វិធីថែទាំ​ស្បែកពាក់​គ្រឿងអលង្ការ

អលង្ការ​ជាគ្រឿង​លម្អសម្រាប់​តុបតែង​ខ្លួន​មាន​គុណប្រយោជន៍​ជួយបង្កើត​សោភ័ណភាព​បានមួយ​កម្រិត។ ប្រសិនបើ​គ្រឿង​អលង្ការ​ធ្វើឡើង​ពីលោហៈធាតុ​មានតម្លៃ​ដូចជាមាស បា្លទីន ស្ពាន់ ប្រាក់​ជាដើម មិនសូវ​មានប្រតិកម្ម​នៅលើ​ស្បែក​ប៉ុន្មានទេ។ ប៉ុន្ដែ បើ​ផលិត​ឡើងពី​លោហៈធាតុ​មួយចំនួន​ទៀត ដូចជានី​កែលក្រូម ឬ​ក្រូមេ​ដែលស្រោប​ពីលើ​គ្រឿង​អលង្ការ​ក្រឡៃ​ទោះជា​ពណ៌ស ឬ ពណ៌​ក្រហម​ក៏ដោយ សុទ្ធតែ​អាចមាន​ប្រតិកម្ម។ ប្រតិកម្ម​នៅលើ​ស្បែក​ដោយសារ​គ្រឿង​អលង្ការ​ជួនកាល​អាចបណ្ដាលឱ្យ​ក្លាយទៅ ជាដំបៅ​រ៉ាំរ៉ៃក៏មាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

បញ្ហាផ្សេងៗ​ដែល​បណ្ដាលមក​ពីគ្រឿង​អលង្ការ លោកអ្នកនឹងបាន​ទទួលជ្រាប​តាមរយៈ​ការបក​ស្រាយ​របស់​លោកវេជ្ជប ណ្ឌិត ថៃ គាអ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគតាមរយៈ ទស្សនាវដ្ដី សុខភាពយើង។

គ្រឿងអលង្ការ​បង្កប្រតិកម្ម​លើស្បែក

មិនមែន​តែគ្រឿង​អលង្ការ​ដែលមាន​ដូចជាក្រវិល ខ្សែក ខ្សែដៃ ឬ​ចិញ្ចៀន​ប៉ុណ្ណោះទេ​ដែលអាច​បង្កប្រតិកម្ម​ជាមួយ​ស្បែក សូម្បី​តែនាឡិកា ខ្សែអាវ​ទ្រនាប់ ឡេវអាវ ឬ​ក្បាលខ្សែ​ក្រវាត់​ក៏អាចបង្ក​ប្រតិកម្មដែរ។ ការបង្ក​ប្រតិកម្ម​ឬ​គ្មានក៏​អាស្រ័យ​មួយ​ចំណែក​ធំ​ទៅលើ​ប្រភេទ​ស្បែក​របស់អ្នក​ដែល​ប្រើប្រាស់​ផងដែរ។ ប្រតិកម្ម​នៅលើ​ស្បែកនេះ ពាក្យ​បច្ចេកទេស​ហៅឈ្មោះ​ថាអ៊ិចសេម៉ា ដឺកុងតាក់ ដែល​ចែកចេញ​ជាពីរ​ប្រភេទទៀត។

  • ប្រតិកម្ម​លើស្បែក​ដែលចេញពី​ក្នុងរាងកាយ​ដោយសារ​ចំណីអាហារ ឬ​ការប្រើប្រាស់​ឱសថ​មួយចំនួន
  • ប្រតិកម្ម​លើស្បែក​ដោយសារ​សារធាតុ​ដែល​ប៉ះពាល់ពីខាងក្រៅ​បង្កើតបាន​ជាកន្ទួល​រមាស់នៅ​លើស្បែក ជួនកាល​អាចក្លាយ​ជាពងទឹក​​បើព្យាបាល​មិនទាន់​ពេលវេលាទេ។

សញ្ញាណ​ប្រតិកម្ម​លើស្បែក

ជារឿង​ងាយស្រួល​បំផុត​ក្នុងការ​សម្គាល់​ស្បែកដែល​មានប្រតិកម្ម ព្រោះ​វាស្ដែង​ចេញ​ជាអាការៈ​រមាស់ ឬ​កន្ទួល​ក្រហមនៅ ត្រង់​កន្លែង​ដែលមាន​គ្រឿងអលង្ការ អាចមើល​នឹងភ្នែក​ទទេបាន។ ជួនកាល​អាការៈ​បែបនេះ​អាចធ្វើឱ្យ​លោកអ្នក​ច្រឡំ​ជាមួយ​អាការៈ ជម្ងឺ​មួយចំនួន​ទៀត​ដូចជា​ត្រអក រមាស់​សើស្បែក​ជាដើម។

ប្រការ​ត្រូវធ្វើ ពេលមាន​ប្រតិកម្ម

ប្រសិនបើ​មានប្រតិកម្ម​នៅលើ​ស្បែក ជំហាន​ដំបូង​លោកអ្នក​ត្រូវធ្វើ និង​ត្រូវគិតដល់​នោះគឺ​គ្រឿង​អលង្ការ​ទាំងឡាយដែល​លោកអ្នក​កំពុងលម្អ​លើរាងកាយ។ ពេលនោះ លោកអ្នក​ត្រូវដោះ​វាចេញ​ជាបន្ទាន់ ហើយ​សូមរួសរាន់​ទៅរក​គ្រូពេទ្យ​ផ្នែកជម្ងឺ​សើស្បែក ដើម្បី​ពិនិត្យ និង​វិនិច្ឆ័យរោគ។ លោកអ្នក​មិនអាច​បណ្ដែត​បណ្ដោយ​ទុកយូរ​បានទេ ព្រោះអាច​ធ្វើឱ្យ​ស្បែក​លោកអ្នក​ខូចបាន។

ដំបូន្មាន​អ្នកជំនាញ

សូមលោកអ្នក​មានការ​ប្រុងប្រយ័ត្ន​បន្ដិច​ក្នុងការ​ជ្រើសរើស​គ្រឿង​អលង្ការ​គ្រប់ប្រភេទ​យកមក​លម្អប្រាណ។ បើចង់​ស្អាត ដោយ​ការ​តុបតែង​គ្រឿង​អលង្ការ សូម​ជ្រើសរើស​យកគ្រឿង​អលង្កការ​ណាដែល​ផ្សំពី​មាស ប្លាទីន ប្រាក់​ជាដើម នោះ​ស្បែកលោកអ្នក មិនខូច​ឡើយ។ បើមាន បញ្ហា​សូមប្រញាប់​ទៅជួប​គ្រូពេទ្យ​ជំនាញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative