របៀប​ស្លៀកពាក់​ប្រចាំថ្ងៃ​របស់បុរស

មិនថា​បុរស​ឬក៏​ស្ដ្រីទេ តែងតែ​យកចិត្ដ​ទុកដាក់​បំផុតទៅ​លើ​សម្រស់ ភាព​ស្រស់ស្អាត និងការ​រៀបចំ​ខ្លួន​ប្រចាំថ្ងៃ។ មានបុរស​មួយចំនួន​ចាប់​អារម្មណ៍​ខ្លាំងបំផុត​ទៅលើ​ការ​ស្លៀកពាក់។ គ្រប់ពេល​វេលា​គ្រប់​ទីកន្លែង​សុទ្ធតែ​ទាមទារ​ឱ្យមាន​ការ​ស្លៀកពាក់ឱ្យ បាន​សមស្រប និងសមរម្យ។ ចំពោះការ​ស្លៀកពាក់ តើបុរស​គ្រប់រូប​គួរ​រៀបចំ និង​ជ្រើសរើស​យ៉ាងណា​ដើម្បីឱ្យ​បានល្អ​ប្រសើរ និង មាន​របៀប​រៀប​រយល្អ? កាលពី​លេខមុន​លោកអ្នក​បានជ្រាប​រួចមក​ហើយ អំពី​របៀប​ស្លៀកពាក់​ប្រចាំថ្ងៃ​របស់ស្ដ្រី។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រី សុខ ស្រីណា ម្ចាស់ហាង​លក់​សម្លៀក​បំពាក់​ឡាន់ណា នឹងបង្ហាញ​ជូនមិត្ដ​អ្នកអាន​អំពី​របៀប​ស្លៀកពាក់​ប្រចាំថ្ងៃ របស់បុរស តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។ បុរស​តែងយក​ចិត្ដ​ទុកដាក់​ណាស់ក្នុង​ការស្លៀក​ពាក់ប្រចាំ​ថ្ងៃ មិនថា​ក្នុង​កាលៈទេសៈ ណាមួយ​ឡើយ។ ការរៀបចំ​ខ្លួនឱ្យ​បាន​សមរម្យ មាន​របៀបរៀប​រយល្អ​ដើម្បី​សោភ័ណភាព​ត្រូវបែង​ចែកទៅ​តាមពេល​វេលា និងទីកន្លែង។

សម្លៀកបំពាក់​សម្រាប់​នៅផ្ទះ

ពេលនៅ​ផ្ទះ​បុរស​ពុំធ្លាប់​យកចិត្ដ​ទុកដាក់​ក្នុងការ​ជ្រើសរើស​សម្លៀក​បំពាក់​ដើម្បី​ស្លៀក​ពាក់ប៉ុន្មាន​ឡើយ។ ប៉ុន្ដែក៏មានបុរស មួយចំនួន​រៀបចំ​យ៉ាងហ្មត់ចត់​ចំពោះការ​ស្លៀកពាក់​ពេលនៅផ្ទះ។ ជាធម្មតា​បុរសនិយម​ស្លៀកខោ​ជើងខ្លី​ជាមួយ​អាវយឺត ឬអាវវាល ក្លៀក​(អាវកាក់)​ហើយក៏​មានមួយ​ចំនួនស្លៀក​ខោជើងវែង។ រីឯបុរស​វ័យចំណាស់​បែរជា​និយម​ស្លៀក​សារ៉ុងសូត្រ​ជាមួយ​អាវកវាល។ បុរស​នៅជនបទ​ចូលចិត្ដ​ស្លៀក​ក្រមា។

សម្លៀកបំពាក់​សម្រាប់​ធ្វើការ

សម្លៀក​បំពាក់​ធ្វើការ ពេលខ្លះ​ជាឯកសណ្ឋាន​ដែល​រៀបចំ​ដោយ​ស្ថាប័ន ឬអង្គការ​កំណត់ឱ្យ​ស្លៀកពាក់ ជាទូទៅ​ជាសម្លៀក បំពាក់​ឈុត ខោជើងវែង អាវក្រណាត់​មានក ដៃវែង និងពេលខ្លះ​មានអាវធំ​ខាងក្រៅ​ផងដែរ។ ដោយ​អាកាសធាតុ​ប្រទេស​យើងក្ដៅ បុគ្គលិក​ទាំងអស់​មិនសូវ​ប្រើក្រវាត់ក​ទេ មានតែ​មួយ​ចំនួនតូច និងចំពោះ​ក្រុមហ៊ុន​ឯកជន​ខ្លះតែ​ប៉ុណ្ណោះ។ លោកអ្នក​ដែលជា​បុគ្គលិក ឬ មន្ដ្រីរាជ​ការស៊ីវិល​ច្រើនស្លៀក​ខោសាច់​ក្រណាត់​ពណ៌ខៀវ ខ្មៅ កាកអំពៅ​ជាដើម ជាមួយអាវ​ដៃវែងឬ​ដៃខ្លីមានក ពណ៌ស ឬពណ៌ផ្ទៃ មេឃ។

សម្លៀកបំពាក់​សម្រាប់ពិធី​ជប់លៀង

ចំពោះការ​ចូលរួម​ក្នុងពិធី​ជប់លៀង​ជារឿង​សំខាន់ណាស់​ដែលត្រូវ​រៀបចំ​ខ្លួនឱ្យ​មានរបៀប​រៀបរយ​ទាំងការ​តុបតែង​ខ្លួនក៏ ដូចជា​ការ​ស្លៀកពាក់។ ប៉ុន្ដែបុរស​ពុំសូវជា​មានលក្ខខណ្ឌ​ច្រើន និងស្មុគស្មាញ​ដូចស្ដ្រី​នោះឡើយ។ បុរស​ចូលចិត្ដ​ស្លៀកខោ​ក្រណាត់ ជើងវែង​ជាមួយ​អាវ​ក្រណាត់ ឬហូលផាមួង​ដៃវែង ឬដៃខ្លី។ យុវវ័យ​អាចជ្រើសរើស​សម្លៀក​បំពាក់​បែបសម័យ​ថ្មីពេញ​និយម​សម្រាប់ ការ​ចូលរួម។ ដោយឡែក​ពិធីមួយ​ចំនួនតម្រូវ​ឱ្យបុរស​ពាក់អាវធំ​(អាវគ្រ័រហ្ស៊េ)​ខាងក្រៅ​ថែមមួយ​ជាន់ទៀត។

សម្លៀកបំពាក់​សម្រាប់​ដំណើរ​កម្សាន្ដ

កម្ពុជា​ជាប្រទេស​ដែលសម្បូរ​ទៅដោយ​តំបន់ទេសចរណ៍​និងរមណីយដ្ឋាន ដំណើរ​កម្សាន្ដតាម​តំបន់​ទេសចរណ៍​មានច្រើនប្រ ភេទ ដូចជា​តំបន់ភ្នំ សមុទ្រ​ជាដើម នាំឱ្យ​ការរៀបចំ​ខ្លួនរបស់​អ្នកទេសចរ​ក៏ត្រូវបែង​ចែកទៅ​តាម​នោះដែរ។

  • ដំណើរកម្សាន្ដ​តាម​តំបន់ភ្នំ ក្នុងការ​ដើរកម្សាន្ដ បុរសក៏​មិនខុស​ពីស្ដ្រី​ប៉ុន្មានដែរ តែងតែ​យកចិត្ដ​ទុកដាក់​ក្នុងការ​តុបតែង លម្អខ្លួន​ប្រាណឱ្យ​បានសមរម្យ បុរសគួរ​ជ្រើសរើស​ការស្លៀក​ជាខោសាច់​ក្រណាត់​ក្រាស់ៗ ខោគគីរ​ជើងខ្លី​ជាមួយ​អាវយឺត​ដៃខ្លី ឬវែង ។ យុវវ័យ​អាចស្លៀកខោ​ខូវប៊យ ពាក់អាវយឺត​ហើយមាន​អាវធំ​ដៃវែង​ពីខាងក្រៅ។
  • ដំណើរកម្សាន្ដ​តាមតំបន់​សមុទ្រ ៖ ជារឿង​ដែលងាយស្រួល​បំផុត​សម្រាប់បុរស​ដែលធ្វើ​ដំណើរ​កម្សាន្ដតាម​តំបន់សមុទ្រ ឬលេងទឹក​សមុទ្រនោះ។ ពួកគេ​គ្រាន់តែ​ស្លៀកពាក់​ជាធម្មតា​តាមការ​និយម​ចូលចិត្ដ។ អ្នកខ្លះ​ស្លៀកខោ​ខូវប៊យ អាវយឺត និងអាវធំដៃ វែងពី​ខាងក្រៅ។ អ្នកខ្លះ​ទៀតចូលចិត្ដ​ធ្វើដំណើរ​ដោយស្លៀក​ខោជើងខ្លី​ជាមួយ​អាវយឺត ឬអាវវាល​ក្លៀកជា​របៀបអាវ​កីឡា។ ចំពោះ ការលេង​ទឹក ឬលេងតាម​ឆ្នេរសមុទ្រ បុរសនិយម​ស្លៀកខោ​ជើងខ្លី និងខោប៊ីគីនី​រឹបត្រឹម​ភ្លៅជាមួយ​អាវវាល​ក្លៀក ជួនពេល​ខ្លះគ្មានអាវ ផងក៏​មានដែរ។

    រូបភាពទស្សនាវដ្តីសុខភាពយើង

សម្លៀកបំពាក់​សម្រាប់​ហាត់កីឡា

វិស័យ​កីឡាកំពុង​តែរីកដុះដាល​នៅទូទាំង​ពិភពលោក រួមទាំង​នៅកម្ពុជា​ផងដែរ។ ការហាត់​កីឡាដើម្បី​សុខភាព​ជាកត្ដា ចាំបាច់​ណាស់សម្រាប់​មនុស្សគ្រប់​វ័យគ្រប់​ស្រទាប់វណ្ណៈ។ ដើម្បីធ្វើ​ឱ្យការ​ហាត់ប្រកប​ទៅបានល្អ និងមានភាព​ងាយស្រួល ក៏អាស្រ័យ ទៅលើ​ការស្លៀកពាក់​ផងដែរ។ កីឡាមាន​ច្រើន​ប្រភេទ និងរបៀបហាត់​ខុសៗគ្នា ដូចនេះ​ការជ្រើសរើស​សម្លៀក​បំពាក់ក៏​មានច្រើន យ៉ាងទៅ​តាមប្រភេទ​កីឡា​នីមួយៗ។

  • សម្លៀកបំពាក់សម្រាប់​កីឡាហែល​ទឹក ៖ ការហែលទឹក​តម្រូវឱ្យ​មានការ​ជ្រើសរើស​សម្លៀកបំពាក់​ដើម្បីឱ្យ​ការធ្វើ​ចលនា ដៃជើង​មានភាពងាយ​ស្រួលក្នុង​ការហែល​ទឹក។ បុរសមិន​ចោទជា​បញ្ហាខ្មាសអៀន​ឡើយ ពេលហែល​ទឹកបុរស​និយមស្លៀក​ខោខ្លី អាច ជាខោ​ទ្រនាប់រឹប ឬខោប៊ីគីនី ប៉ុន្ដែបុរស​មិននិយម​ពាក់អាវ​នោះទេ។ នៅមាន​បុរសមួយ​ចំនួនមាន​ភាពអៀនខ្មាស ហើយពួក​គេជ្រើស រើសការ​ស្លៀកខោ​ជើងខ្លី និងពាក់អាវ​យឺតដៃខ្លី ឬវាលក្លៀក។
  • សម្លៀក​បំពាក់​សម្រាប់​កីឡា​វាយសី ៖ ការលេង​កីឡា​វាយសី បុរស​និយម​ស្លៀកខោ​កីឡាខ្លី ឬវែងមាន​ហោប៉ៅ​សង្ខាង។ ចំណែកអាវ​វិញជា​ប្រភេទអាវ​យឺតដៃខ្លី។ គេច្រើន​ស្លៀកខោជើង​ខ្លីត្រឹមជង្គង់ ឬជើងវែង​ជាលក្ខណៈ​ខោកីឡា ភាគច្រើន​ពណ៌ស។
  • សម្លៀក​បំពាក់​សម្រាប់កីឡា​ផ្សេងៗ ៖ កីឡាក្នុង​ក្លឹបដូចជា​រត់លើ​ម៉ាស៊ីន រត់លេង​យឺតៗ ដើរជាដើម  បុរសច្រើន​ពាក់អាវ យឺតដៃខ្លី ជាមួយ​ខោកីឡា​ជើងវែង ឬជើងខ្លី។ ប៉ុន្ដែ​សម្រាប់អ្នក​កីឡាអាជីព គួរស្លៀកខោ​ជើងខ្លី​ត្រឹមភ្លៅ និងអាវយឺត​ដៃខ្លី។

សម្លៀកបំពាក់​សម្រាប់ពេល​ទទួលទាន​ដំណេក

រាត្រីជា​វេលាដ៏​សំខាន់ដែល​លោកអ្នក​ត្រូវការ​សម្រាក។ បុរសក៏​ដូចជា​ស្ដ្រីដែរ គួរជ្រើសរើស​ជាសម្លៀក​បំពាក់ឈុត ឬអាវ យឺតដៃខ្លី​ជាមួយ​ខោជើងវែង ឬខោជើងខ្លី។ បុរសមួយ​ចំនួនមិន​និយម​ស្លៀកពាក់​ជិតខ្លួន​នៅពេល​យប់នោះទេ ដោយគ្រាន់​តែស្លៀក ខោខ្លី ក្រមា ឬកន្សែងពោះគោ​តែប៉ុណ្ណោះ។ ចំណែក​សម្លៀកបំពាក់​ឈុតដែល​និយម​ប្រើនោះ គួរជ្រើស​យកប្រភេទ​សាច់ទន់រលោង និងស្ដើងបន្ដិច។

បណ្ដាំផ្ញើអ្នក​ប្រឹក្សា

មិនថាតែ​ស្ដ្រីនោះទេ បុរសក៏​ដូចគ្នាដែរ ត្រូវរៀបចំ​ខ្លួនឱ្យ​មាន​របៀប​រៀបរយ និងមាន​សណ្ដាប់ធ្នាប់​សមរម្យ។ ការស្លៀក ពាក់ក៏ជា​រឿងសំខាន់​មួយដែរ ដែលលោកអ្នក​គួរមាន​ការចាប់​អារម្មណ៍។ ការស្លៀកពាក់​មានរបៀប​រៀបរយ​ទៅតាម​កាលៈទេសៈ ជា ទម្លាប់ដ៏ល្អ​មួយសម្រាប់​បុរសគ្រប់រូប ព្រោះថា​ការស្លៀកពាក់​ជាសុជីវធម៌​មួយដែលអាច​ធ្វើឱ្យលោកអ្នក​មានកិត្ដិយស និងការគោរព ស្រឡាញ់​អំពីអ្នក​ផងទាំងពួង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Google Analytics Alternative