រួមភេទ​ពេលមាន​ផ្ទៃពោះ

នាងខ្ញុំ​ធ្លាប់អាន​អត្ថបទ​ទស្សនាវដ្ដី សុខភាពយើង ជាពិសេស​ទំព័រ​ទាក់ទង​នឹងសុខភាព​ស្ដ្រី និងសុខភាព​ផ្លូវភេទ។ នាងខ្ញុំ បានអាន​អត្ថបទ​ទាក់ទង​នឹងការ​រួមភេទ​ពេលមាន​ផ្ទៃពោះ​របស់លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ នាងខ្ញុំ​នៅតែ​សង្ស័យថា ការរួមភេទ ពេលមាន​ផ្ទៃពោះ​អាចបង្ក​គ្រោះថ្នាក់​ដល់ម្ដាយ និងទារក​ក្នុងផ្ទៃ? លោកស្រី ឌ. ស. ល អាយុ ៣៦ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ រហូតមក​ដល់សព្វថ្ងៃ ការរួមភេទ​ពេលតាំង​គភ៌នៅ​តែជា​រឿងចម្រូង​ចម្រាស់ ជាពិសេស​ទំនាក់ទំនង​ផ្លូវភេទ ក្នុងរឿង​ប្ដីប្រពន្ធ​ខ្មែរ។ ការរួមភេទ​អាចធ្វើ​បាន​ធម្មតា តែទៅ​តាមល័ក្ខខ័ណ្ឌ​ត្រឹមត្រូវ។ តាមការ​អង្កេតបាន​បង្ហាញថា​មានស្ដ្រី​ប្រមាណ ជា៥០% ដែលគ្រែង​រអាល​ថាការ​រួមភេទ​បង្កគ្រោះថ្នាក់​ដល់គភ៌ ឬផ្ទៃពោះ។ ថ្មីៗនេះ ការសិក្សា​មួយនៅ​កាណាដា​បានបង្ហាញថា​ប្ដី ប្រពន្ធ​ជាច្រើន​គូមាន​បញ្ហានៅ​ពេល​រួមភេទ ក្នុងកំឡុង​ពេលមាន​ផ្ទៃពោះ។ តើនេះជា​ការពិតឬទេ? លទ្ធផល​នៃការ​សិក្សា​ផ្សេងទៀត ជាច្រើន​ដែលគួរ​ឱ្យទុក​ចិត្ដបាន បានផ្ដល់​លទ្ធផល ឬការ​សន្និដ្ឋាន​ដូចតទៅ –

  • អាយុរបស់​គភ៌មិន​មានទំនាក់​ទំនង​ទៅនឹង​ចំនួនដង​នៃការ​រួមភេទ​នោះឡើយ។ មានន័យថា​ការរួមភេទ​មិនកាត់បន្ថយ អាយុនៃគភ៌ ឬធ្វើឱ្យ​កើតកូន​មិនគ្រប់ខែ​នោះឡើយ។
  • ហើយក៏​មានការ​ទាក់ទង​គ្នារវាង​សកម្មភាព​ផ្លូវភេទ និងគ្រោះ​បង្កការ​កើតកូន​មិនគ្រប់ខែ​នោះដែរ។

សរុបសេចក្ដី​មកអាច​និយាយបាន​ថាកាលណា​គភ៌វិវឌ្ឍន៍​ទៅធម្មតា សកម្មភាព​ផ្លូវភេទ ឬការ​រួមភេទ ក៏អាច​ប្រព្រឹត្ដិ​ទៅ “ជាធម្មតា”ដែរ។ បើមាន​បញ្ហាអ្វីកើត​មានឡើង សូមសាកសួរ​យោបល់​អ្នកជំនាញ ជាពិសេស​សំណួរថាតើ​គ្រោះថ្នាក់នៃ​ការរួមភេទ ពេលមាន​គភ៌អាច​កើតមាន​ឬទេ ជាអាទិ​ករណី​សុកបាំង​មាត់ស្បូន និងការ​គំរាម​កំហែង​ការសម្រាល​កូនមិន​គ្រប់ខែ។ ត្រង់ចំណុច​នេះ បើចង់ដឹង​អំពី​ប្រការ​គួរចៀស​វាងការ​រួមភេទ​ពេលមាន​គភ៌ សូមលោកអ្នក​អានអត្ថបទ​“ការរួមភេទ​ពេលមាន​ផ្ទៃពោះ” “ផែនការរួម ភេទពេល​មាន​ផ្ទៃពោះ” និង“ក្បាច់រួមភេទ​ពេលមាន​ផ្ទៃពោះ”ដែលបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ០០៧ ០០៨ និងលេខ០០៩សម្រាប់​ខែសីហា ខែកញ្ញា និងខែតុលា ២០០៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative