ស៊ឹម សូលីកា ស្រីស្រស់​ពីកំណើត

ក្រៅពី​អាជីព​ជាតារា​សម្ដែង​ដែល​មានឈ្មោះ​ល្បីហើយ​នោះ តារា​ឯកស្រី​នៅក្នុងរឿង​នេសាទក្រពើ​បានវិវឌ្ឍន៍​ខ្លួនក្លាយជា ពិធីការិនី​ដែល​មាន​ប្រជាប្រិយភាព​មួយរូប​ប្រចាំ​ទូរទស្សន៍​បាយ័ននោះ គឺអ្នកនាង ស៊ឹម សូលីកា។ ទាំងនេះ​ដោយសារ​សមត្ថភាព​គួបផ្សំ និង​សម្រស់​ដ៏ផូរផង់​របស់នាង។ មាន​បុរស​មិនតិចទេ​ដែល​ស្រមៃ​ចង់បាន​ស្រីស្រស់រូបនេះ​មកនែបនិត្យ។ តើនាង​មានអាថ៌​កំបាំង​អ្វីក្នុង ការថែរក្សា​សម្រស់​របស់នាង?​ប្រាប់ផង តើបានទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​បើកកកាយ​អាថ៌កំបាំង​ក្នុងការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​តារាដ៏​ស្រស់ស្អាត ស៊ឹម សូលីកា ទស្សនាវដ្ដី សុខភាព យើង​បាន​ជួប​សម្ភាសន៍​ជាមួយ​អ្នកនាង​ផ្ទាល់។

ការថែរក្សាសក់

អ្នកនាង​សូលីកា​ស្រឡាញ់​សរសៃសក់​វែង​របស់នាង​ខ្លាំងណាស់ ហើយ​ចូលចិត្ដ​លាបសក់​ពណ៌​ទង់ដែង ឬ​ពណ៌ត្នោត​ទៀតផង។ ជារឿង​ធម្មតា​សម្រាប់​តារាសម្ដែង សក់​របស់​សូលីកា​ត្រូវបាន​តុបតែង​តាមម៉ូដ​ផ្សេងៗឱ្យសម​នឹងសាច់រឿង ជួនកាល​គាបសក់ បួងសក់ បាញ់​នូវផលិតផល​តុបតែង​ផ្សេងៗ​បូករួម​ជាមួយ​កម្ដៅថ្ងៃ ជាហេតុ​ធ្វើឱ្យ​សរសៃសក់​សូលីកា​ស្រួយ បែកចុង និង​គ្មានទម្ងន់​ជាដើម។ ដើម្បី​ទប់ទល់​នឹងបញ្ហា​ទាំងនេះ សូលីកា​មានវិធី​ថែទាំ​សក់យ៉ាង​ពិសេស គឺអ្នក​នាង​កក់សក់​រៀងរាល់​ពីរថ្ងៃម្ដង និង​អ្នកនាង​តែងតែ​អប់ សក់​មួយ​សប្ដាហ៍ម្ដង​ដើម្បី​ជំនួយ​ដល់​សរសៃ​សក់។ បើមាន​ពេលវេលា​គ្រប់គ្រាន់ អ្នកនាង​តែងតែ​ទៅហាង​ដើម្បី​អប់សក់​ដោយ​ម៉ាស៊ីន។  ចំណែក​ឯការ​ជ្រើសរើស​សាប៊ូកក់សក់ អ្នកនាង​សូលីកា​ប្រយ័ត្ន​ណាស់​មិនអាច​ប្រហែស​បានទេ មានតែ​សាប៊ូ​ដែលផ្ដល់​សំណើម​ជំនួយ ដល់​ការលូតលាស់​របស់​សក់ទេ​ទើបត្រូវ​បានសូលីកា​ជ្រើសរើស។

ការថែរក្សាស្បែកមុខ

ជាតារា​សម្ដែង ស្បែកមុខ​របស់​សូលីកា​ត្រូវ​ទទួលរង​នូវកម្ដៅថ្ងៃ និង​គ្រឿង​សម្អាង​គ្រប់ប្រភេទ។ ដូច្នេះ​ហើយ​ទើប​សូលីកា ថែរក្សា​ស្បែក​យ៉ាង​ម៉ត់ចត់​ដោយ​ប្រើក្រែម​ការពារ​កម្ដៅថ្ងៃ និង​សាប៊ូ​សម្រាប់​លាងជម្រះ​ឱ្យស្អាត​នៅក្រោយ​ពេល​សម្ដែង​ហើយ និង លាបក្រែម​បំប៉ន​ដល់ស្បែក​មុខជា​ក្រោយ។ ដោយការ​ភ័យខ្លាច​ស្បែកមុខ​មាន​ប្រតិកម្ម​ជាំ មុន ឬ​អាចម៍រុយ​នោះ ទើប​សូលីកា​មិនសូវ ហ៊ាន​ប្រើប្រាស់​ផលិតផល​ផ្ដេសផ្ដាស​ឡើយ។ សូលីកា​ចូលចិត្ដ​ការក្សា​ស្បែកមុខ​តាមបែប​ធម្មជាតិ ដូចជា​ប្រើទឹកឃ្មុំ ត្រសក់ ប៉េងប៉ោះ ជាដើម​មកលាប និង​បិត​លើមុខ។ ព្រោះ​ផលិតផល​ធម្មជាតិ​ទាំងនេះ​អាចជួយ​ឱ្យស្បែកមុខ​របស់​អ្នកនាង​មាន​សំណើម​មិនកើត​មុនមិន ជ្រីវជ្រួញ។ ក្រៅពី​ការសម្ដែង សូលីកា​ចូលចិត្ដ​ការតុបតែង​មុខតាម​បែប​ធម្មជាតិ​ជាប្រចាំថ្ងៃ​ដោយ​លាបម្សៅ​ស្រាលៗ។

ការថែរក្សា​ស្បែកខ្លួន

អ្នកនាង​សូលីកា​មិនដែល​ទៅត្រាំទឹក​ដោះគោ ខាត់ស្បែក ឬ​ស្ទីម​សម្អាត​ស្បែកខ្លួនទេ ព្រោះ​សូលីកា​មិនទាមទារ​ធ្វើឱ្យ​ស្បែក នាងស​ឡើយ នាង​ស្រឡាញ់​ស្បែក​ពីកំណើត​របស់នាង។ ប៉ុន្ដែ​រៀងរាល់​សប្ដាហ៍ នាងតែង​តែខាត់ស្បែក​ដោយខ្លួន​ឯង​ជាមួយក្រូច ពោធិ៍សាត់​ដើម្បីឱ្យ​ស្បែក​មានសំណើម​មិន​ជ្រីវជ្រួញ និង​ភ្លឺរលោង​ទៀតផង។ ចំពោះ​ផលិតផល​រក្សាស្បែក​វិញ សូលីកា​ប្រយ័ត្ន ប្រយែង​បំផុត អ្នកនាង​មិនដែល​ប្រើម្សៅ​លាយ ឡេលាយ ឬ​ផលិតផល​តាមការ​នឹកឃើញ​នោះឡើយ។ ដោយឡែក​នៅពេល​យប់ សូលីកា​បានប្រើ​ឡេដើម្បី​បំប៉ន និង​ផ្ដល់សំណើម​ដល់ស្បែក​មិនដែល​ខកខានទេ។

ការថែរក្សា​បបូរមាត់

សូលីកា​ចូលចិត្ដ​លាបក្រែម​បបូរមាត់​ពណ៌ស្រាល​រាងផ្កាឈូកខ្ចី លើកលែង​តែពេល​សម្ដែង​ដែល​តម្រូវឱ្យ​លាបពណ៌​ក្រហម ឬ ពណ៌ដិត​ព្រោះមើល​ទៅមិន​សក្ដិសម​នឹង​ទម្រង់មុខ និង​ស្បែកមុខ​របស់​អ្នកនាង។

ការថែរក្សាធ្មេញ

ជាទូទៅ​សូលីកា​សម្អាត​ធ្មេញ​ក្នុងមួយ​ថ្ងៃ៣ដង​ជាប្រចាំ ជាមួយ​នឹងថ្នាំ​ដុសធ្មេញ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញរឹ​ងមាំ និងស។ ជាទៀត​ទាត់​រៀងរាល់៣ ឬ​៦ខែម្ដង សូលីកា​ត្រូវទៅ​ឱ្យគ្រូពេទ្យ​ធ្មេញត្រួត​ពិនិត្យ និង​សម្អាត​ធ្មេញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​ក្រចក និង​ប្រអប់ដៃ

សូលីកា​ចូលចិត្ដ​កាត់ក្រចក​ខ្លីធម្មតា មិនទុក​វែងពេក ហើយ​មិនចូលចិត្ដ​លាបពណ៌​ក្រចក​ទ្បើយ។ ចំពោះ​ប្រអប់ដៃ សូលីកា មិនដែល​ទៅម៉ាស្សា​ឱ្យម្រាមដៃ​ស្រឡូន​ម្ដងណាទេ តែសូលីកា​តែងតែ​ម៉ាស្សា​ប្រអប់ដៃ និង​ម្រាមដៃ​ដោយខ្លួនឯង ដោយ​ប្រើក្រែម សម្រាប់​លាបម៉ាស្សា​ប្រអប់ដៃ​ប្រអប់ជើង។

ការថែរក្សា​រោមចិញ្ចើម និង​រោមភ្នែក

សូលីកា​ចូលចិត្ដ​ទុករោម​ចិញ្ចើម​ឱ្យដុះក្រាស់ ហើយ​មិនចូលចិត្ដ​កោររោម​ចិញ្ចើមទេ ព្រោះមិន​សក្ដិសម​ជាមួយ​ទម្រង់មុខ របស់នាង។ ចំពោះ​ការពាក់​រោមភ្នែក វាអាស្រ័យ​ទៅលើ​កម្មវិធី ឬ​សាច់រឿង​ដែលត្រូវ​សម្ដែង។ បើក្រៅ​ពីការថត សូលីកា​ចូលចិត្ដ រោមភ្នែក​ដែលជា​អំណោយ​ពីធម្មជាតិ​ប្រកបដោយ​ភាពស្រស់​ស្អាតរបស់​អ្នកនាង។

វិធីសម្រក​ទម្ងន់ និង​ការថែរក្សា​សុខភាព

អ្នកនាង​សូលីកា​ចូលចិត្ដ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ដើម្បី​សម្រស់ និង​សុខភាព ជាងនេះ​ទៅទៀត​ទឹកក៏​សំខាន់​ណាស់ដែរ សម្រាប់​អ្នកនាង។ ដោយឡែក​ចំពោះ​ការបរិភោគ​អាហារ សូលីកា​ចូលចិត្ដ​សាច់ត្រី​ច្រើនជាង​សាច់ពណ៌​ក្រហម ព្រោះត្រី​មិន​ត្រឹមតែ ធ្វើឱ្យ​អ្នកនាង​មានសុខភាពល្អ​ទេថែមទាំង​មិនធ្វើឱ្យ​ឡើងទម្ងន់​ទៀតផង។ សូលីកា​យកចិត្ដទុក​ដាក់យ៉ាងខ្លាំង​ទៅលើការ​ថែរក្សា​ទម្ងន់ រាងកាយ ធ្វើយ៉ាង​ណាកុំឱ្យ​ធាត់​លើសទម្ងន់​ដែលជា​បច្ច័យនាំឱ្យ​មានជម្ងឺ​ផ្សេងៗ។ ហេតុដូចនេះ​ហើយទើប​សូលីកា​តែងតែ​ហាត់ប្រាណ ជាប្រចាំ​រយៈពេល​១៥នាទី​ចំនួន​ពី៣ទៅ៤​ដងក្នុង​មួយសប្ដាហ៍។ រៀងរាល់​៣ខែម្ដង អ្នកនាង​សូលីកា​តែងតែ​ទៅឱ្យ​គ្រូពេទ្យ​ផ្នែករោគ ស្ដ្រី​ដើម្បី​ពិនិត្យ​សុខភាព​កម្រខកខាន​ណាស់។

ការទទួល​ទានដំណេក

សូលីកា​ពិតជារវល់​នឹងអាជីព​ជាអ្នក​សម្ដែង​របស់នាង​ខ្លាំងណាស់ ម្ល៉ោះហើយ​មិនសូវ​មានពេល​វេលា​សម្រាប់​ទទួលទាន​ដំណេក​គ្រប់គ្រាន់ទេ តែអ្នកនាង​ទទួលទាន​ដំណេក​សងបង្គ្រប់​វិញនៅ​ពេលណា​ដែលមាន​ពេលអាច​គេងបាន។

បណ្ដាំផ្ញើរបស់ ស៊ឹម សូលីកា

អ្នកនាង​សូលីកា​សូម​សំណូមពរ​ដល់សុភាពនារី​ទាំងអស់​សូមព្យាយាម​ថែរក្សា​សម្រស់ ព្រោះថា​ពេលវេលា​ស្រស់ស្អាត​មាន មិន​ច្រើនទេ។ ទោះបីជា​មិនមាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​ទៅរក​សេវារក្សា​សម្រស់​ក៏ដោយ សូម​អនុវត្ដ​ដោយខ្លួនឯង​តាមវិធី​ធម្មជាតិ​ក៏ទទួល​បាន​លទ្ធផលល្អ​ដែរ​ហើយអាច​ធានាសុវត្ថិភាព​ដល់រាងកាយ និង​សម្រស់បាន​ដោយមិន​បាច់បារម្ភ។

ការរៀបរាប់​ជូនខាងលើនេះ ជាការយល់​ឃើញ និង​ជាការអនុវត្ដន៍​របស់អ្នកនាង ស៊ឹម សូលីកា​តែប៉ុណ្ណោះ។ សូមលោកស្រី​អ្នកនាងកញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថាល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះក្នុងសិល្បៈ ៖ ស៊ឹម សូលីកា
  • អាយុ ៖ ២៤ឆ្នាំ
  • កម្ពស់ ៖ ១,៦៦ម៉ែត្រ
  • ទម្ងន់ ៖ ៥៣ គីទ្បូក្រាម
  • ទំហំទាំងបី ៖ ៣៨, ២៨, ៣៦
  • បងប្អូន ៖ ៤នាក់ (ជាកូនទី២)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧