កាត់ទោស​មេដឹកនាំខ្មែរ​ក្រហម​ស្វែងរក​យុត្ដិធម៌ និង​រំលឹកការ​ឈឺចាប់

ភាពញាំញី និង​ទុក្ខទោស​ទារុណកម្ម​ក្នុងរបប​ខ្មែរក្រហម ឬ​របបកម្ពុជា​ប្រជាធិបតេយ្យ បានក្លាយ​ជាស្រមោល​អន្ទោល តាម​ប្រាណ​ប្រជាពលរដ្ឋ​កម្ពុជាទាំង​ក្មេងចាស់ ទាំងប្រុសស្រី សូម្បី​ក្មេងមិន​បានឆ្លង​កាត់ក្ដី​ក៏កើត​មានអារម្មណ៍​ភ័យខ្លាច និង​តក់ស្លុត ដែរ។ សង្គ្រាម​បានបញ្ចប់​ទៅហើយ​មែន ប៉ុន្ដែ​ទឹកចិត្ដ​នៅតែចងចាំ​ជាប់ជានិច្ច​មិនអាច​បំភ្លេចបាន រហូត​បង្កបង្កើត​ជាបញ្ហា​ផ្លូវចិត្ដ។ ទោះជា​យ៉ាងណា​ក៏ដោយ​ទីបំផុត​ឧក្រិដ្ឋជន​នឹងត្រូវ​បានគេ​កាត់ទោស​ចំពោះទង្វើ​ដែលបាន​ធ្វើឱ្យ​សមនឹង​កំហុស។ ប៉ុន្ដែ​មិនដឹង​ថាការ  កាត់​ទោសនេះ ជាការ​រកយុត្ដិធម៌ ឬ​ជាការ​រំលឹក​ការឈឺចាប់​ក្នុងរបបខ្មែរ​ក្រហម​ទៅវិញទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ឆ្លើយតប​នឹងសំណួរ​នេះ លោកវេជ្ជ​បណ្ឌិត យឹម សុបុត្រា ឯកទេស​ជម្ងឺផ្លូវ​ចិត្ដនៃ​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត និង លោក រាជ​សម្បត្ដិ មន្ដ្រី​ទទួល​បន្ទុក​ការងារ​ព័ត៌មាន​នៃអង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា​នឹង​ស្រាយបំភ្លឺ​ជូនមិត្ដ​អ្នកអាន​តាម រយៈ​ទស្សនាវដ្ដីសុខភាពយើង។

កាត់ទោស​ខ្មែរក្រហម​ស្វែងរក​យុត្ដិធម៌

មនុស្ស​គ្រប់រូប គ្រប់​ស្រទាប់​វណ្ណៈ​នៅពេល​ដែល​ប្រព្រឹត្ដ​អំពើ​ប្រឆាំង ឬ​ល្មើស​នឹងច្បាប់​ដាច់ខាត​ត្រូវតែ​ផ្ដន្ទាទោស​ឱ្យសម នឹង​កំហុស។ ចុះ​ទម្រាំតែ​អ្នកដែល​ប្រព្រឹត្ដ​បទឧក្រិដ្ឋ សម្លាប់​មនុស្ស​អស់រាប់​ពាន់រាប់​លាននាក់ តើអាច​លើក​លែងទោស​ឱ្យបានទេ? ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់ ក្មេងចាស់ ប្រុសស្រី​មិនតិច​ជាង១លាននាក់​ទេដែល​បានស្លាប់​បាត់បង់​ជីវិត​យ៉ាង​អណោច​អធម និង​អយុត្ដិ ធម៌​ក្នុងរបប​ខ្មែរ​ក្រហម។ មិនមែន​ត្រឹមតែ​អ្នកដែល​បានស្លាប់​បាត់បង់​ជីវិត​ទៅនោះទេ​ដែល​ជាជនរង​គ្រោះ អ្នក​ដែល​ប៉ះទង្គិច​ខ្លាំងក្លា  គឺជាអ្នក​ដែលនៅ​រស់រួច​ផុតពីរ​បបនោះ។ ព្រោះថា​អ្នកទាំង​នោះ​ត្រូវរស់​នៅជាមួយ​ការឈឺចាប់់ ភ័យខ្លាច​ដែល​ប៉ះពាល់​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ដ។ ក្នុង​របបខ្មែរ​ក្រហម​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​រូបរាងកាយ​ស្គមស្គាំង ស្លេកស្លាំង ស្បែក​ដណ្ដប់ឆ្អឹង រស់ទាំង​ទឹកភ្នែក ចិត្ដឈឺ​គ្រាំគ្រា អាឡោះ​អាល័យ ព្រោះតែ​ការនិរាស​ព្រាត់ប្រាស​ញាតិមិត្ដ បងប្អូន និង​ឪពុក​ម្ដាយ។ ការកាត់​ទោស​មេដឹក​នាំខ្មែរ ក្រហម​ដែលនឹង​ប្រព្រឹត្ដ​ទៅនៅ​ពេល​ខាងមុខ​នេះមិន​មែន​សំដៅ​ទាមទារ​អ្វីដែល​បាត់បង់​មកវិញ​នោះទេ គ្រាន់តែ​ចង់បង្ហាញ​ឱ្យឃើញ​ថា អ្នក​ដែលស្លាប់​ទៅគ្មាន​កំហុស ហើយនឹង​ឱ្យព្រលឹង​របស់​ពួកគាត់​បានស្ងប់​ទៅកាន់​សុគតិភព​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​ចង់​បង្ហាញឱ្យ ឃើញថា​ឧក្រិដ្ឋជន​សង្គ្រាម​ដែលសាង​អំពើបាប​ពិតជា​មានទោស និង​ទទួលរង​បាបកម្ម​ប្រាកដមែន។ ពិសេស​ជាង​នេះទៅ​ទៀត គឺដើម្បី ស្វែង​រកយុត្ដិធម៌​ជូនអ្នក​ដែល​នៅរស់ និង​បញ្ជាក់ថា​អំពើបែប​នេះ​លែងកើត​មានទៀត​ហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តែកាត់​ទោសខ្មែរ​ក្រហម​ជាការ​រំលឹកការ​ឈឺចាប់

ដំណើរ​នៃការ​កាត់ទោស ចាំបាច់​ត្រូវមាន​ភស្ដុ័តាង​បញ្ជាក់​ទើបឈាន​ទៅរកការ​វិនិច្ឆ័យ​ថាអ្នកណា​ខុសគួរ​មាន ឬ​គ្មានទោស។  ដូចគ្នា​នេះដែរ​ការកាត់​ទោសខ្មែរ​ក្រហម​ចៀស​មិនផុត​ពីការ​លើក​យករឿងរ៉ាវ​ពីអតីតកាល​ដ៏សែន​ឈឺចាប់​មកលាត​ត្រដាង​តាមរយៈ ផ្ទាំង​រូបភាព​នៃអំពើ​ឃោរឃៅ លើក​យក​ការរស់​នៅយ៉ាង​វេទនា​របស់​ប្រជាពលរដ្ឋ​មកជា​ភ័ស្ដុតាង​នោះ​ឡើយ។ ដំបៅ​ធ្លាប់​ឈឺត្រូវ គេយក​កាំបិត​ទៅចាក់ លោកអ្នក​គិតមើល​ថាចុក​ចាប់យ៉ាង​ណា? របួស​ចាស់​ប្រាកដ​ជាមាន​ស្នាមជាថ្មី​ម្ដងទៀត។ ការភ័យ​ខ្លាចតក់​ស្លុត រន្ធត់​ក្នុងកំឡុង​របប​៣ឆ្នាំ​៨ខែ២០ថ្ងៃ​ស្ទើរតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទាំងមូល​ក្លាយ​ទៅជាអ្នក​មាន​បញ្ហាផ្លូវចិត្ដ​គ្រប់គ្នា​ទៅហើយ។ បញ្ហាផ្លូវ ចិត្ដ និង​ការ​ឈឺចាប់​មិនមែន​ទើប​តែ​កើត​ត្រឹម​មានការ​កាត់ទោស​ខ្មែរក្រហម​នោះទេ ការពិត​វាកើត​មានចាប់តាំងពី​ថ្ងៃ​នៃពិភព​ខ្មៅ នោះកើត​ឡើងម្ល៉េះ ហើយបន្ដ​ជារៀង​រហូត​មកដល់​បច្ចុប្បន្ន។ គោល​បំណង​នៃការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​មិនមែន​ចង់សើរើ រឿងរ៉ាវ​ឈឺចាប់​ពីអតីតកាល ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កើតមាន​នូវកំហឹង​ការ​ឈឺចាប់​ឬ​រំលឹក​ឱ្យនឹក​ឃើញ​ទិដ្ឋភាព​ទាំងនោះ​សារ​ជាថ្មីម្ដង ទៀតនោះ​ឡើយ។ ផ្ទុយ​ទៅវិញ​វាគ្រាន់​តែជា​ការ​បង្ហាញ​ឱ្យឃើញ​ថាមនុស្ស​អាក្រក់​បាន​ទទួលទោស​ដែល​ពួកគេ​បានសាង ហើយ​ក៏អាច ជួយ​ស្រាយ​ចំណង​ឈឺចាប់​ដែលចង​ជាប់​ក្នុង​បេះដូង និង​ដើម្បី​ឱ្យ​លោកអ្នក​អស់កង្វល់​ដែលធ្លាប់​តែគិត​ថារឿងរ៉ាវ​ទាំងនេះ​អាចនឹង​កើត មាន​ជាថ្មីម្ដង​ទៀត។ សរុបមក​អាច​និយាយ​បាន​ថាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ជាការ​រំលឹក​ឡើងវិញ​នូវការ​ឈឺចាប់ តែវា​ក៏ជា ការ​ដោះ​ស្រាយ​បញ្ហា​ផ្លូវចិត្ដ និង​ដើម្បី​រំសាយ​ការឈឺ​ចាប់​របស់​លោកអ្នក​បានដែរ។

បណ្ដាំផ្ញើ​អ្នកប្រឹក្សា

ពពកខ្មៅ​បានរសាត់​បាត់ទៅ​ហើយ ហើយ​ក៏មិនអាច​នឹងកើត​មានសារ​ជាថ្មី​ទៀតដែរ។ តិច ឬ​ច្រើន​លោកអ្នក​ដែលបាន ហែល​ឆ្លង​របបនេះ​អាចនឹង​កើត​មាន​បញ្ហា​ផ្លូវចិត្ដ។ ប៉ុន្ដែ​សូមលោក​អ្នកយល់ថា​ការកាត់​ទោស​ខ្មែរ​ក្រហម​មិនមែន​ជាការ​រំលឹក​ឡើងវិញ នូវការ​ឈឺចាប់​ទាំង​ស្រុង​នោះទេ តែវាអាច​ជួយ​លោកអ្នក​រម្ងាប់នូវ​ការ​ភ័យខ្លាច និង​ស្វែងរក​យុត្ដិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​បានស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​នោះ។ យុត្ដិធម៌​ជាអ្វី​ដែល​លោកអ្នក​ចង់បាន​ជាយូរមក​ហើយ ព្រោះវា​អាចជួយឱ្យ​លោកអ្នក​រស់ នៅដោយ​គ្មានកង្វល់ ឬ​ភ័យខ្លាច​ឡើយ។ អ្វីដែល​សំខាន់​ជាងគេ គឺសន្ដិភាព និង​ការរស់​នៅដោយ​សុវត្ថិភាព​មានសេចក្ដី​សុខស្ងប់ អារម្មណ៍។ សូម​លោកអ្នក​មេត្ដា​ស្វែងរក​សន្ដិភាព​ដាក់ក្នុង​ដួងចិត្ដ​ដើម្បី​ការរស់​នៅប្រកប​ដោយ​គតិធម៌។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative