ឱសថ​ក្លែងក្លាយ​នៅកម្ពុជា​កើនឡើង

ឱសថ​ជាផលិតផល​វិទ្យាសាស្ដ្រ​ដែលអាច​ជួយជីវិត​មនុស្សឱ្យ​រួចពី​សេចក្ដីស្លាប់ និងគ្រោះថ្នាក់​នានា​នៅពេល​ដែលមាន​បញ្ហា ពាក់ព័ន្ធ​នឹងសុខភាព។ ទន្ទឹមនឹង​នោះ ឱសថ​ក៏អាច​បណ្ដាលឱ្យ​មនុស្សមាន​គ្រោះថ្នាក់​ផងដែរ បើ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​តាមក្បួន ខ្នាត ឬក៏​ប្រើប្រាស់​ឱសថ​គ្មាន​គុណភាព។ អ្វីដែល​គ្រោះថ្នាក់​ជាងនេះ​ទៅទៀត គឺការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ។ ថ្មីៗនេះ សិក្ខាសាលា អន្ដរ​ក្រសួង​ស្ដីពី​ឱសថ​ក្លែងក្លាយ និងអន់​គុណភាព​នៅកម្ពុជា​បានធ្វើ​ឡើង ដោយ​មានការ​ចូលរួម​ពិភាក្សា​ពីស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពី​ការចេញ​ផ្សាយនៅ​លេខ០០៨ ខែកញ្ញា ២០០៦ របស់ទស្សនាវដ្ដី សុខភាពយើង លោកអ្នក​បានទទួល​ជ្រាបរួចមក ហើយអំពី​ផលប៉ះពាល់​ផ្សេងៗនៃ​ការប្រើប្រាស់​ថ្នាំផ្សំ។ នៅពេលនេះ លោកអ្នក​នឹងបាន​ជ្រាបជា​បន្ដទៀត​អំពីបញ្ហា​ថ្នាំ​ក្លែងក្លាយ និង អន់​គុណភាព​ដែលកំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​កម្ពុជា​យើងសព្វ​ថ្ងៃ។

ការខាតបង់​ដោយសារ​ឱសថ​ក្លែងក្លាយ

គិតមក​ដល់​បច្ចុប្បន្ននេះ ឱសថ​ក្លែងក្លាយ​កំពុងចោទ​ជា​បញ្ហាយ៉ាង​ស្មុគស្មាញ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ជារៀងរាល់ ឆ្នាំ​ថវិកា និងជីវិត​មនុស្ស​ជាច្រើន​បាន​បាត់បង់​ដោយសារ​ឱសថ​ក្លែងក្លាយ​នៅទូទាំង​ពិភពលោក។ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា តាមការ​ប៉ាន់ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹងថា​ឱសថ​ក្លែងក្លាយ​មានពី​១០ទៅ​២៥%។ យោងតាម​ព្រឹត្ដិប័ត្រ​ព័ត៌មាន របស់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានឱ្យ​ដឹងថា​ឱសថ​ក្លែងក្លាយ​មានការ​កើនឡើង​ជា​លំដាប់​នៅ ក្នុងឆ្នាំ​២០០១ រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន​១៣,០៤% និងឱសថ​គ្មានចុះ​បញ្ជីការ​ចំនួន​៥០%។ នៅឆ្នាំ​២០០៤ ចំនួន​ឱសថ​ក្លែងក្លាយ ដែលរក​ឃើញកើន​ឡើង​រហូតដល់​២១,៣%។ ជាមួយគ្នា​នេះផង​ដែរ នៅឆ្នាំ២០០៥​រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន១៣​មុខផ្សេង​ទៀត ។

មូលហេតុនៃការ​កើនឡើង​ឱសថ​ក្លែងក្លាយ

ឱសថ​ក្លែងក្លាយ​មិន​ត្រឹមតែ​ធ្វើឱ្យ​ខូច​សុខភាព​ប្រជាពលរដ្ឋ​តែមួយ​មុខនោះទេ វាថែមទាំង​បានសម្លាប់​ជីវិតអ្នក​ជម្ងឺទៀត ផង។ កត្ដា​ចម្បង​មួយចំនួន​ដែលនាំ​ឱ្យកើត​មានឱសថ​ក្លែងក្លាយ។

  • ចំណេះដឹង និងការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅមាន​កម្រិត
  • ការផ្សព្វផ្សាយ​មិនទាន់​ទូលំទូលាយ និងទាន់ពេល​វេលា
  • កង្វះការសហការណ៍​ពីស្ថាប័ន​ពាក់ព័ន្ធ
  • ការអនុវត្ដច្បាប់​នៅខ្សោយ និងការដាក់​ទោសពិន័យ​ស្រាលពេក។

ទប់ស្កាត់ការធ្វើ​ចរាចណ៍​ឱសថ​ក្លែងក្លាយ

ទាក់ទង​នឹងបញ្ហា​នេះ ឯកឧត្ដម​វេជ្ជបណ្ឌិត នុត សុខុម រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​ដែលបាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា នេះបាន​ថ្លែងថា​ក្រសួង​សុខាភិបាល​កំពុងចាត់​វិធានការ​តាមផ្លូវ​រដ្ឋបាល និងនិតិវិធី​តុលាការ​ដើម្បី​លុបបំបាត់​ឱសថ​ក្លែងក្លាយ។ ក្រសួង បាន​ផ្សព្វផ្សាយ​នូវ​អនុក្រឹត្យ ចរាចរ ប្រកាស និងសេចក្ដី​ជូនដំណឹង ព្រមទាំង​ធ្វើការ​អប់រំ​ដោយផ្ទាល់ ឬដោយ​ប្រយោលតាម​រយៈរូប ភាពបិទ​ផ្សាយតាម​ឱសថស្ថាន ទីសាធារណៈ និងការ​អប់រំ​តាម​ទូរទស្សន៍​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative