ថ្លៃ​ដឹកជញ្ជូន និង​ទំនិញ​ឡើងថ្លៃពេលបុណ្យប៉ះពាល់ជីវភាព

នៅប៉ុន្មាន​ថ្ងៃខាង​មុខនេះ​ ព្រះរាជពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​នឹងចូល​មក​ដល់ហើយ។ ដូច្នេះ​ការ​ឡើង​ថ្លៃទំនិញ និង​​ថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​ក៏នឹង​ឡើងថ្​លៃផងដែរ។ មាន​ប្រជាជន​មួយចំនួន​តែង​និយាយ​ថាការ​ឡើងថ្លៃ​ទំនិញ និងសេវាកម្ម​ដឹកជញ្ជូនអ្​នកដំណើ​ឡើងថ្លៃ​ក៍ព្រោះ​តែមកពីការ​កើនឡើង​នូវថ្លៃសាំង និងការ​ឆ្លៀតឱកាស់​របស់ជនអគតិ​មួយចំនួន​ឡើងថ្លៃ​ហួសប្រមាណ។ រីឯមតិខ្លះទៀត​បាននិយាយថា​មកពីតម្រូវការ​ច្រើនជាង​ការផ្គតផ្គង់ និង​ខ្លះទៀត​ថាការ​ឡើងថ្លៃ​តម្លៃ​ជិះរថយន្ត​ក៍ដោយ​សារ​តែមាន​កាំកុងត្រូល​ជជុះច្រើន​ពេក។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ដោយ​សារ​តែមាន​មតិ​លើក​ឡើង​ជាច្រើន​ហូរហែ​យ៉ាង​ដូច្នេះ គេហទំព័រ​សុខភាពកម្ពុជា HealthCambodia.com បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ពួកគាត់​នឹងលើក​ឡើង​នូវមតិ​មួយ​ចំនួន​ជុំវិញ​ការឡើង​ថ្លៃ​ទំនិញ សេវាកម្ម​ដឹកជញ្ជូន សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ជាដើម។ល។

កញ្ញា ចិន ស្រីម៉ុម និស្សិត​នៃសកល​វិទ្យាល័យ​ធនធានមនុស្ស​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្តតាកែវ​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់​គេហទំព័រ​សុខភាពយើង HealthCambodia.com ថា ការឡើង​ថ្លៃទំនិញ និង​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​ខុសពី​ថ្ងៃធម្មតា​បានធ្វើ​ឲ្យកញ្ញា​មានការ​ពិបាក​មែនទែន​ចំពោះ​បញ្ហានេះ​នៅពេល​ដែល​កញ្ញា​ទៅលេង​ស្រុក​កំណើត​ម្តងៗ។ ឆ្លើយ​តប​ទៅនឹង​សំណួរ​ដែល​សួរថា​ តើការ​ឡើង​ថ្លៃនូវ​ទំនិញ​ក៏ដូចជា​សេវាកម្ម​ដឹកជញ្ជូន​ទាំងនេះ ។ តើ​កញ្ញា​គិតថា​មក​ពីបញ្ហា​អ្វី? ភ្លាម​នោះ​កញ្ញា​បានឆ្លើយ​តបវិញថា ការឡើង​ថ្លៃនេះ​ក៏ដោយ​សារតែ​ការ​ឡើង​ថ្លៃសាំង និង​មានកាំកុង​ត្រូល​ជជុះ​ច្រើនពេក។ កញ្ញា​បន្ថែម​ទៀតថា​ភាគ​ច្រើន​នៅ​ពេលកញ្ញា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​នៅពេល​ចូលឆ្នាំថ្មី​ម្តងៗ​ឃើញ​មាន​កាំកុង​ត្រូលជជុះ​ចាំទារ​លុយ​ពីរថយន្ត​ដឹក​អ្នកដំណើរ​ទាំងនោះ។ បើ​មិន​ឲ្យទេ​គឺគាត់​រកលេស​នេះ​លេសនោះ​ដោយ​ឃាត់​មិនឲ្យ​រថយន្ត​បន្ត​ដំណើរ​ទៅមុខ ទាល់តែ​តៃកុង​ឡាន​ផ្តល់ប្រាក់​ឲ្យទើប​គាត់បើក​ផ្លូវឲ្យ​ទៅមុខ​បន្ត។ ជាពិសេស​កាំកុង​ត្រូល​ទាំងនោះ​ទារប្រាក់​ឡើងថ្លៃ​ជាង​ពេលមុន​ទៅទៀត ព្រោះ​គាត់គិត​ថា​រថយន្ត​ដឹក​អ្នក​ដំណើរ​ទាំង​នោះ​ក៏រក​លុយ​បាន​ច្រើន​គួរសម​ផង​ដែរ។

រីឯអ្នកនាង អ៊ឹម សុជាតា និស្សិត​នៅ វិទ្យាស្ថានវ៉ាន់ដា ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះសីហនុ បាន​​និយាយ​ថា ការ​កើន​ឡើង​តម្លៃ​ទំនិញ និង​សេវាកម្ម​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំង​ដោយសារ​តែ​តម្លៃ​សាំង​នោះ គ្រាន់​តែ​ជាលេស​របស់​អ្នក​រកស៊ី​មួយ​ចំនួន​តែប៉ុណ្ណោះ ព្រោះ​តៃកុងឡាន​ដឹកអ្នក​ដំណើរ​ទាំងនោះ​គិតថា​នេះ​ជាឱកាស​មាស​របស់​ខ្លួន​ដែល​ត្រូវ​តម្លើង​ថ្លៃ និង​ជាឱកាស​រកលុយ​របស់​ពួកគាត់ ហើយ​ណាមួយ​ចំនួន​នៃអ្នក​ជិះ​ក៏មាន​ច្រើន​ផងដែរ។ មួយ​វិញទៀត ទាក់ទង​ទៅ​នឹង​ការតម្លើង​ថ្លៃ​ទំនិញ​គ្រប់​មុខវិញ​អ្នកនាង​គិតថា មិនមែន​មានតែ​អ្នក​រកស៊ី​ដឹក​អ្នកដំណើរ​នោះទេ សូម្បី​តែអ្នក​រកស៊ី ឬ​អាជីវករ​លក់ដូរ​នៅតាម​ផ្សារ​មួយចំនួន​ក៏តម្លើង​ថ្លៃផង​ដែរ។ ហើយ​ពួកគាត់​មួយ​ចំនួន​តែង​និយាយថា​មកពីការ​តម្លើង​ថ្លៃ​របស់​ឈ្មួញ​កណ្តាល​ឆ្លៀត​ឱកាស​កេង​ចំណេញ​ទើបធ្វើឲ្យ​អ្នកលក់​បន្តក៏​ត្រូវ​តម្លើង​ថ្លៃ​ដូចគ្នា​ផងដែរ។

ទាក់ទិន​ទៅ​នឹង​ការ​ប្រកាស​សេចក្តី​ជូនដំណឹង​របស់​សាល​រាជធានី​ភ្នំពេញ អ្នកនាង​យល់ថា​ប្រហែលជា​នៅ អាចមាន​ប្រសិទ្ធភាព​តិចតួច​ណាស់ ព្រោះថា​បើគ្រាន់តែ​ជាការ​ប្រកាស​ជូនដំណឹង​តែប៉ុណ្ណឹង បើអត់​បង្ហាញ​ការចាត់​វិធានការ​អ្វីផង នោះ​ប្រហែល​ជា​នៅតែ​ដដែល​ដូចឆ្នាំមុនៗ​អ៊ីចឹង។

​សូមជម្រាបថាថ្មីនេះ សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​ការរក្សា​ស្ថិរភាព​តម្លៃ​ដឹកជញ្ជូន​អ្នក​ដំណើរ​ពីទីក្រុង​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្តនានា​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ខាងមុខ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះថ្ងៃទី ០២ មេសា ឆ្នាំ ២០១២​បាន​បញ្ជាក់​ផងដែ​ថា​ដើម្បី​ជួយ​សម្រួល​ដល់ជីវភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបការ​លំបាក និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៏ ដែល​បណ្តាល​មកពីផ្ទុក​លើស​ចំណុះ​នេះ សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវ​នាវឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅមក​ភ្នំពេញ​បណ្តា​ខេត្តនានា​ទាំងអស់​កុំតម្លើង​ថ្លៃ​ឈ្នួល​រថយន្ត​នៅក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ។

ដោយ​ឡែក​កាល​ពីថ្ងៃ​ទី០៤ មេសា ឆ្នាំ ២០១២​កន្លង​ទៅថ្មីៗ​នេះ​លោក អាត់ ធន់ ដែល​តំណាងឲ្យ​សហជីព​ការងារ​កម្ពុជា បាន​ផ្ញើ​លិខិត​ជូន​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ជុំវិញ​ការឡើង​ថ្លៃនូវ​រាល់​ទំនិញ​សព្វ​សារពើរ​ពីឈ្មួញ​រកស៊ី​មួយ​ចំនួន។ លោក​បាន​សរសេរថា ជារៀង​រាល់ឆ្នាំ​នៅពេល​រដូវចូល​ឆ្នាំខ្មែរ ឬ​បុណ្យ​ភ្ជុំបិណ្ឌ​មកដល់ តម្លៃ​ទំនិញ​សព្វ​សារ​ពើរ​បាន​ឡើងថ្លៃ​យ៉ាងខ្លាំង ហើយ​គ្រប់​សេវាកម្ម​ដឹកជញ្ជូន​ទាំងអស់ ក៏មាន​បានឡើង​ថ្លៃឈ្នួល​តាមតែ​អំពើចិត្ត​ផងដែរ បើទោះ​បីជាអា​ជ្ញាធរ ឬ​សាលា​រាជធានី​តែងតែ​បាន​ប្រកាស​ជូនដំណឹង​ជាមុន​ក៏ដោយ ប៉ុន្តែ​ការ​គ្រប់គ្រង ឬ​ការចាត់​វិធានការ​ផ្សេងៗ​ហាក់ពុំ​មាន​ប្រសិទ្ធ​ភាព​ទាល់តែ​សោះ។ លោក​បាន​រៀបរាប់​នៅក្នុង​លិខិត​នោះ​បន្ថែមថា ការ​ឡើង​ថ្លៃឈ្នួល​ទាំងនោះ​បាន​បង្ខំចិត្ត​ធ្វើឲ្យ​កម្មករ នយោជិក​មួយ​ចំនួន​ព្យាយាម​សន្សំ​សំចៃ​លុយកាក់​របស់ខ្លួន ដោយ​សុខចិត្ត​ជិះលើ​ដំបូល​រថយន្ត​ដែលធូរ​ថ្លៃបន្តិច ឲ្យតែ​បានទិញ​របស់​របរ​ខ្លះ​យក​ទៅ​ស្រុក​កំណើត។ ​បញ្ហា​ទាំងនេះ បាន​ធ្វើឲ្យ​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថា​ហេតុ​ក្នុងពេល​ធ្វើ​ដំណើរ។ លោក​បន្តថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​បានគឺ​មានតែ​ការ​ប្តេជ្ញា​ចិត្ត​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​របស់​អាជ្ញាធរ​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​គ្រប់ផ្នែក​ទាំងអស់​តែប៉ុណ្ណោះ​ទើប​អាច​កាត់​បន្ថយការ​ធ្វើ​អាជីវកម្ម អសុចរិត​គ្រប់​ប្រភេទ​បាន។

សហជីព​ការងារ​កម្ពុជា​បានស្នើរ​ទៅសម្តេច​នាយក​រដ្ឋមន្ត្រី ឲ្យជួយ​អន្តរាគមន៍​តាម​សំណូមពរ​រួមមាន ​៖

 1អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវតែ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ចំពោះ​ថ្លៃ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ និង​ថ្លៃ​រថយន្ដ​ឈ្នួល​ដឹក​អ្នក​ដំណើរ ដែល​​អាច​នឹង​ឡើងថ្លៃ​ហួសហេតុ​ខុសពី​តម្លៃ​ធម្មតា ដោយ​ត្រូវ​ឲ្យ​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ និង​តម្លៃ​គ្រប់​សេវាកម្ម​ទាំងអស់ ស្ថិតក្នុង​កម្រិត​តម្លៃ​ធម្មតា ដូច​នៅមុន​ពេល​ថ្ងៃបុណ្យ​។

 2សូម​ទប់ស្កាត់​ការឡើង​ថ្លៃ​តម្លៃ​ប្រេងសាំង ដោយ​សូម​ជំរុញ ឬ​​កាត់បន្ថយ​តម្លៃ​ប្រេងសាំង​​ ឲ្យ​បាន​​ចុះថ្លៃ​ជាង​​តម្លៃ​​បច្ចុប្បន្ន ដើម្បី​​រក្សា​តម្លៃ​ទំនិញ និង​សេវា​កម្ម​ផ្សេងៗ​​ឲ្យ​ដូចដើម។ 

 3សូម​ឲ្យ​អាជ្ញាធរ​ធ្វើ​ឲ្យ​​មាន​​ប្រសិទ្ធភាព ចំពោះ​​សណ្ដាប់ធ្នាប់​នៅតាម​​បេនឡាន​​ឈ្នួល និង​ត្រូវ​ផាកពិន័យ​​ចំពោះ​រថយន្ដ​ឈ្នួល​គ្រប់​ប្រភេទ ដែល​​បានដាក់​អ្នកដំណើរ​ច្រើន​ណែនណាន់តាន់​តាប់​ក្នុង​រថយន្ដ និង​ជិះ​លើដំបូល​រថយន្ដ ដោយ​ត្រូវ​ចាត់វិធានការ​​ឲ្យ​​រថយន្ដ​ទាំងនោះ ដឹក​អ្នក​ដំណើរ​តាម​លក្ខណៈ​សមរម្យ​។

លោក ស៊ាន ប៊ុណ្ណារិទ្ធ និស្សិត​នៃ​វិទ្យាស្ថានស៊ីតិក ដែល​មាន​ស្រុក​កំណើត​នៅខេត្ត​ព្រៃវែង ព្រមទាំង​លោក ជួប សិរីយស និស្សិត​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្រ្ត ក៏បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដោយ​សូមឲ្យ​លោកមាន​ការចាត់​វិធានការ​តឹងរឹង​ចំពោះ​ការ​ឡើង​ថ្លៃ​ទំនិញ សេវាកម្ម​ដឹកជញ្ជូន​ទំនិញ និង​ជា​ពិសេស​សេវា​ស្នាក់​នៅ តាម​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត កុំឲ្យ​ឡើង​ថ្លៃជ្រុល​ហួស​ហេតុពេក​ ព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ​ពិបាក​រក​លុយ​ចិញ្ចឹម​ជីវិត​ណាស់។​

កញ្ញា ចិន ស្រីម៉ុម និងអ្នកនាង អ៊ឹម សុជាតា ក៏បាន​អរគុណ​ផងដែរ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដែល​តែងតែ​ជួយ​សម្រួល​ចរាចរណ៏ និង​រក្សាសុវត្ថិភាព ជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅពេល​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ពេល​មាន​បុណ្យ​ទានម្តងៗ ទោះបី​ជាពេលខ្លះ​គាត់មាន​ការរវល់​មិនបាន​ឈប់​សម្រាក​នៅក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំនោះក្តី។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៩ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative