អ្នកភូមិ​៨០នាក់​ពុល​អាហារ​ប្រកាច់​ប្រកិន​ រត់រក​ពេទ្យ​ទាំងយប់​អធ្រាត​

ការទទួល​ទាន ​ឬចម្អិន​ម្ហូបអាហារ​មិនបាន​ឆ្អិនល្អ​និងមិន​មានអនាម័យ​ត្រឹមត្រូវ​បានបង្ក​ជាបញ្ហា​ជាច្រើន​សម្រាប់​សុខភាព​អ្នក​បរិភោគ​។ សព្វថ្ងៃ​បន្លែ ​ផ្លែឈើ ​និងម្ហូប​អាហារមួយ​ចំនួនដែល​ដាក់លក់​នៅលើ​ទីផ្សារ​ មានបញ្ហា​ទាក់ទង​ទៅនឹង​ការប្រើ​ប្រាស់ថ្នាំ​គីមីជា​ច្រើន​ ក្នុងន័យ​ជួយឲ្យ​របស់ទាំង​អស់នោះ​នូវរក្សាទុកឲ្យ​បានយូរ​។ ហេតុដូច្នេះ​ហើយទើប​មានប្រជាជន​កម្ពុជា​មួយចំនួន​ បានពុល​អាហារមិន​លែងជា​រៀងរាល់​ឆ្នាំ ដោយសារ​មិនបាន​គិតគូ​ឲ្យបាន​ដិតដល់​បញ្ហាទាំង​​អស់នេះ​។

រូបភាពអ៊ីនធឺណេត

កាលពី​វេលាម៉ោង​១ រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១០​ មេសា​ ឆ្នាំ ​២០១២​ ស្ថិតក្នុង​ភូមិត្បូង​បឹង ឃុំវាល​ ស្រុកគង​ពិសី ​ខេត្តកំពង់​ស្ពឺ ​មាន​ករណី​ពុលម្ហូប​ទៀត​ហើយ​ ដែល​ករណី​នេះមាន​មនុស្ស​ពុល​ម្ហូបអាហារ​ចំនួន៨០​នាក់។ ​មនុស្ស​ក្មេងចាស់​ប្រុសស្រី​ចំនួន៨០​នាក់​ បាន​ពុលអាហារ​មង្គលការ​ ក្អួត​ចង្អោ ចុក​ពោះ រាក​រូស ស្ទើរ​ប្រកាច់​ប្រកិន​ បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​ជំនួយ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​យ៉ាងប្រញាប់​ប្រញាល់​។ ​នេះបើ​យោងតាម​សារពត៌មាន​កោះសន្តិភាព​ដែលបាន​លើក​យកមក​ចុះផ្សាយ​។ តាម​ប្រជា​ពលរដ្ឋ​នៅ​កន្លែងកើត​ហេតុ​​និយាយ​ឱ្យ​ដឹងថា ​កាលពី​វេលា​រសៀល​​អ្នក​ភូមិ​បាន​ទៅ​ទទួល​ទាន​​អាហារ​​មង្គល​ការ​អ្នក​ភូមិ​​ត្បូង​បឹង​ពេល​ទទួល​​ទាន​រួច​រាល់​ភ្លា​មៗ​​នោះ​មិន​មាន​បញ្ហា​​អ្វីទេ​ លុះ​​​ដល់​​ម៉ោង​១​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១០ មេសា ឆ្នាំ​២០១២ ​ស្រាប់តែ​អ្នក​ទទួល​ទាន​អាហារ​​ការ​ទាំង​នោះពុល​ក្អួត​​ចង្អោរ ​រាក​រូស ​ស្ទើរ​ប្រកាច់​ប្រកិន​តែម្តង ​ហើយ​ត្រូវបាន​ក្រុម​ប្រឹក្សា​​ឃុំ​ចាត់​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​បង្អែក​​គងពិសី ​៥០​នាក់ និង​នៅ​មណ្ឌល​សុខ​ភាព​អង្គ​ពពេល ​៣០​​នាក់ ។

ទោះ​បី​ជា​យ៉ាងណា​​មិន​មាន​អ្នក​ស្លាប់​​នោះទេ ​គ្រាន់តែ​ខ្លះ​​ធ្ងន់ ​ខ្លះ​ស្រាល​តែប៉ុណ្ណោះ ​ឥឡូវ​​អ្នក​ស្រាល​​ភាគ​ច្រើន​​បាន​វិលត្រឡប់​​មក​សម្រាក​នៅ​ផ្ទះ​​រៀងៗ​ខ្លួនវិញ​​អស់​ហើយ ​នៅសល់​អ្នក​ធ្ងន់​​តិចតួចប៉ុណ្ណោះ​​ដែល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ៕

គ្រូពេទ្យ​​បាន​និយាយថា ​ការ​ពុល​នេះគឺ​​បណ្តាល​មក​ពី​ទទួល​ទាន​​អាហារ​ម្ហូប​ការ​ពិត​ប្រាកដ​​មែន​ហើយ ព្រោះ​ម្ហូប​អាហារ​​ការ​ទាំង​នោះ​​ខ្វះអនាម័យ​​ ដូចជា​បន្លែ​លាង​មិន​ស្អាត ឬ​មាន​ជាតិ​គីមី​ទើប​​បណ្តាល​ឱ្យ​​ពុល​ ។ ដើម្បី​ទទួល​បាននូវ​សុខភាព​ល្អ ​សូមបង​ប្អូន​ប្រជា​ពលរដ្ឋ​ យក​ចិត្តទុក​ដាក់ឲ្យ​បានខ្លាំង​មែនទែន​ទាក់ទង​ទៅនឹង​បញ្ហា​អនាម័យ​ម្ហូបអាហារ​ រាល់ពេល​ចម្អិន​អាហារ និង​ត្រូវលាង​បន្លែ ​ផ្លែឈើ ​ឲ្យបាន​ស្អាតល្អ​មុននឹង​ទទួលទាន​។ ​ជាពិសេស​លោក​អ្នកដែល​ប្រកប​អាជីវកម្ម​ទទួល​ធ្វើម្ហូបការ​ បុណ្យ ​ឬអាជីវករ​លក់ដូរ​តូចតាច​ក្តីត្រូវ​យកចិត្ត​ទុកដាក់​ឲ្យបាន​ខ្លាំង​បំផុត​ អំពី​សុវត្ថិភាព​ចំណី​អាហារ​ដល់​អតិថិជន​។ ព្រោះថា​បើលោក​អ្នកមិន​មានការ​ការពារ​សុវត្ថិភាព​ចំណី​អាហារ​ឲ្យបាន​ល្អនោះ​ទេ នោះ​សេវា​កម្ម និងការ​លក់ដូរ​របស់​អស់លោក​អ្នកនឹង​ត្រូវខាត​បង់ប្រយោជន៍​ជាក់ជា​មិនខាន​។ ​ដូចពាក្យ​ស្លោកមួយ​ពោលថា​ «សុខភាព​ល្អ អនាគត​បវររុង​រឿង»។ បំណង​ល្អពី​គេហ​ទំព័រ សុខ​ភាព​កម្ពុជា Health​Cambodia​.com។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ១១ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative