ស្ដ្រីធាត់ មានបញ្ហា​សុខភាព

ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ រាងកាយ​កាន់តែធាត់​ឡើងជា​លំដាប់ ធ្វើឱ្យ​ស្ដ្រី​មួយចំនួន​ខ្វល់ខ្វាយ​ជាខ្លាំង។ អ្នកខ្លះ​ធាត់ខ្លាំង​រហូត ទាល់តែ​ដូចជ្រូក កុំថា​តែអ្នកដទៃ សូម្បីតែ​ខ្លួនឯង​ក៏មិន​ពេញចិត្ដ​នឹងរាងកាយ​បែបនេះ​ដែរ។ ព្រោះវា​ធ្វើឱ្យ​សម្រស់​ធម្មជាតិ​ដ៏ស្រស់​ស្អា តរបស់​ស្ដ្រី​ត្រូវបាត់បង់​ទាំងស្រុង។ មិនមែន​មានតែ​សម្រស់ទេ​ដែលបាត់​បង់នោះ នៅមាន​ច្រើនយ៉ាង​ទៀតរួម​ទាំងបញ្ហា​សំខាន់​មិនគួរ មើល​រំលង​នោះ គឺ​បញ្ហា​សុខភាព។ ការលើស​ទម្ងន់ និង​ធាត់ជា​សត្រូវ​ចម្បង​របស់​សុខភាព។

រូបភាពទស្សនាវដ្តីសុខភាពយើង

មានរឿងរ៉ាវ​មួយចំនួន​ដែលស្ដ្រី​មានរាង​កាយ​ធាត់ទ្រលុក​ទ្រលន់​ទាំងឡាយ​គួរជ្រាប​នោះ គឺការ​ប្រឈមមុខ​នឹង​ជម្ងឺនិង​បញ្ហា ជាច្រើន​ដែលស្មាន​មិនដល់។ តទៅនេះ​លោកអ្នក ជាពិសេស​សុភាពនារី​នឹងជ្រាប​អំពីបញ្ហា​ទាំងនេះ តាមរយៈ​ការបក​ស្រាយ​របស់ លោក​សាស្ដ្រាចារ្យ​មហាបរិញ្ញា លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។

ដូចម្ដេចដែល​ហៅថាធាត់?

ខ្លួនមនុស្ស​យើងផ្សំផ្គុំ​ឡើងដោយ​ម៉ាសធាត់​(ម៉ាសខ្លាញ់) និង​ម៉ាសស្គម​(សាច់ដុំ ឆ្អឹង សរីរាង្គជាដើម)។ កាលណា​ម៉ាសធាត់ កើនឡើង​មាន​ន័យថា​អ្នកធាត់ ដូច្នេះ​មនុស្ស​ធាត់​ជាមនុស្ស​ដែលមាន​ម៉ាសខ្លាញ់ ឬ​ជាតិខ្លាញ់​ក្នុង​កម្រិត​ខ្ពស់។ ធាត់ គឺជាការ​លើសជាតិ ខ្លាញ់ មនុស្ស​ប្រុសធាត់​មានម៉ាស​ខ្លាញ់​លើសពី​២០%​នៃខ្លួនសរុប និង​ចំពោះ​មនុស្សស្រី​មានលើស​ពី២៣%។

បញ្ហារបស់​ស្ដ្រីធាត់

ការធាត់​មិនមែន​ជារឿងល្អ​នោះទេ ព្រោះត្រូវ​ប្រឈមមុខ​នឹងបញ្ហា​សុខភាព​ជាច្រើន មិនថា​បុរសភេទ ឬ​ស្ដ្រីភេទ​នោះឡើ យ។ មនុស្ស​ដែលមាន​រាងកាយធាត់​ខ្លាំងប្រឈម​នឹងជម្ងឺ​មួយចំនួន ដូចជា​ទឹក​នោមផ្អែម លើសឈាម ផ្លូវដង្ហើម អាច​ប្រឈមមុខ នឹង​ជម្ងឺមហារីក​ស្បូន​ជាដើម។

  • ជម្ងឺ​ទឹកនោមផ្អែម ស្ដ្រីដែលធាត់​មានអត្រា​ប្រឈមមុខ​នឹងជម្ងឺ​ទឹកនោមផ្អែម​លើស​ពីមនុស្ស​ធម្មតាពី​៤ទៅ៨ដង។ ប្រសិនបើ​ស្ដ្រីមាន​ជម្ងឺ​ទឹកនោមផ្អែម​នោះមាន​ផ្ទៃពោះ នោះទារក​ដែលនៅ​ក្នុងផ្ទៃ​របស់គាត់​ត្រូវប្រឈមមុខ​នឹង​គ្រោះថ្នាក់ ដោយសារ តែកូន​ដែលកើត​ពីម្ដាយ​ដែលមាន​ជម្ងឺទឹកនោមផ្អែម​ត្រូវការ​តាមដាន​សុខភាព​តាំងពីនៅ​ក្នុងផ្ទៃរហូត​ដល់ពេលកើត​ទាំងម្ដាយ​ទាំងកូន។
  • ជម្ងឺ​លើសឈាម អត្រា​ដែលអាច​កើតមាន​ជម្ងឺលើសឈាម​ច្រើនជាង​ស្ដ្រីធម្មតា​ពី២ទៅ៨ដង។ បញ្ហានេះ​បើកើត​លើ ស្ដ្រីធាត់​ហើយ​មិនមាន​ផ្ទៃពោះ វាទាមទារ​ឱ្យមានការ​ព្យាបាល​រយៈពេល​យូរអង្វែង ឬ​ត្រូវរស់នៅ​ជាមួយ​ជម្ងឺនេះ​អស់មួយជីវិត។ ផ្ទុយ ទៅវិញ​បើស្ដ្រីធាត់​ហើយ​មានជម្ងឺ​លើសឈាម នៅពេល​ដែលគាត់​មានផ្ទៃពោះ​នោះនឹង​អាចឱ្យ​ស្ដ្រីប្រកាច់​នៅពេល​ឈឺពោះ​សម្រាល កូន នៅពេល​សម្រាលច្រើន​ជាងស្ដ្រី​ធម្មតា​ដែលយើង​និយមហៅ​ថាក្រឡា​ភ្លើង។ សូមអាន​អត្ថបទ “ព្រាយ​ក្រឡាភ្លើង ឃាដក​ពេល សម្រាលកូន” ចេញផ្សាយ​ក្នុងទស្សនាវដ្ដី​សុខភាពយើង លេខ០០៩ ខែតុលា ២០០៦។
  • ពិបាក​សម្រាល ទារក​ដែលកើត​មកពីម្ដាយ​ដែលមាន​រាងកាយ​ធាត់ ច្រើនជួប​ប្រទះ​នូវបញ្ហា​មួយចំនួន ដូចជា​ទារកកើត មក​មាន​ទម្ងន់ធ្ងន់​លើសពី​ទារក​ធម្មតា ចាប់ពី​៤គីឡូ​ក្រាម​ឡើងទៅ ធ្វើឱ្យ​នៅពេល​សម្រាល​មានការ​ពិបាក ជួនកាល​បណ្ដាល​ឱ្យមាន គ្រោះថ្នាក់​ទាំងម្ដាយ​ទាំងកូន។
  • រលាក​សរសៃ​ឈាម ៖ ជាទម្លាប់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរយើង ក្រោយ​ពេល​សម្រាល ស្ដ្រីមិន​ត្រូវបាន​អនុញ្ញាត​ឱ្យដើរ ឬ​បញ្ចេញ​កាយវិការ​មួយចំនួន​ឡើយ។ ករណី​នេះប្រសិន​បើអនុវត្ដ​ចំពោះ​ស្ដ្រីដែល​មាន​សុខភាពល្អ និង​រាងកាយ​ល្មមមិន​ស្គមមិន​ធាត់ នោះមិន​ថ្វីទេ។ ផ្ទុយ​ទៅវិញ ចំពោះស្ដ្រី​ធាត់​បើអនុវត្ដ​តាមវិធី​ខាង​លើនេះ ត្រូវ​ប្រឈមមុខ​នឹងការ​រលាក​សរសៃឈាម​ដែលធ្វើ​ឱ្យមាន កំណក​ឈាម ជួនកាល​ធ្វើឱ្យស្ទះ​សរសៃ​ឈាម​នៅក្នុង​សួតអាច​បង្កឱ្យ​គ្រោះថ្នាក់​ដល់ជីវិត​សម្រាប់​ស្ដ្រីជាម្ដាយ។

បញ្ហារបស់​ទារកដែល​កើតមក​ពីម្ដាយធាត់

ស្ដ្រីដែល​មានរាងកាយ​ធាត់ទ្រលុក​ទ្រលន់នោះ អាចមាន​បញ្ហាជា​ច្រើន​នៅពេល​សម្រាល ដូចជា​កើតកូន​មិនរួច ជាប់ស្មា បាក់ឆ្អឹង​ដងកាំបិត​ជាដើម ជួនកាល​បណ្ដាល​ឱ្យពិការដៃ លើកដៃ​មិនរួច​ដោយការ​ខូចសរសៃ​នៅពេល​សម្រាល។ ព្រោះទារក​មានទម្ងន់ ខ្លួនធ្ងន់ ម្លោះ​ហើយ​ពេលបង្កើត គ្រូពេទ្យ​ខិតខំទាញ​យកទារក​ចេញ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់ជីវិត។ ម្យ៉ាងទៀត​ទារក​ដែលកើត មកពី​ស្ដ្រីដែលធាត់ ច្រើន​ជួបនឹង​បញ្ហាកង្វះ​ជាតិស្ករ​ជាប្រចាំ។

ការព្យាបាល​បញ្ហាធាត់​ឬ​លើសទម្ងន់

ជាដំបូង​សុភាពនារី​ទាំងឡាយ​ដែលឡើង​ទម្ងន់ ចាប់ផ្ដើម​មានទម្ងន់​លើស បន្ទាប់​មកធាត់ ហើយ​ទីបំផុត​ធាត់ជ្រុល។ ផលវិ បាក​ស្រាល ឬ​ធ្ងន់អាស្រ័យ​ទៅតាម​កម្រិតគីឡូ​ដែលលើស ហើយ​ការព្យាបាល​ក៏ដូច្នោះដែរ ត្រូវផ្អែក​ទៅលើ​កម្រិត​លើស​នៃទម្ងន់ផង ដែរ។ ការបណ្ដែត​បណ្ដោយ​ឱ្យការ​ឡើង​ទម្ងន់បង្ក​ជាធាត់​ដែលជា​សណ្ឋាន​មួយនៃជម្ងឺ មាន​ឈ្មោះ​ថាជម្ងឺធាត់។ ស្ដ្រីដែល​មានទម្ងន់ខ្លួន លើស​ប្រឈមមុខ​នឹង​ជម្ងឺជាច្រើន ដូចនេះ​លោកស្រី​អ្នកនាង​កញ្ញាគួរ​តែមាន​វិធាន​ការដើម្បី​រក្សា​តុល្យភាព​រាងកាយ​ឱ្យបាន​សមសួន។ របប​ទទួល​ទានអាហារ​មាន​កម្រិត​ត្រឹមត្រូវ គួបផ្សំ​ជាមួយ​នឹងការ​ហាត់ប្រាណ​ជាប្រចាំ អាចជួយ​អ្នកនាង​ឱ្យមាន​រាងកាយ​ប្រកប​ដោយ សុខភាពល្អ​បាន។ ជាមួយ​គ្នានេះ​ផងដែរ បច្ចុប្បន្ននេះ​មានឱសថ​ជាច្រើន​ដែលផលិត​ឡើង​ដើម្បីជួយ​សម្រួល​ដល់ការ​រក្សា​សម្រស់រាង កាយ​របស់​លោកស្រី​អ្នក​នាងកញ្ញា។

ប្រសិនបើ​សុភាពនារី​ចង់ជ្រាបកាន់​តែច្បាស់​ពីការ​សម្រកទម្ងន់ ការរក្សា​ទម្ងន់​រាងកាយ​ដើម្បីឱ្យ​មាន​សុខភាពល្អ លោកស្រី អ្នកនាង​កញ្ញា​អាចរក​អានបាន​ជាមួយ​សៀវភៅ​១០នាទី​ដើម្បី​សម្រស់​រាងកាយ និង​សុខភាពល្អ ព្រមជា​មួយសៀវ​ភៅ២៤​ម៉ោងដើម្បី សុខភាពល្អ​ដែល​និពន្ធ​ដោយ​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ នៅពេល​នោះ លោកអ្នក​នឹងបាន​ទទួលនូវ​ចំណេះដឹង​បន្ថែម​ទៀត​ពីសុខ ភាព​លើអ្វី​ដែល​លោកអ្នក​មានស្រាប់។

ដំបូន្មានអ្នកជំនាញ

បើលោកស្រី​មាន​រាងកាយ​ធាត់នៅ​ពេលមាន​ផ្ទៃពោះ លោកស្រី​គួរទៅ​ពិនិត្យ​សុខភាពជា​ប្រចាំ ដើម្បីចៀស​វាងនូវ​គ្រោះ ថ្នាក់​ដូចដែល​បានរៀបរាប់​ជូនខាងលើ។ ក្រៅពីនេះ ប្រសិនបើ​ចង់​សម្រក​ទម្ងន់​ដោយការ​ប្រើឱសថ សូម​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​កុំឱ្យស្ដាយ​ក្រោយ​នៅពេល​ដែលមាន​បញ្ហាដោយ​សារឱសថ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative