្រទេស​បារាំង​រហូតបាន​ទទួល សញ្ញាប្រ័ត​វេជ្ជបណ្ឌិត​ជម្ងឺទូទៅ ហើយ​បានបន្ដ​យកឯកទេសព្យាបាល​ជម្ងឺសម្រាប់​ប្រទេសក្ដៅ និង​ផ្នែក​អាហារូបត្ថម្ភ និង​សុខភាព សហគមន៍។ នៅ​ប្រទេស​បារាំង លោកជំទាវ​បានបម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ និង​មានបើក​បន្ទប់​ពិគ្រោះ​ជម្ងឺផ្ទាល់ខ្លួន​ទៀតផង។ ក្នុង​ពេលនោះ លោកជំទាវ​បានចូលរួម​ការងារ​ជាមួយ​សមាគម​គ្រូពេទ្យ​កម្ពុជា​នៅប្រទេស​បារាំង មានតួនាទី​ជាអគ្គលេខាធិការង។ តាមរយៈ​សមាគម​នេះហើយ ដែល​លោកជំទាវ​មានឱកាស​បានវិល​ត្រឡប់​មកប្រទេស​កម្ពុជា​ក្នុងតួនាទី​ជាវេជ្ជបណ្ឌិត ចុះផ្ដល់​សេវា សុខាភិបាល​នៅតាមភូមិ​នៅខេត្ដ​ឧត្ដរមានជ័យ ប៉ែក​ពាយព្យ​នៃប្រទេស​កម្ពុជា​ក្នុងរយៈ​ពេលខ្លី។ ពេលនោះ​ទើប​លោកជំទាវ​បានដឹង និង​មើលឃើញ​ពីកង្វះខាត​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​​កម្ពុជា​ជាពិសេស​ស្ដ្រី​ក្រោយ​ពេលសង្គ្រាម លើបញ្ហា​សុខភាព និង​អាហារូបត្ថម្ភ ។ ដោយ​មូលហេតុនេះ​លោកជំទាវ​បានសម្រេច​ចិត្ដវិល​ត្រឡប់រហូត ក្នុង​បំណង​រួមចំណែក​ជួយគ្នា​ដើម្បី​អភិវឌ្ឍន៍​សង្គម ជាពិសេស ជួយដល់​ស្ដ្រីតែម្ដង ព្រោះ​លោកជំទាវ​បានជួបផ្ទាល់​ជាមួយស្ដ្រី​មួយចំនួន ដែល​មានការ​លំបាកជា​ខ្លាំងទាំង​សេវាសុខភាព ទាំងការទ្រ ទ្រង់​នៅក្នុង​ក្រុមគ្រួសារ។ បន្ទាប់មក​នៅក្នុង​ឆ្នាំ១៩៩៥ លោកជំទាវ​បានចូល​រួមជា​មួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មានតួនាទី​ជាទីប្រឹក្សា ផ្នែក​បច្ចេកទេស​លើវិស័យ​សុខភាព​បឋម និង​អភិវឌ្ឍន៍​សហគមន៍។ តាមរយៈ​ការងារ​ដែល​បានបំពេញ​នៅ​ក្រសួងអភិវឌ្ឍន៍​ជនបទ នេះធ្វើឱ្យ​លោកជំទាវ​មានការ​យល់ដឹង​ពីស្ដ្រីកាន់​តែច្រើន ទាំងការ​លំបាក​សព្វបែបយ៉ាង សុខភាព អាហារូបត្ថម្ភ និង​ការទទួល​ខុសត្រូវ លើគ្រួសារ ជាហេតុ​ធ្វើឱ្យ​លោកជំទាវ​មានសណ្ដាន​ចិត្ដចង់​ជួយស្ដ្រី​កាន់តែ​ច្រើនឡើង។ លុះមក​ដល់ឆ្នាំ១៩៩៨ ទើប​លោកជំទាវ​មាន កិត្ដិយស​ទទួលឋានៈ​ជារដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការនារី និង​អតីត​យុទ្ធជន។ នៅក្នុង​ឆ្នាំ២០០៤ ក្រោយ​ការបោះ​ឆ្នោត​អាណត្ដិទី៣ លោកជំទាវ​បានបំពេញ​ការងារ​ក្នុងតួនាទី​ជារដ្ឋមន្ដ្រី​ក្រសួង​កិច្ចការនារី រហូត​មកដល់​បច្ចុបន្ននេះ។

ឆ្លង​តាមរយៈ​បទពិសោធន៍​ដែលបាន​រៀបរាប់​ខាងលើ លោកជំទាវ អ៊ឹង កន្ថាផាវី សូមមាន​ប្រសាសន៍​ផ្ដាំផ្ញើ​ជូនស្ដ្រីទាំង ទ្បាយ​ថាសូម​ស្ដ្រីទាំងអស់​ត្រូវមាន​ទំនុកចិត្ដ និង​ជឿជាក់​លើខ្លួនឯង ទើបអាច​ធ្វើឱ្យ​អ្នកដ៏ទៃ​ជាពិសេស​ក្រុមគ្រួសារ​(ឪពុកម្ដាយ ស្វាមី និង​បងប្អូន) និង​សង្គម​ទាំងមូល​មានការ​ជឿជាក់ និង​ផ្ដល់ឱកាស​ដល់ស្ដ្រីបាន។ ជាមួយគ្នា​នេះផងដែរ លោកជំទាវ​បានទទូច​ដល់ឪពុក ម្ដាយ​ទាំងឡាយ​សូមមេត្ដា​វិនិយោគ​នៅលើ​ការសិក្សា​របស់កូនស្រី យ៉ាង​ហោចណាស់​ឱ្យបាន​ត្រឹមកម្រិត​មធ្យម​សិក្សា​ថ្នាក់ទី៩ តាម គោល​ការណ៍​របស់​រដ្ឋាភិបាល​ដែរ ដើម្បី​ពួកគេ​មានលទ្ធភាព​បំពេញ​តួនាទី​ក្នុងសង្គម​ធ្វើដៃគូរ​កចំណូល​ផ្នែក​សេដ្ឋកិច្ច​ទ្រទ្រង់​គ្រួសារ និង ជាធនធានមនុស្ស ដែល​អាច​ចូលរួម​ក្នុងកិច្ច​អភិវឌ្ឍន៍​សង្គមឱ្យ​សក្ដិសម​ជាដៃគូ​មិនអាចខ្វះ​បានរបស់​បុរសទាំងក្នុង និង​ក្រៅផ្ទះ។

លោកជំទាវ ចែម សាវ៉ៃ

បន្ទាប់ទៅទៀត លោកអ្នក​​​សូមទទួល​​​ជ្រាប អំពី​​​បទពិសោធន៍​​​ របស់ស្ដ្រីខ្មែរ​​ម្នាក់ទៀត ដែល​មានតួនាទីជាតំណាង​រាស្ដ្រ ខេត្ដ​​កំពង់​ចាមគឺ​​លោកជំទាវ ចែម សាវ៉ៃ។ ក្នុងឋានៈ​ជាតំណាង​រាស្ដ្រ លោកជំទាវ​ជាស្ដ្រីម្នាក់​ក្នុងចំណោម​​ស្ដ្រីចំនួន​​១២នាក់​​នៅក្នុង រដ្ឋសភា ជាចំនួន​​តិចតួច​​ បើប្រៀបធៀប​​​ជាមួយសមាជិក​​ សភាទាំង១២៣នាក់។ ដោយ​សារ​ការ​តស៊ូជំនះ​​រើបម្រះ​ក្នុង​នឹមទុគ្គតភាព យ៉ាង​ស្វិតស្វាញ​​របស់​​លោកជំទាវ ទើបលោក​ជំទាវមាន​ថ្ងៃនេះ ហើយ​ចាត់ទុក​​ជាគំរូមួយ​​យ៉ាងល្អ​ប្រសើរ​​សម្រាប់​ស្ដ្រីទាំង​ឡាយ។

ដោយ​​ផ្ដើម​ចេញ​​ពីគ្រួសារ​​កសិករ​​ក្រីក្រ លោកជំទាវ ចែម សាវ៉ៃ មានស្រុក​​កំណើត​​ នៅ​ស្រុក​ពញា​ឮ ខេត្ដ​កណ្ដាល។ ក៏ព្រោះ​តែភាពធ្លាក់ ចុះ​នៃសេដ្ឋកិច្ច​គ្រួសារ​​នៅ​ពេល​មាន​អាយុ៧ឆ្នាំ លោកជំទាវ និង​ក្រុមគ្រួសារ​​បានផ្លាស់​ទី​លំនៅមករស់​​នៅស្រុក​​មេមត់ ខេត្ដ កំពង់ចាម​​ដែល​ពេល​នោះ​ឪពុក​ម្ដាយ​របស់​​លោកជំទាវ​​ជាកម្មករ​​ចំការកៅស៊ូ។ នៅពេល​នោះ ដោយសារ​​តែម្ដាយ​​លោកជំទាវ​មាន​ជម្ងឺ ហើយ​​លោកជំទាវ​​ត្រូវបំពេញ​​ការងារ​ជា​កម្មករ​ចំការ​កៅស៊ូ និង​​ធ្វើកិច្ចការ​ងារ​ផ្ទះ​ជំនួស​ម្ដាយ​ក្នុង​ការ​ថែទាំប្អូន និង​ការងារ​លំបាក​​ផ្សេង ទៀត​ជា​ច្រើន។ ដោយសារ​​កត្ដា​ជីវភាព​​នេះ ទើប​លោក​ជំទាវ​មិនមាន​ឱកាស​​សម្រាប់​ការ​សិក្សា​រៀន​សូត្រ​អ្វី​ទាំងអស់។ មកដល់​ឆ្នាំ ១៩៧០​ដោយសារ​​សភាពការ​​ប្រទេស​ជាតិ​មាន​ការប្រែប្រួល លោកជំទាវ​​បានចូលរួម​ជា​​មួយ​ចលនា​​តស៊ូ​តាមការ​អំពាវនាវ​​របស់​សម្ដេចឪ។ នៅក្នុង​​របប​ប៉ុលពត លោកជំទាវ​​បានឆ្លងកាត់​ជីវិត​​ដ៏សែន​លំបាក​វេទនា​​ដូចប្រជា​ពលរដ្ឋ​កម្ពុជា​ដ៏ទៃ​ទៀតដែរ ក្នុង​ស្ថាន​ភាព​ជាកង ចល័ត។ នៅឆ្នាំ១៩៧៨ លោកជំទាវ​​ក៏ដូចជា​​ប្រជាពលរដ្ឋ​​មួយចំនួន​ទៀត​បាន​ក្រោកឡើង​តស៊ូនៅ​ប្រទេស​វៀតណាម បង្កើត​ឡើងនូវ ចលនា​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា២ធ្នូ។ ក្រោយ​ថ្ងៃរំដោះ​៧មករា ឆ្នាំ១៩៧៩ លោកជំទាវ​បានចូលរួម​បំពេញ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ជា អ្នកដឹកនាំ​មួយរូប​នៅ​ខេត្ដ​កំពង់ចាម​ដោយចាប់​ផ្ដើម​ចេញពី​តួនាទី​ជាប្រធាន​សមាគម​យុវជន​ខេត្ដ​នៅឆ្នាំ១៩៨២។ ហើយ​នៅឆ្នាំ​១៩៨៦ ក្រោយពី​ត្រឡប់​មកពី​បំពេញ​ការសិក្សា​បន្ថែម​នៅ​ប្រទេស​វៀតណាម​វិញ លោកជំទាវ​បានទទួល​ការងារ​ជាប្រធាន​សមាគម​នារីប្រចាំ ខេត្ដ​កំពង់ចាម។ លោកជំទាវ​បានជាប់​ឈ្មោះជា​តំណាងរាស្ដ្រ​នៅឆ្នាំ​១៩៩៣​ក៏ប៉ុន្ដែ​ដោយសារ​លោកជំទាវ​មានតួនាទី​មួយផ្សេង​ទៀត ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ដ ទើប​លោកជំទាវ​ត្រូវ​អាក់ខាន​បំពេញ​ការងារ​ជាតំណាងរាស្ដ្រ។ លុះមក​ដល់ឆ្នាំ២០០៣ ទើប លោកជំទាវ​បានទទួល​ភារៈកិច្ច​ជាតំណាងរាស្ដ្រ​ពេញលេញ​រហូតទល់​ពេលនេះ។

លោកជំទាវ​សូមផ្តាំផ្ញើ​ដល់បង​ប្អូនស្រ្តី​ទាំងអស់គ្នា​សូមមាន​ជំនឿ​ទុកចិត្ត​លើខ្លួនឯង ត្រូវមាន​ភាពសង្ឈឹម ចេះ​តស៊ូមតិ​និង រៀនសូត្រ​ឲមាន​ចំនេះដឹងខ្ពង់ខ្ពស់ ទើបគ្រួសារ​មានសុភមង្គល​ ជីវិត​មានសេរីភាព អាចបត់បែន​តាមកាលៈ​ទេសៈ និងធ្វើឲ​សង្គមរឹងមាំ។ សូម​​​​ក្រឡេក​​មក​មើលបទ​ពិសោធន៍​​របស់​ស្ដ្រី​​ដែល​មានជោគជ័យ​ ​​​​ក្នុងទីផ្សារ ពាណិជ្ជកម្ម​​ នៅប្រទេស​ កម្ពុជា​ យើងវិញ​មកដែល​ក្នុង​​ចំណោម​​ស្ដ្រីមានស្ដ្រី​ភាគតិច​​បំផុតដែលទទួលបានជោគជ័យ។ លោកជំទាវឧកញ៉ា ឈួង ច័ន្ទសុភា ប្រធានក្រុមហ៊ុនអប្សរា ទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។ ជាស្ដ្រីដែលមានមុខជំនួញដ៏ធំបែបនេះ មិនមែនស្ដ្រីរូបណាក៏អាចសម្រេចបាននោះទេ តើលោកជំទាវឆ្លងកាត់អ្វីខ្លះទើបមានថ្ងៃនេះ?

លោកជំទាវ ឈួង ច័ន្ទសុភា

ស្ថិតក្នុង​វ័យ៥៣ឆ្នាំ លោកជំទាវ ឈួង ច័ន្ទសុភា គឺជាប្រធាន​ក្រុមហ៊ុន​ដ៏ធំមួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្ដោប​សំខាន់ទៅ​លើការនាំ​ភ្ញៀវ​ទេសចរណ៍​ចូលមក​ក្នុងប្រទេស។ លទ្ធផល​ថ្ងៃនេះ​ផ្ដើមចេញ​ពីការតស៊ូ​ដ៏ច្រើន​លើសលប់​របស់​លោកជំទាវ ទើបអាច សម្រេចបាន។ លោកជំទាវ ឈួង ច័ន្ទសុភា មានស្រុក​កំណើត​នៅក្រុង​ភ្នំពេញ ប៉ុន្ដែ​ដោយសារ​ការបំពេញ​ការងា​របស់​លោកឪពុក ទើប លោកជំទាវ​ត្រូវទៅរស់​នៅខេត្ដ​បាត់ដំបង។ នៅកុមារភាព លោកជំទាវ​បានចូល​សិក្សានៅ​សាលាស្វាយ​ស៊ីសុផុន។ ក្រោយ​ពេល​បញ្ចប់ ការសិក្សា លោកជំទាវ​ក៏បានបន្ដ​ការសិក្សា​នៅរាជធានី​ភ្នំពេញ​ក្នុង​សាលា​វិចិត្រសិល្បៈ​ផ្នែក​របាំប្រពៃណី​បានរយៈ​ពេលពីរឆ្នាំ។ ក្នុង កំឡុងពេល​ដែល​សភាពការ​ស្រុកទេស​មានការ​ប្រែប្រួល នាសម័យ​ប៉ុលពត លោកជំទាវ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅដែរ ត្រូវរស់នៅ យ៉ាងលំបាក​វេទនា។ ក្រោយថ្ងៃ​រំដោះ​៧មករា លោកជំទាវ​បានសាង​ជីវិតថ្មី​នៅក្នុងទឹកដី​ខេត្ដ​សៀមរាប តំបន់​ទេសចរណ៍​នៃប្រទេស យើង។ លោកជំទាវ​ជាមនុស្ស​ម្នាក់​ឧស្សាហ៍​ព្យាយាម​តស៊ូនឹង​ការងារ​ដើម្បី​រកប្រាក់​ចំណូល​ជួយគ្រួសារ បើទោះបី​ជាស្វាមី​របស់លោក ជំទាវ​មានតុល្យភាព​ខាង​ប្រាក់ចំណូល​យ៉ាងណា​ក៏ដោយ។ មុនដំបូង​នៃអាជីព លោកជំទាវ​បាន​ប្រកបរបរ​ច្រើនផ្នែក ដែល​ទាក់ទងទៅ លើវិស័យ​សេវាកម្ម​ដែលមាន​ដូចជា​សម្អាងការ​ភោជនីយដ្ឋាន ទិញលក់​ដីធ្លី​ជាដើម។ ដោយសារ​មុខរបរ​កាន់តែ​រីកចម្រើន និងការ សម្លឹង​មើលឃើញ​ពីសន្ទុះ​កំណើន​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​ចង់បង្ហាញ​ពីអ្វីដែល​ប្រទេស​យើងមាន​ដល់ជន​បរទេស​នោះ ទើបនៅឆ្នាំ ១៩៩២ លោកជំទាវ​បានបង្កើត​ជាក្រុមហ៊ុន​អប្សរា​ទេសចរណ៍​ឡើង។ មុនដំបូង ក្រុមហ៊ុន​លោកជំទាវ​មានបុគ្គលិក​តែ២នាក់​ប៉ុណ្ណោះ។ ដោយសារ​ផ្លូវ​គមនាគមន៍ និង​បណ្ដាញ​ទូរគមនាគមន៍​ក្នុងប្រទេស​យើង​មិនទាន់​រីកចម្រើន ធ្វើឱ្យ​ក្រុមហ៊ុន​របស់​លោកជំទាវ​ធ្វើដំណើរ លើផ្លូវមួយ​ដែលលំបាក​ជាទីបំផុត។ ទោះបី​ជាយ៉ាង​ណាក៏​លោកជំទាវ​បានជំនះ​រាល់ឧបសគ្គ​ដែល​រារាំងទាំងអស់ ហើយបាន​ពង្រីកក្រុម ហ៊ុន​ឱ្យកាន់តែ​មាន​ទ្រង់ទ្រាយ​កាន់តែធំ ដោយមាន​ទាំងផ្នែក​សណ្ឋាគារ ភោជនីយដ្ឋាន និង​ការនាំភ្ញៀវ​ទេសចរណ៍​ចូលមក​កម្សាន្ដក្នុង ប្រទេស​យើង​ជាដើម។ រហូត​មកដល់​ពេលនេះ ក្រុមហ៊ុន​អប្សរា​ទេសចរណ៍​មានសាខា​ពីរកន្លែង គឺ​ទីក្រុងភ្នំពេញ និង​ខេត្ដសៀមរាប ដែលមាន​បុគ្គលិក​ទាំងអស់​ចំនួន​៨០នាក់។

លោកជំទាវ ឈួង ច័ន្ទសុភា សូមផ្ដាំផ្ញើ​ដល់បងប្អូន​ស្រីៗថា ស្ដ្រី​ត្រូវតែមាន​ការងារ​អ្វីមួយ ឬ​ចេះជំនាញ​អ្វីមួយ​ពិតប្រាកដ ដើម្បី​ត្រួសត្រាយ​ជីវិតឱ្យ​រីកចម្រើន មិនត្រូវ​ពឹងផ្អែក​លើស្វាមី​ទាំងស្រុង​ពេកទេ។ ហើយ​សូមស្ដ្រី​ទាំងអស់​យកពេល​វេលាមក​អប់រំខ្លួន ឬ​ធ្វើអ្វី​មួយទុក​ជាស្នាដៃ ដើម្បី​ជួយរំលែក​បន្ទុកនៅ​ក្នុងគ្រួសារ​ក៏ដូចជា​រួមចំណែក​ជួយសង្គម។ ផ្ទុយទៅវិញ​បើមាន​ចំណេះដឹង​ទាបពេក ធ្វើឱ្យ​ស្ដ្រីងាយ​ជឿតាម​ការបោក​ប្រាស់របស់គេ។

ទស្សនាវដ្ដី សុខភាពយើង សង្ឃឹម​ថាបទពិសោធន៍​របស់​លោកជំទាវ​ទាំង៣ខាងលើ នឹងនាំផ្លូវ​មិត្ដនារី​ទាំងអស់​ឱ្យមាន​ជំនឿ ចិត្ដ មាន​កម្លាំង​ពុះពារ​ទៅមុខ​មិនរាថយ។ សូមចងចាំ​ថាស្ដ្រី​ចាញ់បុរស​តែកម្លាំង​កាយមួយ​ប៉ុណ្ណោះ ក្រៅពីនេះ​ស្ដ្រីក៏អាច​ធ្វើអ្វីបានដូច បុរសដែរ។សូមបរាជ័យរាល់គំនិតទាំងឡាយដែលមានបំណងបង្អាក់ដំណើរអភិវឌ្ឍន៍របស់ស្ដ្រី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative