បង្វិលកង​ជួយសម្រក​រាង

បង្វិលកង គឺជាកីឡា​មួយប្រភេទ​ដែលមាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចូលចិត្ដ​ហាត់កីឡា។ កីឡា​បង្វិល​​កង​​មាន​សារៈ​សំខាន់​ធ្វើឱ្យ​រូបរាង​កាយ​មាំមួន សុខភាពល្អ ជាពិសេស​សម្រាប់​លោកអ្នក​ដែលចង់​សម្រក​ទម្ងន់ និងចង់បាន រាង​សមសួន។ ប៉ុន្ដែ​លោកអ្នក​មិនអាច​ហាត់កីឡា​បង្វិលកង​នេះតាម​ចិត្ដនឹក​ឃើញ​នោះទេ។ លោកអ្នក​ត្រូវស្វែង​យល់ឱ្យ​បានច្បាស់ មុននឹង​ហាត់ទើប​ប្រសើរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយលោក ហ៊ី ឌីណារិន្ទ​ប្រធានក្លឹប​គីងកុង ពីរបៀប​នៃការហាត់​កីឡា​បង្វិល កង និងអត្ថប្រយោជន៍​របស់វា សម្រាប់​ជួយរាងកាយ​លោកអ្នក​ឱ្យបាន​ស្រស់ស្អាត។

បង្វិលកង ជាអ្វី?

កីឡា​បង្វិលកង ជាកីឡា​អេរ៉ូប៊ិត​ដោយសំដៅ​ទៅលើ​ការធ្វើ​ចលនា​ជាប់រហូត និងប្រើ​រយៈពេល​យូរ។ ជាពិសេស​កីឡានេះ សក្ដិសម​សម្រាប់អ្នក​ដែលចង់​សម្រកខ្លាញ់ និងសម្រក​ទម្ងន់។

របៀប​បង្វិលកង

របៀបនៃ​ការបង្វិល​មិនមាន​ការ​លំបាកទេ។ ពេលដំបូង លោកអ្នក​ចាប់ផ្ដើម​បង្វិលដោយ​គ្រាន់តែ​យកកង​មួយមក​ដាក់ពិត នៅនឹង​ចង្កេះ​ខាងក្រោយ រួចយក​ដៃទាំងពីរ​កាន់កង​សងខាង ហើយទះ​កងឱ្យវិល ចង្កេះត្រូវ​រែងទៅ​តាមចង្វាក់​វិលនៃកង។ សូម ជ្រើសរើស​យកកង​ណាដែល​មានទម្ងន់​ធ្ងន់បន្ដិច ព្រោះបើកង​ស្រាលពេក កងងាយ​ជ្រុះធ្លាក់​នៅពេល​បង្វិល ធ្វើឱ្យ​ចលនាកង​រវ៉ៃមក ចង្កេះ​មិនសូវ​ខ្លាំង។ ជួនកាល​អ្នកខ្លះ​ប្រើកងពីរ ឬបីក្នុងពេល​តែមួយ ដើម្បីឱ្យ​ចលនាកង​រវៃខ្លាំង​មិនងាយ​ជ្រុះធ្លាក់។

មនុស្សប្រភេទ​ណាដែល​ត្រូវហាត់?

បង្វិលកង​ជាកីឡា​ដែលធ្វើ​ចលនារវៃ​ជាប់បាន​យូរ។ អ្នកដែល​និយមហាត់ ភាគច្រើន​ជាមនុស្ស​វ័យជំទង់ ពិសេសស្ដ្រី​ដែល មាន​រូបរាងធាត់ ក្បាលពោះធំ។ បង្វិលកង​នេះហាត់​បានចំពោះ​មនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងនោះទេ គ្រាន់តែ​មនុស្សចាស់​មិន សូវពេញ​និយម​ហាត់ទេ។ ព្រោះត្រូវ​ចំណាយ​កម្លាំងច្រើន​ក្នុងការហាត់ ម្យ៉ាងទៀត​ដោយសារ​ចលនា​ចង្កេះមិន​សូវ​ស្វាហាប់ នៅពេល ហាត់យូរ​អាចធ្វើ​ឱ្យឈឺ​សរសៃ​ចង្កេះ​ជាដើម។

ពេលវេលាហាត់​បង្វិលកង

សម្រាប់ពេល​ព្រឹកបន្ទាប់​ពីភ្ញាក់ពី​ដំណេកជា​ពេលល្អ​បំផុត ព្រោះការ​ហាត់ពេល​ព្រឹកជួយ​កាត់បន្ថយ​អាហារ​ពេលល្ងាច​ដែល នៅសេសសល់ ដែលសម្បូរ​ទៅដោយ​កាឡូរីខ្ពស់។ សម្រាប់ពេល​ល្ងាចកីឡា​បង្វិលកង​អាចជួយកាត់​បន្ថយភាព​តានតឹងក្នុង​អារម្មណ៍ ក្រោយពី​បានបំពេញ​ការងារ​ពេញមួយថ្ងៃ។ ជាពិសេស​ជួយបណ្ដេញ​ជាតិពុល​នៅក្នុង​សព៌ាង្គកាយ និងបន្ថយជាតិ​ខ្លាញ់នៅ​ក្នុងខ្លួនលោក អ្នកបាន​យ៉ាងល្អ។

ផលប្រយោជន៍របស់​កីឡាបង្វិល​កង

បង្វិលកង​ជួយឱ្យ​រាងកាយ​លោកអ្នក​មានភាព​ស្រស់ស្អាត ជួយសម្រួល​ដល់សរសៃ​ចង្កេះ។ ពេលហាត់​យូរៗទៅ វាជួយ​ធ្វើឱ្យ ឆេះខ្លាញ់ ឬសម្រួល​ជាតិខ្លាញ់​នៅតាម​រាងកាយ និងក្បាលពោះ។ កីឡាបង្វិលកង​មានប្រយោជន៍​បានអាស្រ័យ​ទៅលើ​ពេល​វេលានៃ ការហាត់ សូមប្រើ​រយៈពេល​ប្រហែល​៣០នាទី​ក្នុងមួយដង ព្រោះវា​អាចជួយ​ធ្វើឱ្យឆេះ​ខ្លាញ់នៅ​តាមសរសៃ​ពោះ ជួយឱ្យ​សាច់ក្បាល ពោះមាន​សភាពទន់។ ប៉ុន្ដែបើ​លោកអ្នក​ហាត់តែ១០​ទៅ១៥នាទី​នោះ វាគ្រាន់តែ​ជួយកម្ដៅ​សាច់ដុំឱ្យ​ធ្វើចលនាបាន​ស្រួលតែ​ប៉ុណ្ណោះ ។ ការបង្វិលកង​ជួយសម្រួល​ឱ្យចលនា​បេះដូង និងសរសៃឈាម​ដើរស្រួល​វាសមស្រប​ជាមួយអ្នក​ដែលមាន​ជម្ងឺលើស​ឈាម ខ្លាញ់ក្នុង ឈាម ទឹកនោមផ្អែម និងមានបញ្ហា​បេះដូង ដែលអាច​ជួយកាត់​បន្ថយបញ្ហា​ជម្ងឺទាំងអស់​នេះបាន។ ពិសេស​ជួយកាត់​បន្ថយជាតិ​ស្ករ ក្នុងឈាម​សម្រាប់អ្នក​មានជម្ងឺ​ទឹកនោមផ្អែម។

ផលរំខានរបស់​កីឡាបង្វិល​កង

ជាធម្មតា នៅដំណាក់កាល​ហាត់ដំបូង ទោះកីឡាអ្វី​ក៏ដោយ​តែងតែ​មានផល​រំខានខ្លះៗ។ យ៉ាងណា​ម៉ិញការហាត់​បង្វិលកង ពេលលោក​អ្នកនាង​ហាត់ដំបូង​មានអាការ​ឈឺសាច់ដុំ ព្រោះសាច់ដុំ​មិនទាន់​សម្រប​នឹងចលនា​បានល្អ។ បើលោកអ្នក​ព្យាយាម​ហាត់ធ្វើ ចលនា​ដដែល​ច្រើនដង ឬបន្ដិចម្ដងៗ សាច់ដុំ​របស់លោកអ្នក​អាចស៊ាំនឹង​ការហាត់ លែងមាន​ផលរំខាន។ ប៉ុន្ដែលោកអ្នក​មិនត្រូវហាត់ ទាំងបង្ខំ ព្រោះសាច់ដុំ​ត្រូវការសម្រាក បើហាត់​ខ្លាំងពេក​ហួសកម្លាំង​អាចមាន​ផលរំខាន​ដល់រាងកាយ។ ដូច្នេះ​សូមហាត់​មួយថ្ងៃ ឈប់ មួយថ្ងៃ ឬហាត់ពីរ​ថ្ងៃឈប់​មួយថ្ងៃ។ ចំពោះពាក្យ​ចចាមអារ៉ាម​ថាការបង្វិលកង​ធ្វើឱ្យប៉ះពាល់​ដល់ស្បូន តាមពិត​មិនមាន​ផលរំខាន​អ្វីទេ ព្រោះការ​ធ្វើចលនា​បង្វិលកង​ប៉ះពាល់​ទៅលើសាច់ដុំ​ខាងក្រៅតែ​ប៉ុណ្ណោះ។

បណ្ដាំផ្ញើអ្នក​ជំនាញ

ដើម្បីសុខភាព​មាំមួន រាងកាយ​ស្រស់ស្អាត លោកអ្នក​អាចធ្វើ​ការជ្រើសរើស​ប្រភេទ​កីឡាណាក៏​បានឱ្យតែ​សក្ដិសម​នឹងលោក អ្នក។ ទោះបី​កីឡា​អ្វីក៏ដោយ វាជា​ជម្រើសដ៏​ល្អសម្រាប់​សុខភាព​ដែលគួរ​ប្រតិបត្ដិ។ ម្យ៉ាងទៀត​ដើម្បីឱ្យ​ការហាត់​ទទួលជោគជ័យ​បាន លទ្ធ​ផលល្អ គឺឋិតនៅ​លើការហាត់​ឱ្យបាន​ត្រឹមត្រូវ ឬតាម​ក្បួនខ្នាត​កីឡា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative