វិធីព្យាបាល​អាចម៍រុយ

គ្មាននរណាម្នាក់ចង់បានផ្ទៃមុខដែលពោរពេញទៅដោយស្នាមអុចខ្មៅនោះទេ ព្រោះវាធ្វើឱ្យសម្រស់ផ្ទៃមុខត្រូវបាត់បង់។ អាចម៍រុយជាចំណុចខ្មៅកើតមាននៅលើផ្ទៃមុខ ឬនៅលើស្បែក។ មានលោកអ្នកខ្លះស្វែងរកការព្យាបាល ជួនមានប្រសិទ្ធភាព ជួនក៏ មិនមានប្រសិទ្ធភាពដែរ ដោយសារការព្យាបាលបានត្រឹមត្រូវ ឬមិនបានត្រឹមត្រូវ។ តើអាចម៍រុយបណ្ដាលមកពីហេតុអ្វី? ព្យាបាលបានដែរទេ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីបំបាត់​ចម្ងល់នេះ លោកស្រី ឈឹម វត្ដី ជានាយិកា​គ្លីនិកលុច​បានចូលរួម​បកស្រាយ​លើទំព័រ​ទស្សនាវដ្ដី សុខភាពយើង ដើម្បីឱ្យ​ប្រិយមិត្ដ​អ្នកអាន ពិសេសស្ដ្រី​ទាំងឡាយ​ធ្វើការ​ស្វែងយល់។

មូលហេតុកើត​អាចម៍រុយ

អាចម៍រុយ​កើតឡើង​ដោយមក​ពីស្បែក​មានលក្ខណៈ​ស្ងួតខ្លាំង រហូតងាប់​កោសិកា​ស្បែក ជួនកើត​លើស្បែក​ខ្វះជាតិទឹក។ ស្បែកស្ងួត​បណ្ដាលមក​ពីស្បែកខ្វះ​ជាតិទឹក ទើបបណ្ដាល​ឱ្យកោសិកា​គ្មានសុខភាពល្អ។ នៅពេល​ដែលជាតិ​ទឹកមិនបាន​បំពេញ​នូវការទ្រ ទ្រង់ស្បែក​ឱ្យបាន​គ្រប់គ្រាន់ ធ្វើឱ្យស្បែក​កើតអាចម៍រុយ។ ស្បែកងាប់​កោសិកា​មានន័យថា​ស្បែកមាន​សភាព​ស្ងួតខ្លាំង រហូតដល់​គ្មាន អុកស៊ីសែន​សម្រាប់​ចិញ្ចឹមស្បែក។ ក្នុងដំណាក់​កាលនេះ ស្បែកងាយ​ទទួលរងនូវ​ជម្ងឺគ្រប់​បែបយ៉ាង។ ចំណុចខ្មៅ ឬអាចម៍រុយកើត មានមុនគេ​នៅលើ​ស្បែក ជាបន្ដមក​ទៀតស្បែក​មុខប្រែជា​ស្រអាប់​បន្ដិចម្ដងៗ មានមុនខ្សាច់ ស្នាមជ្រីវជ្រួញ ហើយមាន​របកនៅ​ស្បែក ទៀតផង។

វិធីព្យាបាល​អាចម៍រុយ

អាចម៍រុយ ជាបញ្ហា​ដែលអាច​ព្យាបាល​ជាសះស្បើយ។ ការព្យាបាល​អាចម៍រុយ​មានជាពីរ​ដំណាក់កាល។

1. ការចិញ្ចឹម​ស្បែក ៖ ដំណាក់កាល​នេះត្រូវ​ប្រើផលិតផល​ម្យ៉ាង ដើម្បីចិញ្ចឹម​ស្បែកឱ្យ​មានសំណើម​មកវិញ។ កត្ដា​បន្ទាប់ បន្សំ​មួយចំនួន​ទៀតក្នុងការ​ចិញ្ចឹមស្បែក​ឱ្យមានភាព​សំណើម គឺការទទួល​ទានអាហារ ដូចជា​សណ្ដែក សណ្ដែក​ហោឡាំងតាវ សណ្ដែក ខៀវ សណ្ដែក​បណ្ដុះ ល្ង ត្រយូងចេក​ជាដើម និងបន្លែដែល​មានជាតិប្រេង​អាចជួយ​ធ្វើឱ្យស្បែក​ស្ងួតរបស់​លោកអ្នក​មានសំណើម វិញបាន។

2. ការបញ្ចូល​ជាតិទឹក​ទៅក្នុង​ស្បែក ៖ គប្បីទទួល​ទានទឹកឱ្យ​បានគ្រប់គ្រាន់ យ៉ាងហោចណាស់​ចំនួន២លីត្រ​ក្នុង​មួយថ្ងៃ។

អត្ថប្រយោជន៍​នៃការ​ទទួលទាន​ទឹក គឺជួយធ្វើឱ្យ​ស្បែកមាន​សំណើម កាន់តែស្អាត ភ្លឺថ្លា ត្រជាក់ និងមិន​ជ្រីវជ្រួញ។ ការព្យាបាល​នេះ មានរយៈ​ពេលតែ២​ទៅ៣ខែ អាចម៍រុយ​នឹងបាត់អស់​ចេញពីផ្ទៃ​មុខលោកអ្នក។ សព្វថ្ងៃនេះ ក៏មានប្រភេទថ្នាំ​គ្រាប់ម្យ៉ាង​អាច​ព្យាបាល បំបាត់​អាចម៍រុយ​ផងដែរ។

ដំបូន្មាន​អ្នកប្រឹក្សា

សម្រស់ផ្ទៃមុខ​ថែរក្សា​បានឋិតឋេរ​បានយូរ បុរសស្ដ្រី​ទាំងឡាយ​ត្រូវយល់​ដឹងពីវិធី​ការពារ ដូចជា​ថែរក្សា​ស្បែកមុខ​កុំឱ្យត្រូវ កម្ដៅ​ថ្ងៃខ្លាំងពេក ព្រោះវា​ធ្វើឱ្យស្បែក​មុខមានបញ្ហា​ផ្សេងៗ។ គួរតែ​ទទួលទានទឹក​ឱ្យបានច្រើន។ លោកអ្នក​អាចប្រើប្រាស់​ផលិតផល មួយចំនួន ដើម្បី​ជាជំនួយ និងការពារ​ស្បែកមុខ។ ប៉ុន្ដែមុន​នឹងប្រើប្រាស់​ផលិតផល​ទាំងនោះ សូមស្វែងរក​ការប្រឹក្សា​ជាមួយ​អ្នកជំនាញ ខាងជម្ងឺ​សើស្បែក ឬអ្នកជំនាញ​ខាងសម្ផស្ស​ជាមុនសិន។ សូមចៀសវាង​ការប្រើប្រាស់​ផលិតផល​ដោយចិត្ដឯង ព្រោះថា​ស្បែកមុខ របស់យើងម្នាក់ៗ​មិនដូចគ្នាទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative