វិធីព្យាបាល​ជម្ងឺមុន​លើស្បែក

មុនអាច​រីករាលដាលធំ បើសិន​មិនព្យាបាល ឬ​ទប់ស្កាត់​ទាន់ពេល។ មុនអាច​នាំឱ្យរលាក​ស្បែក ពកតូចៗ ឬធំៗ អាចនាំឱ្យ មុខមាន​ស្លាកស្នាម ឬ​អាចកើត​ជាមុខខ្មូត ដែលនាំ​ឱ្យចោទ​ជាបញ្ហា ដូចជា​ប៉ះពាល់​ដល់ផ្លូវចិត្ដ អារម្មណ៍ បញ្ហា​ចូលសង្គម នាំឱ្យ​ស្ដ្រេស្ស ខ្មាស់គេ មិន​មានទំនុកចិត្ដ​លើខ្លួនឯង​ជាដើម។ ស្បែកមុខ​ខ្លួនកើត​មុនអាច​ក្លាយជាខ្ទុះ ផ្លែ ជាំ ឬ​កន្ទួលរមាស់​ពេញខ្លួន​ប្រាណ​ជាដើម។ ការកេះ ឬ​ញេចមុន​ដោយ​មិនមាន​អនាម័យ ឬ​តាម​ក្បួនខ្នាត​វានាំឱ្យ​ប៉ោង ជាំ ក្លាយ ហើមមុខ​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកអ្នក​បានអាន​រួចមក​ហើយនូវ​អត្ថបទ“មូលហេតុកើតមុន” ដែលបាន​ចេញផ្សាយ​នៅលេខ០១២ និង​អត្ថបទ“វិធីបង្ការ​ជម្ងឺមុន”ចេញផ្សាយ​នៅលេខ០១៣។ ដោយឡែក​សម្រាប់​លេខនេះ លោក​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច អ្នក​ឯកទេស​ជម្ងឺ​សើស្បែក និង​កាមរោគ​នៃមន្ទីរ​ពេទ្យ​ព្រះកុសុមៈ បន្ដបក​ស្រាយ​ជម្រាបជូន​លោកអ្នក​ខ្លះៗអំពីវិ​ធីព្យាបាលមុន​នៅលើ​ស្បែក ជាពិសេស​នៅលើ មុខ។

លក្ខណៈ​ទូទៅនៃ​ជម្ងឺមុន

មុនជា​ធម្មតា​ច្រើនកើត​លើមនុស្ស​ចាប់ពីអាយុ​ជិតពេញវ័យ​(បុរសអាយុ​១៥ឆ្នាំ នារីអាយុ១៣ឆ្នាំ)ដែលអាច​បណ្ដាល​មកពីការ​រលាក​នៃរន្ធរោម ឬ​រន្ធញើស គួបផ្សំ​ជាមួយនឹង​ការស្ទះ​នៃសារធាតុ​ខ្លាញ់​នៅក្នុង​រន្ធរោម។ ហើយ​មុនច្រើន​បាត់ទៅវិញ​នៅពេល យើង​អាយុ​លើសពី​៣៧ឆ្នាំំ។ ប៉ុន្ដែបើ​មុនកើត​ដោយសារ​ការប្រតិកម្ម​ជាមួយ​នឹងសារធាតុ​ណាមួយ វាមិនងាយ​បាត់ទៅ​វិញទេ។ មុនខ្លះ មាន​ក្បាល ឬ​គ្រាប់ខ្មៅ ខ្លះស​មិនមាន​ក្បាលទេ​(ករណីស្ទះ​ក្រពេញ​វាជ្រៅ) ខ្លះមាន​ក្បាល ហើយ​មានខ្ទុះ។ មុនច្រើន​រាលដាល​ឡើង ដោយសារ​ការប្រើ​គ្រឿង​សម្អាង ឡេលាប ថ្នាំចាក់ ឬ​លេប​ជាដើម ហើយ​មាន​ប្រតិកម្ម​ជាមួយ​នឹងស្បែក​ទើបធ្វើ​ឱ្យ​ចេញមុន។ មុន ងាយ​ក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ​តាមរយៈ​ភ្នែកទទេ តែ​ពិបាក​ក្នុងការ​ព្យាបាល។

ប្រការ​យល់ដឹង​ទាក់ទង​នឹង​ព្យាបាល​ជម្ងឺមុន

ជាទូទៅ​ការ​ព្យាបាល​មុនតាម​ក្បួន​វេជ្ជសាស្ដ្រ​មានដូចជា​ការ​ព្យាបាល​ដោយ​យកថ្នាំ​មកលាប​នៅលើ​ស្បែក​ឱ្យបាន​ទៀងទាត់ តែ​ត្រូវការ​ពេល​យូរបន្ដិច​ដើម្បី​ឱ្យមុនរាប។ ថ្នាំនឹង​ជ្រាប​ចូលក្នុង​ក្រពេញ​ស្បែក ហើយ​សម្អាត​ក្រពេញ​ដែលស្ទះ។ ថ្មីៗនេះ​មាន​ម៉ាស៊ីន សម្រាប់​បូមមុន​ជួយកុំ​ឱ្យរន្ធ​ស្បែកស្ទះ។ គ្រូពេទ្យ​នឹងចាប់ផ្ដើម​សួរអ្នក​ជម្ងឺ​អំពី​រយៈពេល​ដែលគាត់​ឡើងមុន អ្វីដែល​គាត់បាន​ប្រើប្រាស់ រហូត​មកដល់​ពេលជួប​ពេទ្យ​(ថ្នាំ)។ បន្ថែម​ទៅលើ​ការសួរនាំ គ្រូពេទ្យ​នឹងពិនិត្យ​ទៅលើ​ស្បែកមុខ​គាត់ មាន​កន្ទួល​ព្រឿងៗ ពកមាន គ្រាប់មុន ស ឬ​ខ្មៅជា​ដើម។ បើមុខ​របស់​អ្នកកើត​មុន​ដោយសារ​សម្បូរ​ជាតិខ្លាញ់ សូម​សម្អាត​មុខឱ្យអស់​ជាតិខ្លាញ់ និង​ត្រូវ​លាងមុខ ឱ្យបាន​ស្អាត​ជាប្រចាំ​(សូមអាន​អត្ថបទ​វិធី​លាង​សម្អាតមុខ​ដែលចេញ​ផ្សាយ​កាលពី​លេខទី១០ ខែវិច្ឆិកា ២០០៦)។ សូម​យកចិត្ដ​ទុក ដាក់​ការពារ និង​ព្យាបាល​មុន​ខណៈពេល​ដែលវា​នៅស្រាល។ ការ​ព្យាបាល​មុន​តាមក្បួន​វេជ្ជសាស្ដ្រ​ត្រូវចំណាយ​ពេល​ជាមធ្យម​ប្រហែល​ពី៨ទៅ​១២សប្ដាហ៍​(២ទៅ៣ខែ)។ ចំពោះ​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ចំណាយ​ពេល​ព្យាបាល​រហូតដល់​ទៅ៦ខែ។ ប្រជាពលរដ្ឋ​ភាគច្រើន ធ្វើការ​ព្យាបាល និង​ការពារ​មុនដោយ​ការនិយម​ប្រើប្រាស់​ក្បួន ឬ​ផលិតផល​តាមគ្នា ដោយមិន​សូវទទួល​ការប្រឹក្សា​ជាមួយ​នឹងអ្នក ជំនាញ ឬ​គ្រូពេទ្យទេ។ វិធី​ព្យាបាល​តែមួយ​មិនមែន​សុទ្ធតែ​សក្ដិសម​សម្រាប់​ជម្ងឺអ្នក​ទាំងអស់​គ្នាទេ។

វិធីព្យាបាល​ជម្ងឺមុន ៖

  • ការ​ព្យាបាល​មុន​ដោយ​ផលិតផល​លាយ សព្វថ្ងៃ​មាន​ផលិតផល​ដែល​ប្រើលាប​ទៅលើ​ស្បែក​ដែល​មានមុន។ បើករណី មុនស្រាល​ឬ​តិច គ្រូពេទ្យ​ព្យាបាល​តាមរយៈ​ការប្រើ​ថ្នាំលាប មានដូច​ជាពពួក​ចែល វីតាមីន ថ្នាំផ្សះ​ជាដើម។ ជួនកាល​ពេល​ប្រើដំបូង វាអាច​ធ្វើឱ្យ​ស្បែក​រោល និង​រំខាន​មួយរយៈ​(បណ្ដោះអាសន្ន)។ តែបើ​មានបញ្ហា ល្អបំផុត​គួរមាន​ការពិនិត្យ​តាមដាន​ដោយ​គ្រូពេទ្យ ជំនាញ។
  • ការព្យាបាល​មុនបន្ទាប់ ៖ ការ​ព្យាបាល​អាចមាន​ថ្នាំលេប​លាយ​ជាមួយ​នឹង​ថ្នាំលាប។ ករណី​មុនចេញខ្លាំង ឬ​ច្រើន​ធ្ងន់ធ្ងរ ប៉ះឈឺ​ពិបាកទ្រាំ ឬ​មានខ្ទុះ​ជាដើម គ្រូពេទ្យ​នឹងឱ្យ​ថ្នាំគ្រាប់​សម្រាប់​លេប​ជាប្រភេទ​ថ្នាំផ្សះ ឬ​ថ្នាំលាប​លើមុន។ ដោយឡែក​ស្ដ្រីដែល ច្រើន​តែឡើង​មុនពេល​មានរដូវ គ្រូពេទ្យ​អាចឱ្យ​ប្រើថ្នាំ​ប្រភេទ​អ័រម៉ូន។ ការ​ប្រើប្រាស់​ថ្នាំទៅតាម​គ្រូពេទ្យ​ណែនាំ អាចមាន​ប្រសិទ្ធ ភាព និង​សក្ដិសម​ជាងការ​ជ្រើសរើស​ថ្នាំដោយ​ខ្លួនឯង។
  • ករណី​មុនធ្ងន់ធ្ងរ​មែនទែន ៖ គឺករណី​មុន​មិនឆ្លើយតប​ទៅនឹង​ការព្យាបាល​របស់​គ្រូពេទ្យ​តាមក្បួន​វេជ្ជសាស្ដ្រ គ្រូពេទ្យ​នឹង ប្រើថ្នាំ​ខ្លាំង​មាន​តែគ្រូពេទ្យ​ឯកទេស​ទេដែល​មានសិទ្ធិ​ប្រើ និង​អនុញ្ញាតឱ្យ​អ្នក​ប្រើបាន។ ការ​ប្រើថ្នាំ​ខ្លាំង​អាច​មាន​ផលប៉ះ​ពាល់​ច្រើន ដូច​ជា​អាចប៉ះ​ពាល់​ដល់ទារក​ក្នុងផ្ទៃ​ជាដើម ដូច្នេះ​ទាមទារ​ការសាកសួរ និង​ពិនិត្យ​ល្អិតល្អន់។ នៅពេល​ដែល​ត្រូវប្រើថ្នាំ​គ្រាប់​ដើម្បី ព្យាបាល​មុន គ្រូពេទ្យ​នឹង​តាមដាន​យ៉ាង​ត្រឹមត្រូវ ជាពិសេស​មុននឹង​ចាប់ផ្ដើម​ប្រើថ្នាំ​ពេទ្យ ត្រូវមានការ​ពិនិត្យ​ឈាម​(ដូចជា​រករោគ ថ្លើម ជាតិខ្លាញ់ ឈឺក្បាល​ជាដើម) និង​ពិនិត្យ​រោគស្ដ្រី​(មិនមានគភ៌)។
  • ការ​ព្យាបាល​បែប​ធម្មជាតិ ឆ្លើយតប​ទៅនឹង​ការព្យាបាល​មុន​ដោយ​ការប្រើ​ប្រាស់​ឱសថ​ធម្មជាតិ មានដូច​ជាបិតផ្លែ​ឈើ ជាដើម​តាមក្បួន​វេជ្ជសាស្ដ្រ មិនទាន់​មានការ​អះអាង​ថាមាន​ប្រសិទ្ធភាព ឬ​សក្ដិសម​សម្រាប់​គ្រប់ជំពូក​ស្បែក​របស់​អ្នក​ប្រើប្រាស់ទេ។ ជួនកាល​វាអាច​ជួយបាន តែជួនកាល​ក៏មិនអាច​ជួយបាន​ដែរ។

ដំបូន្មាន​អ្នកជំនាញ

សូមចាំថា​មានតែខ្លួន​លោកអ្នក​ផ្ទាល់ទេ​ដែលគិត​គូរច្រើន​ជាងគេ​អំពីខ្លួន​លោកអ្នក។ ត្រូវយល់​ដឹងឱ្យ​បានច្បាស់ និង​ត្រឹមត្រូវ នៅមុន​ពេល​ដែលអ្នក​សម្រេចចិត្ដ​ជ្រើសរើស​នូវផលិតផល​ណាមួយ​យកមក​ប្រើប្រាស់ ពិសេស​ប្រើនៅ​លើមុខ ព្រោះវា​មិនមែន​សុទ្ធតែ សក្ដិសម​សម្រាប់​ស្បែក​លោកអ្នក​រាល់គ្នាទេ។ គួរមាន​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និង​ស្វែងយល់​អំពីបញ្ហា​ដែលកើត​មាននៅ​លើមុខ របស់​លោកអ្នក​ឱ្យបាន​ច្បាស់​លាស់​ជាមុន។ សូមកុំ​ព្យាយាម​ប្រើប្រាស់​ផលិតផល​ដោយ​ប្រថុយ​ប្រថាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative