ស្ទីមខ្លួនជួយ​សម្រស់​ស្បែក

ស្ទីម ជារបៀប​ថែរក្សា​សម្រស់​បែប​សម័យថ្មី​ដែលមាន​ការពេញ​និយមទាំង​បុរស​ទាំងស្ដ្រី ជាពិសេស​លោកអ្នក​ដែលចង់ឱ្យ ស្បែក​មានសម្រស់​រលោង​ស្រស់ថ្លា។ បើស្បែក​លោកអ្នក​មានភាព​រលោងស្អាត​ផូរផង ពិតជា​ទាក់ទាញ​អារម្មណ៍​អ្នកផង​ឱ្យក្រឡេកចក្ខុ តាមគយគន់​លោកអ្នក​មិនខានឡើយ។ ស្ទីមស្បែក​ខ្លួនអាច​ជួយ​លោកអ្នក​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីរួម​ចំណែក​ក្នុងការ​ជួយលើក​សម្រស់ស្បែក​រាងកាយ​របស់​សុភាពនារី និងសុភាពបុរស​ទាំងឡាយ ទស្សនាវដ្ដី សុខភាព យើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញ​នៅសាលា​បង្រៀន​កែសម្ផស្ស ថបស្ដៃយ៍។

ស្ទីម ជាអ្វី?

ស្ទីម គឺជាការ​បាញ់ចំហាយ​ទឹកលើ​សព៌ាង្គកាយ​ដើម្បី​ពង្រីក និងបង្ហើប​រន្ធញើស​ឱ្យរីកធំ​ងាយស្រួល​ឱ្យជាតិថ្នាំ​ដែលខាត់នៅ លើស្បែក​ជ្រាបចូល​បានល្អ។ ស្ទីមជួយ​ធ្វើឱ្យស្បែក​មានសភាព​ទន់រលោង សផូរផង់ និងមាន​សំណើម។ ស្ទីម សូណា និងឆ្ពុង វិធីទាំងបី មិនដូចគ្នា​ទាំងស្រុង​នោះទេ។ សូណា គឺជារបៀប​នៃការធ្វើ​បែបស្ងួត ដោយដាក់​ទឹកអំបិល​ចូលទៅក្នុង​ចង្ក្រានដើម្បី​ឱ្យចំហាយ​អំបិល សាយភាយ​ពេញដងខ្លួន។ រីឯឆ្ពុង ឬចំហុយវិញ គឺជាការ​ដាក់ជាតិថ្នាំ​ទៅក្នុង​ទូចំហុយ។ ចំណែកស្ទីម​ប្រើដោយ​ចំហាយ​ទឹកបាញ់​ទៅលើ ដងខ្លួន។

របៀប​ស្ទីមខ្លួន

ឧបករណ៍​សម្រាប់ស្ទីម​មានពីរ​ប្រភេទ គឺម៉ាស៊ីនបាញ់​ចំហាយ​ទឹកត្រជាក់ និងម៉ាស៊ីនបាញ់​ចំហាយ​ទឹកក្ដៅ មុននឹង​ចូលស្ទីមចាំ បាច់​ត្រូវតែ​សម្អាត​រាងកាយ​ជាមុនសិន បន្ទាប់មក​ទើបលាបថ្នាំ​សម្រាប់ជំនួយ​ស្បែកដែល​មាន ដូចជា​ទឹកដោះគោ​គ្រើម ម្សៅល្មៀត ទឹក ដោះគោ​បំប៉នស្បែក​ជាដើម និងទឹកក្រូច​ពោធិ៍សាត់​ដើម្បីឱ្យ​មានភាព​រលោងនៅ​លើស្បែក និងមាន​សំណើម។ ចំពោះ​ផលិតផល​ទាំង នេះ ត្រូវដាក់់​មួយមុខៗ​ចំនួនបីស្លាប​ព្រាបាយ លាយចូលគ្នា​ឱ្យបានសព្វ បន្ទាប់មក​យកទឹក​ក្រូចពោធិ៍សាត់​មួយផ្លែ​មកលាយ​ជាមួយ។ ការលាយ​ផលិតផល​មិនកំណត់​ត្រូវតែដាក់​បីស្លាបព្រា​រហូតនោះទេ អាចតិច ឬច្រើនជាង​នេះទៅតាម​មាឌរបស់​មនុស្សម្នាក់ៗ បើសិន ជាមនុស្ស​មាឌធំត្រូវ​ដាក់៤ឬ៥​ស្លាបព្រា​ក្នុងមួយ​មុខៗ។ បន្ទាប់មក​ទៀតត្រូវ​យកផលិតផល​ដែលលាយ​រួចយក​មកខាត់​ឱ្យពេញ​ដងខ្លួន ទុកចោល​រយៈពេល​១៥នាទី។ រួចហើយ​ត្រូវយក​ម៉ាស៊ីនស្ទីម​ទាំងពីរ ទាំងម៉ាស៊ីន​ក្ដៅ និងម៉ាស៊ីន​ត្រជាក់​មកដាក់​ទន្ទឹមគ្នា ហើយបាញ់ចំ ហាយទឹក​ទៅលើដង​ខ្លួនព្រមគ្នា ដើម្បីឱ្យ​ជាតិថ្នាំ​ដែលលាប​នោះជ្រាប​ចូលទៅ​ក្នុងស្បែក​បានល្អ។

ផលិតផល​ទាំងបី​មានគុណ​ប្រយោជន៍​ទៅតាម​ផ្នែកនីមួយៗ ដូចជា​ទឹកដោះគោ​គ្រើមមាននាទី​បំបាត់ស្នាម​នៅលើស្បែក ម្សៅល្មៀត​ជួយធ្វើ​ឱ្យស្បែក​ម៉ដ្ឋ និងទឹកដោះ​គោជួយ​ធ្វើឱ្យស្បែក​ទន់រលោង​មាន​សំណើម។

គុណប្រយោជន៍​នៃការស្ទីម​ខ្លួន

ស្ទីមមាន​គុណប្រយោជន៍ ដូចជា​ធ្វើឱ្យ​ស្បែកស្អាត ទន់រលោង សម៉ដ្ឋខៃ​ជាដើម ជាពិសេស​សម្រាប់អ្នក​ដែលមាន​ស្បែកខ្មៅ ស្រអាប់ ឬស្បែកគ្រើម​ជ្រីវជ្រួញ។ ស្ទីមអាច​ជួយឱ្យស្បែក​មានភាពស្រស់​ស្អាតបំបាត់​ស្លាកស្នាម​បានមួយ​ចំនួន។ ជាងនេះ​ទៅទៀត ស្ទីមជួយ​ធ្វើឱ្យសរសៃ​ក្នុងខ្លួន​មានដំណើរ​ការស្រួល មានអារម្មណ៍ថា​ស្រួលខ្លួន និងស្រស់ថ្លា។

របៀបថែរក្សាក្រោយ​ពីការ​ស្ទីមខ្លួន

បន្ទាប់ពីស្ទីម លោកអ្នក​ត្រូវលាប​ឡេការពារ​កម្ដៅថ្ងៃ​ជាប្រចាំ និងជ្រើសរើស​សាប៊ូដុស​ខ្លួនដែល​មានសារជាតិ​បំប៉នស្បែក។ សម្រាប់អ្នក​ស្បែកខ្មៅ ស្ងួត និងប្រេះស្រកា អាចលាប​ប្រេងដើម្បី​ឱ្យស្បែក​មានសំណើម និងភ្លឺរលោង។ បើចៀសវាង​បានសូមកុំឱ្យ ត្រូវកម្ដៅ​ថ្ងៃខ្លាំង ប្រសិនបើ​មិនអាច​ចៀសបាន សូមពាក់អាវ​ដៃវែង ឬពាក់មួក​ការពារ​ឱ្យបាន​ជិតល្អ។

ដំបូន្មានអ្នក​ជំនាញ

ដើម្បីឱ្យ​រាងកាយ​លោកអ្នក​នៅមានភាព​ស្រស់ស្អាត​ជាប់ជានិច្ច​នោះ គួរតែ​ជ្រើសរើស​យកវិធី​ណាមួយ​ដែលល្អ ឬសក្ដិសម ដោយសាកសួរ​យោបល់ពី​អ្នកជំនាញ​ពិតប្រាកដ។ សូមសម្អាត និងការពារ​ស្បែករាងកាយ​ឱ្យបានល្អ មិនថា​អ្នកណាទេ ចាំបាច់​ត្រូវមាន ការថែរក្សា​ដូចៗគ្នា។ សូមជ្រើសរើស​យកផលិតផល​ណាដែលមិន​ធ្វើឱ្យប៉ះពាល់​ដល់សុខភាព​ស្បែករបស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative