របៀប​សាងសង់​ផ្ទះបែរ​រកខ្យល់

លំនៅដ្ឋាន​មួយ​ប្រកប​ដោយ​ផាសុកភាព អាស្រ័យ​ដោយការ​ផ្សំបាន​ត្រឹមត្រូវ​រវាង​ធាតុទាំង​៤ គឺទឹក ដី ភ្លើង និងខ្យល់។ ក្រៅពីនេះ មានកត្ដា​បន្ទាប់​បន្សំ​ផ្សេង​ទៀត ដូចជា​កត្ដា​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​លំនៅដ្ឋាន ការរៀប​ចំឱ្យមាន​ទំនាក់​ទំនងល្អ​ពីលំហ មួយទៅ​លំហមួយ​ជាដើម។ ការ​សាងសង់​ផ្ទះមិន​ទៅតាម​ក្បួនខ្នាត​ធ្វើឱ្យ​ប៉ះពាល់​ដល់​គុណភាព​នៃការ​រស់នៅ និងបណ្ដាលឱ្យ​មានជម្ងឺ ដង្កាត់ផ្សេងៗ ចំពោះ​សមាជិក​គ្រួសារ​លោកអ្នក។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុង​ទំពរ័​លំនៅដ្ឋាន និងបរិស្ថាន ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកការ​សាងសង់​ផ្ទះតាម​លក្ខណៈ​ទាញផល ប្រយោជន៍​ពីខ្យល់​ធម្មជាតិ មកបក​ស្រាយជូន​ប្រិយមិត្ដ​អ្នកអាន​ស្វែងយល់​តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោក ជា សារិន ដែល ជាស្ថាបត្យករ និងជា​នាយក​ក្រុមហ៊ុន​សិក្សា​គំរោង​ប្លង់ស្ថាបត្យកម្ម និងវិស្វកម្ម ហ្គ្រីនហ្គោល។

គួរតែសាងសង់​បែររក​ទិសខ្យល់

ការទាញយក​ផលចំណេញ​ពីធម្មជាតិ​ដែលអាច​ធ្វើទៅបាន គួរតែ​ធ្វើដើម្បី​ជាប្រយោជន៍​ដល់ការ​រស់នៅ។ នៅកម្ពុជា​បច្ចុប្បន្ន ការអនុវត្ដ​គោលការណ៍​សាងសង់​ផ្ទះដោយ​កេងចំណេញ​ពីខ្យល់​ធម្មជាតិ​មានកម្រិតតិច​នៅឡើយ​ជាពិសេស​នៅតំបន់​ទីក្រុង។ ប៉ុនែ្ដបើ សម្លឹងមើល​ផ្ទះបុរាណ​ខ្មែរវិញ ការសាងសង់​តាមលក្ខណៈ​ខ្យល់ធម្មជាតិ​នេះឃើញ​មានស្ទើរ​គ្រប់ផ្ទះ​ទំាងអស់ ជាពិសេស​ការសង់ផ្ទះ លើកផុតពីដី ការប្រើ​រនាបក្ដារ ជញ្ជាំងក្ដារ និងប្រក់ដំបូល​ក្បឿងដែល​មានប្រហោង​សម្រាប់ខ្យល់​ចេញចូល​បាន។

ដោយឡែក​ការសាង​សង់អគារ ឬផ្ទះទំនើបៗ​នៅតាម​ទីក្រុង ហាក់ពុំ​សូវគិត​អំពីបញ្ហា​ខ្យល់ធម្មជាតិ​ទេ ព្រោះនិយម​ប្រើម៉ាស៊ីនត្រជាក់។ ម្យ៉ាងទៀត ការទាញ​យកផល​ប្រយោជន៍​ពីខ្យល់ក៏​ផ្ដល់នូវ​គុណវិបត្ដិ​ខ្លះដែរ ព្រោះខ្យល់​មិនត្រឹមតែ​នាំមក​នូវខ្យល់ បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំង​នាំធូលី​ផងដែរ ដែលធ្វើឱ្យ​ផ្ទះកខ្វក់។ ជួនកាល ដោយសារ​ការគូស​ប្លង់់មិនបាន​គិតដល់​បញ្ហាខ្យល់​អាកាស  មិនចង់ឱ្យមាន​ការខាត​បង់ផ្ទៃដី ប្រើប្រាស់ដី​ឱ្យអស់​លទ្ឋភាព ជាពិសេស​ផ្ទះល្វែង។ ការនិយម​ម៉ូដបរទេស​ដោយមិនបាន​គិតពីការ សម្របសម្រួល​គំនូរប្លង់​តាមអាកាសធាតុ​ប្រទេស​ដែលខ្លួនរស់​នៅឡើយ​ក៏ជាហេតុផល​មួយដែរ។

ប្រភេទសំណង់​បែររក​ទិសខ្យល់

គួរតែ​ធ្វើការ​សាងសង់​ដែលអនុញ្ញាត​ឱ្យខ្យល់​ឆ្លងកាត់​បានគ្រប់​បន្ទប់​ទាំងអស់ ពិសេស​បន្ទប់​សម្រាក ព្រោះថា​ខ្យល់ខាងក្រៅ មានលក្ខណៈ​បរិសុទ្ធ​ជាងខ្យល់​ខាងក្នុង។ ស្វែងយល់​ពីការ​បំពុលខ្យល់​ខាងក្នុង​ដោយឧស្ម័ន​កាបូនិច​ដែលចេញ​ពីរាងកាយ​យើង និងពីការ​ដាំស្ល សូមអាន​អត្ថបទ “ ការបំពុល​ខ្យល់អាកាស​នៅក្នុង​លំនៅដ្ឋាន ” ចេញផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ០០១ ខែ កុម្ភៈ ២០០៦។ ដើម្បីទាញ​ប្រយោជន៍​ពីខ្យល់ ដាច់ខាត​ត្រូវដឹង​ឱ្យច្បាស់​ពីទិស​ខ្យល់បក់។ នៅប្រទេស​កម្ពុជា ខ្យល់បក់់​ពីទិស​ឥសាន ទៅនិរតីរយៈពេល​៣ខែ និងពីទិស​និរតីទៅ​ឥសានមាន​រយៈពេល​៩ខែ។ ខ្យល់ដែល​បក់ពីឥសាន​ទៅនិរតី​ជាខ្យល់​ត្រជាក់ ដែលគេ​មិនសូវ ចង់បានទេ។ ខ្យល់ដែល​បក់ពីនិរតី​ទៅឥសាន ជាខ្យល់​ត្រជាក់ល្មម​សម្រាប់​ទ្រទ្រង់​រាងកាយ​ឱ្យមានអារម្មណ៍​ត្រជាក់​ស្រួលខ្លួន។ ម្យ៉ាង ទៀតដោយសារ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​អាកាសធាតុ​មូសុងដែល​មានលក្ខណៈ​ក្ដៅហើយ​សើម ទើបសំណើម​នៅក្នុង​បរិយាកាស ខ្ពស់ នាំឱ្យស្បែកសើម​ហើយស្អិត ដែលធ្វើ​ឱ្យមាន​អារម្មណ៍​ស្អុះស្អាប់​នៅពេល​គ្មានចរន្ដ​ខ្យល់បក់​មកប៉ះ​រាងកាយ។ ដូច្នេះ​ទាមទារ ឱ្យមាន​ចរន្ដខ្យល់បក់មក​ប៉ះរាងកាយ ដើម្បីធ្វើ​ការបណ្ដូរ​កម្ដៅ​ជាមួយ​ស្បែក។ ពេលនោះ សីតុណ្ហភាព​ស្បែកចុះ​ត្រជាក់​នាំឱ្យ​រាងកាយ មានអារម្មណ៍​ស្រួលខ្លួន។ ការសាងសង់​ផ្ទះដើម្បី​ឱ្យមាន​ចរន្ដខ្យល់​រត់កាត់​បានត្រឹមត្រូវ​ធ្វើឡើង​តាមវិធី​៤យ៉ាង។

1. រក្សាល្បឿន​ខ្យល់ខាង​ក្រៅ និងខាង​ក្នុងអគារ​ស្មើគ្នា ករណីនេះ​គួររៀបចំ​នៅតំបន់​ណា ដែលមាន​ល្បឿនខ្យល់​ល្មម។ គួរដាក់ទ្វារ ឬបង្អួច​នៅចំទិស​ខ្យល់ចូល​ឱ្យមាន​ទំហំ​ប៉ុនទ្វារ ឬបង្អួច​នៃទិសខ្យល់​ចេញ។ សូមចង​ចាំថា​លំហ ឬបន្ទប់មួយ​ដែលអាច​មាន ចរន្ដខ្យល់ឆ្លងកាត់​លុះត្រាតែ​មានប្រភព​ខ្យល់ចូល និងខ្យល់​ចេញ។

2. បង្កើនល្បឿន​ខ្យល់ក្នុង​អគារឱ្យ​លឿនជាង​ល្បឿនខ្យល់​ខាងក្រៅ គួរអនុវត្ដ​នៅតំបន់​ណាដែល​មានល្បឿន​ខ្យល់ ខ្សោយដោយរៀប​ចំទ្វារ ឬបង្អួច​ដែលនៅ​ចំទិសខ្យល់​ចូលឱ្យ​មានទំហំ​តូចជាង​ទំហំទ្វារ ឬបង្អួច​ដែលនៅ​ខាងទិស​ខ្យល់ចេញ។ សូមចង ចាំថាទ្វារ ឬបង្អួច​ត្រូវតែ​អាចបិទ​បើកបាន​សម្រាប់ខ្យល់​ចេញចូល មិនមែន​ជាទ្វារ ឬបង្អួច​សម្រាប់តែ​យកពន្លឺ​នោះទេ។

3. បន្ថយល្បឿន​ខ្យល់ក្នុង​អគារឱ្យយឺត​ជាងល្បឿន​ខ្យល់​ក្រៅអគារ ៖ គួរអនុវត្ដ​នៅតំបន់ណា​ដែលមាន​ល្បឿនខ្យល់​ខ្លាំង ឬលឿន។ គួររៀប​ចំទ្វារ ឬបង្អួច​ដែលបែរ​ចំទិសខ្យល់​ចូលឱ្យ​មានទំហំ​ធំជាង​ទំហំទ្វារ ឬបង្អួច​ដែលនៅខាង​ទិសខ្យល់​ចេញ។ សូមចងចាំ ថាបម្រែ​បម្រួល​ល្បឿន​ខ្យល់ក្នុង​អគារអាស្រ័យ​ទាំងស្រុង​លើបម្រែ​បម្រួល​នៃទំហំទ្វារ ឬបង្អួច។

4. បង្កើតឱ្យមានចរន្ដខ្យល់​ក្នុងអគារ​ដោយឯកឯង ៖ គួររៀបចំ​ច្រក​សម្រាប់​ខ្យល់ចូល​នៅផ្នែក​ខាងក្រោម ហើយច្រក សម្រាប់ខ្យល់​ចេញនៅ​ផ្នែកខាង​លើអគារ។ ទំហំច្រក​ខ្យល់ចូល​ត្រូវតូច​ជាង ឬស្មើនឹង​ទំហំច្រក​ខ្យល់ចេញ។ សូមចង​ចាំថា​ទំហំច្រក ខ្យល់ចូលកាន់​តែតូចធៀប​នឹងទំហំ​ច្រកខ្យល់​ចេញនោះ ចរន្ដខ្យល់​រត់ក្នុង​អគារកាន់​តែលឿន។ កម្ពស់ធៀប​រវាងច្រក​ខ្យល់ចូល និងច្រក ខ្យល់ចេញមិន​ត្រូវខ្លីជាង​ជម្រៅនៃ​បន្ទប់ឡើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាកនៃ​សំណង់មិន​មានចរន្ដ​ខ្យល់ល្អ

ការសាងសង់ផ្ទះ​មិនមែន​សាងសង់​សម្រាប់តែ​រស់នៅ​តែមួយ​គ្រាៗ​នោះទេ គឺជា​លំនៅដ្ឋាន​សម្រាប់​រស់នៅ​មួយជីវិត ដូចនេះ ទាមទារ​នូវបរិយាកាស​ល្អ។ លំនៅដ្ឋាន​គ្មានខ្យល់​អាកាស​គ្រប់គ្រាន់ ជីវិត​មិនមាន​ផាសុកភាពទេ បណ្ដាលមក​ពីការបំពុល​ខ្យល់ខាង ក្នុងអគារ ដូចជា​អ្នករស់​នៅឧស្សាហ៍​ឈឺ ពិបាក​ដកដង្ហើម អារម្មណ៍​មួហ្មង​ជាដើម។

ខ្យល់ពិត​ជាមាន​សារៈ​សំខាន់ណាស់ យើងមិន​អាចរស់​នៅដោយគ្មាន​ខ្យល់បាន​ឡើយ។ យើងត្រូវ​ការខ្យល់​ដើម្បីដក​ដង្ហើម និងទទួល​បានអារម្មណ៍​ត្រជាក់ស្រួល​នៅក្នុងខ្លួន។ ទោះបី​ជាខ្យល់​មាននៅក្នុង​បរិយាកាស​ក៏ដោយ តែបើខ្យល់​មិនបាន​មកប៉ះ​នៅលើ រាងកាយទេ យើងក៏​មិនអាច​ទទួលបាន​អារម្មណ៍ក្ដៅ​ឬត្រជាក់​ស្រួលនោះទេ។ ដើម្បីឱ្យ​ការរស់​នៅមាន​ផាសុកភាព និងមាន​ខ្យល់ឆ្លង កាត់បាន​ល្អនោះ ការសាងសង់ផ្ទះ ឬអគារនានា និងការ​គូសប្លង់​ត្រូវទាញ​យកផល​ចំណេញពី​ធម្មជាតិ​ជាការ​សំខាន់។ នៅពេល​ខ្យល់អាកាស​ឆ្លងកាត់​នៅក្នុង​អគារធ្វើ​ឱ្យកាត់​បន្ថយការ​ចំណាយ​ប្រចាំថ្ងៃ ដូចជា​ការប្រើប្រាស់​កង្ហារ ម៉ាស៊ីនត្រជាក់​ជាដើម។

ដំបូន្មាន​អ្នកប្រឹក្សា

ប្រសិនបើ​លោកអ្នក​សាងសង់​ផ្ទះដោយ​ប្រើប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ទាំងស្រុង​នោះ ក៏គួរតែ​រៀបចំ​ឱ្យមាន​ខ្យល់ធម្មជាតិ​ចេញ ចូលផងដែរ ទើបជា​ការប្រសើរ ព្រោះខ្យល់​ធម្មជាតិ​ជួយលាង​សម្អាតខ្យល់​ពុលនៅ​ក្នុងអគារ ដែលបង្កឡើង​ដោយទង្វើ​របស់យើង។ ដូច្នេះមុន​នឹង​សាងសង់​ផ្ទះ គួរតែ​ធ្វើការ​សិក្សាឱ្យ​បានច្បាស់លាស់​ជាមុនសិន ដូចពាក្យ​ខ្មែរពោលថា “ គិតរួចទើប​គូរក្រោយ ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative