របៀបផាត់ថ្ពាល់

ថ្ពាល់​ក្រហម​ឃើញ​សរសៃម៉ដ្ឋ​ខៃរលោង ពិតជា​គួរឱ្យ​ចង់ថ្នាក់ថ្នម​ពន់ពេក​ណាស់។ ហេតុដូចនេះ​ហើយទើប​គ្រប់ស្ដ្រី​ទាំង អស់ រមែង​ចង់​តុបតែង​ថ្ពាល់​ទាំងសង​ខាងរបស់ខ្លួន​ឱ្យមាន​សភាព​បែបនេះ។ ទោះបី​ជាយ៉ាង​ណាមិន​មែន​គ្រប់គ្នា​សុទ្ធតែ​អាចសមតាម ប្រាថ្នា​នោះទេ។ តើ​វិធីសាស្ដ្រ​នៃការ​ផាត់ ឬ​តុបតែង​ថ្ពាល់​មានអ្វីខ្លះ​ទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែង​យល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពី​វិធីសាស្ដ្រ​មួយចំនួន​ដែលនាំ​ឱ្យ​លោកស្រី​អ្នកនាង​កញ្ញា​មានថ្ពាល់​មួយ គូក្រហម​ដូច​ផ្លែម៉ាក់​ប្រាង តាមរយៈ​ការបក​ស្រាយ​របស់​កញ្ញា ទូច សុគន្ធា អ្នកជំនាញ​នៅហាង​រក្សា​សម្រស់ម្កុដមាស តារាពិភព លោក។

ផែន​ថ្ពាល់​ដ៏មាន​មន្ដស្នេហ៍

ថ្ពាល់​ទន់រលោង​មួយគូអាច​ស្រស់ស្អាត​បានអាស្រ័យ​ទៅលើ​ការតុបតែង និង​ថែរក្សា​ឱ្យម៉ត់ចត់​ត្រឹមត្រូវល្អ។ ការថែរក្សាទៅ លើ​ផ្នែក​អនាម័យ​ជាប្រការ​ចាំបាច់ ដើម្បី​កុំឱ្យ​មានមេរោគ​ជ្រៀតចូល​ដែលអាច​បង្ក​ជាជម្ងឺ​សើស្បែក​ផ្សេងៗ ដូចជាមុន អាចម៍រុយ ស្នាម កន្ទួល​រមាស់​ស្នាមជាំ ស្នាម​ជ្រីវជ្រួញ​ជាដើម។ ជាមួយ​គ្នានេះ​ផងដែរ ការចេះ​ជ្រើសរើ​សផលិតផល​ដើម្បី​រក្សា​សម្រស់​ក៏ជា​បច្ច័យមួយ នៅ​ក្នុងការ​ថែរក្សា​សម្រស់​ផ្ទៃមុខ​ក៏ដូចជា​ផែនថ្ពាល់​ទាំងសង​ខាង។

ការតុបតែងផែនថ្ពាល់

ថ្ពាល់​ក្រហម​ព្រឿងៗ​ជាបំណង​ដែលមិន​អាចខ្វះ​បានក្នុង​ការតុបតែង​មុខដោយ​គន្លឹះ​សំខាន់ គឺការ​ផាត់ពណ៌​ឱ្យមើល​ទៅជា លក្ខណៈ​ធម្មជាតិ​បំផុត។ ចំពោះ​វិធីសាស្ដ្រ​នៃការ​ផាត់ថ្ពាល់​ត្រង់ណា​ទើបមើល​ទៅដូច​ធម្មជាតិ​សុទ្ធសាធ​នោះ គឺសូម​ឱនក្បាល​ចុះក្រោម ប្រមាណ​២ទៅ៣​វិនាទី រួចងើប​មុខឡើង ហើយសង្កេត​មើលថា​ថ្ពាល់​ត្រង់ណា​ដែលមាន​ពណ៌ក្រហម គឺ​ត្រង់នោះ​ហើយជា​កន្លែង សម្រាប់​ផាត់ពណ៌​ថ្ពាល់។ ក្នុង​ការផាត់​ថ្ពាល់ សុភាពនារី​ទាំងអស់​គប្បីផាត់​ទៅតាម​ទម្រង់មុខ ដូចជា​ទម្រង់​មុខតូច ទម្រង់​មុខធំ​ជាដើម។

  • ទម្រង់​មុខធំ គួរផាត់​រាងពណ៌​ក្រម៉ៅ​បន្ដិច ហើយផាត់​នៅត្រឹម​តែម្ដុំ​ច្រមុះ​ប៉ុណ្ណោះ មិនអាច​ផាត់ឱ្យដល់​ត្រចៀក ឬ​ជើង សក់​បានទេ ដើម្បី​ឱ្យមើល​ទៅឃើញ​ផ្ទៃមុខតូច​បន្ដិច។
  • ទម្រង់​មុខតូច គួរផាត់​ថ្ពាល់ចេញ​ពីជើងសក់​ទៅសៀតផ្កា​ទើបមាន​ផ្ទៃមុខធំ​ជាងមុន។ ជាធម្មតា​អ្នកមាន​មុខតូច​មាន អាទិភាព​ច្រើនជាង​អ្នកមាន​មុខធំ ព្រោះផាត់​បែបណាក៏​នៅតែ​ស្រស់ស្អាត​ដែរ​មិនមាន​អ្វីជា​ក្រឹត្យក្រម​ពេកទេ។
  • ទម្រង់​មុខវែង មិនអាចផាត់​អូសឱ្យ​ដល់ត្រចៀក​បានទេ ព្រោះធ្វើឱ្យ​មើលទៅ​មុខកាន់​វែង​បន្ថែម​ទៀត​ពោល​គឺអាច ផាត់​ត្រឹមតែម្ដុំ​ថ្ពាល់​ទាំងពីរ​ទៅបាន​ហើយ។

ចំពោះ​ការជ្រើសរើស​ពណ៌​សម្រាប់​ផាត់វិញ​មិនមែន​ជាការ​លំបាកទេ ប៉ុន្ដែ​ក៏តម្រូវ​ឱ្យត្រូវ​នឹងស្ថានភាព​គួបផ្សំ​ជាមួយ​វ័យផង ដែរ។ ជាទូទៅ​ការផាត់ថ្ពាល់​និយម​ប្រើពណ៌​ផ្កាឈូក​ស្រាល ឬ​ពណ៌លឿង​បែកឈូក (ដោយផាត់​ពណ៌លឿង​ពីក្រោម​រួចហើយ​បន្ថែម ពណ៌​ផ្កាឈូក​ពីលើ)។ ដោយឡែក​សម្រាប់​ចូលរួម​ពិធីផ្សេងៗ សុភាពនារី​គួរតែ​ផាត់ថ្ពាល់​ឱ្យស៊ីគ្នា​ជាមួយនឹង​ការផាត់​ភ្នែកក៏​ដូចជា សម្លៀក​បំពាក់​ផងដែរ។ ជាងនេះ​ទៅទៀត​សម្រាប់​ស្ដ្រីដែល​មានវ័យ​ចំណាស់ គួរតែ​ផាត់ថ្ពាល់​នូវពណ៌​រាងក្រម៉ៅ​បន្ដិចក៏​ល្អដែរ ដូចជា ពណ៌​សូកូឡា​ជាដើម។

 ដំបូន្មានអ្នកជំនាញ

សុភាពនារី​ទាំងអស់​គួរតែ​ប្រុងប្រយ័ត្ន​បន្ដិច​នៅពេល​តុបតែង​ថ្ពាល់ ព្រោះ​ការតុបតែង​អាស្រ័យ​ទៅតាម​ទម្រង់​មុខ​របស់ មនុស្ស​ម្នាក់ៗ​មិនអាច​តុបតែង​ដូចគ្នា​ទាំងអស់​នោះ។ ប្រការ​ល្អបំផុត អ្នកនាង​កញ្ញាត្រូវ​រៀនផាត់​ដោយ​ខ្លួនឯង ឆ្លុះ​កញ្ចក់​មើល និង ដកបទ​ពិសោធន៍​ដោយ​ខ្លួនឯង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative