អាហារតាម​ដងផ្លូវ​ប៉ះពាល់​សុខភាព?

អាហារ​លក់ដូរ​ដែល​ដាក់លក់​នៅតាម​ដងផ្លូវ ឬតាម​ទីសាធារណៈ​មានស្ទើរ​គ្រប់​ទីកន្លែង។ ការលក់​ដូរអាហារ​បែបនេះ​អាច ជាការ​ដោះដូរ​ដើម្បី​បាន​កម្រៃ​សម្រាប់​ទប់ទល់​ជីវភាព​គ្រួសារ ឬអាច​ជួយ​សម្រួល​តម្រូវ​ការសម្រាប់​មនុស្ស​ភាគច្រើន។ វាមាន​តម្លៃ ថោក ងាយ​រកបាន និងចំណេញ​ពេលវេលា។ ប៉ុន្ដែ​ករណីខ្លះ អ្នកលក់​ដូរ​មិនបាន​យកចិត្ដ​ទុកដាក់ ឬគិតគូរ​ដល់សុវត្ថិភាព​ចំណី​អាហារ ជាហេតុបង្ក​ឱ្យមាន​ជម្ងឺ ឬការពុល​ចំណី​អាហារ​ដល់អ្នក​បរិភោគ ដូចជាក្អួត រាករូស​ជាដើម។ តើលោកអ្នក​ធ្លាប់បាន​គិតឬទេ​ថាចំណី អាហារ​នៅតាមដង​ផ្លូវមាន​សុវត្ថិភាព​ត្រឹម​កម្រិតណា?

 អាហារ​តាម​ដងផ្លូវ​ជាប្រធានបទ​ដែលទស្សនាវដ្ដី សុខភាពយើង លើកយក​មកបក​ស្រាយនៅ​លេខនេះ តាមរយៈ​ការជួប សម្ភាសន៍​ជាមួយ​លោកវេជ្ជបណ្ឌិត សែន ពិសិដ្ឋ អនុប្រធាន​មន្ទីរសុខាភិបាល​រាជធានីភ្នំពេញ ដើម្បីទុក​ជាការ​ស្វែងយល់​ដល់​ប្រិយមិត្ដ អ្នកអាន។

ប្រភេទចំណី​អាហារលក់​ដូរតាម​ដងផ្លូវ

យើងអាច​សម្គាល់ចំណី​អាហារ​លក់ដូរ​តាមដង​ផ្លូវបាន។

  • ជាអាហារ​ដែលលក់​ដូរចល័ត​តាមដងផ្លូវ តាមសួនច្បារ ឬតាម​ទីសាធារណៈ។
  • ជាអាហារ​ដែលលក់ដូរ​ដាក់លើតុ ឬគ្រែតូចៗ ទាំងអាហារ​រៀបចំ​ស្រេច ទាំងអាហារ​កំពុង​ចម្អិនលើ​ចិញ្ចើមផ្លូវ មានកៅអី អង្គុយ៤​ទៅ៥ សម្រាប់អ្នក​បរិភោគ។ រយៈពេល​នៃការ​លក់ដូរ​មានតែ​មួយព្រឹក មួយល្ងាច ពេលយប់ ឬបន្ដលក់ដូរ​ទាំងបីពេល។
  • ជាអាហារ​ដែលលក់​ដូរ ជារូបភាព​ភោជនីយដ្ឋាន តែបន្ដ​ហៀរចេញ​ពីក្នុង​ផ្ទះរហូត​មកដល់ពេញ​ចិញ្ចើមផ្លូវ ធ្វើឱ្យ​បាត់បង់ សោភ័ណភាព និងសណ្ដាប់ធ្នាប់​សាធារណៈ។

ចំណីអាហារ​លក់តាម​ដងផ្លូវ​មានច្រើន​ប្រភេទ​ណាស់ ជាប្រភេទ​ចំណីអាហារ​ចម្អែតដែល​មនុស្ស​ទូទៅ​ត្រូវការ​ចាំបាច់ ដូចជា បបរស បបរត្រី នំបញ្ចុក បាញ់ឆែវ នំគ្រក់ នំប៉័ងសាច់ ទឹកសណ្ដែក បង្អែម ទឹកអំពៅ ប្រភេទ​គ្រឿងក្លែម​ជាដើម។

គុណសម្បត្ដិ​របស់ចំណី​អាហារតាម​ដងផ្លូវ

  • ងាយស្រួល​រកហូបចុក​បាននៅ​ជិតៗខ្លួន ជិតផ្ទះ ជិតកន្លែង​ធ្វើការ មិនចំណាយ​ពេលវេលា និងសោហ៊ុយ​ធ្វើដំណើរ​ឆ្ងាយ។
  • ចំណីអាហារ​មានតម្លៃ​សមរម្យ។
  • រសជាតិ​អាចបរិភោគ​បានតាម​ទម្លាប់របស់​មហាជន​ទូទៅ។

គុណវិបត្ដិរបស់​ចំណីអាហារ​តាមដង​ផ្លូវ

តាមការ​សិក្សារបស់​ក្រសួងសុខាភិបាល ក្រោមការ​ចូលរួម​ឧបត្ថម្ភ​ពីអង្គការ​សុខភាព​ពិភពលោក​នៅឆ្នាំ១៩៩៥ ដោយធ្វើ អង្កេតនៅ​តាមបណ្ដា​ខេត្ដមួយ​ចំនួន និងនៅ​ក្នុងរាជធានី​ភ្នំពេញ​លើចំណី​អាហារ​នានា ដូចជា​បបរត្រី នំបញ្ចុក បាញ់ឆែវ ទឹកសណ្ដែក និងបបរសណ្ដែក បង្ហាញឱ្យ​ឃើញថា​លើសពី​៥០%នៃចំណី​អាហារ​ទាំងនោះ​មានមេរោគ​ច្រើន ដែលមិន​គួរបរិភោគ​បាន។ មានកត្ដា​ជា ច្រើនដែល​ពាក់ព័ន្ធ​ដល់គុណភាព​អាហារ​ទាំងនោះ។

1. បរិស្ថាន ការលក់ដូរ​មិនបាន​ទុកដាក់​ត្រឹមត្រូវ មិនមាន​គម្រប ឬទូរកញ្ចក់​បិទបាំង ខ្យល់អាច​បក់នាំ​ធូលីចូល​ទៅក្នុង ចំណី​អាហារ។ នៅតាមដង​ផ្លូវជាទី​ល្ហល្ហេវ ធូលី​នៅលើ​ផ្លូវ និងចិញ្ចើម​ផ្លូវ នៅជាប់​នឹងកង់​យានយន្ដ​គ្រប់ប្រភេទ រួមទាំង​ពងព្រូន និង មេរោគនានា នឹងហោះហើរ​មកធ្លាក់​លើចំណី​អាហារ​បានយ៉ាង​ងាយ។

2. ចិញ្ចើមផ្លូវ ដងផ្លូវ​ដែលមាន​ការ​គ្រប់គ្រង និងរៀបចំ​សណ្ដាប់ធ្នាប់​បានល្អ មិនសូវ​មានលក់​ចំណីអាហារ​បែប​អនាធិបតេយ្យ​ច្រើនទេ។ ចំណីអាហារ​ទាំងនោះ​ច្រើនលក់​នៅទីកន្លែង​ដែលមិន​ទាន់បាន​គ្រប់គ្រងល្អ ដូចជា​ទីកន្លុក​កន្លៀត កាច់ជ្រុង និងទីដែល មានប្រជុំ​មនុស្សច្រើន ដែលអាច​ជាកន្លែង​ចោលសម្រាម កន្លែងបន្ទោរ​បង់ខ្វះ​អនាម័យ ឬជាកន្លែង​បង្ហូរកាក​សំណល់​ជាដើម ហើយ សម្បូរ​ទៅដោយ​ភ្នាក់ងារ​ចម្លងរោគ ដូចជារុយ កន្លាត កណ្ដុរជាដើម។

3. ការលាង​សម្អាត គឺសំដៅ​ដល់ទឹក​សម្រាប់​ប្រើប្រាស់ និងបរិភោគ។ ការចំណាយ​លើជើង​ក្រាន និងជើង​ឆ្នាំងមាន កម្រិតខ្ពស់ នាំឱ្យ​ការដាំទឹក​សម្រាប់​ភ្ញៀវបរិភោគ​មិនបានឆ្អិន ឬពុះល្អ ឬអាចប្រើ​ទឹកឆៅ​តែម្ដង។ ការសន្សំ​សំចៃលើ​ការប្រើប្រាស់​ទឹក ស្អាត នាំឱ្យមាន​ការកំណត់​នូវបរិមាណ​ទឹកក្នុង​ការលាង​សាច់ បន្លែ ឬឬការ​លាងសម្អាត​ចានឆ្នាំង កែវ ស្លាបព្រា សម​ជាដើម។ ទឹកដែល លាងហើយ គ្មានកន្លែង​ចាក់បង្ហូរ ត្រូវបាន​ជះចោល​នៅក្បែរ​កន្លែងលក់​ដូរនោះ​តែម្ដង។

4. ការផលិត តើការ​ចម្អិន និងការ​ទុកដាក់​ធ្វើបាន​កម្រិតណា? ការចម្អិន និងការ​ផលិតមុខ​ម្ហូបធ្វើទៅ​តាមទម្លាប់ ដោយ មិនមាន​ទទួលនូវ​ការយល់ដឹង​ពីក្បួន​អនាម័យ​អ្វីឡើយ។ អាហារខ្លះ​ចម្អិនក្ដៅៗ ហើយលក់​ភ្លាមៗ ដូចជាបបរត្រី​ជាដើម។ អាហារខ្លះ ទៀតរៀប​ចំក្ដៅៗ តែគ្រឿង​ផ្សំរៀប​ចំទុក​ជាមុន​ច្រើនម៉ោង ឧទាហរណ៍​ស្នូលបាញ់ឆែវ​ត្រូវបាន​ធ្វើទុកជា​មុនរយៈ​ពេលយូរ។ ចំណែកនំ បញ្ចុក សរសៃនំស្ងោរ​ក្នុងទឹកក្ដៅ ហើយស្រង់​ទៅលាង​ទឹកឆៅ​ដែលមាន​ប្រភពពី​ទឹកអណ្ដូង ស្រះ ឬត្រញំង​ទៅវិញ។ អាហារ​ខ្លះចម្អិន តែម្ដងបាន​ត្រឹមត្រូវ តែទុកលក់​រយៈពេលយូរ ជាអាទិ​ទឹកសណ្ដែក បង្អែម ឬខ្ទិះដូង។

5. សង្គម ៖ ខ្វះការ​គ្រប់គ្រងល្អ ការលក់ដូរ​តាមដងផ្លូវ​បានបង្កជា​ភាព​អនាធិបតេយ្យ នាំឱ្យបាត់​សោភ័ណភាព និងសណ្ដាប់ ធ្នាប់​នៅតាម​ទីសាធារណៈ ឬតាមដងផ្លូវ ដែលនាំឱ្យ​កើតជា​ន្លែងមាន​ភក់ជ្រាំ និងរំខាន​ដល់ការ​ធ្វើចរាចរណ៍​ទៀតផង។

ជម្ងឺបង្កពីចំណី​អាហារនៅ​តាមដងផ្លូវ

ប្រសិនបើ​អ្នកលក់​មិនបាន​ចម្អិនចំណី​អាហារឱ្យ​បានឆ្អិនល្អ មិនបាន​ទុកដាក់​ក្នុងទូកញ្ចក់ ឬមិនមាន​គម្រប​ត្រឹមត្រូវ កន្លែង លក់ដូរមិន​មានលក្ខណៈ​អនាម័យ និងគ្មាន​បរិយាកាសល្អ តើអ្នកបរិភោគ​ប្រឈមមុខ​នឹងបញ្ហាអ្វី? ការពុល​ចំណី​អាហារ​មិនកើត​មាន តែចំពោះ​ចំណី​អាហារ​ដែលមាន​សារធាតុ​គីមីពុល​ប៉ុណ្ណោះទេ គឺការពុល​អាចនឹងកើត​មានឡើង​ដោយមេរោគ​ចម្លងក្នុង​អាហារ បង្កឱ្យមាន​

ជម្ងឺ​រាក ក្អួត ចុកពោះ មួល គ្រុនពោះវៀន ឬជម្ងឺរលាកថ្លើម​ប្រភេទអា​ជាដើម។ ទាំងនេះ​ក៏មិនមែន​មានន័យថា​គ្រប់ចំណី​អាហារដែលលក់ដូរ​តាមដងផ្លូវ​សុទ្ធតែ​មានគ្រោះថ្នាក់​ទាំងអស់​នោះទេ។ ប៉ុន្ដែគួរគិត​ដល់ប្រភព និងហេតុផល​នានា ដែលនាំ​ដល់ការ​ចម្លង រោគ និងការបង្ក​គ្រោះថ្នាក់​ក្រោយការ​បរិភោគ និងសណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋាន​នីមួយៗ​ផងដែរ។

វិធានការ​លើកកម្ពស់​ការលក់ដូរ​តាមដងផ្លូវ

  • អ្នកលក់ ៖ ត្រូវមាន​សុខភាពល្អ ត្រូវចម្អិន​អាហារឱ្យ​បានឆ្អិនល្អ កម្ដៅត្រូវ​លើសពី​៧០អង្សា។ បើទុក​ក្នុងកន្លែង​ត្រជាក់ គួរ តែទុក​ក្រោម៥​អង្សា ទើបអាច​ទប់ស្កាត់​ការរាលដាល​នៃមេរោគ​បាន។

ប្រសិនបើ​ការលក់ដូរ​តែមួយពេល មួយព្រឹក ឬមួយល្ងាច មិនជាអ្វីទេ។ ប៉ុន្ដែបើ​ចំណីអាហារ​ប្រើប្រាស់​មិនអស់ ហើយទុករយៈពេល​យូរទៀត​នោះមេរោគ​ក្នុងអាហារ​ដែលស្ថិត​ក្នុងសីតុណ្ហភាព​ធម្មតាងាយ​បំបែកខ្លួន​រីករាលដាល​បានយ៉ាង​លឿន។ អ្នកលក់ត្រូវ លាងបន្ថែម​ជាមួយនឹង​ទឹកស្អាត ជាពិសេស​បន្លែឆៅ។ ទឹកត្រូវដាំឱ្យ​ពុះសម្រាប់​ភ្ញៀវបរិភោគ ឬទទួលទាន។ គួរលក់ដូរ​នៅកន្លែង​ស្អាត និងគ្មាន​ប្រភពចម្លង​មេរោគ។

  • អ្នកបរិភោគ ជាការងាយ​ស្រួលទេ មុននឹង​បរិភោគ​លោកអ្នក​អាចសង្កេត​មើលស្ថានភាព​ទូទៅ​នៃការ​លក់ដូរ ដោយ មើលទៅលើ​អ្នកលក់ តើគាត់អាច​មានសុខភាព​ល្អកម្រិតណា? តើគាត់មាន​អនាម័យ​ល្អឬទេ? គាត់កាត់​ក្រចក​ដៃជើង ចងសក់ ពាក់ មួកបានត្រឹមត្រូវ​ឬទេ?

ដំបូន្មានអ្នក​ប្រឹក្សា

ប្រជាពលរដ្ឋ​ជាអ្នក​លក់ដូរ គួរចាប់​អារម្មណ៍​ចូលរួម​ទស្សនា អាន និងស្ដាប់នូវ​ការអប់រំ​ណែនាំ​លើបញ្ហា​អនាម័យ​ចំណីអាហា រ តាមរយៈ​ការផ្សព្វ​ផ្សាយ ដូចជា​ទូរទស្សន៍ វិទ្យុ ឯកសារ ឬការអប់រំ​ផ្ទាល់ពី​ភ្នាក់ងារ​អនាម័យ។ ការ​ចូលរួមនេះ គឺដើម្បី​ជាទុនក្នុង ការពិចារណា​ផ្លាស់ប្ដូរ​ឥរិយាបថ និងទម្លាប់​មិនល្អ​ទាំងការ​អនាម័យ​ខ្លួនប្រាណ និងការ​អនាម័យ​ទូទៅ ដើម្បី​ផលិត និងលក់ដូរ​នូវ អាហារ​ដែលធានា​បាននូវ​គុណភាព និងអនាម័យ​បាន​ត្រឹមត្រូវ។ គួរជ្រើសរើស​ទីតាំង​លក់ដូរ​នៅកន្លែង​ស្អាត និងមាន​បរិយាកាស​ល្អ។ ប្រជាពលរដ្ឋ​ជាអ្នកបរិភោគ​គួរពិនិត្យ​ស្ថានភាព​ទីកន្លែង​លក់ថាចំណី​អាហារណា​ដែលគួរ​បរិភោគ ឬមិនគួរ​បរិភោគ។ ការលក់​ដូរគួរគិត ដល់​សោភ័ណភាព និងសណ្ដាប់ធ្នាប់​សាធារណៈ​ផងដែរ។ ទាំងនេះ គឺដើម្បី​សុខុមាលភាព​លោកអ្នក និងសង្គម​ជាតិទាំង​មូល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative