លៀសដោះ ៖ មូលហេតុ និងវិធីព្យាបាល

សុដន់ជាវត្ថុសំខាន់ផលិតទឹកដោះប្រកបដោយជីវជាតិពិសេសសម្រាប់ទ្រទ្រង់សុខភាពទារក។ លៀសដោះជាបញ្ហាមួយ របស់ស្ដ្រី​ច្រើនកើតមាន​ក្រោយ​ពេលសម្រាល​​បុត្ររួច ជាពិសេស​សម្រាប់អ្នក​ម្ដាយដែលទើប​មានបុត្រដំបូង។ លៀសដោះមិនមែន ជាជម្ងឺទេ តែវាជាផលវិបាកនៃឥរិយាបថ និង​ការប្រព្រឹត្ដ​របស់ម្ដាយ​មិនបានល្អ ឬមិន​ប្រក្រតី។ តើលៀស​ដោះបង្កផល​វិបាកអ្វីខ្លះដល់ ស្ដ្រីជាម្ដាយ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកអ្នក​អានធ្លាប់​បានដឹង​រួចខ្លះៗ​មកហើយ​នូវបញ្ហា​មួយចំនួន​ដែលស្ដ្រី​ជួបប្រទះ​នៅក្នុង​វ័យបន្ដពូជ។ លៀសដោះ​ជាប្រធាន​បទ​មួយទៀ​ត​ដែលទស្សនាវដ្ដី សុខភាពយើង នឹង​ធ្វើការ បរិយាយ​ នៅលេខ​នេះ ​តាមរយៈ​ការជួប​​សម្ភាសន៍​​​ជាមួយ​​លោកវេជ្ជ បណ្ឌិត ឡឹក សែ​ប្រធាន​ផ្នែក​សម្ភព​នៃមន្ទីរពេទ្យ​បង្អែក​រាជធានីភ្នំពេញ។

លៀស​ដោះ ជាអ្វី?

លៀសដោះ​មិនមែនជា​ជម្ងឺទេ តែជា​ការ​ច្រាល​ទឹកដោះ​ច្រើនពេញ​​នៅក្នុង​ក្រពេញ​​ដែល​ផលិតទឹកដោះ។ នៅពេល​ទឹកដោះ ស្ទះ​មិន​អាច​ចេញ​​រួចដោយ​សារដោះ​គ្មានរន្ធ​បញ្ចេញ នោះហើយ​ដែលហៅថា​លៀសដោះ។

មូលហេតុ​កើតលៀសដោះ

មានកត្ដា​ជាច្រើន​ដែលជម្រុញ​ឱ្យកើតលៀសដោះ​នេះ។ ប៉ុន្ដែភាគ​​ច្រើន​បណ្ដាល​​មកពី​ឥរិយាបថ​​របស់ស្ដ្រី​ជាម្ដាយផ្ទាល់។ គេសង្កេត​ឃើញ​​លៀសដោះ​​ច្រើនកើត​លើម្ដាយ​​ដែលមាន​កូនដំបូង ព្រោះជា​លើកដំបូងដែល​សុដន់របស់​ម្ដាយត្រូវ​បញ្ចេញទឹកដោះ។ ម្យ៉ាងវិញទៀត អ្នកម្ដាយ​មិនទាន់​មានការ​យល់​ដឹងអំពីការ​សម្អាត និង​​ថែទាំសុដន់​​ដូចស្ដ្រី​​ដែលធ្លាប់​មានកូន​រួចមក​ហើយ​នោះទេ។ នៅពេល​សុដន់​បញ្ចេញ​ទឹកដោះ​ជាលើក​ដំបូង ដោះអាចឡើងក្ដៅ ធ្ងន់ហើយរឹង។ ការឡើងដោះនេះ បណ្ដាល​មកពី​ទឹក​ដោះ​ពេញ​ក្នុង ក្រពេញ​ដោះ និង​មក​ពីការ​កើនឡើង​ចំនួន​ឈាម និង​ជាតិទឹក​នៅក្នុង​ជាលិកា​ទ្រទ្រង់។ នៅប៉ុន្មាន​ថ្ងៃបន្ទាប់​ដោះម្ដាយ​មិនឡើង​ខ្លាំង ពេកទេ ប៉ុន្ដែដោះ​ម្ដាយ​​នៅតែបន្ដ​​ផលិត​​ទឹកដោះ​​ល្អដដែល។ ប្រសិន​បើទឹកដោះ​មិនបាន​បញ្ចេញ​គ្រប់គ្រាន់ទេ ដោះ​អាចកើត​អាការ លៀស​បាន ហើយដោះ​លៀសនេះមា​នការឈឺចាប់​ទៀតផង។

ផលវិបាកលៀសដោះ

ប្រសិន​បើព្យាបាល​មិនទាន់​ពេលវេលា បញ្ហា​លៀសដោះ​នឹងវិវឌ្ឍទៅ​ជាជម្ងឺបូស​ដោះ អាប់សែដោះ មានដំបៅ ឬមានខ្ទុះនៅ ក្នុងដោះបាន ក្នុង​រយៈពេល​តែ៣​ទៅ៤ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​ហេតុថា​ទឹកដោះ​ចេញកាន់តែ​ច្រើន ធ្វើឱ្យ​សុដន់​តឹងឡើងៗ ហើយមិនមាន ច្រកសម្រាប់​បញ្ចេញ។ ស្ដ្រីជាម្ដាយ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​នៅត្រង់​សុដន់ សុដន់​មានដំបៅ ឬខ្ទុះ ជួនកាល​រហូតត្រូវ​ធ្វើការវះកាត់ ដោយ​សារការ​ជ្រាបចូលនៃមេរោគ។

វិធីព្យាបាល​លៀសដោះ

ដើម្បីព្យាបាល​លៀសដោះ ត្រូវបញ្ចេញ​ទឹកដោះពីដោះ​ចោលឱ្យអស់ បន្ទាប់​មកលោកអ្នក​អាចប្រើ​មធ្យោបាយ​ដូចខាងក្រោម៖

  • ត្រូវបន្ដ​បំបៅទារក​តទៅទៀត ប្រសិន​បើអាច​ធ្វើទៅបាន។ ក្នុងករណី​ទារកជញ្ជក់​មិនបានល្អ អ្នកម្ដាយ​ត្រូវជួយ​ច្របាច់ទឹកដោះ​ចោល។ ការច្របាច់​​ ត្រូវច្របាច់​​ ដោយដៃ​ខ្លួនឯង​​ ផ្ទាល់ ទើបប្រសើរ។
  • ស្ដ្រីជាម្ដាយ​ត្រូវឧស្សាហ៍​សម្អាតក្បាលដោះ ដោយឆ្កឹះ​ក្រម៉នៅជាប់​ក្បាលដោះចេញ។
  • សូមបំបៅដោះ​កូនឱ្យ​ស្មើគ្នា គឺត្រូវបំបៅ​ដោយប្រើសុដន់​ទាំងសងខាង។ ប្រសិន​បើទឹកដោះចេញ​ច្រើនពេក​គប្បី​ច្របាច់ ចោលខ្លះ។
  • ប្រសិនបើ​ដោះឈឺខ្លាំង ស្ដ្រីអាច​ប្រើឧបករណ៍​បឺតបន្ដិចម្ដងៗ ហើយ​អាចប្រើ​ទឹកក្ដៅដាក់​ក្នុងដបស្អំ​សុដន់ ដើម្បីឱ្យ​ក្រពេញ ដោះឆាប់បើក។ នៅ​ពេលច្​របាច់​ទឹកដោះ​ចេញខ្លះ​ហើយ សុដន់នឹង​ទន់ជ្រាយ ពេលនោះ​ទារកនឹង​អាចជញ្ជក់​ដោះបានល្អ​ជាងមុន។
  • ការធ្វើម៉ាស្សានៅលើគល់ដោះ និងនៅចុងដោះអាចជួយសម្រាលបញ្ហាបានខ្លះ។
  • បន្ដការ​ច្របាច់​ដោះឱ្យបានញឹកញាប់ទៅតាមតម្រូវការចាំបាច់ ដើម្បី​ឱ្យដោះ​ទន់​ជាងមុន​រហូត​ទាល់តែ​ឈប់មាន​លៀសដោះ។

ជួនកាលលៀសដោះអាចធ្វើឱ្យស្ដ្រីក្ដៅខ្លួនពេញមួយថ្ងៃ ដែលបណ្ដាល​មកពីទឹកដោះ និង​សមាសធាតុ​ក្នុងទឹកដោះ​ជ្រាបចូល ទៅក្នុង​ឈាម​របស់ស្ដ្រី។ ការ​ក្ដៅ​ខ្លួ​ន​នេះ​ជារឿង​ធម្មតា វានឹង​បាត់​​ទៅវិញ​ដោយ​ខ្លួនឯង​​មិនបាច់​​ព្យាបាល។

ប្រការគួរចៀសវាង

តាមមធ្យោ​បាយ​​ចាស់បុរាណ​នៅពេលមាន​​បញ្ហាលៀស​ដោះ គាត់​តែង​តែ​យកសរសៃ​​សក់ត្បាល់​​លើក្បាលដោះ ដើម្បី ឱ្យមានរន្ធ​​បញ្ចេញ​ទឹកដោះ ឬ​វិធីម្យ៉ាង​​ទៀត​ដោយ​យក​ឪទិន​ដុត​ក្រដាស​​ដាក់ចូល​ខាងក្នុង​រួចទើប​​ដាក់បញ្ចូល​​សុដន់​ចូល​ទៅ​ក្នុងឪទិន​ពេល​នោះ​ផ្សែង​នឹង​បឺត​ទឹកដោះ​ចេញ​ពី​សុដន់​បាន។ មាតា​​ទាំងឡាយ​មិន​គួរ​ជ្រើស​រើស​វិធីទប់​ស្កាត់​បញ្ហា​លៀស​ដោះ ដោយដុត​ដាក់​ឪទិន​ទេ ព្រោះ​វាធ្វើឱ្យក្បាល​​សុដន់កាន់​តែប្រេះ​​ថែមទៀត។

  • នៅពេលក្បាល​សុដន់ប្រេះ មិនត្រូវពាក់អាវទ្រនាប់ ឬកន្លែងដែល​ផ្អិបហប់នោះទេ។ ត្រូវដាក់សុដន់ឱ្យត្រូវខ្យល់។
  • ចំពោះវិធីប្រើឧបករណ៍បឺតទឹកដោះចេញ ក៏មិនគួរប្រើដែរ ប្រសិនបើមិនចាំបាច់។

វិធានទប់ស្កាត់បញ្ហាលៀសដោះ

ដើម្បីការពារកុំឱ្យកើតលៀសដោះ សូមបញ្ចេញទឹកដោះពីដោះចោលឱ្យបានច្រើន។

  • ត្រូវបំបៅដោះទារកដោយមិនកំណត់ពេលបន្ទាប់ពីសម្រាលភ្លាម
  • ត្រូវឧស្សាហ៍សម្អាតសុដន់នៅក្រោយពេលសម្រាល យកកុំប្រេស ឬសំឡីមកជ្រលក់់ជាមួយទឹកក្ដៅឧណ្ណៗឱ្យសើម ហើយ នៅបរិវេណ​ក្បាលសុដន់​ដែលជាកន្លែងនាំ​ឱ្យស្ទះ និងឆ្កឹះយក​ក្រម៉ចេញឱ្យអស់។
  • នៅពេលមានបញ្ហាឡើងសុដន់តឹងណែន ត្រូវឧស្សាហ៍ធ្វើម៉ាស្សាសុដន់ ដើម្បីឱ្យទឹកដោះចេញបានល្អ។ នៅពេលចេញទឹក ដោះស្ដ្រីគួរ​យកសំឡីត្រង​មើលតើមាន​ខ្ទុះឬទេ ប្រសិនបើមានខ្ទុះ នោះដោះរបស់ស្ដ្រីអាប់សែហើយ។ បន្ទាប់ពីម៉ាស្សាហើយ ត្រូវយក ទឹកក្ដៅស្អំជាប្រយោជន៍កាត់បន្ថយការឈឺចាប់ និងធ្វើឱ្យ​ក្រពេញ​ទឹកដោះបើក។
  • ប្រសិនបើមានបញ្ហាប្រេះក្បាលសុដន់នោះ ត្រូវយកទឹកដោះលាបលើក្បាលសុដន់។

ដំបូន្មានអ្នកប្រឹក្សា

ក្រោយពេលសម្រាលបុត្ររួច ស្ដ្រីជាម្ដាយច្រើនជួបបញ្ហាសុដន់ ដូច្នេះសូមស្ដ្រីជាម្ដាយស្វែងយល់ដឹងពីការថែទាំ និងសម្អាត សុដន់។ ជាទូទៅ​អ្នកម្ដាយ​ត្រូវឧស្សាហ៍​មើល​មាត់​កូន​​ផងដែរ ប្រសិនបើមាត់​កូនមានកើតជ្រាំង នេះបញ្ជាក់​ថាម្ដាយអាចមានបញ្ហាមេ រោគផ្សិតនៅត្រង់ក្បាលសុដន់ហើយ។ ដូចនេះ​ទាមទារ​ឱ្យម្ដាយ​ព្យាបាល​រោគផ្សិត​ឱ្យបាន​ជាសះស្បើយជាបន្ទាន់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative