កូនខ្ញុំរាក

ក្នុងចំណោម​ជម្ងឺកុមារ​ដែល​មាន​កញ្ជ្រិល គ្រុនស្វិត​ដៃជើង តេតាណូស ខាន់ស្លាក់ រលាកស្រោម​ខួរក្បាល ក្អកមាន់ រលាក ថ្លើម​ប្រភេទបេ​ជាដើម សុទ្ធតែ​អាច​ការពារ​បានដោយ​ការចាក់​ថ្នាំការពារ ឬវ៉ាក់ស៊ាំង។ សព្វថ្ងៃនេះ ថ្នាំបង្ការទាំងនេះ​បានបញ្ចូល​ទៅ ក្នុង​កម្មវិធី​ជាតិចាក់​ថ្នាំបង្ការ​របស់ក្រសួង​សុខាភិបាល​ហើយ។ ដោយឡែក​ជម្ងឺរាក​បែរជា​មិនអាច​ការពារ​បានដោយ​ការចាក់​ថ្នាំបង្ការ ទៅវិញ ទោះបី​ជាជម្ងឺ​នេះអាច​បណ្ដាលឱ្យ​កុមារស្លាប់​នៅក្នុងរយៈ​ពេលខ្លី​ដូចគ្នាក្ដី។ ជម្ងឺរាក​អាចនឹង​ត្រូវបាន​ព្យាបាល​ដោយវិធី​ងាយៗ តែទាមទារ​បច្ចេកទេស​នៅក្នុង​ការព្យាបាល និងចំណេះដឹង​នៅក្នុង​ការបង្ការ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រី​វេជ្ជបណ្ឌិត លឹម ស៊ីវឡាំង ជាគ្រូពេទ្យ​ឯកទេស​ជម្ងឺកុមារ នៃមន្ទីរពេទ្យ​កុមារជាតិ សូមបកស្រាយ​នូវវិធី​ការពារ ជម្ងឺរាក​លើកុមារ។

ជម្ងឺរាក ជាអ្វី?

ជម្ងឺរាក គឺជាការ​បន្ទោរបង់​បែបមិន​ធម្មតា​របស់កុមារ ដែលអាច​សម្គាល់​ទៅលើ​លាមក​មានលក្ខណៈរាវ ឬមាន​ជាតិទឹក ច្រើនជាង​ធម្មតា ហើយកុមារជុះ ឬបន្ទោរបង់​លើសពី​៣ដង​ក្នុងមួយថ្ងៃ។ ករណីកុមារ​បៅដោះម្ដាយ ការជុះលើស​ពី៣ដង​អាចជា អាការ​ធម្មតា ទោះបីជា​លាមក​ចេញមកទន់ ឬរាវ​ក៏ដោយ។ កុមារច្រើន​រាកចាប់​ពីអាយុ​៦ខែ​រហូតដល់​ក្រោម២ឆ្នាំ ហើយ​បរិមាណនៃ លាមក​ក៏មិនដូច​គ្នាដែរ កុមារខ្លះ​រាកតិច ខ្លះច្រើន តែការរាក​របស់​កុមារតូច​(អាយុតិច)​ងាយរងគ្រោះ​ជាងកុមារធំ។

រោគសញ្ញា និងផលវិបាក​ជម្ងឺរាក

កុមាររាក​មានរោគ​សញ្ញាបឋម គឺលាមក​ប្រែខុស​ពីធម្មតា ពីរឹង​ប្រែជារាវ មានជាតិ​រំអិល មានលាយ​ឈាមជាដើម ហើយ ជុះញឹកញាប់​ជាង​សព្វដង គឺលើសពី​៣ដងក្នុង​មួយថ្ងៃ។ ជួនកាល​កុមារស្គម​មិនមែន​បណ្ដាលមក​ពីមាន​ជម្ងឺរាកទេ។

ការបន្ទោរ​បង់ញឹកញាប់​ជាហេតុនាំ​ឱ្យកុមារ​បាត់បង់​ជាតិទឹក​ច្រើន។ ការបាត់បង់​ជាតិទឹក​ច្រើននាំ​ឱ្យកុមារ​មាន​សភាពភ្នែក រាងខូង មាត់ស្ងួត អណ្ដាតស្ងួត ស្រេកទឹក ព្រមទាំង​ពេលចាប់​ស្បែកពោះ​ក្ររលាមក​រកសភាព​ដើមវិញ​ជាដើម។ បើកុមារ​ខ្វះជាតិទឹក កម្រិតមធ្យម នាំឱ្យមាន​អាការរ​ញ៉ាំរញ៉ូវ​(ខឹងច្រើន)។ ករណីកុមារ​ខ្វះជាតិទឹក​ក្នុងខ្លួន​កម្រិតធ្ងន់ នោះកុមារ​មានលក្ខណៈ​សន្លឹម (លែង ចង់កម្រើក​ដៃជើង)។

មូលហេតុ​ជម្ងឺរាក

អាការរាក​អាចបណ្ដាល​មកពី​មេរោគ ដូចជា​បាក់តេរី វីរុស បារ៉ាស៊ីត​ជាដើម ឬជួនកាល​ដោយសារ​កុមារមិន​ទទួល​ជាតិស្ករ ក្នុងទឹក​ដោះគោ​ដែលកុមារ​បៅ។ ក្មេងក្រោម​អាយុ៦ខែ​ដែលបៅតែ​ទឹកដោះ​ម្ដាយមួយ​មុខគត់ មិនសូវ​ឃើញមាន​ជម្ងឺរាកទេ។ តែកុមារ ដែលបំបៅ​ដោយទឹក​ដោះគោ អាចមាន​អាការរាក ហើយទឹក​ដោះគោ​ខ្លះធ្វើឱ្យ​កុមារក្ដៅខ្លួន​ទៀតផង។ ដូច្នេះទើប​មានកម្មវិធី​អប់រំ ម្ដាយឱ្យ​បំបៅដោះ​កូនដោយ​ទឹកដោះ​ម្ដាយតែ​មួយ​មុខគត់ ដល់កុមារ​អាយុក្រោម​៦ខែ សូម្បីតែ​ទឹកក៏មិន​ត្រូវឱ្យដែរ។ ការ​ទទួលទាន ទឹកឆៅ ឬទឹក​មិនស្អាត​ក៏អាចនាំ​ឱ្យកុមារ​រាកដែរ។ ចំពោះកុមារ​ដែលបំបៅ​ដោយទឹក​ដោះគោ ករណីមិន​បានលាងដប​ឱ្យបាន​ស្អាត នាំឱ្យ ងាយឆ្លង​មេរោគពេល​ដែលបំបៅ ឬការដែល​លាយម្សៅ​ទឹកដោះគោ​ជាមួយនឹង​ទឹកមិនស្អាត ឬទឹកឆៅ​ក៏អាចបណ្ដាល​ឱ្យកុមារ​រាកដែរ ។ ជួនលាយ​មិនត្រឹមត្រូវ​តាម​កម្រិត​កំណត់ ក៏បង្កការ​រាកដែរ។ កុមារដែល​មានដៃ​មិនស្អាត​ទៅចាប់​កាន់ចំណី បៀមដៃ​លេង ម្ដាយ បញ្ចុកចំណី​កូនដោយ​ចំណីមិន​ស្អាត ឬមិនមាន​អនាម័យ នាំឱ្យកុមារ​ងាយឆ្លង​ជម្ងឺរាក។

វិធីបង្ការ​ជម្ងឺរាក

ជារួម​មេរោគអាច​ឆ្លងចូល​ក្នុងខ្លួន​បានដោយ​សារកង្វះ​អនាម័យ ឬការទទួល​ទានមិន​បានត្រឹមត្រូវ​ដែលនាំ​ឱ្យមាន​អាការពុល ចំណីអាហារ ឬជម្ងឺរាក។ ដើម្បីបង្ការ​ជម្ងឺរាក ត្រូវបង្កើន​អនាម័យ​លើម្ហូប​អាហារ និងអនាម័យ​ខ្លួនប្រាណ កុំឱ្យ​មេរោគឆ្លង​ចូល​ក្នុងខ្លួន។ សូមមាតា​បំបៅកូន​ដោយទឹកដោះ​ម្ដាយតែ​មួយ​មុខគត់ រាប់តាំង​ពីពេលកើត​រហូតដល់​កុមារអាយុ​៦ខែ។ វាមាន​ប្រសិទ្ធភាព​អាចជួយ កាត់បន្ថយ​ជម្ងឺរាក ព្រោះទឹក​ដោះម្ដាយ​មានសុវត្ថិភាព ជាផលិតផល​ធម្មជាតិ​ដែលមាន​សារធាតុ​បំប៉ន និងការពារ​គ្រប់គ្រាន់ មិនចាំបាច់ កម្ដៅដើម្បី​សម្លាប់​មេរោគទេ។ ត្រូវទទួលទាន​តែទឹកឆ្អិន​(ទឹកដាំពុះ១០០​អង្សាសេ)។

វិធីព្យាបាល​ជម្ងឺរាក

វិធីព្យាបាល​កុមាររាក គឺត្រូវ​បង្គ្រប់ជាតិទឹក​ឱ្យកុមារ ដោយការ​ផ្ដល់ទឹក​អូរ៉ាលីត ទឹកដូង ទឹកបបរ ទឹកសម្ល ទឹកផ្លែ​ឈើស្រស់ ទឹកឆ្អិន និងបន្ដ​បំបៅ​ដោះម្ដាយ​ឱ្យបាន​ត្រឹមត្រូវ។ សូមឱ្យ​កុមារផឹក​ទឹកអូរ៉ាលីត សម្រាប់​បង្គ្រប់ជាតិ​ទឹកក្នុង​ខ្លួនកុមារ ព្រោះវា​មាន ប្រសិទ្ធភាព​អាចបង្គ្រប់​ជាតិទឹក​បានខ្ពស់។ ករណី​កុមារ​អាយុក្រោម​៦ខែ ដែលមាន​ជម្ងឺរាក ឬសញ្ញាណ​ខ្វះជាតិ​ទឹក ឪពុកម្ដាយ​ក៏អាចឱ្យ ទឹកអូរ៉ាលីត ហើយបន្ដ​បំបៅ​ដោះម្ដាយ​បានដែរ។ ប្រសិនបើ​កុមាររាក​ធម្មតា​មិនទាន់​ចេញជា​សញ្ញាណ​ខ្វះជាតិ​ទឹកធ្ងន់ធ្ងរ លោកអ្នក​អាច ឱ្យផឹក​ទឹកអូរ៉ាលីត​ពី៥០ទៅ​១០០មីលីលីត្រ​(ចំពោះកុមារ​នៅតូចអាយុ​ក្រោម២ឆ្នាំ)​ក្រោយពី​មារជុះ​ម្ដងៗ ដើម្បីបង្ការ​ការ​ខ្វះជាតិ ទឹកធ្ងន់ធ្ងរ។ ករណី​ឈានដល់​ការខ្វះជាតិ​ទឹកធ្ងន់ធ្ងរ កុមារ​ត្រូវតែ​បង្គ្រប់ជាតិ​ទឹកនៅក្នុង​រយៈពេល​៤ម៉ោងបន្ទាប់​ពីកុមារ​រាកច្រើនដង។ ករណីកុមារ​មិនអាច​ផឹកទឹក​បាន ហើយមិន​មានកម្លាំង គ្រូពេទ្យ​ព្យាបាល​នឹងបញ្ចូល​ជាតិទឹក​តាមសរសៃ​(ព្យួរសេរ៉ូម)។ ដូច្នេះ ពេល ដែលលោកអ្នក​ដឹងថា​កុមារ​មាន​ជម្ងឺរាក គប្បីមាន​ការបង្គ្រប់​ជាតិទឹក​នៅក្នុងខ្លួន​កុមារភ្លាម។

ប្រការ​គួរចងចាំ

  • ឪពុកម្ដាយ​ដែលមាន​កូនតូចៗ គួរមានការ​រក្សាទុក​ថ្នាំកញ្ចប់​អូរ៉ាលីត​នៅផ្ទះ​ជាប្រចាំ។ ថ្នាំអូរ៉ាលីត​មួយកញ្ចប់​ត្រូវលាយ ជាមួយ​នឹងទឹក​ឆ្អិនមួយ​លីត្រ។ ថ្នាំអូរ៉ាលីត្រ​ដែលលាយ​រួចអាច​ប្រើបាន​ត្រឹមតែ​២៤ម៉ោង​ប៉ុណ្ណោះ បើលើសពី​២៤ម៉ោង ត្រូវចាក់​ចោល។
  • គួរបន្ដការ​បំបៅដោះកូន​ឱ្យបាន​ជាប់ជា​ប្រចាំ ក៏អាចបង្គ្រប់​ជាតិទឹក​បានដែរ បន្ទាប់ពី​ទឹកដូង ទឹកបបរ ទឹកផ្លែឈើ ទឹកឆ្អិន ទឹកអូរ៉ាលីត​ជាដើម។
  • ការបញ្ឈប់​បំបៅដោះ​កូន ឬផ្ដល់​ចំណីដល់​កូន មិនមែន​ជាមធ្យោបាយ​ដើម្បី​ព្យាបាល​អាការ​រាកទេ។ ពេល​កុមាររាក ឪពុកម្ដាយ​គួរបង្គ្រប់​ជាតិទឹក​ដោយទឹក​អូរ៉ាលិត។ តែបើមាន​ការជុះកាន់​តែខ្លាំង មានឈាម​ក្នុងលាមក ផឹកទឹក​មិនបាន ញ៉ាំមិនបាន និង ក្អួត គួរនាំ​កុមារទៅ​កាន់មន្ទីរ​ពេទ្យភ្លាម។
  • ម្ដាយត្រូវ​បំបៅដោះ​កូនតែ​មួយមុខ​គត់ មិនត្រូវ​ចិញ្ចឹមកូន​ដោយទឹក​ដោះគោទេ នៅពេល​កុមារអាយុ​ក្រោម​៦ខែ សូម្បីតែ ទឹកក៏​មិនចាំ​បាច់ឱ្យដែរ។
  • ពេលក្មេងធំ​ជាង៦ខែ ម្ដាយអាច​ឱ្យអាហារ​បន្ថែម និងគួរ​មានអនាម័យ​ឱ្យបានខ្ពស់ រាល់ពេល​បញ្ចុកចំណី​អាហារ​ដល់កូន។
  • ត្រូវចេះ​សង្កេតមើល​សញ្ញាធ្ងន់ធ្ងរ​លើកុមារ​រាក ការពារ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែលពិបាក​នៅក្នុង​ការ​ព្យាបាល។

ដំបូន្មានអ្នក​ជំនាញ

សូមយកចិត្ដ​ទុកដាក់​នៅក្នុងការ​ធ្វើអនាម័យ​លើម្ហូប​អាហារ ដោយមិន​ត្រូវទុក​ដាក់ចំណី​អាហារ​ចោលឱ្យ​រុយរោម​នោះទេ ត្រូវមាន​ឧបករណ៍​សម្រាប់គ្រប​ចំណីអាហារ​របស់កុមារ​ឱ្យមាន​សុវត្ថិភាព។ មិនត្រូវ​បញ្ចុក​ចំណីអាហារ​ដែល​ជូរផ្អូម ឬខូចគុណ​ភាពដល់ កុមារ។ មុននឹង​បញ្ចុកចំណី​អាហារ​ឱ្យកូន ត្រូវលាង​សម្អាតដៃ​ឱ្យបាន​ស្អាតជា​មុនសិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative