អំពើពុករលួយ​ប៉ះពាល់​ដល់​ផ្លូវចិត្ដ

ក្នុងសង្គម​ណាក៏​ដោយ អំពើ​ពុករលួយ​តែងតែ​កើតមាន​ជានិច្ច ទោះជា​នៅក្នុង​សង្គម ប្រទេស​រីកចម្រើន ឬប្រទេស​មិនសូវ ជឿន​លឿន​ក៏ដោយ។ មិនថា​តែប្រទេស​ដែល​មានអ្នក​ចេះដឹង ប្រទេស​ដែលមាន​ប្រជាធិបតេយ្យ ប្រទេស​សង្គមនិយម ឬប្រទេសក្រី ក្រនោះ​ឡើយ បញ្ហាពុក​រលួយ​រមែង​កើតមាន គ្រាន់តែ​មិនទូលំ​ទូលាយ ឬទូលំ​ទូលាយ។ អំពើ​ពុករលួយ​អាចធ្វើ​ឱ្យមាន​ការ​ប៉ះពាល់ ដល់​សតិអារម្មណ៍ និងសុខភាព​ផ្លូវចិត្ដតិច ឬច្រើនរបស់​ប្រជាពលរដ្ឋ​ក្នុងសហគមន៍​ដែលមាន​អំពើ​ពុក​រលួយ​នោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

បើអំពើ​ពុករលួយ​កើតមាន​នៅក្នុង​សង្គមណា​មួយ​ហើយ វារមែង​ជះឥទ្ឋិពល​អវិជ្ជមាន​ទៅលើសង្គម​នោះយ៉ាង​ពិតប្រាកដ។ ប្រជាពលរដ្ឋ​ដែលជា​សមាជិក​នៃសង្គម​នោះ ត្រូវទទួល​រងនូវ​ផលប៉ះពាល់​ទាំងនោះ​តិច ឬច្រើន យូរ ឬឆាប់ទៅ​តាម​កាលៈទេសៈ​ដែល អ្នកទាំង​នោះប្រឈម​មុខនឹង​អំពើពុក​រលួយនោះ។ បុគ្គលនោះ​នឹងកើត​មាននូវ​បញ្ហា​សុខភាព​ផ្លូវចិត្ដ ជាផលវិបាក​នឹងធ្វើ​ឱ្យសង្គម​ដែល តាក់តែង ឬកសាង​ដោយ​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវទទួល​រងនូវ​វិបត្ដិ​អវិជ្ជមាន​ជាច្រើន ដែលជា​ផលវិបាក​ពីវិបត្ដិ​ផ្លូវចិត្ដ ហើយ​សង្គម នោះនឹង​ជួបប្រទះ​នូវវិបត្ដិ​នៃការ​រីក​ចម្រើន។

លោកសាស្ដ្រាចារ្យ​មហាបរិញ្ញា ការ ស៊ុនបូណាត អ្នកឯកទេស​វិកលវិទ្យា និងជា​ប្រធាន​កម្មវិធី​ជាតិសម្រាប់​សុខភាព​ផ្លូវចិត្ដ របស់​ក្រសួង​សុខាភិបាល បានផ្ដល់​យោបល់​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដោយបាន​បំភ្លឺទៅ​លើបញ្ហា​ទាំងនេះ។

អំពើ​ពុករលួយ ជាអ្វី?

យើងមាន​ការ​ពិបាក​ច្រើនក្នុង​ការផ្ដល់​នូវ​និយមន័យ​អំពី​អំពើ​ពុករលួយ ព្រោះថា​រូបភាព​នៃអំពើ​ពុករលួយ​របស់​ប្រទេសនានា​នៅលើ​ពិភពលោក​មានរូបភាព​ខុសៗគ្នា ដែលជា​ហេតុធ្វើ​ឱ្យមាន​ការកំណត់​ន័យនៃ​អំពើពុក​រលួយ​សមស្រប និងអាស្រ័យ​ទៅលើ ហេតុផល​ផងដែរ។ ការឱ្យ​និយមន័យ​ទៅលើ​អំពើពុក​រលួយថា​“មានអំពើ​ពុករលួយ កាលណា​ធ្វើអ្វីមួយ​ទទួលផល​មកវិញ​មិនសមស្រប ទៅនឹង​អំពើ​ដែល​បានធ្វើ”។ មានន័យថា​ផលដែល​ទទួលបាន​ជាប្រាក់​កម្រៃ ជាសម្ភារៈ ឬជាវត្ថុមាន​តម្លៃផ្សេងៗ មិនមាន​សមាមាត្រ​គ្នា នឹងអ្វី​ដែល​បានធ្វើ ឬមានន័យថា​កម្លាំងធ្វើ និងផល​ដែលទទួល​បានមក​មិនមាន​ភាពស៊ីគ្នា។

ឧទាហរណ៍ ដូចជា​បុគ្គលិក​មានកិច្ចសន្យា​ធ្វើការ​ជាមួយ​ក្រសួង ឬស្ថាប័ន​ណាមួយ ហើយគាត់​ត្រូវទទួល​បាននូវ​ប្រាក់បៀ វត្សរ៍១០០០​ដុល្លារក្នុង​មួយខែ តែដោយ​មានគេ​មួលបង្កាច់​ចោទប្រកាន់​ដោយគ្មាន​ហេតុផល គាត់ត្រូវ​បានគេ​កាត់បៀវត្សរ៍​នោះមក​នៅ ត្រឹមតែ​៥០០ដុល្លារ​តែប៉ុណ្ណោះ។ បែបនោះ​ជាការ​កេងប្រវ័ញ្ច​បំបាត់​ប្រាក់បៀវត្សរ៍​គេយក​មកសម្រាប់​ខ្លួនឯង ធ្វើឱ្យ​បុគ្គល​អ្នកធ្វើការ នោះទទួល​រងនូវ​ផល​ប៉ះពាល់​ដល់ផ្លូវចិត្ដ​យ៉ាង​ធ្ងន់ធ្ងរ។ មួយ​វិញទៀត ក្នុងករណី​ចុះកិច្ចសន្យា​ធ្វើការ​ឱ្យក្រសួង ស្ថាប័ន ឬអង្គការណា មួយក្នុង​តម្លៃ​១០០០ដុល្លារ​ក្នុងមួយខែ តែកែ​ច្នៃបំភ្លៃ​គោលការណ៍​តម្រូវយ៉ាង​នេះយ៉ាង​នោះ ដើម្បីធ្វើ​ឱ្យប្រាក់​បៀវត្សរ៍​កើនរហូតដល់ ២០០០ដុល្លារ​ក្នុងមួយខែ បែបនេះ​ជាករណី​ជនពុក​រលួយ ដែលកេង​ប្រវ័ញ្ចគេ​វិញម្ដង។

សរុបមក អ្វីដែល​បុគ្គលទទួល និងអ្វីដែល​បុគ្គលធ្វើ មិនសមស្រប ឬមិនស៊ីគ្នា​នឹងអ្វីដែល​កើតឡើង ដោយមិន​ស្របច្បាប់ ដោយគ្មាន​ច្បាប់ការពារ ឬដោយគ្មាន​គោលការណ៍​អនុញ្ញាត​ឱ្យធ្វើ នោះហើយ​ជាអំពើ​ពុករលួយ។ ប៉ុន្ដែក្នុង​ករណី​រំលោភច្បាប់​មួយចំនួន ក៏មិន​ប្រាកដថា​ជាអំពើ​ពុករលួយ​នោះដែរ ព្រោះករណី​ទាំងអស់នោះ​ធ្វើទៅមិន​ដើម្បីប្រយោជន៍​បុគ្គល ឬក្រុមបុគ្គល​ណាមួយ​ឡើយ តែ ដើម្បី​ប្រការ​រាំងស្ទះ​ណាមួយ​អាចបន្ដ​ដំណើរ​ទៅមុខ​បន្ដទៀត​ក្នុងប្រយោជន៍​សង្គមជាតិ និង​សហគមន៍។ ជាអាទិកាល​ពីមុន​ដោយសារ គ្មានខ្ទង់​ចំណាយ គេបាន​យក​សម្ភារៈការិយាល័យ​ទៅលក់​ដើម្បី​យកលុយ​មកជួសជុល​ឧបករណ៍​ប្រើប្រាស់ នេះមិនមែន​ជា​ករណីពុក រលួយទេ តែបើ​លក់យក​ជាប្រយោជន៍​បុគ្គល ឬក្រុមមនុស្ស​មួយចំនួន ទើបជា​អំពើពុក​រលួយ។

មូលហេតុ​អំពើ​ពុក​រលួយ

មានមូលហេតុ​ជាច្រើន​ដែលបង្ក​ឱ្យមាន​អំពើពុក​រលួយ ប៉ុន្ដែអ្វី​ដែល​សំខាន់ និងដែល​តែងតែ​ជួបប្រទះ​នោះ គឺបណ្ដាល​មកពី ការកើត​មាននូវ​មហិច្ឆិតាដ៏​លើសលប់ ការមិនគោរព​ច្បាប់ជាដើម។ មូលហេតុ​មួយទៀត អំពើពុក​រលួយ​អាចបណ្ដាល​មកពីការ​និយម បក្ខពួក និងកើតឡើង​ដោយសារ​វិបត្ដិ​នយោបាយ​ពេលមិនទាន់​មានច្បាប់​ពេញលេញ។ លោក​សាស្ដ្រាចារ្យ ការ ស៊ុនបូណាត បានលើក ឡើងថា អំពើ​ពុករលួយ​ត្រូវបាន​ចែកចេញ​ជាបីបែប ទីមួយ​ជាអំពើពុក​រលួយ​ដើម្បីរស់ ទីពីរជា​អំពើពុករលួយ​ដើម្បីធ្វើ​ជាអ្នកមាន និងទីបី​ជាអំពើពុក រលួយដើម្បី​សន្សំសុខ។

ផលប៉ះពាល់​នៃអំពើ​ពុករលួយ

អំពើ​ពុក​រលួយ ជាបាតុភូត​ចិត្ដសាស្ដ្រ​សង្គម កើតឡើង​ដោយក្រុម​មនុស្សមួយ​ទៅលើក្រុម​មនុស្សមួយ ឬច្រើនផ្សេង​ទៀត។ វាធ្វើឱ្យ​សង្គមមួយ​មានរបត់​ខុសប្លែក​ពីធម្មតា ហើយជះ​ឥទ្ធិពល​ពីក្រុម​មួយដែល​ជាអ្នក​ប្រព្រឹត្ដ​អំពើ​ពុករលួយ​ទៅលើក្រុម​មួយទៀត ឬក្រុមច្រើន​ផ្សេងទៀត។ ហើយវា​បង្កជាការ​កៀបសង្កត់ ការឈឺចាប់​ផ្លូវចិត្ដ អាចបង្កជា​វិបត្ដិផ្លូវចិត្ដ ក្រោយមក​បង្កជា​ជម្ងឺផ្លូវចិត្ដ ដែលច្រើនតែ​កើតមាន​លើជនរង​គ្រោះនានា។ ព្រោះថា​បុគ្គលដែល​ទទួលរងនូវ​អំពើ​ពុករលួយ​ទទួលរង​នូវរូបភាព​មួយចំនួន ដូចជាអំពើ អយុត្ដិធម៌ ការមួល​បង្កាច់ ការបង្ខំឱ្យ​ធ្វើការដែល​មិនពេញចិត្ដ ផ្ចាញ់ផ្ចាលគ្នា ការកាច់​បំបាក់គ្នា ការគំរាម​ជាដើម។ រូបភាព​ទាំងនេះគេ ហៅថា​ស្ដ្រេស្ស បើកាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​យាយីដល់​សុវត្ថិភាព ឬអាយុជីវិត គេហៅថា​ភ័យន្ដរាយ ដែលធ្វើឱ្យ​មានការ​ភ័យតក់ស្លុត រន្ធត់ និងអាច​ប៉ះពាល់​ដល់អនាគត​របស់គេ​ទៀតផង​ក៏មានដែរ។ ដូចនេះ​រូបភាពនៃ​អំពើ​ពុករលួយ​ទាំងអស់​នោះ ជាភាព​ស្មុគស្មាញ​មួយ ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើក្រុម​មនុស្សមួយ​ទៀតជា​រូបភាព​ភ័យន្ដរាយ ឬជាស្ដ្រេស្ស។ នៅពេល​ដែលភ័យន្ដរាយ និងស្ដ្រេស្ស មានសភាព​កាន់តែ​ខ្លាំងក្លាឡើង វាធ្វើឱ្យ​មនុស្សក្លាយ​ទៅជាភ័យ​តក់ស្លុត ខ្លះទៅជា​ធ្លាក់ទឹកចិត្ដ ខ្លះទៀត​ទៅជា​វិកលចរិត។ តាមការ សង្កេត មានមនុស្ស​ដែលទទួល​រងនូវ​អំពើពុក​រលួយ​មួយចំនួន​ក្លាយទៅ​ជាមាន​ការថប់​អារម្មណ៍ បាក់ស្បាត ធ្លាក់ទឹកចិត្ដ និងមានវិកល ចរិត​ខ្លះៗ​ផងដែរ។

យើងមិន​អាចមើល​ឃើញនូវ​សភាព ឬរោគសញ្ញា​នៃជម្ងឺផ្លូវចិត្ដ​ទាំងនេះ​ដោយមិន​មានការ​ពិនិត្យសង្កេត​នោះឡើយ។ ជាទូ ទៅ​ដើម្បីឱ្យ​មើលឃើញ​ច្បាស់ មានតែ​ការធ្វើ​វិភាគទៅ​លើផ្នែក​ចិត្ដសាស្ដ្រ ទើបអាច​ឱ្យដឹងថា​ជាជម្ងឺ​ផ្លូវចិត្ដ​ប្រភេទណា​មួយនោះ។ ការ ប៉ះទង្គិច​ដល់សតិ​អារម្មណ៍ និងផ្លូវចិត្ដ​ទាំងនោះ មិនមែន​ប៉ះទង្គិច​ចំពោះបុគ្គល​តែម្នាក់​នោះទេ តែវា​អាចប៉ះទង្គិច​ដល់បុគ្គល​ជាច្រើននាក់ ទៅតាម​ទំហំ ឬប្រព័ន្ធដែល​រៀបចំ​សកម្មភាព និងមធ្យោបាយ​ដើម្បីឱ្យ​មានអំពើ​ពុករលួយ។ បណ្ដាញនៃ​អំពើ​ពុករលួយ​មិនមែន​រៀបចំ ឡើងដោយ​បុគ្គលតែ​ម្នាក់ទេ តែត្រូវ​បានរៀបចំ​ឡើងជាខ្សែ​សង្វាក់ប្រព័ន្ធ និងជាការ​ចាត់តាំង​ដែលប្រកប​ទៅដោយ​ល្បិចពី​លើរហូត ដល់ក្រោម។ អំពើ​ពុករលួយ​មិនត្រឹមតែ​ធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់ផ្លូវចិត្ដ​ប៉ុណ្ណោះទេ តែវា​ក៏មាន​ការប៉ះពាល់​ដល់រាងកាយ កិត្ដិយស បុគ្គល ក៏ដូចជា​កិត្ដិយស​ជាតិ ហើយក៏​មានការ​ប៉ះពាល់​ដល់នយោបាយ​ផងដែរ។ បុគ្គលប្រព្រឹត្ដ​អំពើពុក​រលួយ ខ្លួនឯង​រមែងមាន​ការភិត ភ័យ ខ្លាចគេដឹង មានការ​ច្រណែនគ្នា ដោយចែក​មិនស្មើ មិនហ៊ាន​តវាជាដើម។ បើមាន​គេដឹង ភ័យខ្លាច​ទទួលទោស ការភិតភ័យ​នេះ បង្កជា​ជម្ងឺផ្លូវ​ចិត្ដខ្លួន​ឯងក៏​មានដែរ ដូចពាក្យ​ចាស់ដែលថា “ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប”។

ដំបូន្មានអ្នក​ប្រឹក្សា

សូម​ប្រជាពលរដ្ឋ ពិសេស​យុវជន​ជំនាន់ក្រោយ មេត្ដាកុំ​បង្កើតឱ្យ​មានអំពើ​ពុករលួយ​ថ្មីថែម​ទៀត កុំចិញ្ចឹម​ចិត្ដប្រព្រឹត្ដ​អំពើ ពុករលួយ​ចេញពីខ្លួន។ អំពើ​ពុករលួយ​អាចមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ខ្លួនឯង ចំពោះ​អ្នកដទៃ និងដល់សង្គម​ជាតិទាំងមូល​ផង ដែរ ជាពិសេស​ទាក់ទង​ទៅនឹង​បញ្ហា​ផ្លូវចិត្ដ។ បើសង្គម​ពោរពេញ​ទៅដោយ​អំពើ​ពុករលួយ សង្គមនោះ​ក៏មិនមាន​ការរីក​ចម្រើនជឿន លឿនដែរ។ សូមចៀសវាង​អំពើ​ពុករលួយ និងរួមគ្នា​ដើម្បីបំបាត់​អំពើពុក​រលួយ​ចេញពីសង្គម​យើងទាំង​អស់គ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative