កីឡាកាស

កីឡាមួយ​ប្រភេទ​ដែល​កំពុង​ទទួលបាន​នូវការ​គាំទ្រ​ទូទាំង​ពិភពលោក និង​ធ្វើឱ្យ​មានការ​រំជើបរំជួល​ដល់អ្នក​ទស្សនា ថ្មីៗ នេះ​តាម​កញ្ចក់​ទូរទស្សន៍ ពិសេស​អ្នក​ស្នេហា​វិស័យកីឡា គឺ​កីឡាកាស។ លោកអ្នក​មិនតិច​ទេដែល​មានចម្ងល់​លើការ​ប្រកួត​កីឡា ប្រភេទ​នេះ ព្រោះ​យើង​មិនដែល​ឃើញ​នៅ​ប្រទេស​កម្ពុជា​យើងនោះ​ទេ ទើបតែ​ឃើញ​ប៉ុន្មាន​ឆ្នាំនេះ​តែប៉ុណ្ណោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ស្រាយ​បំភ្លឺ​ចម្ងល់​នេះ​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោក ម៉ា សេរី អ្នក​គ្រប់គ្រង​កម្ម​វិធី​កីឡា នៃ​បណ្ដាញ​ស្ថានីយ៍​ទូរទស្សន៍​ស៊ីធីអិន។

កីឡាកាស ជាអ្វី?

កីឡាកាស​ជាការ​ប្រកួត​មួយ​ដែល​មើលទៅ​គួរឱ្យ​ខ្លាចរន្ធត់​ញាប់ញ័រ ពីព្រោះ​កីឡាករ​ប្រកួត​សុទ្ធតែ​មាន​ទម្ងន់ធ្ងន់ សាច់​ដុំធំៗ ពិសេស​ពេលខ្លះ​មានវាយ​ដោយ​អាវុធ​គ្រប់ប្រភេទ ដូចជា​កៅអី ដំបង ខ្សែលួស​ជាដើម។ នេះជា​ការ​បំភាន់​ភ្នែក​ឱ្យភាន់​ច្រឡំតែ ប៉ុណ្ណោះ។ តាម​ការពិត​កីឡាកាស​ជាសិល្បៈ​មួយ​ប្រភេទ​ដែលគេ​រៀបចំ​សម្ដែង ដូចជា​ការសម្ដែង​ភាពយន្ដ​ដូច្នោះ​ដែរ។ ការ​ប្រកួត​មាន ការ​រៀបចំ​ជាមុន ទាំង​កីឡាករ​អាជ្ញា​កណ្ដាល កាម៉េរ៉ា និង​អ្នកកាន់​ភ្លើង និយាយ​រួមសមាជិក​ទាំងអស់​សុទ្ធតែ​បានដឹងមុន​នូវការ​ប្រកួត និង​ការរៀបចំ​រួចជា​ស្រេច។ កីឡាកាស​ជានាទី​កម្សាន្ដ​មួយ​ដែល​បង្កើត​ឡើងដោយ​មានអ្នក​ដឹកនាំ​រៀបចំ​ការ​សម្ដែង។ កីឡាកាស​កំពុង ជាទីពេញ​និយម​សម្រាប់ប​ណ្ដា​ប្រទេស​នៅអឺរ៉ុប​អាមេរិក និង​នៅអាស៊ី។

ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណាក៏​ពុំមាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ដែលបង្ហាញ​ឱ្យដឹង​ថាកីឡាកាស​នេះបង្កើត​ឡើង​ក្នុងឆ្នាំ​ណា ហើយ​អ្នកណា​ជាអ្នក​បង្កើត​នោះឡើយ។ យើង​គ្រាន់តែ​អាចដឹង​បានថា​កីឡានេះ​ភាគច្រើន​មាន​នៅអឺរ៉ុប អាមេរិក និង​ប្រទេស​ជប៉ុន។

សូម​បញ្ជាក់​ផងដែរ​ថាកីឡាកាស​នេះ​មិនមែន​លេងបាន​តែបុរស​ប៉ុណ្ណោះទេ ស្ដ្រីក៏​អាចលេង​បានដែរ។

លក្ខខ័ណ្ឌ​នៃការប្រកួត

ថ្វីត្បិត​តែ​កីឡាកាស​ជាការ​ប្រកួត​បែប​សិល្បៈ ប៉ុន្ដែ​ក៏មាន​លក្ខខ័ណ្ឌ​នៃការ​ប្រកួត​ត្រឹមត្រូវ​ដែរ។ គ្រាន់តែ​រាល់​លក្ខខ័ណ្ឌ ទាំងនេះ​ពុំសូវ​ឃើញ​មាន​កីឡាករ​ណាមួយ​គោរព និង​អនុវត្ដ​តាម​ឡើយ។ នេះ​ជាហេតុ​ធ្វើឱ្យ​យើងមើល​ទៅឃើញ​មានភាព​មិន​ប្រក្រតី រញ៉េរញ៉ៃ​ក្នុងការ​ប្រកួត​ម្ដងៗ។ ជាការពិត ការ​ប្រកួត​គេហាម​មិនឱ្យ​មានអ្នក​ជួយ និង​មិនឱ្យ​ប្រើអាវុធ ដូចជាតុ កៅអី ដំបង និង ឧបករណ៍​ផ្សេងៗ​នោះ​ឡើយ។ ការ​ប្រកួត​ហាម​មិនឱ្យ​ក្ដាប់​ដៃវ៉ៃ មិន​ប្រើជង្គង់ កែងដៃ មិនឱ្យ​លេងខាំ​ជាដើម ប៉ុន្ដែ​លក្ខខ័ណ្ឌ​ទាំងនេះ ត្រូវ​កីឡាករ​មើល​រំលង។

កីឡា​សិល្បៈ​មួយនេះ​តម្រូវ​ឱ្យកីឡាករ​ប្រកួត​ដោយ​ប្រើ​បាតដៃ កំភួនដៃ ដើមដៃ និង​ប្រើស្មា។ ផ្នែក​ជើង​វិញកីឡាករ​អាច ប្រើភ្លៅ និង​ទាត់​ដោយ​ប្រអប់​ជើង។ ទោះ​បីកីឡា​កាស​ជាសិល្បៈ​សម្ដែង​ក៏មែនពិត ប៉ុន្ដែ​ក៏តម្រូវ​ឱ្យកីឡាករ​មានជំនាញ​ច្បាស់​លាស់ ទាំង​ការប្រកួត ការ​ធ្វើ​ទឹកមុខ និង​ចេះ​ពីបច្ចេកទេស​ក្នុងការ​ប្រកួត ឬ​ការសម្ដែង​នោះដែរ។ ប្រសិន​បើ​កីឡាករ​មិនមាន​ចំណេះ​ដឹងផ្នែក នេះ​ក៏មិន​អាចធ្វើ​ការសម្ដែង​ក្នុងការ​ប្រកួត​បានដែរ។

លក្ខណៈ​នៃការ​ប្រកួត

ការ​ប្រកួត​កីឡាកាស​មានលក្ខណៈ​ច្រើនបែប​ដូចតទៅ ៖

  • ប្រកួតទោល ៖ គឺជាការ​ប្រកួត​មួយទល់​នឹងមួយ។ ពេលខ្លះ​ឃើញ​មានប្រកួត​ដាក់​ក្នុងទ្រុង​ដែក​ហើយចាក់​សោរ​មិនអាច ឱ្យចេញ​បាន​រហូតដល់​មានការ​ឈ្នះចាញ់។
  • ប្រកួតជាក្រុម ៖ គឺជា​ការ​ប្រកួត​ពីរនាក់​ទល់នឹង​ពីរនាក់ បីនាក់​ទល់នឹង​បីនាក់ ឬ​បួននាក់​ទល់នឹង​បួននាក់​ជាដើម។ ថ្វីត្បិត តែ​ការ​ប្រកួត​ជាក្រុម​ក៏ពិតមែន តែក្នុង​សង្វៀន​ប្រកួត គឺមួយ​ទល់នឹង​មួយ ដោយ​គ្រាន់តែ​ប្ដូរគ្នា​បាននៅ​ពេលដែល​ដៃគូមក​ប៉ះដៃ​អ្នក នៅក្រៅ​សង្វៀន។ ប៉ុន្ដែ​អ្នកនៅ​ខាងក្រៅ​សង្វៀន​មិនមាន​សិទ្ធិ​ចូលទៅ​ប៉ះដៃ​អ្នកក្នុង​សង្វៀន​បានទេ។ ទាល់តែ​អ្នកកំពុង​ប្រកួត​មកប៉ះ ដៃ ទើប​មាន​សិទ្ធិ​ប្ដូរចូល​ប្រកួត​បាន។
  • ការប្រកួតជម្រុះ ៖ គឺជាការ​ប្រកួត​លក្ខណៈ​ចម្រុះ​មិនមែន​ជាក្រុម ដោយ​ប្រកួត​រហូត​ទាល់តែ​នៅសល់​តែម្នាក់​ចុងក្រោយ ជាអ្នក​ឈ្នះ​តែម្ដង។

ការទទួល​ជ័យជំនះ

ការប្រកួត​រមែង​មានការ​ចាញ់ឈ្នះ។ ប៉ុន្ដែ​ពេលខ្លះ​មិនមាន​ការឈ្នះ​ចាញ់​នោះទេ ដោយ​សារ​អាជ្ញា​កណ្ដាល​លុប​ចោលការ ប្រកួត​ក្នុង​ករណី​មិន​ប្រក្រតី​ណាមួយ​កើតឡើង ដូចជា​មិនគោរ​ពលក្ខន្ដិកៈ​នៃការ​ប្រកួត​ជាដើម។ កីឡាករ​មួយរូប​ដែលអាច​លើកដៃ ទទួល​ជ័យជំនះ​បានលុះ​ត្រាតែ ៖

  • យកឈ្នះ​លើគូ​ប្រកួត​ដោយការ​សង្កត់​លើដៃគូ​មិនឱ្យ​កម្រើក​បាន គឺស្មា និង​ខ្នងរាប​លើកម្រាល​សង្វៀន ហើយ​អាជ្ញា កណ្ដាល​រាប់ដល់បី។
  • ឈ្នះមួយ​បែបទៀត ដោយសារ​ដៃគូ​ប្រកួត​សុំចុះ​ចាញ់។
  • ក្នុង​ករណី​គូប្រកួត​មិនអាច​ងើប​ឡើងវិញ​បានទាំង​ពីរនាក់ អាជ្ញា​កណ្ដាល​រាប់ដល់​ដប់ បើមាន​ម្នាក់អាច​ងើបឈរ​បានអ្នកនោះជា​អ្នកឈ្នះ។
  • ប្រសិនបើ​កីឡាករ​ណាម្នាក់​ចុះពី​លើសង្វៀន​ប្រកួត ហើយ​អាជ្ញា​កណ្ដាល​រាប់ដល់​ដប់មិន​ព្រមងើប​ឡើង​មកវិញ អាជ្ញាកណ្ដាល​នឹងប្រកាស​ឱ្យអ្នក​លើស​ង្វៀន​ជាអ្នក​ក្នុងការ​ប្រកួត​ចម្រុះ កីឡាករ​ណាម្នាក់​ដែលអាច​ឈរ​លើសង្វៀន​ចុង​ក្រោយគេ អ្នកនោះ​ជាអ្នក​ឈ្នះ។ ប៉ុន្ដែ​មាន​ការ ប្រកួត​ចម្រុះ​មួយ​បែបទៀត ទោះបី​ជាមាន​កីឡាករ​នៅលើ​សង្វៀន​ច្រើន​ក៏ដោយ ប្រសិនបើ​មានកីឡាករ​ណាម្នាក់​សង្កត់​លើកីឡាករ ម្នាក់​ទៀត ហើយ​អាជ្ញា​កណ្ដាល​រាប់ដល់បី កីឡាករ​នោះ​ជាអ្នកឈ្នះ​ក្នុងការ​ប្រកួត​តែម្ដង។

បណ្ដាំផ្ញើ​អ្នកប្រឹក្សា

កីឡាកាស​ជាប្រភេទ​កីឡា​សិល្បៈ​ដែល​សម្ដែង​ឡើង​ដើម្បី​ជាការ​កម្សាន្ដ។ ប៉ុន្ដែ​ទោះបី​ជាយ៉ាងណា​ក៏ដោយ សូម​លោកអ្នក មេត្ដា​កុំព្យាយាម​ធ្វើតាម​ឱ្យសោះ ព្រោះជា​ល្បែង​មួយអាច​គ្រោះថ្នាក់​រហូតដល់​បាត់បង់​ជីវិត​ផងដែរ។ សូម​លោកអ្នក​កម្សាន្ដ​សប្បាយ ជាមួយ​ការ​ប្រកួត​កីឡាកាស ដើម្បី​សេចក្ដីសុខ​ផ្ទាល់ខ្លួន និង​ក្នុងគ្រួសារ តែមេត្ដា​កុំប្រើ​ថ្នាំញៀន​ដើម្បី​ឱ្យខ្លាំង​ដូចអ្នក​កីឡាកាស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧