ស្រ្តីម្នាក់​រន្ទះបាញ់​ស្លាប់​ចោល​កូន៥​នាក់

រន្ទះ គឺជាមច្ចុរាជ្យដ៏កាចសាហាវ ដែលតែងតែឆក់យកជីវិតមនុស្ស សត្វដោយគ្មានត្រាប្រណី និងតែងតែកើតឡើងជាញឹកញាប់បំផុតនៅក្នុងប្រទេស​កម្ពុជា។ ភាគច្រើននៃការស្លាប់ដោយសាររន្ទះចំពោះបុគ្គលម្នាក់ៗគឺកើតឡើងដោយសារការមិនបានប្រុងប្រយ័ត្នពោះបញ្ហានេះទុកជាមុន។យោងតាមការឲ្យដឹងពី លោក កែវ វី  អនុប្រធាននាយកដ្ឋានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីខែកក្កដា​ឆ្នាំ២០១១មានករណីស្លាប់កើនឡើងដល់១០៤នាក់ និងមានអ្នករបួស៧៥ និងមានសត្វគោ ក្របីងាប់៤៨ក្បាល។

រូបភាពអ៊ីនធឺណេត

ស្ដ្រី​ម្នាក់​ បាន​បាត់បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​ពេលដែលស្ដ្រី​រូប​នោះ ​ចេញ​ទៅ​ដឹកគោ​នៅ​វាល​ស្រែស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ ហើយត្រូវ​រន្ទះ​បាញ់​ស្លាប់​ចោល​កូន​ជំទង់ៗ​៥​នាក់​ឱ្យ​រស់​នៅ​កំព្រា​។ ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ ល្ងាច​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១២​ នៅ​ ភូមិ​គោក​ចំបក់​ សង្កាត់​-​ក្រុង​សំរោង​ខេត្ដ​ ឧត្ដរមានជ័យ​ ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារពត៌​មាន​នគរវត្ត។

បើ​តាម​​ការ​រៀបរាប់​​ពី​បុរស​​ឈ្មោះ​ អេ​ង​ ស៊ី​វុ​ឌ្ឍី​ អាយុ​៤៣​ឆ្នាំ​ ត្រូវជា​​ប្ដី​ស្ដ្រី​ រង​គ្រោះ​បានឱ្យ​​ដឹង​ថា​ មុន​​ពេល​​កើត​ហេតុ ​រូប​​គាត់​បាន​ត្​រឡប់​​មក​​ពី​ស្រុក​​អន្លង់​វែង​ ហើយពេល​មក​ដល់​ផ្ទះ​ ភ្លៀងក៏​ចាប់​ផ្ដើម​ធ្លាក់​ស្រិចៗ​ ។​ ពេល​នោះ​ប្រពន្ធ​ របស់​គាត់​បាន​ប្រាប់​ថា​ ឱ្យ​នៅ​ចាំផ្ទះ​ដាំ​បាយ​ផង​ គាត់​និង​កូនប្រុស​ទី​៣​ទៅ​ដឹក​ គោ​នៅ​វាលស្រែ​។​ ចេញ​បាន​មួយសន្ទុះ​ កូនប្រុស​ទី​៣​ដែល​ទៅ​ដឹកគោ​ជាមួយ​ បាន​រត់​មក​ផ្ទះ​ប្រាប់​គាត់​ថា​ ម៉ែ​ត្រូវ​រន្ទះ​បាញ់​ដួល​ហើយ​។​ ឮដំណឹង​កូន​និយាយ​ ប្រាប់​បែប​នេះ​ រូប​គាត់​ស្ទើរ​ទប់​ជំហរ​មិន​ បាន​ ហើយ​ក៏​បាន​ប្រាប់​បងប្អូន​ក្នុងភូមិ​ឱ្យ​ទៅ​ជួយ​មើល​ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ចេញ​ក្រៅ​នោះ​ទេ​ ព្រោះ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ ហើយ​ផ្គរ​រន្ទះ​នៅ​ក្ដុង​ក្ឌាំង​នៅឡើយ។

១​ម៉ោង​ក្រោយមក​ពេល​មេឃ​ចាប់​ ផ្ដើម​រាំងភ្លៀង​បងប្អូន​នៅ​ក្នុងភូមិ​ ក៏​ចេញ​ទៅ​មើល​ស្រាប់តែ​ឃើញ​ស្ដ្រី​រង​គ្រោះ​ដេក​ផ្កាប់មុខ​ ពេល​ដែល​គេ​ចាប់​ផ្ងារ​ឡើង​ឃើញ​មាន​ឈាម​ចេញ​តាម​ត្រចៀក​ទាំង​សងខាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

ដោយឡែក​កូនប្រុស​ទី​៣​របស់​គាត់​ ដែល​ទៅ​ដឹកគោ​ជាមួយ​ម្ដាយ​បាន​និយាយ​ថា​ ពេល​ទៅ​ដល់​វាលស្រែ​ រូបគេ​បាន​ទៅ​ ស្រាយចំណង​មេគោ​ពណ៌​ស ឯម្ដាយ​របស់​គេ​ទៅ​ស្រាយចំណង​មេគោ​ពណ៌​ក្រហម​។ ប៉ុន្ដែ​មិន​ទាន់​ទាំង​បាន​ស្រាយ​ចំណង​ផង​ ក៏​ត្រូវ​រន្ទះបាញ់​តែ​ម្ដង។

បុរស​ជា​ប្ដី​បាន​រៀបរាប់​ទៀត​ថា​ សព្វ​ ថ្ងៃ​រូប​គាត់​ជាម​ន្ដ្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ ខេត្ដឧត្ដរមានជ័យ​ ជីវភាព​សព្វថ្ងៃ​ពឹង​ផ្អែក​ទៅ​លើ​ប្រាក់ខែ​បន្ដិចបន្ដួច​ គួប​ផ្សំ​នឹង​របរ​ធ្វើស្រែ​ជាមួយ​ប្រពន្ធ​។ ពេល​នេះ​ប្រពន្ធ​របស់​គាត់​ស្លាប់​ទៅ​គ្មាន​អ្វី​ពឹងផ្អែក​នោះ​ទេ​ ណាមួយ​កូន​ក្នុង​បន្ទុក​ទាំង​៥​នាក់​ សុទ្ធតែ​មាន​វ័យ​ជំទង់​មិន​អាច​ជំនួស​កិច្ច​ការ​អ្វី​បាន​នៅឡើយ។

សូម​បញ្ជាក់​ថា​ ពេល​មេឃ​ភ្លៀង​ម្ដងៗ​តែងតែមាន​ផ្គរ​រន្ទះ​ ហើយ​តែង​បាន​សម្លាប់​ជីវិត​មនុស្ស​ និង​សត្វ​រួម​ទាំង​ រុក្ខជាតិ​ផង​ ដូច្នេះ​ដើម្បី​ការពារ​អាយុជីវិត​ ឱ្យ​ផុត​នឹង​គ្រោះថ្នាក់​នេះ​ សូម​បងប្អូន​ ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ កុំ​ដើរ​តាម​ទីវាល​ពេល​មេឃ​កំពុង​ភ្លៀង​ប្រយ័ត្ន​គ្រោះថ្នាក់​ដល់​ជីវិត​ដូច​ស្ដ្រី​ខាង​លើ​នេះ​៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative